សារនានាចំពោះស្ត្រីក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា
2017.03.10
ក្រុមអង្គការសង្គមស៊ីវិល សមាគម រដ្ឋាភិបាល និងបក្សប្រឆាំងផង បានប្រារព្ធពិធីផ្សេងៗពីគ្នាដើម្បីរំលឹកខួបទី១០៦ នៃទិវាសិទ្ធិនារីអន្តរជាតិ ថ្ងៃទី៨ ខែមីនា។ ប្រមុខរដ្ឋាភិបាលប្រកាសថា នឹងបង្កើនចំនួនស្ត្រីជាអ្នកដឹកនាំ ជាពិសេសស្ត្រីជាអភិបាលខេត្ត ស្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធ។
ស្របគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល សមាគមនៅតែទទូចអោយរដ្ឋាភិបាលយកចិត្តទុកដាក់លើកស្ទួយសិទ្ធិស្ត្រីនៅតាមមូលដ្ឋាន ជាពិសេសស្ត្រីសកម្មក្នុងការទាមទារសិទ្ធិសេរីភាព។
ចំណែកបក្សប្រឆាំងអះអាងថា មានតែបក្សនេះប៉ុណ្ណោះ ដែលបានយកចិត្តទុកដាក់ពិតប្រាកដលើកស្ទួយសិទ្ធិស្ត្រី ដោយចាប់ផ្ដើមពីការដាក់បេក្ខភាពនារីប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។
ក្រុមអង្គការសង្គមស៊ីវិលនៅតែមើលឃើញថា ស្ត្រីខ្មែរនៅតែជួបប្រទះការរើសអើង និងទទួលរងអំពើហិង្សាគ្រប់ទម្រង់។
សេចក្ដីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៥ ដែលចេញនៅក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិលើកឡើងថា អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ ការបៀតបៀនលើស្ត្រី កើតមានជាញឹកញាប់នៅគ្រប់វិស័យ រួមទាំងស្ត្រីជាកម្មកររោងចក្រ ស្ត្រីធ្វើការងារតាមផ្ទះ ស្ត្រីបម្រើការងារតាមទីផ្ដល់សេវាកម្សាន្ត ស្ត្រីចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងស្ត្រីដែលកំពុងបម្រើការនៅក្នុងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដទៃទៀត។
ស្រដៀងគ្នានេះដែរ អង្គការសមាគម និងសហជីពនានា ក៏រៀបចំទិវាសិទ្ធីនារីអន្តរជាតិក្រោមប្រធានបទផ្សេងៗគ្នា។ ក្នុងនោះ សហភាពការងារកម្ពុជា លើកប្រធានបទ "បញ្ឈប់អំពើហិង្សាលើស្ត្រីនៅក្នុងវិស័យការងារ"។
ប្រធានគណៈកម្មាធិការយេនឌ័រ នៃសហភាពការងារកម្ពុជា អ្នកស្រី ហេង ចិន្ដា មានប្រសាសន៍ថា ការរំលោភបំពានខាងផ្លូវភេទ និងការប្រើហិង្សាលើស្ត្រី នៅតែមានច្រើនករណីចំពោះកម្មការិនីបម្រើការងារនៅតាមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ហើយពេលខ្លះទៀតស្ត្រីក៏រងការរើសអើងក្នុងតួនាទីសហជីពការពារប្រយោជន៍ឲ្យកម្មករ៖ «នៅពេលដែលក្លាយជាថ្នាក់ដឹកនាំ ខាងនិយោជកគាត់តែងតែលួងលោមទិញទឹកចិត្តគាត់ថា ឲ្យឈប់ធ្វើប្រធានសហជីពទៅ គាត់នឹងដំឡើងលុយ គាត់នឹងឲ្យតួនាទី ហើយបើសិនជាពួកគាត់អត់ព្រម គំរាមកំហែងដូចជាការរកវាយដំ។ ជួនកាលអ្នកខ្លះប្រើពាក្យដូចជាថា ប្រយ័ត្នគាត់ជួលគេឲ្យរំលោភអីជាដើម។ អាហ្នឹងយើងតែងតែជួបប្រទះកន្លងមក។ អ៊ីចឹងនៅពេលដែលពួកគាត់ក្លាយជាថ្នាក់ដឹកនាំសហជីព អ្នកខ្លះគាត់ភ័យប្រឈមនឹងបញ្ហាទាំងអស់ហ្នឹង»។
ចំណែកក្រុមអង្គការសង្គមស៊ីវិលលើកស្ទួយសិទ្ធិស្ត្រីវិញបានរៀបចំទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នេះឡើងក្រោមប្រធានបទ "ស្ត្រីចូលរួមក្នុងការសម្រេចចិត្ត"។
នាយិកាប្រតិបត្តិអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GAD/C) អ្នកស្រី រស់ សុភាព មានប្រសាសន៍ថា រដ្ឋាភិបាលដែលម្ចាស់ហត្ថលេខីចំពោះអនុសញ្ញាអន្តរជាតិនានា ដែលធានាការពារសិទ្ធិសេរីភាពស្ត្រីពីការរើសអើងនានា បានបង្កើតគោលនយោបាយជាច្រើនស្របតាមអនុសញ្ញាទាំងនោះ ប៉ុន្តែចំពោះការអនុវត្តនៅមានគម្លាតគ្នាឆ្ងាយនៅឡើយ ជាពិសេសគឺស្ត្រីក្នុងតួនាទីជាអ្នកធ្វើសេចក្ដីសម្រេច៖ «យើងមើលឃើញថា នៅក្នុងគោលការណ៍គឺមិនបាននិយាយច្បាស់ទេ គ្រាន់តែថាមានសមាជិកស្រីនិងប្រុស ប៉ុន្តែអត់មាននិយាយថា ស្រីប៉ុន្មានភាគរយ។ ដល់តែអ៊ីចឹងពេលអនុវត្តយើងឃើញតើ ៩នាក់អីមានស្រីម្នាក់។ នៅក្នុងគោលនយោបាយ គឺវាអត់ខុសទេ ប៉ុន្តែដល់អនុវត្តគឺអនុវត្តអត់បាន»។
អាចជាការឆ្លើយតបនឹងក្ដីបារម្ភនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាល បានប្រកាសពីផែនការចំនួន ១៦ចំណុច ដែលធានាអោយមានសមភាពយេនឌ័រ។ ក្នុងនោះលោក ហ៊ុន សែន បានជំរុញអោយមានស្ត្រីកាន់តួនាទីជាចៅហ្វាយខេត្ត និងកាន់តួនាទីធំៗនៅក្នុងអគ្គនាយកដ្ឋាន អគ្គនាយកដ្ឋានរង ប្រធាននាយកដ្ឋាន និងក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធនានាដែរ៖ «ឲ្យមានចៅហ្វាយខេត្តជាស្ត្រីមួយមើល៍! នៅពេលវេលាណាមួយ ពេលអភិបាលខេត្តចូលនិវត្តន៍ ឬក៏មានការផ្លាស់ប្ដូរណាមួយ គឺអាចដាក់ស្ត្រីម្នាក់ក្នុង ២៥ខេត្ត-រាជធានី ទុកតែ ២៤ខេត្ត-រាជធានី ឲ្យបុរស»។
លោក ហ៊ុន សែន ថ្លែងដូចនេះក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៧។ ខួបលើកទី១០៦ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រារព្ធឡើងក្រោមប្រធានបទ “ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព”។
ចំណែកគណបក្សសង្គ្រោះជាតិវិញ ទាំងប្រធាន និងអតីតប្រធានគណបក្សនេះ ក៏បានលើកឡើងពីកិច្ចខិតខំលើកកម្ពស់សិទ្ធិស្ត្រី។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងដែរថា គណបក្សសង្គ្រោះជាតិ បានផ្ដល់តួនាទីសំខាន់ដល់ស្ត្រីរាប់ចាប់តាំងពីថ្នាក់ឃុំ-សង្កាត់ រហូតដល់ក្បាលម៉ាស៊ីនបក្ស។
ស្របគ្នានេះ ប្រធានគណបក្សនេះគឺលោក កឹម សុខា បានថ្លែងនៅក្នុងកម្មវិធីនៅស្នាក់ការបក្សនេះថា ចំណុចសំខាន់នៃការលើកកម្ពស់សិទ្ធិស្ត្រី គឺការធ្វើអោយគោលនយោបាយត្រូវអនុវត្តបាន ដើម្បីបំពេញប្រយោជន៍ស្ត្រីអោយបានពិតប្រាកដ៖ «កន្លងមកយើងឃើញ ហើយប្រទេសច្រើនណាស់ ក្រុមច្រើនណាស់ក្នុងប្រទេសនីមួយៗ តែងនិយាយថា លើកតម្លៃស្ត្រី តែងតែប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ប៉ុន្តែរឿងនេះមិនមែនជារឿងពិតមិនមែនជារឿងជាក់ស្ដែងទេ។ រឿងជាក់ស្ដែងគឺរដ្ឋាភិបាល អាជ្ញាធរនៃប្រទេសនីមួយៗត្រូវសរសេរគោលនយោបាយរបស់ខ្លួនអោយបានច្បាស់លាស់ ជាក់លាក់ ហើយអនុវត្តអោយបានពិតប្រាកដដើម្បីបង្ហាញថា ផលប្រយោជន៍គឺបានទៅស្ត្រីមែនពិតទៅតាមគោលនយោបាយទាំងអស់នោះ»។
លើសពីនេះគណបក្សប្រឆាំងអះអាងថា មានតែខ្លួនទេដែលបានដាក់ស្ត្រីចំនួនច្រើនជាបេក្ខភាពប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់។ ក្នុងនោះមានស្ត្រីចំនួន ៦០រូប បានឈរនៅលេខរៀងទី១ និងមានស្ត្រីជាច្រើនរូបទៀតបានឈរនៅលេខរៀងបន្តបន្ទាប់។ គណបក្សនេះបានយកឱកាសទិវាសិទ្ធិនារីប្រគល់លិខិតសរសើរដល់ស្ត្រី ២រូប ដែលគណបក្សនេះចាត់ទុកជាស្ត្រីដែលគួរទទួលបានការលើកទឹកចិត្តក្នុងការតស៊ូមតិដើម្បីសិទ្ធិស្ត្រី គឺអ្នកស្រី ទេព វន្នី នៃសហគមន៍បឹងកក់ និងអ្នកស្រី លឹម មុនី មន្ត្រីសមាគមអាដហុក (ADHOC) នៅពេលដែលអ្នកទាំង២ កំពុងជាប់ឃុំនៅពន្ធនាគារនៅឡើយ។
ករណីនេះដែរ ចំពោះអង្គការសង្គមស៊ីវិលធ្វើការងារទាក់ទងនឹងសិទ្ធិមនុស្សវិញមើលឃើញថា ស្ត្រីដែលសកម្មក្នុងការងារការពារសិទ្ធិមនុស្សកំពុងជួបបញ្ហាប្រឈមជាច្រើន។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃនេះក៏បានដាក់តាំងរូបថតសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាស្ត្រី។ មជ្ឈមណ្ឌលសិទ្ធីមនុស្សកម្ពុជា បង្ហាញថា សកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននៅកម្ពុជា គឺជាស្ត្រី។ ពួកគាត់ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ ការពង្រឹង និងការពារសិទ្ធិមនុស្ស ប៉ុន្តែជារឿយៗ ពួកគាត់ប្រឈមនឹងការគំរាមកំហែង ការយាយី និងអសុវត្ថិភាព ខណៈកំពុងបំពេញការងាររបស់ខ្លួន។ ក្នុងនោះបានរំលឹកពីការងាររបស់សកម្មជនស្ត្រី ២រូប ដែលកំពុងចាប់ពន្ធនាគារ គឺអ្នកស្រី លឹម មុន្នី និងអ្នកស្រី ទេព វន្នី។
ចំណែកក្រុមស្ត្រីនៅសហគមន៍បឹងកក់ ដែលជួបជុំគ្នាប្រារព្ធទិវានារីអន្តរជាតិក្រោមប្រធានបទ "ម្ដាយខ្ញុំអ្នកទោសដីធ្លី" នោះបានអំពាវនាវដល់រដ្ឋាភិបាលអោយពិចារណាដោះលែងអ្នកជាប់ឃុំ ជាពិសេសស្ត្រីទាំង ២រូប គឺអ្នកស្រី លឹម មុន្នី និងអ្នកស្រី ទេព វន្នី។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា យល់ថា ការបន្តឃុំខ្លួនស្ត្រីគឺពាក់ព័ន្ធរឿងនយោបាយដែលគណបក្សទាំងពីរពុំត្រូវរ៉ូវគ្នា៖ «សម្រាប់សិទ្ធិនារីឆ្នាំនេះ គឺយើងចង់ឲ្យថ្នាក់ដឹកនាំ និងលោកជំទាវ ប៊ុន រ៉ានី គាត់ផ្ដល់កាដូ ជាពិសេសសម្រាប់ស្ត្រី ឲ្យគាត់ដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី លឹម មុន្នី ឲ្យគាត់មានសេរីភាពវិញក្នុងនាមជាម្ដាយដូចគ្នា។ ខ្ញុំគិតថា លោកជំទាវអាចធ្វើមិនហួសពីដែនសមត្ថភាពរបស់លោកជំទាវ ជាកិច្ចអន្តរាគមន៍មួយសម្រាប់ធ្វើបុណ្យជួបជុំក្រុមគ្រួសារគេ»។
ចំពោះក្រុមស្ត្រីបម្រើសេវាកម្សាន្ត និងស្ត្រីរកស៊ីផ្លូវភេទវិញ ក៏បានជួបប្រជុំគ្នាដែរ កាលពីថ្ងៃទី៧ ខែមីនា ពួកគេបានបង្ហាញសារទៅសាធារណជនអោយយល់ដឹងពីការលំបាក និងការទាមទារសិទ្ធិរបស់ពួកគេ។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិ និងយុទ្ធនាការបណ្ដាញការងារស្ត្រីរួបរួមគ្នា អ្នកស្រី ចាន់ សោភ័ណ្ឌ មានប្រសាសន៍ថា ស្ត្រីរកស៊ីផ្លូវភេទក៏ជាមនុស្សដែលត្រូវការពារពីការរំលោភបំពានផ្សេងៗ។
ក្នុងពេលដែលកម្ពុជា ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក ហ្សែត រ៉ាអេដអាល់ហួសេន (Zeid Ra’ad Al Hussein) រិះគន់ពីការគំរាមកំហែងសិទ្ធិសេរីភាពបញ្ចេញមតិរបស់គណបក្សប្រឆាំង និងប្រជាពលរដ្ឋ ដោយការប្រើតុលាការ ក្នុងរយៈពេលមុនការបោះឆ្នោត។ លោកថា ការបន្តឃុំខ្លួនជាង ១០ខែ ដោយគ្មានភស្តុតាងត្រឹមត្រូវលើអ្នកការពារសិទ្ធិមនុស្ស ដែលបម្រើការនៅសមាគមអាដហុក ក៏ត្រូវបានគេលើកឡើង នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណេវ។
ក្នុងន័យការពារសិទ្ធិស្ត្រីក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ស្នើដល់រដ្ឋាភិបាល និងស្ថាប័នរដ្ឋពាក់ព័ន្ធចាត់វិធានការដូចជា ដោះលែងសកម្មសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួន ធានាឲ្យមានការចូលរួមស្មើភាពរបស់ស្ត្រី និងការបោះឆ្នោតឃុំ-សង្កាត់ ខាងមុខ ដោយជំរុញឲ្យមានការដាក់បញ្ជីឈ្មោះឆ្លាស់រវាងបេក្ខជនស្ត្រី និងបុរស ធ្វើវិសោធនកម្មច្បាប់ស្ដីពីសហជីព ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ដែលអនុលោមតាមក្របខ័ណ្ឌរបស់អនុសញ្ញាស៊ីដ (CEDAW) ទប់ស្កាត់ការជួញដូរមនុស្ស ដែលគួរតែផ្ដោតលើអ្នកដែលចូលរួមក្នុងការកេងប្រវ័ញ្ចលើស្ត្រី និងកុមារ មិនមែនអ្នកដែលត្រូវបានគេកេងប្រវ័ញ្ចឲ្យធ្លាក់ខ្លួនទៅក្នុងឧស្សាហកម្មផ្លូវភេទទេ៕