ប្រព័ន្ធ​ព្រះអាទិត្យ​និង​ជំនឿ​របស់ខ្មែរ "ឈ្មោះ​ថ្ងៃ​ទាំង​៧ នៃសប្តាហ៍" (ភាគ​២)

ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត​សង្គម​បាន​បង្ហាញ​ថា ឈ្មោះ​ថ្ងៃ​ទាំង ៧ នៃ​សប្តាហ៍ ដែល​មនុស្ស​នៃ​ជាតិ​សាសន៍​ផ្សេង​ៗ នៅ​លើ​ពិភពលោក បាន​ប្រើ​ជា​យូរ​មក​ហើយ​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​ជំនឿ​សាសានា ។

0:00 / 0:00

ឯកសារ​នានា​ខាង​ផ្នែក​វិទ្យាសាស្ត្រ ស្តី​ពី​ផែនដី និង​លំហ បាន​កត់​ត្រា​ឲ្យ​ដឹង​ថា តាំងពី​យូរយា​ណាស់​មក​ហើយ នៅ​ពេល​ដែល​ចាប់​មាន​វត្តមាន​មនុស្ស​នៅ​លើ​ភពផែនដី​យើង​នេះ​មក មនុស្ស​បាន​សំឡឹង​មើល​ដោយ​ភ្នែក​ទទេ ហើយ​ក៏​បាន​សង្កេត​ឃើញ​ពន្លឺ​ចំនួន ៧ នៅឯព្ធដ៏លំហ​មេឃ ។

ជនជាតិ​រ៉ូម៉ាំង​សម័យ​ដើម​បាន​ដាក់​ឈ្មោះ​ពន្លឺប្រភា ដ៏​ត្រចះ​ត្រចង់​ទាំង ៧ ដួង​នោះ ទៅ​តាម​តួអង្គ​អាទិទេព​សំខាន់​ៗ នៃ​ជាតិ​សាសន៍​របស់​ខ្លួន ។ ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ខាង​ផ្នែក​ប្រវត្តិសាស្រ្ត និង​វប្បធម៌​ជំនឿ​សាសនា បាន​សរសេរ​បញ្ជាក់​ថា បើ​ទោះបីជា​មាន​ករណី​ជាច្រើន ឈ្មោះ​ទេវ​ទាំង​នោះ ត្រូវ​បាន​កែ​ប្រែ​យ៉ាងណា​ក្តី ក៏​អាទិទេព ឬ​រឿង​ទេវកថា ស្ទើរតែ​ទាំង​អស់ របស់​រ៉ូម៉ាំង គឺ​យក​លំនាំ​តាម​អរិយធម៌ក្រិច ដែល​ជា​ជាតិ​សាសន៍​មួយ​ដ៏​មាន​ចំណាស់ និង​មាន​ឥទ្ធិពល​ដ៏​សំខាន់ ជាពិសេស​ខាង​ផ្នែក​ស្ថាបត្យកម្ម នៃ​សំណង់​ប្រាសាទ​បុរាណ​នានា នៅ​ក្នុង​ប្រវត្តិសាស្ត្រ នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច ឬ​បស្ចឹម​ប្រទេស ។

លោក​បណ្ឌិត អាំង ជូលាន សាស្រ្តាចារ្យ​មហាវិទ្យា​បូរាណវិទ្យា នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​មាន​ប្រសាសន៍​អំពី​ទំនាក់​ទំនង​រវាង​ឈ្មោះ នៃ​ពន្លឺ​ទាំង​៧ ដួង​នោះ និង​ឈ្មោះ​ថ្ងៃ​ទាំង ៧ នៃ​សប្តាហ៍​របស់​ខ្មែរ​ថា គឺ​ជា​ការ​ទទួល​ឥទ្ធិពល​ពីអរិយធម៌​ហិណ្ឌូ ។

លោក​បណ្ឌិត អាំង ជូលាន មានប្រសាសន៍​ដូច្នេះ ៖ «ឥណ្ឌា​នោះ​បើ​យើង​និយាយ​ឥណ្ឌា​ទៅ​ខាង​ជើង នៅ​ក្នុង​អំបូរ​ភាសា គេ​ហៅ​ថា ឥណ្ឌូ​អឺរ៉ុប​នោះ ទាំងអស់​ហ្នឹង​គឺ​ថា​នៅ​សម័យ​មុន​គ្រឹស្ដសករាជ​ទៅ​ទៀត ៤០០​ឆ្នាំ​មុន​គ្រឹស្ដ​សករាជ​ហ្នឹង គឺ​គេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាស្រ្ដ​ក្រិច​ហ្នឹង​ខ្លាំង​ណាស់ អ្នក​ប្រាជ្ញៗ​គេ​ទាក់ទង​គ្នា ហេតុដូច្នេះ​ហើយ ឈ្មោះ​ដែល​យើង​ថា ចន្ទ, អង្គារ, ពុធ, ព្រហស្បតិ៍ អស់​នេះ ជា​ភាសា​ក្រិច​នៅ​តែ​មាន គ្រាន់តែ​ថា​ខុស​គ្នា... ប៉ុន្តែ​ទាំងអស់​ហ្នឹង​វា​អត់​មាន​ការ​បង្កើត​តាម​អំពើ​ចិត្ត​នោះ​ទេ វា​ទៅ​ជា​រឿង​វិទ្យាសាស្រ្ត អាហ្នឹង​និយាយ​ដល់​កន្លែង​ហ្នឹង គឺ​ថា​រឿង​វិទ្យាសាស្រ្ត»

ប៉ុន្តែ​លុះ​រហូត​ដល់​សតវត្សរ៍​ទី ១៧ ទើប​ក្រុម​អ្នកវិទ្យាសាស្រ្ត-​តារាសាស្រ្ត បាន​បង្កើត​ឧបករណ៍​កែវយឹត​ដ៏​ទំនើប តាម​ឆ្លុះ​មើល​ពន្លឺ​ទាំង​៧ ដួង​នោះ ឃើញ​យ៉ាង​ច្បាស់លាស់ ហើយ​ជាមួយ​នឹង​ការសិក្សា​ស្រាវជ្រាវ​ស្វែង​យល់​លម្អិត​ជា​បន្តបន្ទាប់​ទៀត​នោះ បាន​កំណត់​ថា ពន្លឺ​ទាំង​នោះ គឺ​ជា​ផ្កាយ ហើយ​និង​ភព​មួយ​ចំនួន ដែល​គោចរ​ក្នុង​ប្រព័ន្ធ​សុរិយចក្រវាល​យើង​នេះ ។

ចំពោះ​ដួងពន្លឺ​ដ៏​មាន​ប្រភា​ចែងចាំង​ខ្លាំង​ជាង​គេ​បង្អស់​នៅ​ពេល​ថ្ងៃ គឺ​ផ្កាយ​ព្រះអាទិត្យ ។ រី​ឯ​ពន្លឺ​ដែល​គេ​ឃើញ​ច្បាស់ និង​ធំ​ជាង​គេ​នៅ​ពេល​យប់​នោះ​វិញ គឺ​ដួង​ព្រះចន្ទ្រា ដែល​ជា​ភព​រណប​ធម្មជាតិ វិល​ជុំវិញ​ភព​ផែនដី​យើង​នេះ ។

ចំណែក​ពន្លឺ ៥ ដួង ផ្សេង​ទៀត គឺ​ជា​ភព​ដែល​វិល​ជុំវិញ​ផ្កាយ​ព្រះអាទិត្យ នៅ​លើ​តារា​វិថី ឬ​ចក្ររាសី​រៀងៗ​ខ្លួន​ទៅ​តាម​លំដាប់​លំដោយ​គ្នា​ពី​ព្រះអាទិត្យ គឺ​ភព​ពុធ ភព​សុក្រ ភព​អង្គារ ភព​ព្រហស្បតិ៍ និង​ភពសៅរ៍ ។ ប៉ុន្តែ​ក្រុម​អ្នក​វិទ្យាសាស្រ្ត បាន​រក្សា​ទុក​នូវ​ឈ្មោះ​ដើម​នៃ​ពន្លឺ​ទាំង ៧ ដួង​នោះ ដែល​មនុស្ស​សម័យ​ដើម នៃ​អារិយធម៌ និង​លទ្ធិសាសនា​បុរាណ បាន​កំណត់​តាំង​ពី​យូរ​លង់​រួច​មក​ហើយ​នោះ ។

លោក​បណ្ឌិត អាំង ជូលាន បាន​មាន​ប្រសាសន៍​បន្ថែម​អំពី​ប្រភព​ពាក្យ​ពេចន៍ របស់​ឈ្មោះ​ថ្ងៃ​ទាំង ៧ នៃ​សប្តាហ៍​របស់​ខ្មែរ​ជា​ភាសា​សំស្ក្រឹត ៖ «ដូច​ខាង​យើង​គឺ​ថ្ងៃ​អាទិត្យ គឺ​ជា​ឈ្មោះ​សំដៅ​ទៅ​លើ​ព្រះអាទិត្យ ថ្ងៃ​ចន្ទ សំដៅ​ទៅ​ព្រះចន្ទ ថ្ងៃ​អង្គារ​សំដៅ​ទៅ​ផ្កាយ​ព្រះអង្គារ ... ទាំង​អស់​ហ្នឹង គឺ​ជា​ផ្កាយ​ដែល​មាន​ពិត មិន​មែន​ចេះ​តែ​ថា​តែពិស​តែពាស​ហ្នុង​ទេ គឺ​គេ​មាន​អ្នក​ប្រាជ្ញ​អី​របស់​គេ»

ស្តីពី​លំដាប់​លេខ​រៀង​របស់​ឈ្មោះ​ថ្ងៃ​ទាំង​៧ នៃ​សប្តាហ៍​វិញ គឺ​មាន​ការខុសប្លែក​គ្នា​ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ទៀត ។ សហរដ្ឋអាមេរិក ប្រទេស​កាណាដា ព្រមទាំង​បណ្ដា​ប្រទេស​ប្រើ​ភាសា​អង់គ្លេស​ជាច្រើន​ទៀត គឺ​គេ​ចាប់​រាប់​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​ទី​១ នៃ​សប្តាហ៍ ។ ប៉ុន្តែ​នៅ​អាមេរិក​ខាង​ត្បូង ចក្រភព​អង់គ្លេស ប្រទេស​អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត ស្ទើរតែ​ទាំងអស់​ក្នុង​ទ្វីប​អ៊ឺរុប នៅ​អាហ្រ្វិក​ខាង​ត្បូង ហើយ​និង​ផ្នែក​ខ្លះ នៃ​ទ្វីប​អាស៊ី ថ្ងៃ​ទី​១ នៃ​សប្តាហ៍ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ចន្ទ ។

ចំណែក​នៅ​ប្រទេស​ខ្មែរ ព្រមទាំង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ប៉ែក​ខាង​ត្បូង ដែល​ទទួល​ឥទ្ធិពល​វប្បធម៌ និង​ជំនឿ​សាសនា​ហិណ្ឌូ ពី​ប្រទេស​ឥណ្ឌា​នោះ​វិញ បាន​ចាត់​ទុក​ថ្ងៃ​អាទិត្យ គឺ​ជា​ថ្ងៃ​ទី ១ នៃ​សប្តាហ៍ ។

លោក អ៊ឹម បូរិន្ទ សមាជិក​នៃ​គណៈកម្មការ​ស្រាវជ្រាវ វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ បាន​មាន​ប្រសាសន៍​អំពី​មូលហេតុ​មួយ​ផ្នែក ដែល​ខ្មែរ​ចាត់​ទុក​ថ្ងៃ​អាទិត្យ​ជា​ថ្ងៃ​ទី​១ នៃ​សប្តាហ៍ ជាពិសេស​ខាង​ផ្នែក​ហោរាសាស្ត្រ គឺ​ជា​ការទទួល​ឥទ្ធិពល​ពី​ប្រទេស​ក្លឹង​នេះ​ឯង ។

លោក អ៊ឹម បូរិន្ទ មាន​ប្រសាសន៍​ថា ៖ «ក្នុង​ក្បួន​ហោរាសាស្រ្ត​ហ្នឹង គឺ​ព្រះអាទិត្យ​គឺ​ជា​តារា​មួយ​ដែល​ធំ​ជាង​គេ ហើយ​ដែល​គេ​កំណត់​ថា ជា​រាជា​នៅ​ក្នុង​ប្រព័ន្ធ​សុរិយចក្រវាល​ហ្នឹង ។ បន្ត​មក​ទៀត​គឺ​ថ្ងៃ​ចន្ទ ដោយ​ព្រះចន្ទ គឺ​ជា​តារា​មួយ​ដែល​រះ​បំភ្លឺ​នៅ​ពេល​យប់ ។ អ្នក​ហោរាសាស្រ្ត​បាន​កំណត់ថា ព្រះចន្ទ​គឺ​ជា​រាជនី​ក្នុង​ប្រព័ន្ធ​សុរិយចក្រវាល ហើយ​ការ​បង្កើត​បន្តៗ​គ្នា​មក​ហ្នឹង គឺ​មាន​កិត្តនាម​មួយ​ដែល​ហៅ​ថា ការ​និទាន​ពី​ការ​កើត​ភព​ផ្សេងៗ ក៏​មាន​ប្រវត្តិ​និទាន​ហ្នឹង​វែង​ឆ្ងាយ​ទៅ​ទៀត ទាក់​ទង​នឹង អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរ៍ ហ្នឹង ។ ក្នុង​សៀវភៅ​របស់​លោក គង ផាន់ ហោរាសាស្រ្ត​នៅ​ក្នុង​ក្បួន​ព្រហ្មជាតិ បោះ​ពុម្ព​ប្រហែល​ជា​ឆ្នាំ ១៩៦០ ជាង ដែល​បាន​បញ្ជាក់​ទាក់​ទង​នឹង​រឿង​ហ្នឹង»

ឯកសារ​ជាច្រើន​បាន​សរសេរ​កត់ត្រា​ថា ថ្ងៃ​ទាំង ៧ នៃ​សប្តាហ៍ ដែល​យក​តាម​ឈ្មោះ​ដួង​ពន្លឺ​ប្រភា នាព្ធដ៏​អាកាស ហើយ​ដែល​មនុស្ស​សម័យ​ដើម​បាន​ដាក់​តាម​តួអង្គ​អាទិទេព នៃ​ប្រពៃណី​លទ្ធិសាសនា​បុរាណ​នោះ គឺ​មាន​ឥទ្ធិពល​ចេញ​ពី​ប្រទេស​ក្រិច ទៅ​កាន់​ចក្រភព​រ៉ូម៉ាំង ហើយ​ក៏​បន្ត​រីក​សាយភាយ​ទៅ​គ្រប់​ទិសទី​នៅ​លើ​ពិភពលោក មក​ទល់​សព្វថ្ងៃ​នេះ ៕