ឯកសារនានាផ្នែកថាមពលអគ្គិសនីបានបង្ហាញថា កត្តាចម្បងៗដែលបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនី និងធ្វើឱ្យមនុស្សឆក់ខ្សែភ្លើងជាញឹកញយនោះ រួមមាន ៖ ទី១ ការតបណ្ដាញប្រព័ន្ធភ្លើងអគ្គិសនីមិនត្រឹមត្រូវតាមបច្ចេកទេស ទី២ ការប្រើខ្សែភ្លើងចាស់ ឬរបកដាច់ជ័រដែលស្រោបពីខាងក្រៅ ទី៣ ការប្រើប្រាស់ឧបករណ៍សម្ភារៈខុសពីសេចក្ដីណែនាំ និងប៉ះទឹក ទី៤ ការប្រើប្រាស់ភ្លើងលើសកម្រិតថាមពល និងទំហំខ្សែដែលបានតភ្ជាប់ និងទី៥ ឧប្បត្តិហេតុរន្ទះបាញ់។
លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បង្រៀនមុខវិជ្ជារូបវិទ្យានៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ជាទូទៅខ្សែភ្លើងគឺមានស្រោបដោយជ័រ ដែលភាសាបច្ចេកទេសហៅថា «អ៊ីសូឡង់» ដើម្បីការពារកុំឲ្យឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែប្រសិនបើជ័រអ៊ីសូឡង់នោះ បែកប្រេះស្រាំ ដោយគេមិនបានចាប់ភ្លឹក ហើយទៅប៉ះពាល់ត្រូវត្រង់កន្លែងដែលដាច់របកនោះ គឺនឹងបណ្ដាលឱ្យឆក់ភ្លាមមួយរំពេច។
លោកគ្រូ ប៉ឹក ប៊ុនបញ្ញា បញ្ជាក់បន្ថែមអំពីដំណើរនៃការដែលមនុស្សត្រូវខ្សែភ្លើងឆក់យ៉ាងដូច្នេះ ៖ «ដោយសារខ្លួនមនុស្សយើងហ្នឹងមានធាតុម៉ាស់ មានន័យថា មានធាតុទឹកធាតុសើម ធ្វើឲ្យចរន្តអគ្គិសនីហ្នឹងរត់ឆ្លងកាត់បាន ទើបយើងសន្និដ្ឋានថា ខ្លួនមនុស្សយើងហ្នឹងជាអង្គធាតុចម្លងចរន្តអគ្គិសនីមួយដែរ ដែលមានរ៉េស៊ីស្តង់តម្លៃចាប់ពី ៤០០អូម ទៅ ១.០០០អូម (ភាសាបច្ចេកទេសរបស់អគ្គិសនី)។ នៅពេលដែលចរន្តអគ្គិសនីរត់ឆ្លងកាត់ខ្លួនមនុស្សហ្នឹង វាត្រូវការផ្ទេរទៅទីតាំងមួយទៀត ដែលនៅជិតខ្លួនមនុស្សហ្នឹង ជាពិសេសនៅពេលដែលយើងឈរនៅលើផ្ទះ ហើយផ្ទះរបស់យើងហ្នឹង គឺសាងសង់នៅលើដីហ្នឹង ដូច្នេះចរន្តអគ្គិសនីហ្នឹងគឺរត់ទៅរកដីតែម្ដង នៅពេលដែលវារត់ទៅរកដី វាធ្វើឲ្យចង្វាក់បេះដូងរបស់យើងហ្នឹងគាំង បេះដូងឈប់ដើរតែក្នុងរយៈពេល ៣វិនាទីប៉ុណ្ណោះ»។
អ្នកជំនាញផ្នែកថាមពលអគ្គិសនីបានបញ្ជាក់ផងដែរថា ប្រការដែលគួរប្រុងប្រយ័ត្នមួយទៀត គឺនៅពេលណាដែលខ្លួនប្រាណ និងដៃជើងមនុស្សមានភាពសើម ឬទទឹក ខណៈនោះវារឹតតែជំរុញការឆក់ខ្សែភ្លើងឱ្យកាន់តែលឿន និងមានកម្រិតកាន់តែខ្លាំង។
លោកសាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា អគ្គនាយកនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិតសភា នៅរាជធានីភ្នំពេញ បានលើកយកករណីចរន្តអគ្គិសនីឆក់មនុស្សក្នុងពេលកំពុងប្រើឧបករណ៍ឆក់ត្រីក្នុងទឹក។
លោកសាស្ត្រាចារ្យ អ៊ាប ប៉ុណ្ណា មានប្រសាសន៍ថា ៖ «ឧបករណ៍ដែលយកទៅឆក់ត្រីហ្នឹង ភាគច្រើន គឺគាត់ឆ្នៃដោយខ្លួនគាត់ ដល់ពេលអ៊ីចឹងគាត់ឆ្នៃគាត់អត់ដឹងថា ដែននៃឧបករណ៍ហ្នឹងឆក់ប្រវែងប៉ុន្មាន ជាទូទៅគាត់គ្រាន់តែប្រហែលៗ គាត់ឃើញតៗគ្នា ហើយគាត់យកឧបករណ៍ហ្នឹងទៅដាក់ក្នុងទឹក ដើម្បីឲ្យឆក់ត្រី។ ពេលខ្លះគាត់ធ្វេសប្រហែស គាត់អត់ដឹងឧបករណ៍របស់គាត់ចម្លងចរន្តខ្លាំង គាត់អាចឆក់ដោយខ្លួនឯង ជួនណាគាត់ឆក់ស្រាប់តែឃើញត្រីសន្លប់ អ៊ីចឹងទៅគាត់ក៏ស្ទុះទៅកន្ទ្រោប ភ្លេចគិតផ្ដោតទៅលើអាឧបករណ៍ដែលគាត់កំពុងឆក់ អ៊ីចឹងអាចបណ្ដាលឲ្យគាត់ស្លាប់បានដែរ ពីព្រោះឲ្យតែចូលនៅក្នុងដែននៃឧបករណ៍ដែលគាត់ឆក់ត្រីហ្នឹង អាចស្លាប់បាន»។
លោកសាស្ត្រាចារ្យ ប៊ុន សៀង ផ្នែកទេពកោសល្យអគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍បកស្រាយបន្ថែម អំពីមូលហេតុដែលធ្វើឲ្យចរន្តអគ្គិសនីឆ្លង ហើយឆក់មនុស្សក្នុងទឹក ទៅតាមបច្ចេកទេសផ្នែករូបវិទ្យា ៖ «ត្រីដែលយើងឆក់ហ្នឹងវាទទួលរងនូវតង់ស្យុងសម្ពាធ ពីព្រោះខ្សែភ្លើងដែលយើងបានដាក់ទៅក្នុងទឹកហ្នឹង វាបង្កើតនូវដែនឆក់នៅជុំវិញវាហ្នឹង អ៊ីចឹងនៅពេលទៅប៉ះត្រី គឺត្រីឆក់ហើយ ប៉ុន្តែដោយឡែកមនុស្សខ្លួនយើងហ្នឹងក៏ដោយ បើសិនជាដែននោះមកដល់ យើងក៏យើងទទួលរងនូវការឆក់ដែរ ព្រោះចរន្តដែលចាប់ផ្ដើមពី ០,៥មិល្លីអំពែទៅ គឺធ្វើឲ្យយើងចាប់អារម្មណ៍ថា យើងឆក់ ហើយនៅក្នុងទឹករ៉េស៊ីស្តង់ វាត្រូវតូច អ៊ីចឹងចរន្តវាត្រូវរត់ទៅរកកន្លែងណាដែលតូច ហើយយើងឈរនៅក្នុងទឹកហ្នឹង គឺវាអាចងាយចម្លងចរន្តមកយើងតែម្ដង។ ប៉ុន្តែទឹកមិនមែនដូចគ្នាទាំងអស់ទេ វាអាស្រ័យទៅលើល្បាយដែលលាយនៅក្នុងទឹកនោះដែរ»។
ម៉្យាងទៀត ការប្រើប្រាស់គ្រឿងម៉ាស៊ីនម៉ូទ័របូមទឹកពីអណ្ដូង ក៏ជាកត្តាមួយទៀតដែលអាចបណ្ដាលឱ្យកើតមានការឆ្លងចរន្តអគ្គិសនី និងឆក់មនុស្សឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតផងដែរ។
លោក ប៉ឹក ប៊ុនបញ្ញា គ្រូបង្រៀនរូបវិទ្យានៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង បានមានប្រសាសន៍បញ្ជាក់ថា បញ្ហានេះបានកើតមានជារឿយៗទៅលើប្រជាពលរដ្ឋខ្មែរមួយចំនួន ខណៈចុះទៅក្នុងអណ្ដូងទឹក ដោយមានបញ្ឆេះម៉ូទ័របូមទឹកនៅក្នុងអណ្ដូង។
លោក ប៉ឹក ប៊ុនបញ្ញា មានប្រសាសន៍ថា ៖ «ម៉ូទ័រដែលគាត់ប្រើដាក់ចូលទៅក្នុងអណ្ដូងហ្នឹង គាត់ត្រូវប្រើជាមួយខ្សែភ្លើង ហើយដោតមកព្រីខាងក្រៅខ្សែភ្លើងដែលគាត់ប្រើហ្នឹង វាអាចមានការប្រេះខ្សែនៅជាប់ជាមួយនឹងម៉ូទ័រ ឬមួយក៏ការឆ្លងភ្លើងបន្តិចបន្តួចជាមួយនឹងម៉ូទ័រ ដូច្នេះនៅពេលម៉ូទ័រដាក់នៅក្នុងអណ្ដូងពីលើផ្ទៃទឹកបន្ដិចបន្ដួច ចរន្តអគ្គិសនីហ្នឹងអាចឆ្លងទៅក្នុងផ្ទៃទឹកបាន នៅពេលដែលមនុស្សយើងចុះទៅជិតដល់ហ្នឹង គឺមានជាតិសំណើម ធ្វើឲ្យមនុស្សយើងឆក់មួយរំពេចតែម្ដង គឺយើងមិនអាចជួយសង្គ្រោះខ្លួនឯងបានទេ ជាពិសេសឧបករណ៍អគ្គិសនីគេមិនសូវឲ្យប្រើប្រាស់នៅកន្លែងណាដែលមានជាតិសំណើមទេ ព្រោះវាចម្លងចរន្តអគ្គិសនីបានលឿនបំផុត ធ្វើឲ្យគ្រោះថ្នាក់ដល់យើង»៕