ស្ថាន​ព្រះច័ន្ទ៖ ភព​រណប​នៃ​ដែន​ព្រះធរណី (ភាគ២)

នាទី​វិទ្យាសាស្ត្រ និង​ជីវិត សប្តាហ៍​នេះ សូម​ដក​ស្រង់​នូវ​អត្ថបទ​ស្រាវជ្រាវ នៃ​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​តារា​សាស្រ្ត ជុំវិញ​ថា​តើ​នៅ​លើ​ស្ថាន​ព្រះច័ន្ទ​នៃ​ភព​ផែនដី មាន​មនុស្ស​រស់នៅ​ដែរ​ឬ​ទេ ? ។

0:00 / 0:00

ដួង​ព្រះចន្ទ​នៃ​ភព​ផែនដី​យើង​នេះ គឺ​ជា​តារា​រណប​ធម្មជាតិ​តែ​មួយ​គត់ ដែល​បាន​កកើត​ឡើង​ព្រមពេល​ជាមួយ​គ្នា​នឹង​ដែន​ព្រះធរណី ក្រោយពី​ការ​កក្រើក​ផ្ទុះឡើង​ដ៏​មហា​អសា្ចរ្យ នៃ​«បុរេរបុករបក» ដែល​ភាសា​អង់គ្លេស ហៅ​ថា The Big Bag កាលពី​ប្រមាណ​ជិត ១​ម៉ឺន ៤​ពាន់​លាន​ឆ្នាំ​មុន​នោះ ហើយ​ដែល​ជា​ហេតុ​បណ្តាល​ឲ្យមាន​ការ​វិវត្តន៍​កកើត​ជា​លោកធាតុ ចក្រវាល តារានិករ កញ្ចុំផ្កាយ ព្រមទាំង​ភពតូច ភពធំ ច្រើន​ឥតគណនា រហូត​មកទល់​សព្វថ្ងៃ​នេះ ។

ក្នុង​ចំណោម​បណ្តា​ភព​ខាងក្នុង​ទាំង​បួន​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ភពពុធ និង​ភពសុក្រ គ្មាន​ព្រះច័ន្ទ សូម្បីតែ​មួយ​ដួង​ទាល់តែ​សោះ។ រីឯ​ព្រះច័ន្ទ​ទាំង ២​ដួង នៃ​ភព​អង្គារ​វិញ​នោះ គឺ​គ្រាន់តែ​ជា​កម្ទេចផ្កាយ​តូចៗ មាន​រាង​កំពិត​កំពៀវ​ដែល​ត្រូវ​បាន​វាយ​បំបែក និង​អណ្តែល​វិលវល់​ក្នុង​លំហ ដោយសារ​ទំនាញ​នៃ​ផ្កាយ​ព្រះគ្រោះ​មួយ​ដួង​នេះ​តែ​ប៉ុណ្ណោះ ។

អាស្រ័យ​ហេតុនេះ​ហើយ ទើប​កំណរ​កំណើត​ដោយ​បាតុភូត​ធម្មជាតិ របស់​ព្រះច័ន្ទ ព្រមទាំង​ទ្រង់ទ្រាយ​ដែល​មើល​ពី​ផែនដី​ទៅ​ឃើញ​រាងមូល​ក្រឡង់ ជាមួយនឹង​ទំហំ​ដ៏​ធំ​ផងនោះ បាន​ញ៉ាំង​ឲ្យ​ដួង​ព្រះចន្ទ្រា​នៃ​ដែន​ពសុធា​យើង​នេះ ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ចាត់ទុក​ថា មាន​លក្ខណៈ​ទោល ពិសេស​គ្មាន​ពីរ​ក្នុង​ចំណោម​ក្រុម​ភព​ខាងក្នុង​ទាំង​៣ ហើយនិង​ភព​ដទៃ​មួយចំនួន​ទៀត ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ ។

អ្នកគ្រូ ស៊ុយ ស្រីលាភ បង្រៀន​ផ្នែក​គណិតវិជ្ជា និង​រូបវិទ្យា នៅ​អនុ​វិទ្យាល័យ ស្រង់ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ អធិប្បាយ​អំពី​ប្រវត្តិ នៃ​ការ​រក​ឃើញ ភព​រណប​ធម្មជាតិ​មួយ​នេះ កាលពី​ប្រមាណ​ជិត ៤សតវត្សរ៍​កន្លងទៅ ៖ «អ្នក​ដែល​បាន​រកឃើញ​ឋាន​ព្រះចន្ទ​ហ្នឹង​គឺ​លោក កាលីឡេ គឺ​រកឃើញ​ឆ្នាំ ១៦០៩ ។ លោក​ហ្នឹង​គឺ​បាន​មើល​ឃើញ​ឋាន​ព្រះច័ន្ទ​មុន​គេ​បង្អស់​តាម​តេឡេទស្សន៍»

លោក Galileo Galilei ដែល​បាន​ប្រើ​កែវយឹត តាម​ឆ្លុះ​មើល​ឃើញ​ព្រះច័ន្ទ នៃ​ដែន​ពសុធា​យើង​នេះ​មុន​គេ​បង្អស់ កាលពី​ប្រមាណ​ជិត ៤០០​ឆ្នាំ​មុន គឺ​ជា​តារាវិទូ​ជនជាតិ​អ៊ីតាលី​ល្បី​ឈ្មោះ​មួយ​រូប នា​សមយ័​កាល​នោះ ។

ការ​រក​ឃើញ​ដ៏​ចម្បង​ជា​លើក​ទី​មួយ របស់​លោក Galileo Galilei បាន​បង្ហាញ​ពិភពលោក ឲ្យ​បាន​ដឹង​ថា ផ្ទៃ​ខាងលើ​នៃ​ព្រះច័ន្ទ គ្រប​ដណ្តប់​ទៅដោយ​តំបន់​វាលរាប ជួរភ្នំ និង​ជ្រោះ​ជ្រលង​ជាច្រើន ដែល​មាន​លក្ខណៈ​ដូចគ្នា​នឹង​ផ្ទៃ​ស្រទាប់​លើ របស់​ភព​ផែនដី​ដែរ ។

អ្នកគ្រូ ស៊ុយ ស្រីលាភ អធិប្បាយ​បន្ត​អំពី​ដំណើរ​នៃ​ការ​ទៅ​ដល់​ស្ថាន​ព្រះច័ន្ទ របស់​មនុស្ស​ជា​លើក​ដំបូង​បង្អស់ ក្នុង​រយៈពេល​ជាង ៣០០​ឆ្នាំ​ក្រោយ​មក ៖ «ប៉ុន្តែ​ដល់​ពេល​ថ្ងៃ​ទី ២០ កក្កដា ១៩៦៩ គឺ​លើក​ទី១​ហើយ​ដែល​មនុស្ស​យើង​បាន​ទៅ​ដល់​ភព​ព្រះច័ន្ទ​ហ្នឹង»

រីឯ​មនុស្ស​ទីមួយ​ដែល​បាន​ធ្វើដំណើរ​ទៅ​ដល់​ស្ថាន​ព្រះច័ន្ទ នៃ​ភព​ផែនដី​យើង​នេះ គឺ​លោក Neil Armstrong ជនជាតិ​អាមេរិកាំង នៃ​ក្រុម​អ្នក​អវកាស ណាសា របស់​រដ្ឋបាល​សហរដ្ឋ​អាមេរិក ក្នុង​បេសកកម្ម​ទៅកាន់​ភព​ព្រះច័ន្ទ នា​ឆ្នាំ ១៩៦៩ តាម​យាន​អាវកាស​ឈ្មោះ អាប៉ូឡូ ១១ ជាមួយ​នឹង​សហ​សេវិក​ពីរ​នាក់​ទៀត ។

ប៉ុន្តែ​លោក Neil Armstrong ដែល​កាល​នោះ​ទើប​មាន​អាយុ ៣៩​ឆ្នាំ បាន​ឈាន​ជើង​ចុះ​ដើរ​លើ​ឋាន​ព្រះច័ន្ទ​មុន​គេ ជាមួយនឹង​ឧទានស័ព្ទ​ពី​ទីនោះ​មក​កាន់​មជ្ឈមណ្ឌល ត្រួតពិនិត្យ​បេសកកម្ម​យានអាវកាស នៅ​ក្នុង​ទីក្រុង Houston រដ្ឋ Texas និង​បាន​ឲ្យ​ពិភពលោក អំពី​ដំណើរ​ចុះចត​នៅលើ​ភព​រណប​ធម្មជាតិ​មួយ​នេះ ដែល​មានសំឡេង​ដើម​ជា​ភាសា​អង់គ្លេស និង​សម្រួល​សំឡេង​ដោយ លោក ហាស់ សាន ៖ «...​នេះ​គឺ​ជា​ជំហាន​តូច​មួយ សម្រាប់​មនុស្ស​ម្នាក់ ប៉ុន្តែ​ជា​ជំហាន​មួយ ដ៏​មហា​លោតផ្លោះ សម្រាប់​មនុស្ស​ជាតិ...»

យាន​អាវកាស អាប៉ូឡូ ១១ បាន​វិល​មក​កាន់​ផែនដី​វិញ បន្ទាប់ពី​ចុះចត​និង​សិក្សា អំពី​ស្ថាន​ព្រះច័ន្ទ អស់​រយៈពេល​ចំនួន ២​ថ្ងៃ​រួច​មក ដោយ​ពាំនាំ​មក​ជាមួយ​នូវ​សិលា​ជាច្រើន​បំណែក​លាយឡំ​នឹង​ដី ដែល​មាន​ទម្ងន់​សរុប ២១​គីឡូក្រាម​ផង ។

លោក Neil Armstrong បច្ចុប្បន្ន​នេះ មាន​អាយុ ៦៨​ឆ្នាំ និង​បាន​ចូល​និវត្តន៍ទៅ​ហើយ​ដែរ ។ រហូតមកទល់​ឆ្នាំ ១៩៧២ មាន​អ្នក​អវកាស​ចំនួន ១២​នាក់ ហើយ​បាន​ធ្វើ​ដំណើរ​ទៅដល់​និង​ចុះ​ដើរ​ជើង​ប៉ះ​ដី​ឋាន​ព្រះច័ន្ទ ។

ទាក់ទងនឹង​ស្ថាន​ព្រះចន្ទ ដែល​ជា​ភព​រណប​ធម្មជាតិ​តែមួយគត់​នៃ​ប្រថពី​យើង​នេះ មាន​មិត្ត​អ្នក​ស្តាប់​ម្នាក់ បាន​ទូរស័ព្ទ​មក​កាន់​វិទ្យុ​អាស៊ីសេរី​ សុំ​ឲ្យ​ជួយ​ស្រាយ​ចម្ងល់ ដែល​មាន​ក្នុង​ចិត្ត ៖ «ខ្ញុំ​ឈ្មោះ យឹម វិបុល រស់​នៅ​ពោធិ៍ចិនតុង ។ ខ្ញុំ​មាន​សំណួរ​ចង់​សួរ​ខាង​វិទ្យុ​អាស៊ីសេរី តើ​ឋាន​ព្រះចន្ទ​មាន​មនុស្ស​រស់​នៅ​ដែរឬ​ទេ? បើ​មាន​មនុស្ស​រស់​នៅ តើ​មនុស្ស​ហ្នឹង​ប្រភេទ​ណា ហើយ​មនុស្ស​ហ្នឹង​ដូច​មនុស្ស​យើង​នៅ​ភព​ផែនដី​ដែរ​ឬ​ទេ ? តើ​មនុស្ស​ហ្នឹង​ប្រភេទ​ដូច​អ្នក​វិទ្យាសាស្រ្ត​បង្កើត​រឿង​ថា​មាន​ជា​សត្វ​អី មនុស្ស​ហ្នឹង​រស់​នៅ​បាន​ទេ?»

អ្នកគ្រូ ស៊ុយ ស្រីលាភ បង្រៀន​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា នៅ​អនុ​វិទ្យាល័យ ស្រង់ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បាន​បកស្រាយ​អំពី​ប្រការនេះ ដោយ​ផ្អែក​តាម​សៀវភៅ​កម្មវិធី​សិក្សា​ជាតិ ៖ «នៅ​ឋាន​ព្រះច័ន្ទ​គឺ​គ្មាន​មនុស្ស​រស់​នៅ​ទេ ដោយសារ​នៅ​ទី​នោះ គឺ​វា​គ្មាន​ទឹក គ្មាន​បរិយាកាស ហើយ​ជា​ភព​ដែល​ស្ងួត​គ្មាន​ខ្យល់ ដូចនេះ​មនុស្ស​គ្រាន់​តែ​អាច​ឡើង​ទៅ​បាន​មួយរយៈៗ តែ​បើសិនជា​នៅ​ក្នុង​ហ្នឹង​តែម្ដង គឺ​អត់​អាច​រស់​នៅ​បាន​ទេ»

ឯកសារ​ផ្នែក​វិទ្យាសាស្រ្ត​នានា បាន​សរសេរ​កត់ត្រា​ឲ្យ​ដឹង​ថា ដោយសារ​តែ​ស្ថាន​ព្រះច័ន្ទ គ្មាន​បរិយាកាស​ដើម្បី​ទប់ស្កាត់​កាំរស្មី​ព្រះអាទិត្យ ទើប​នៅ​ពេល​ថ្ងៃ​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង ឡើង​រហូត​ដល់​ទៅ​បូក ២៣០​អង្សារ​សែល​ស៊ុស ។

ប៉ុន្តែ​នៅ​ពេល​យប់​វិញ សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ត្រជាក់​ជាខ្លាំង រហូត​ដល់​ទៅ -១២០​អង្សារ​សែលស៊ុស ដោយសារ​តែ​គ្មាន​បរិយាកាស ដើម្បី​រក្សាទុក​កម្តៅ​ព្រះអាទិត្យ ដែល​បាន​ចាំង​មក​លើ​នៅ​ពេល​ថ្ងៃ ។

ម៉្យាងទៀត​ដោយសារ​តែ​ស្ថានព្រះច័ន្ទ គ្មាន​បរិយាកាស​ ស្ងួត​ហួតហែង​គ្មាន​ទឹក គ្មាន​ខ្យល់​ទាល់តែ​សោះ ។ ស្នាម​ដាន​ជើង​នៃ​អ្នក​យានអវកាស​ទាំងឡាយ ដែល​បាន​ចុះ​ដើរ​នៅ​លើ​ទីនោះ​ទាំងប៉ុន្មាន និង​នៅ​ដិត​ដាម​ជាប់​យូរ​អង្វែង អស់ពេល​ជា​ច្រើន​សតវត្សរ៍ មិនងាយ​នឹង​រលប់​បាត់​ពី​ផ្ទៃ​ខាងលើ​របស់​ដួង​ព្រះចន្ទ្រា នៃ​ដែន​ព្រះធរណី​យើង​នេះ​ឡើយ ៕