ក្រុមប្រឹក្សាឃុំថ្មឥដ្ឋនាពេលថ្មីៗនេះ បានព្រមព្រៀងគ្នាជាមួយអង្គការអ្នកកសាងសមត្ថភាព សម្រេចជ្រើសរើសយកភូមិដើមពពេល ជាទីតាំងមួយកន្លែងដើម្បីដំឡើងស្ថានីយសាកអាគុយ ដោយប្រើពន្លឺព្រះអាទិត្យ ។
លោកមេឃុំ ជូ ខែម បានឲ្យដឹងថា ឃុំថ្មឥដ្ឋ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានអ្នកភូមិរស់នៅចំនួន ១.០៥៩គ្រួសារ រួមមានប្រជាពលរដ្ឋសរុបទាំងអស់ ៤.៩៩៣នាក់ ដែលក្នុងនោះ ៩៥% គឺសុទ្ធសឹងជាកសិករប្រកបរបរធ្វើស្រែចម្ការ និងមានកម្រិតជីវភាពក្រីក្រ ។ លោកមេឃុំបានឲ្យដឹងនូវភាពរីករាយរបស់អ្នកភូមិ ចំពោះដំណឹងនៃការដំឡើងស្ថានីយសាកអាគុយ ដោយប្រើពន្លឺព្រះអាទិត្យនេះ ដោយហេតុថាប្រជាពលរដ្ឋក្នុងឃុំថ្មឥដ្ឋស្ទើរតែទាំងអស់ មិនដែលមាន ភ្លើងអគ្គិសនីប្រើទាល់តែសោះ ។
លោកមេឃុំ ជូ ខែម បានឲ្យដឹងដូច្នេះ ៖ «នៅភូមិដើមពពេលហ្នឹង ជាប់សាលាស្រុកផងនោះ ហើយនៅជិតផ្សារត្រង់ហ្នឹងដែរ មួយកំណាត់ភូមិហ្នឹង គេបានចូលភ្លើងចំនួនខ្ទង់តែ ២០គ្រួសារទេ រួចពីហ្នឹងទៅអត់មានទេ ក្នុងមួយពាន់គ្រួសារជាងហ្នឹង អត់មានភ្លើងអីដល់ទេ ។ អ៊ីចឹងផ្ទាំងទទួលពន្លឺព្រះអាទិត្យហ្នឹង បើបានយកមកដាក់នៅហ្នឹង ខ្ញុំត្រេកអរណាស់ ព្រោះសំខាន់ណាស់ ដែលចង់បានហ្នឹងដោយនឹកឃើញថា បើសិនជាគេយក ១.៥០០រៀល យើងចុះមកនៅត្រឹមតែ ១ពាន់រៀល អាហ្នឹងវាជាការរំលែកការចាយវាយរបស់ប្រជាពលរដ្ឋយើងហើយ ជាផលប្រយោជន៍សំខាន់ត្រង់ហ្នឹង ។ ទី២ទៀត ជាការងារមួយទៀត នៅកន្លែងនេះ កុំឲ្យប្រជាជនហ្នឹងគាត់ដើរទៅឆ្ងាយ ទៅរកកន្លែងបញ្ចូលអាគុយនៅផ្សារសាលាលេខ៥ អីហ្នឹងទៅ បើសិនយើងធ្វើនៅក្នុងភូមិដើមពពេល អ៊ីចឹងប្រជាជនដើមពពេល ក៏គេមិនបានយកទៅដល់ផ្សារ គេមុខនឹងបញ្ចូលនៅកន្លែងនេះដែរ» ។
ឃុំថ្មឥដ្ឋ មានភូមិទាំងអស់ចំនួន៥ គឺភូមិដើមពពេល ភូមិស្នងមុម ភូមិថ្មឥដ្ឋ ភូមិត្រពាំងក្តារ និងភូមិគ ។
លោកមេឃុំ ជូ ខែម បានបញ្ជាក់ពីមូលហេតុ នៃការសម្រេចកំណត់យកភូមិដើមពពេល ជាទីតាំងមួយ ក្នុងការដាក់ដំឡើងស្ថានីយសាកអាគុយ ដោយប្រើពន្លឺព្រះអាទិត្យនេះ ៖ «ឃុំថ្មឥដ្ឋនេះមាន ៥ភូមិ ។ ភូមិទាំង៥ នេះ គឺសុទ្ធតែមានភាពក្រីក្រច្រើនជាងគេនានាឯទៀត ដូច្នេះខ្ញុំថា បើអ៊ីចឹងដាក់ត្រង់ដើមពពេលត្រង់ហ្នឹង ក៏មានកន្លែង... ជាសមត្ថកិច្ចមួយ សម្រាប់ការពារសុវត្ថិភាពដែរ បើអ៊ីចឹងយើងដាក់ត្រង់ដើមពពេលហ្នឹងទៅ ។ ហើយវាអាចទាក់ទាញតាំងពីភូមិស្នងមុមទៅ ក៏អាចចូលទៅដើមពពេលបានទៀតដែរ ព្រោះភូមិវាជាប់ៗគ្នា ។ បើសិនជាដំណើរការហ្នឹងវាបានល្អហើយនោះ ខ្ញុំនឹងគ្រោងថាដាក់បន្តទៀតនៅភូមិគ ដែលមានចន្លោះចម្ងាយនៅពពេល ហើយនិងទៅភូមិគហ្នឹង វាខុសគ្នា ៤គីឡូម៉ែត្រប៉ុណ្ណឹង ដើម្បីប្រជាជនរស់នៅដាច់ស្រយាលពីគ្នា ដែលវាអាចទាក់ទាញចំនួន ៣ភូមិនៅខាងលិចហ្នឹង» ។
ស្ថានីយសាកអាគុយដោយប្រើពន្លឺព្រះអាទិត្យនៅតាមជនបទនេះ គឺជាគម្រោងកម្មវិធីសាកល្បងលើកដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជា ដោយទទួលថវិកាឧបត្ថម្ភពីមូលនិធិបរិស្ថានពិភពលោក ចំនួនជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមរិក ដែលផ្តល់តាមរយៈកម្មវិធីអភិវឌ្ឍន៍ របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា UNDP ។ កម្មវិធីក្នុងជំហានដំបូងនេះ មានរយៈពេល១ឆ្នាំ ជាមួយនឹងគម្រោងដំឡើងស្ថានីយចំនួន ៤កន្លែង ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺ២ ស្ថានីយ នៅក្នុងឃុំថ្មឥដ្ឋ និង២ ស្ថានីយទៀត នៅក្នុងឃុំពានី ឲ្យហើយចប់សព្វគ្រប់ នៅក្នុងខែកក្កដា ឆ្នាំ ២០០៩ ។
លោក គង់ ផារិទ្ធិ ប្រធានអង្គការអ្នកកសាងសមត្ថភាព ដែលជាអង្គការប្រតិបត្តិគម្រោងកម្មវិធីសាកល្បងនេះ បានបញ្ជាក់ឲ្យដឹងថា ការបណ្តុះបណ្តាលសមត្ថភាពផ្នែកបច្ចេកទេសជំនាញ និងការគ្រប់គ្រងដំណើរការស្ថានីយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ គឺជាការងារដែលទាមទារពេលវេលាយូរជាងការដំឡើងស្ថានីយ ។
លោក គង់ ផារិទ្ធិ មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំនឹងរៀបចំគណៈកម្មការថាមពលពណ៌បៃតងហ្នឹង ព្រោះខាង UNDP គាត់ចង់ឲ្យគណៈកម្មការដែលឯករាជ្យមួយ ដែលគាត់មានពីមុនមក ដូចជាគណៈកម្មការសមាគមណា ដែលគាត់ស្ថិតស្ថេរពីមុនមកយូរហើយហ្នឹង យើងអាចចងជាមួយសមាគមហ្នឹង រៀបចំគណៈកម្មការបន្ថែមចូលសមាជិកចូលទៅក្នុងហ្នឹងទៅ ហើយយើងបង្រៀនគាត់ ឲ្យគាត់ចេះគ្រប់គ្រងថវិកា ត្រូវទទួលខុសត្រូវ ហើយនិងធ្វើកិច្ចការមួយចំនួន ដូចជាការកត់ត្រានូវចំណូលចំណាយអីជាដើម ចំណូលបានមកពីការបញ្ចូលអាគុយហ្នឹង ។ ហើយប៉ុន្មានឆ្នាំដែលគាត់អាចដកចាយ ឬក៏ចុងឆ្នាំ គាត់អាចដកលុយហ្នឹងដើម្បីយកមកប្រើប្រាស់ក្នុងការទិញចានឆ្នាំង ឬក៏ប្រើប្រាស់សម្រាប់ទិញសូឡារបំពាក់បន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ។ កិច្ចការហ្នឹងច្រើនណាស់ ត្រូវបង្រៀនគាត់ឲ្យចេះមើល ចេះជួសជុលខ្លះដែរ ។ បើសិនជាអ្នកដែលកាន់កាប់ហ្នឹងចេញទៅ មានអ្នកណាកាន់ការបន្តអី យើងត្រៀមអស់ហ្នឹងច្រើនមួយចំនួនទៀត» ។
មន្ត្រីសម្របសម្រួលកម្មវិធីជំនួយខ្នាតតូច របស់មូលនិធិបរិស្ថានពិភពលោក ប្រចាំUNDPនៅកម្ពុជា អ្នកស្រី ងិន ណាវីរៈ បានឲ្យដឹងបន្ថែមអំពីការត្រួតពិនិត្យវាយតម្លៃ រចនាសម្ពន្ធគ្រប់គ្រង និងដំណើរការ នៃគម្រោងស្ថានីយសាកអាគុយនេះ ។
អ្នកស្រី ងិន ណាវីរៈ មានប្រសាសន៍ថា ៖ «ខាងអង្គការកសាងសមត្ថភាពហ្នឹង គេមានធ្វើជាលក្ខន្តិកៈ ការគ្រប់គ្រងសម្ភារៈ ឬក៏ស្ថានីយហ្នឹងរបៀបយ៉ាងម៉េច ហើយនិងការបែងចែកផលប្រយោជន៍ កាត់ប៉ុន្មានភាគរយសម្រាប់រំលោះជួសជុល នៅពេលដែលយើងចង់ប្ដូរសូឡារខូច រយៈពេល ២៥ឆ្នាំហ្នឹង យើងកាត់ប៉ុន្មានភាគរយ សម្រាប់ប្រាក់ខែគណៈកម្មការដែលគាត់អ្នកឈរសាកអាគុយហ្នឹង គាត់នៅការពារហ្នឹង ហើយប៉ុន្មានភាគរយទៀតដែលគាត់ទុកសម្រាប់ទុនរបស់សហគមន៍ ។ អាហ្នឹងគាត់មានបែងចែកនៅក្នុងលក្ខន្តិកៈហ្នឹង បើសិនណាយើងឃើញថា ការបែងចែកហ្នឹងលម្អៀង ឬក៏យើងមើលទៅវាអត់សូវសមស្រប ហ្នឹងយើងនឹងឲ្យមតិយោបល់ និងយើងនឹងរៀងរាល់ ៦ខែម្ដង ខាងខ្ញុំនឹងចុះទៅជួបជាមួយសហគមន៍ និងយើងជជែកគ្នាថា តើអ្វីដែលគាត់ធ្វើ ឬក៏លក្ខខណ្ឌដែលគាត់បង្រៀនហ្នឹង គាត់បង្រៀនដោយមានការចូលរួម មានការឯកភាពពីសហគមន៍ភាគច្រើន ឬក៏គាត់ធ្វើតែ ២-៣នាក់គាត់ស្ងាត់ៗនៅក្នុងហ្នឹង ។ ហ្នឹងយើងនឹងពិភាក្សាតាមដាននៅក្នុងរឿងហ្នឹងទៀត» ។
ឯកសារសិក្សាគម្រោងកម្មវិធីរបស់អង្គការUNDP បានសរសេរបញ្ជាក់អំពីគោលដៅសំខាន់នៃកម្មវិធីនេះ គឺសំដៅជួយកាត់បន្ថយភាពក្រីក្រ និងបណ្តុះបណ្តាលសមត្ថភាពជំនាញ របស់ប្រជាពលរដ្ឋនៅតាមជនបទ ហើយនិងផ្សព្វផ្សាយពង្រីកការយល់ដឹងអំពីការចូលរួម ក្នុងកិច្ចការពារទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ និងកម្ដៅនៃភពផែនដី ដែលជាក្តីកង្វល់ដ៏ធំមួយ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ៕
