ក្រុមសង្គមស៊ីវិលស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ
2017.06.06
ក្រុមអង្គការសង្គមស៊ីវិលធ្វើការងារលើកស្ទួយសិទ្ធិស្ត្រី ចាប់ផ្ដើមពិភាក្សាពីការស្នើសុំកែប្រែច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នៅក្រោយការអនុវត្តច្បាប់នេះបានរយៈពេលជិត ១២ឆ្នាំកន្លងទៅ។ ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា ច្បាប់ដែលកំពុងអនុវត្តនៅមានចំណុចខ្វះខាតក្នុងការធានាការពារស្ត្រី និងកុមារពីភាពរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។
ក្រុមអង្គការសង្គមស៊ីវិលប្រមាណ ១០០នាក់ បានជួបប្រជុំគ្នានៅព្រឹកថ្ងៃទី៤ ខែឧសភា ដើម្បីពិភាក្សាពីចំណុចមួយចំនួននៃច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះដែលនឹងត្រូវស្នើឲ្យមានការកែប្រែ។
អគ្គលេខាធិការនៃគណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ ហៅកាត់ថា អិន.ជី.អូ ស៊ីដ (NGO-CEDAW) អ្នកស្រី ជឹម ចាន់នាង ថ្លែងថា ចំណុចជាច្រើនដែលក្រុមអង្គការសង្គមស៊ីវិលមានបំណងស្នើសុំឲ្យមានការកែប្រែនោះ ធ្វើយ៉ាងណាធ្វើឲ្យច្បាប់ថ្មីក្រោយវិសោធនកម្មមានចំណុចដែលអាចដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តល្មើស និងផ្ដល់អត្ថប្រយោជន៍ដល់ជនរងគ្រោះ៖ «ច្បាប់បច្ចុប្បន្នយើងសម្រាប់ការដាក់ទោសទណ្ឌ គឺយើងបានបង្វែរទាំងស្រុងឲ្យអនុវត្តទៅតាមក្រមព្រហ្មទណ្ឌដែលមានស្រាប់។ ភាគច្រើននៃអំពើហិង្សាដែលត្រូវបានបញ្ជូនទៅតុលាការ ការដាក់ទោសទណ្ឌច្រើនតែមានការកម្រិតទោសទណ្ឌនៅក្នុងច្បាប់ដែលស្រាលជាងគេ ដោយសារតែអាជ្ញាធរមួយចំនួនគាត់នៅតែគិតថា វាគ្រាន់តែជារឿងក្នុងគ្រួសារ»។
នៅក្នុងឯកសារព្រាងដែលក្រុមអង្គការសង្គមស៊ីវិលរៀបចំ បានបង្ហាញពីចំណុចដែលពួកគេចង់ឲ្យមានការផ្លាស់ប្ដូរ ដោយបានប្រៀបធៀបនឹងអ្វីដែលមានស្រាប់នៅក្នុងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ។ ក្នុងនោះ បានវិភាគពីគ្រប់ចំណុចទាំងអស់ចាប់តាំងពីមាត្រា១ ដែលនិយាយពីគោលបំណងនៃច្បាប់រហូតដល់មាត្រា៣៦ ដែលជាមាត្រាចុងក្រោយ។ លើសពីនេះ ក៏មានមាត្រាមួយចំនួនត្រូវស្នើឲ្យលុបចោល។
អគ្គលេខាធិការនៃ អិន.ជី.អូ ស៊ីដ អ្នកស្រី ជឹម ចាន់នាង លើកឡើងពីចំណុចទាំងឡាយដែលចាំបាច់ត្រូវមានការផ្លាស់ប្ដូរ៖ «នៅក្នុងច្បាប់បច្ចុប្បន្ន យើងឃើញថាអត់ទាន់បានគ្របដណ្ដប់លើជនគ្រប់រូបឲ្យបានគ្រប់គ្រាន់នៅឡើយទេ។ យើងឧទាហរណ៍ដូចប្ដី និងប្រពន្ធ អ្នកខ្លះគាត់រស់នៅជាមួយគ្នាដោយអត់ទាន់មានសំបុត្រអាពាហ៍ពិពាហ៍ គូសង្សារ និងអតីតប្ដីប្រពន្ធដែលគាត់បែកគ្នាហើយ គឺយើងស្នើសុំឲ្យបញ្ចូលពួកគាត់ទាំងអស់គ្នាហ្នឹងទៅក្រោមច្បាប់ហ្នឹងដែរ រួមទាំងសាច់សាលោហិត មានន័យថាឲ្យតែជាប់សាច់ឈាម។ ទាក់ទងនឹងដីកាការពារនៅក្នុងច្បាប់នេះ យើងបានបញ្ជាក់ច្បាស់។ ច្បាប់បច្ចុប្បន្នថានៅពេលដែលមានអំពើហិង្សាក្នុងគ្រួសារកើតឡើង គឺអាជ្ញាធរនៅជិតបំផុតហ្នឹងគាត់អាចមកជួយសង្គ្រោះបន្ទាន់។ អ្វីដែលយើងចង់បាន គឺសុំឲ្យដាក់កម្រិតតែម្ដងទៅដល់អាជ្ញាធរដែលគាត់មានកាតព្វកិច្ចនៅក្នុងការអនុវត្តច្បាប់នេះ គឺឲ្យគាត់ត្រូវតែធ្វើតែម្ដង ដ្បិតច្បាប់យើងបច្ចុប្បន្ន គឺមានចំណុចយោងច្រើនទៅនឹងកត្តាទំនៀមទម្លាប់។ អ៊ីចឹងច្បាប់ថ្មីនេះគឺសុំឲ្យដកចេញនូវចំណុចយោងទាំងនេះចេញ»។
ជាមួយគ្នានេះ អ្នកស្រី ជឹម ចាន់នាង បានលើកឡើងពីការបន្ថែមចំណុចចាំបាច់ដែលជាតម្រូវការចាំបាច់នៅក្នុងការអនុវត្តច្បាប់នេះ និងកិច្ចការពារជនរងគ្រោះ៖ «យើងក៏ស្នើសុំឲ្យមានការបញ្ជាក់នូវកញ្ចប់ថវិកាមួយច្បាស់លាស់ ដែលរដ្ឋាភិបាលយើងទុកសម្រាប់អនុវត្តច្បាប់ហ្នឹង និងថវិកាសម្រាប់ប្រើប្រាស់ទៅលើសេវាសង្គមនានា ដើម្បីជួយជនរងគ្រោះ និងបង្កើតនូវកម្មវិធីផ្សេងៗនៅក្នុងការកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋផងដែរ»។
ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ២០០៥ ក្រុមអង្គការសង្គមស៊ីវិលដែលអនុវត្តច្បាប់នេះមើលឃើញថា ការកែប្រែច្បាប់នេះអាចនឹងជួយឲ្យការអនុវត្តច្បាប់នេះមានភាពប្រសើរ។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) អ្នកស្រី ពុង ឈីវកេក មានប្រសាសន៍ថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ច្រើនចំពោះបញ្ហាអំពើហិង្សាក្នុងគ្រួសារ ជាពិសេសគឺការបង្កើតឲ្យមានច្បាប់ដោយឡែកចំពោះករណីនេះ។ អ្នកស្រីគិតថា ចំណុចដែលអាចកែប្រែបានទៅតាមការស្នើរបស់សង្គមស៊ីវិល នឹងជួយឲ្យច្បាប់ពិសេសនេះកាន់តែងាយស្រួលក្នុងការអនុវត្ត។ អ្នកស្រីបន្តថា ចំណុចសំខាន់មួយទៀត គឺការផ្សព្វផ្សាយច្បាប់នេះ៖ «ខ្ញុំទទួលស្គាល់ថា រដ្ឋាភិបាលខំប្រឹងប្រែងផ្សព្វផ្សាយណាស់ មិនមែនមិនធ្វើការទេ ប៉ុន្តែនៅតែមានការខ្វះខាត។ បានន័យថា ប្រជាពលរដ្ឋភាគច្រើន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ព្រោះតួនាទីលោកធំណាស់នៅក្នុងហ្នឹង»។
ក្រុមអង្គការសង្គមស៊ីវិលលើកហេតុផលថា ចំណុចដែលពួកគេចង់ឲ្យមានការកែប្រែនេះ បានផ្អែកលើខ្លឹមសារនៃអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទ ដែលកម្ពុជា ជាប្រទេសហត្ថលេខី។
កាលពីខែតុលា ឆ្នាំ២០១៣ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មន្ត្រីតំណាងក្រសួងពាក់ព័ន្ធមួយចំនួន និងតំណាងអង្គការមិនមែនរដ្ឋាភិបាល បានជួបប្រជុំជាមួយមន្ត្រីជំនាញនៃគណៈកម្មាធិការអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ (Geneva) ពិភាក្សាពីលទ្ធផលនៃការងារលើកស្ទួយសមភាពយេនឌ័រនៅកម្ពុជា។ អង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍នោះមានចំនួន ៥២ចំណុច បានសរសេរលម្អិតពីចំណុចខ្វះខាតដែលជាក្ដីបារម្ភ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិស្ត្រីនៅកម្ពុជា រួមមានចំណុចខ្វះខាតក្នុងច្បាប់ យន្តការជាតិលើកកម្ពស់សិទ្ធិស្ត្រី ទស្សនៈក្នុងសង្គមស្ដីពីស្ត្រី អំពើហិង្សាលើស្ត្រី អំពើជួញដូរ និងពេស្យាកម្ម ការអប់រំសុខាភិបាល វិស័យការងារ ការរំលោភសិទ្ធិដីធ្លីផ្ទះសម្បែង និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ជាដើម។
នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា ឬហៅកាត់ថា ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព លើកឡើងថា ក្រៅពីផ្អែកលើអនុសាសន៍របស់អង្គការសហប្រជាជាតិ ការស្នើសុំកែប្រែច្បាប់នេះ ក៏ផ្អែកលើការស្រាវជ្រាវមួយកាលពីឆ្នាំ២០១៤ របស់សាស្ត្រាចារ្យ ខាធើរីន ប្រ៊ីកកែល (Katherine Brickell) ពីចំណុចខ្វះខាតក្នុងច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។
អ្នកស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ រ៉ូយ៉ាល់ ហូឡូវ៉េ (Royal Holloway) អ្នកស្រី ខាធើរីន ប្រ៊ីកកែល (Katherine Brickell) បានរកឃើញថា ពលរដ្ឋខ្មែរនៅពុំទាន់យល់ដឹងឲ្យទូលំទូលាយពីច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ។ រីឯការអនុវត្តច្បាប់នេះទៀតសោត គឺនៅមានចំណុចខ្វះខាតដែលជាផ្នែកមួយជំរុញឲ្យករណីអំពើហិង្សាក្នុងគ្រួសារនៅកម្ពុជា នៅតែបន្តកើតមាន និងពេលខ្លះមានរូបភាពកាន់តែឃោរឃៅ។ របាយការណ៍ដដែលនោះបានរកឃើញថា ទាំងមន្ត្រីអនុវត្តច្បាប់ និងសាធារណជនទូទៅ មិនសូវយល់ដឹងពីច្បាប់ ឬអនុវត្តច្បាប់។ របាយការណ៍ដដែលនោះបង្ហាញមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យមានភាពខ្វះចន្លោះក្នុងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដែលក្នុងនោះរួមមានការរើសអើងផ្នែកភេទ ប្រពៃណីទំនៀមទម្លាប់ និងកត្តាពឹងផ្អែកផ្នែកសេដ្ឋកិច្ចទៅលើបុរស។ ការស្រាវជ្រាវ ក៏បានសាកសួរមន្ត្រីតុលាការ និងមន្ត្រីនគរបាលមួយចំនួនដែលអះអាងថា ពួកគាត់ក៏មានការពិបាកក្នុងការអនុវត្តច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារដែរ ដោយជ្រើសរើសឲ្យមានការសម្របសម្រួលជម្លោះបញ្ចប់ច្រើនជាង។ អ្នកអនុវត្តច្បាប់ទាំងនោះ បានលើកហេតុផលចម្បងមួយមកអះអាង គឺកត្តាសេដ្ឋកិច្ច ដែលអាចនឹងរុញច្រានស្ត្រី និងកុមារ ឲ្យកាន់តែរងគ្រោះនៅក្រោយពេល ដែលបុរសអ្នកប្រើហិង្សាត្រូវកាត់ទោស។ ក្នុងរបាយការណ៍ដដែល ក៏បានលើកឡើងពីកង្វះកិច្ចការពារជនរងគ្រោះ ដោយការចេញដីការក្សាការពារ និងការបំបែកជនរងគ្រោះឲ្យរួចផុតពីអំពើហិង្សាធ្ងន់ធ្ងរ ជាដើម។
នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងការអភិវឌ្ឍន៍ដើម្បីកម្ពុជា ឬហៅកាត់ថា ហ្គេតស៊ី (GADC) អ្នកស្រី រស់ សុភាព រំពឹងថា សំណើកែប្រែច្បាប់នេះ នឹងទទួលបានការគាំទ្រពីរដ្ឋាភិបាល៖ «គិតគូរពីរឿងថវិកា គឺជាតួនាទីរបស់រដ្ឋាភិបាល ហើយសង្គមស៊ីវិលមានតួនាទីក្នុងការសហការ ហើយជួយកន្លែងណាដែលរដ្ឋាភិបាលត្រូវការយើងផ្នែកបច្ចេកទេស គឺយើងអាចជួយ»។
បើទោះជាយ៉ាងណា សំណើកែប្រែច្បាប់នេះ នឹងត្រូវឆ្លងកាត់ការពិភាក្សាបន្ថែមទៀតជាមួយភាគីពាក់ព័ន្ធទាំងអង្គការសង្គមស៊ីវិល និងភាគីរដ្ឋាភិបាលផង ដើម្បីឲ្យមានការឯកភាពគ្នា និងទទួលបានមតិល្អៗបន្ថែមទៀត៕