រដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី៦ ខែវិច្ឆិកា ជាទិវាជាតិអាហារូបត្ថម្ភជាលើកដំបូង។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារនៅថ្ងៃប្រារព្ធទិវានេះថា ទិវាជាតិនេះជាការទទួលស្គាល់ពីសារសំខាន់នៃបញ្ហាអាហារូបត្ថម្ភ។
លើសពីនេះ រដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ចំពោះការលើកកម្ពស់អាហារូបត្ថម្ភសម្រាប់ស្ត្រីជាមាតា និងកុមារ។ ការប្រកាសធ្វើទិវាអាហារូបត្ថម្ភរបស់រដ្ឋាភិបាលនេះ គឺយឺតយ៉ាវជាងការប្រារព្ធទិវាស្បៀងអាហារ ឬទិវាអាហារូបត្ថម្ភពិភពលោកប្រមាណ ៣សប្ដាហ៍ ពោលគឺទិវាពិភពលោកតែងធ្វើឡើងនៅរៀងរាល់ឆ្នាំនៅថ្ងៃទី១៦ ខែតុលា។
ការបង្ហាញឆន្ទៈរបស់រដ្ឋាភិបាល គឺស្របពេលដែលអង្គការអន្តរជាតិនានារកឃើញថា ពលរដ្ឋកម្ពុជា ជាច្រើន ជាពិសេសស្ត្រី និងកុមារ កំពុងប្រឈមនឹងបញ្ហាខ្វះអាហារូបត្ថម្ភ។
ក្នុងនាទីស្ត្រីខ្មែរសប្ដាហ៍នេះ អ្នកស្រី សុ ជីវី រាយការណ៍ពីស្ថានភាពអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារដូចតទៅ៖
ពាក្យថាកង្វះអាហារូបត្ថម្ភ សំដៅដល់ការខ្វះខាតស្បៀងអាហារទទួលទាន ឬមានអាហារដែរ ប៉ុន្តែពុំមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់បំពេញតម្រូវការលូតលាស់នៃសារពាង្គកាយ និងបញ្ញាស្មារតី។
និយមន័យដែលផ្ដល់ដោយអង្គការស្បៀងអាហារពិភពលោក បញ្ជាក់ថា នៅពេលដែលខ្វះអាហារទទួលទាន ឬទទួលទានអាហារដែលមិនត្រឹមត្រូវតាមប្រភេទ គឺជាបញ្ហាកង្វះអាហារូបត្ថម្ភ។ លើសពីនេះ ខ្វះអាហារូបត្ថម្ភ និងជំងឺដង្កាត់តែងទាក់ទងគ្នា ពេលខ្លះជំងឺបណ្ដាលពីខ្វះអាហារូបត្ថម្ភ ពេលខ្លះទៀត ជំងឺបណ្ដាលឲ្យខ្វះអាហារូបត្ថម្ភ។
មរណភាពមាតា និងទារក ក៏ផ្ដើមចេញពីកង្វះអាហារូបត្ថម្ភនេះដែរ ពោលគឺបញ្ហានេះជាកត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងទៀត។ ខ្វះអាហារូបត្ថម្ភ ចាប់តាំងពីពេលចាប់កំណើតធ្វើអោយសារពាង្គកាយ និងបញ្ញាស្មារតីកុមារលូតលាស់យឺតយ៉ាវ។
ប្រធានថ្នាក់ជាតិផ្នែកផ្ដល់ស្បៀងអាហារតាមសាលារបស់អង្គការផ្លែន (Plan) អន្តរជាតិ អ្នកស្រី ពេជ្រ សុផារី មានប្រសាសន៍ថា ស្ត្រីក្នុងវ័យបន្តពូជអាចជួបបញ្ហានៅពេលមានគភ៌ និងពេលសម្រាលនៅពេលខ្វះអាហារូបត្ថម្ភ។ ចំណែកកូនដែលកើតមក ក៏មិនគ្រប់ទម្ងន់ អាចប៉ះពាល់ដល់អាយុជីវិតនៅរយៈពេល២ឆ្នាំដំបូង។ បន្ទាប់មក កុមារភាគច្រើនក្រិន និងមានបញ្ហាក្នុងការសិក្សា៖ «និយាយរួមទៅ គឺកុមារកើតមិនគ្រប់ខែ ជួនកាលទារកទាល់តែ ២គីឡូកន្លះបានយើងអាចចាត់ទុកថា ក្មេងហ្នឹងគេថាឆ្លងផុតនូវសិទ្ធិរបស់ខ្លួនឯង ព្រោះក្មេងមានសិទ្ធិតាំងពីក្នុងពោះទៅណាស់ ចំពោះសិទ្ធិទាំង៤របស់គាត់»។
របាយការណ៍ជាតិឆ្នាំ២០១០ បង្ហាញថា ស្ត្រីខ្មែរចំនួន ១៩% ស្គមស្គាំង និង ៤៤% ស្លេកស្លាំង ក្នុងនោះភាគច្រើនជាស្ត្រីក្នុងវ័យបន្តពូជ។ បញ្ហានេះ បណ្ដាលមកពីខ្វះអាហារដែលមានជាតិដែក។ ជាលទ្ធផល អត្រាមរណភាពមាតា គឺ ២០៦នាក់ ក្នុងចំណោម ១សែនផ្តល់កំណើត។ ចំណែកអត្រាមរណភាពកុមារ គឺ ៥៤នាក់ ក្នុងចំណោមកុមារ ១ពាន់នាក់បានកើត។ ស្របគ្នានេះ កុមារអាយុក្រោម ៥ឆ្នាំប្រមាណ ៤០% មានជំងឺក្រិន និង ២៨% ស្គមស្គាំង ក្នុងចំណោមកុមារសរុបចំនួនជាង ១លាន ៥សែននាក់។
ទោះជាយ៉ាងណា អត្រាមរណភាពមាតាបានថយចុះជាលំដាប់ក្នុងឆ្នាំ២០១៣។ របាយការណ៍របស់ក្រសួងសុខាភិបាល អោយដឹងថា ស្ត្រីចំនួន ១១៦នាក់បានស្លាប់ នៅពេលសម្រាលកូន គឺទាបជាងឆ្នាំ២០១២ ដែលមានចំនួន ១៥០នាក់។ ចំពោះស្ត្រីកម្ពុជា ភាគច្រើនដែលមានបញ្ហាខ្វះអាហារូបត្ថម្ភនោះ ជាទូទៅពួកគេក៏ជាអ្នកផ្គត់ផ្គង់អាហារប្រចាំថ្ងៃក្នុងគ្រួសារ ជាពិសេសស្ត្រីនៅតាមទីជនបទ។
កាលពីថ្ងៃប្រារព្ធទិវាពិភពលោកស្ដីពីអាហារូបត្ថម្ភ ភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៣ គឺអង្គការស្បៀងអាហារ និងកសិកម្ម (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមូលនិធិសម្រាប់ស្ត្រី (UN Woman) បានបង្ហាញវីដេអូខ្លីមួយ ដែលលើកឡើងពីការប្រឹងប្រែងរបស់ស្ត្រី ដើម្បីរកអាហារសម្រាប់គ្រួសារ។ ក្នុងនោះ ស្ត្រីបានចូលរួមគ្រប់ដំណាក់កាលនៃការងារកសិកម្ម និងស្វែងរកអាហារសម្រាប់គ្រួសារ។ វីដេអូនោះបញ្ជាក់ថា ស្ត្រីជាគន្លឹះអោយសម្រេចគោលដៅសុវត្ថិភាពស្បៀងនៅកម្ពុជា៖ «ស្រ្តីរស់នៅជនបទទទួលខុសត្រូវយ៉ាងធំធេងក្នុងការរកអាហារសម្រាប់គ្រួសារ។ ប្រាក់ចំណូលរបស់ពួកគេមួយចំនួនធំត្រូវបានចំណាយ លើម្ហូបអាហារទទួលទានសម្រាប់កូនៗរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីនៅតែពុំទាន់មានលទ្ធភាពស្មើគ្នា ក្នុងការទទួលបានការអប់រំសេវាថែទាំ និងឱកាសទទួលបានការងារ។ ស្ត្រីភាគច្រើននៅតែទទួលបានប្រាក់កម្រៃតិចជាងបុរស និងរ៉ាប់រងការងារផ្ទះជាច្រើន...។ អ្វីដែលយើងសង្កេតឃើញជារៀងរាល់ថ្ងៃ នៅពេលដែលស្ត្រីត្រូវផ្តល់សិទ្ធិអំណាចគ្រប់គ្រាន់ នោះសេដ្ឋកិច្ចជាតិ សហគមន៍ និងគ្រួសារ នឹងមានភាពរីកចម្រើន»។
ទាក់ទិននឹងទិវាជាតិអាហារូបត្ថម្ភវិញ ក្នុងលិខិតចំនួន ៤ទំព័រ ដែលជាសារសម្រាប់ទិវាជាតិអាហារូបត្ថម្ភ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដោតចំពោះការកែលំអអាហារូបត្ថម្ភរបស់មាតា និងកុមារ ក្នុងការអភិវឌ្ឍធនធានមនុស្ស ជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័ន ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ត្រូវធ្វើការរួមគ្នាអប់រំពលរដ្ឋ អោយផ្លាស់ប្ដូរឥរិយាបថទាក់ទងបញ្ហាអាហារូបត្ថម្ភ ជំរុញការបំបៅកូនដោយទឹកដោះម្ដាយ ការផឹកទឹកដែលមានសុវត្ថិភាព ការប្រើប្រាស់បង្គន់អនាម័យ លាងដៃនឹងសាប៊ូ ទទួលទានអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ មានអ៊ីយ៉ូត និងជាតិដែក ជាដើម។
ទោះជាយ៉ាងណា ប្រទេសកម្ពុជា ត្រូវបានផ្តល់ពិន្ទុ១៦,១ ដែលត្រូវនឹងចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណោមប្រទេសទាំងអស់៧៦ នៅក្នុងសន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤។ ពិន្ទុនេះ បង្ហាញថា កម្ពុជា មានភាពល្អប្រសើរជាង ១០ឆ្នាំមុន ក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លាន។ តែទោះជាយ៉ាងណា ចំណាត់ថ្នាក់នេះមានន័យថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា នៅមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ។
ក្នុងពេលនេះ មានអង្គការមិនមែនរដ្ឋាភិបាលជាច្រើន កំពុងធ្វើការនៅមូលដ្ឋាន ដើម្បីកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភក្នុងចំណោមស្ត្រី និងកុមារ។
នាយិកាប្រតិបត្តិនៃសមាគមគ្រួសារយើង ដែលធ្វើការនៅតាមបណ្ដាខេត្តនៅភាគឦសាន អ្នកស្រី គី សំភី មានប្រសាសន៍ថា អង្គការអ្នកស្រីបានបង្កើតក្រុមម៉ែៗនៅតាមភូមិ ដែលអប់រំពួកគេពីការថែទាំចំណីអាហារនៅពេលមានផ្ទៃពោះក្រោយសម្រាល និងសម្រាប់កុមារតូចៗ៖ «អាចអប់រំទៀតអោយគ្រួសារហ្នឹងចេះស្រឡាញ់ ចេះជួយគ្នា ចេះរកចំណីអាហារមកអោយប្រពន្ធគាត់ហូប។ ប្រពន្ធគាត់ពោះធំ គាត់ត្រូវទៅរកអោយមានអី ហើយពាក្យថាអាហារសាងសង់ វាមិនចាំបាច់ថាមាន់ថាជ្រូកអីទេ បានតែក្តាមមកក៏បានដែរ ហើយដូចជាថាមពល យើងមានតែផ្លែឈើមកគាត់ហូបទៅមានថាមពល ហើយការពារខ្លួនទៀត។ មួយទៀត អោយគាត់យល់ថា កើតនៅផ្ទះវាយ៉ាងម៉េច កើតនៅមណ្ឌលសុខភាពវាយ៉ាងម៉េច?»។
ដូចគ្នានេះដែរ អង្គការផ្លែនអន្តរជាតិ បានធ្វើការងារផ្ដល់អាហារដល់កុមារនៅតាមសាលារៀន និងផ្ដល់ជំនាញចិញ្ចឹមជីវិតដល់ក្រុមឪពុកម្ដាយនៅក្នុងខេត្តគោលដៅចំនួន៣ គឺកំពង់ចាម សៀមរាប និងបាត់ដំបង។
ប្រធានថ្នាក់ជាតិគម្រោងផ្ដល់ស្បៀងតាមសាលារបស់អង្គការផ្លែនអន្តរជាតិ អ្នកស្រី ពេជ្រ សុផារី ថ្លែងថា ក្នុងតំបន់ដែលអង្គការអ្នកស្រីធ្វើការ ពលរដ្ឋភាគច្រើនយល់ដឹងពីការផ្ដល់អាហារត្រឹមត្រូវសម្រាប់ស្ត្រី និងកុមារ។ ប៉ុន្តែ អ្នកស្រីបារម្ភចំពោះតំបន់ផ្សេងៗទៀតដែលពុំមានអង្គការក្រៅរដ្ឋាភិបាលទៅដល់ ស្របពេលដែលខ្វះខាតការផ្សព្វផ្សាយនៅតំបន់នោះដែរ៖ «អង្គការនានាសំណូមពរធ្វើយ៉ាងម៉េចជួយជំរុញការងារអោយទៅដល់តំបន់ដាច់ស្រយាល។ កន្លងមកនៅក្នុងតំបន់របស់អង្គការផ្លែន យើងចេះតែពង្រីកបន្តិចម្តងៗ ព្រោះថវិកាដែលយើងរកមកមានកម្រិត ចឹងការដែលយើងពង្រីកជាមួយកម្មវិធីអាហារូបត្ថម្ភ និងការអប់រំឪពុកម្តាយហ្នឹង ក៏មានកម្រិតមិនទាន់ទូលំទូលាយ»។
របាយការណ៍សម្រាប់ឆ្នាំ២០១៤ របស់អង្គការអន្តរជាតិឈ្មោះ រីស៊ល៍ (RESULTS) លើកឡើងថា ការចំណាយថវិការបស់រដ្ឋាភិបាលសម្រាប់កម្មវិធីអាហារូបត្ថម្ភមានកម្រិតទាប។ អង្គការនេះ ជំរុញឲ្យរដ្ឋាភិបាលវិនិយោគលើបញ្ហាអាហារូបត្ថម្ភ ជាជាងពឹងផ្អែកលើជំនួយ។ អង្គការដដែលអះអាងថា បញ្ហាកង្វះអាហារូបត្ថម្ភ បានធ្វើឲ្យបាត់បង់ថវិកាជាតិប្រមាណជា ៤១៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។