លីកាដូទទូចឱ្យអាជ្ញាធរអនុវត្តច្បាប់តឹងរ៉ឹងចំពោះបទល្មើសរំលោភសេពសន្ថវៈស្ត្រីនិងកុមារី
2016.12.02
អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) រកឃើញថា ការផ្ដន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈមានកំហុសឆ្គងធ្ងន់ធ្ងរជាលក្ខណៈប្រព័ន្ធ ហើយបញ្ហានេះនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ បញ្ហានេះបណ្ដាលមកពីមូលហេតុមួយចំនួន ដូចជាការប្រើប្រាស់ប្រាក់សំណងដើម្បីដោះស្រាយបញ្ចប់រឿងក្ដី ការរីករាលដាលនៃអំពើពុករលួយនៅក្នុងស្ថាប័ននគរបាលយុត្តិធម៌ និងតុលាការ ចៅក្រមនៅខ្វះការយល់ដឹងអំពីការអនុវត្តច្បាប់ និងអាកប្បកិរិយារើសអើងចំពោះស្ត្រីភេទ។
មន្ត្រីរដ្ឋាភិបាលរិះគន់ការរកឃើញនេះថា មើលឃើញតែមួយជ្រុង ដោយមិនបានពិនិត្យពីការកែទម្រង់របស់រដ្ឋាភិបាល និងតថភាពសង្គមវប្បធម៌ខ្មែរ។
របាយការណ៍ស្ដីពីការរួចខ្លួនពីបទល្មើសដែលចេញដោយអង្គការលីកាដូ គឺជាការពិនិត្យមើលការអនុវត្តច្បាប់ក្នុងសំណុំរឿងរំលោភសេពសន្ថវៈសម្រាប់ឆ្នាំ២០១៦ ទៅលើសំណុំរឿងរំលោភសេពសន្ថវៈកុមារី ដែលអង្គការនេះបានតាមដានតាំងពីឆ្នាំ២០១២។
ក្នុងរយៈពេលចុងក្រោយ គឺគិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦ នេះអង្គការលីកាដូ នៅតែរកឃើញបញ្ហាមិនខុសគ្នាពីឆ្នាំមុនៗដែរ នោះគឺនៅក្នុងប្រព័ន្ធយុត្តិធម៌នៅបន្តមានកំហុសធ្ងន់ធ្ងរជាច្រើននៅឡើយ ហើយមិនទាន់ដោះស្រាយ។
អង្គការសិទ្ធិមនុស្សលីកាដូ ទទូចឱ្យរដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។ មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្ត្រី និងកុមារនៃអង្គការលីកាដូ កញ្ញា ណាប់ សុម៉ាលី បញ្ជាក់ថា ការពិបាកទទួលបានយុត្តិធម៌របស់ជនរងគ្រោះជាសញ្ញានៃការលើកទឹកចិត្តអោយមានបទល្មើសរំលោភសេពសន្ថវៈជាពិសេសទៅលើកុមារី៖ «ជាង ៥០ភាគរយ គឺកុមារអាយុចន្លោះពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ ដែលងាយរងគ្រោះដោយសារការរំលោភសេពសន្ថវៈនៅការិយាល័យដែលលីកាដូ ទទួលបាន។ បើសិនជាការរំលោភសេពសន្ថវៈនៅតែកើតមានឡើង ហើយអាជ្ញាធរ និងរដ្ឋាភិបាលមិនយកចិត្តទុកដាក់ទេ ខ្ញុំយល់ថា វានឹងក្លាយជាហានិភ័យមួយ ដោយសារតែស្ត្រី និងកុមារនៅកម្ពុជា ស្ថិតនៅក្នុងនិទណ្ឌភាពមួយដោយសារតែជនល្មើសអាចប្រើប្រាស់លុយដើម្បីរួចផុតពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងការប្រើប្រាស់លុយដើម្បីគេចពីសំណាញ់ច្បាប់ដែរ»។
អង្គការលីកាដូ ទទួលបានសំណុំរឿង ២៨២ករណី ពាក់ព័ន្ធនឹងអ្នករងគ្រោះចំនួន ២៩២នាក់ ក្នុងនោះមាន ២១៧នាក់ជាកុមារអាយុក្រោម ១៨ឆ្នាំ និង ៧៥នាក់ ជាស្ត្រីមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ តួលេខទាបនៃសំណុំរឿងទាក់ទងនឹងស្ត្រីពេញវ័យជារឿងដែលកើតមានតាំងពីរបាយការណ៍ក្នុងឆ្នាំ២០១៥ ដែរ ដោយសារតែការមិនរាយការណ៍របស់ជនរងគ្រោះ។ មូលហេតុចម្បងនៃបញ្ហានេះគឺការភ័យខ្លាចស្លាកស្នាមសង្គម ការស្ដីបន្ទោស និងការបដិសេធពីស្វាមីជនរងគ្រោះ។
អង្គការដដែលរកឃើញទៀតថា ក្នុងចំណោមកុមារីរងគ្រោះអាយុក្រោម ១៨ឆ្នាំ មាន ១៤នាក់ មានអាយុពី ១ ដល់ ៥ឆ្នាំ ៧៦នាក់មានអាយុពី៦ ទៅ ១១ឆ្នាំ និង ១២៧នាក់ មានអាយុពី១២ ទៅ ១៧ឆ្នាំ និងមានមួយករណីជនរងគ្រោះជាបុរស។
ក្នុងចំណោមសំណុំរឿងទាំងអស់មានការកើនឡើងបន្តិចបន្តួចនូវការផ្ដន្ទាទោសត្រឹមត្រូវទៅលើជនប្រព្រឹត្តល្មើស បើប្រៀបធៀបគ្នារវាងឆ្នាំ២០១៥ និងឆ្នាំ២០១៦។ ចំណែកចំនួនសំណុំរឿងដែលមានការផ្ដន្ទាទោសមិនត្រឹមត្រូវនៅថេរ រីឯការសម្របសម្រួលបញ្ចប់រឿងមុនទៅតុលាការបានថយចុះ។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សនេះបានរៀបរាប់លម្អិតថា ក្នុងចំណោមករណីចំនួន ១២៥ ដែលត្រូវបិទបញ្ចប់គឺមានទាក់ទងដល់ស្ត្រី និងកុមារី ដែលក្នុងនោះមាន ៣១ករណីបានបិទបញ្ចប់មុនសវនាការ ៤០ករណីបញ្ចប់ដោយការជំនុំជម្រះមិនត្រឹមត្រូវ ឬការសម្រេចដោះលែងជនសង្ស័យ និង ៥៣ករណីទៀត បានបិទបញ្ចប់ដោយការផ្ដន្ទាទោស និងការដាក់ទោសសមស្រប។
ក្នុងករណីបញ្ចប់សំណុំរឿងដោយសំណងលីកាដូ រកឃើញថា ក្នុងចំណោម ៣២ករណី មាន ១៩ករណីត្រូវដោះស្រាយបញ្ចប់ដោយប្រាក់ជាថ្នូរនឹងដកបណ្ដឹងព្រហ្មទណ្ឌ ក្នុងនោះមានករណីកុមារអាយុក្រោម ១៨ឆ្នាំ ចំនួន ១៤ករណី។ ពិតមែនថា ច្បាប់កម្ពុជា មិនអនុញ្ញាតអោយមានការដោះស្រាយបញ្ចប់រឿងព្រហ្មទណ្ឌ ក៏លីកាដូ បានរកឃើញថា ការចរចាផ្ដល់សំណងភាគច្រើនត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់អាជ្ញាធរ ក្នុងនោះមាន ៨ករណីចរចាដោយនគរបាល ៤ករណីចរចាដោយព្រះរាជអាជ្ញា ២ករណីចរចាដោយចៅក្រមស៊ើបសួរ និង១ករណីចរចាដោយមេឃុំ។ ក្នុងការចរចាទាំងនោះ មានការអះអាងពីការទទួលប្រាក់ដោយអាជ្ញាធរដែលផ្ដល់ដោយជនសង្ស័យ និងពេលខ្លះគឺជាអ្នករងគ្រោះ។ ស្របគ្នានេះមានករណីរំលោភសេពសន្ថវៈចំនួន២ ត្រូវបានដោះស្រាយបញ្ចប់ដោយរៀបការ។
លីកាដូក៏បានរកឃើញថា មានការផ្លាស់ប្ដូរបទចោទទៅលើជនសង្ស័យពីអំពើរំលោភសេពសន្ថវៈទៅជាប្រទូស្តកេរខ្មាស ដែលជួយបន្ធូរបន្ថយទោសអ្នកប្រព្រឹត្តល្មើស។ ភាគច្រើននៃករណីនេះ អាចមកពីអំពើពុករលួយទាំងក្នុងដំណើរក្ដីក្នុងតុលាការ និងការផ្លាស់ប្ដូររបាយការណ៍កោសល្យវិច័យរបស់ពេទ្យ។ ម្យ៉ាងទៀតក៏មានករណីដែលជនប្រព្រឹត្តត្រូវកាត់អោយមានទោសហើយ ប៉ុន្តែបែរជាត្រូវព្យួរទោសដោយពុំមានហេតុផលត្រឹមត្រូវ។ លើសពីនេះក៏មានករណីដែលជនសង្ស័យត្រូវដោះលែងដោយរកពុំឃើញថា មានកំហុស ដោយមានហេតុផលមួយចំនួនគួរអោយសង្ស័យពីភាពត្រឹមត្រូវនៃការជំនុំជម្រះ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ថា របាយការណ៍របស់អង្គការលីកាដូ នេះមើលឃើញតែមួយជ្រុង។ លោក ម៉ាលីន លើកឡើងថា ក្រសួងបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាអសកម្ម ហើយមានការការផ្លាស់ប្ដូរមួយចំនួនហើយ៖ «យើងទទួលស្គាល់ថា មានការសម្របសម្រួលបញ្ចប់រឿងមែន ប៉ុន្តែអង្គការលីកាដូ គួរតែមើលទៅលើទិដ្ឋភាពសង្គម វប្បធម៌ និងអាចជារបាំងនៃទំនៀមទម្លាប់ប្រពៃណី មិនមែនជាការសម្របសម្រួលដែលកើតចេញពីអំពើពុករលួយ ព្រោះថា នៅក្នុងមូលដ្ឋានភូមិ ឃុំរបស់គាត់ដែលគាត់ស្គាល់គ្នាជាមួយអាជ្ញាធរ ហើយនៅពេលមានបទល្មើសកើតឡើង ភាគីទាំងអស់នោះគេទៅសុំអង្វរមេភូមិ សូមអង្វរអាជ្ញាធរមូលដ្ឋនអោយបញ្ចប់រឿងត្រឹមហ្នឹង ហើយអោយគេស្រុះស្រួលគ្នា។ ក្នុងនាមជាអាជ្ញាធរ ដែលស្គាល់គ្នាហ្នឹងគឺគាត់មិនអាចកាត់ផ្ដាច់ពីមនោសញ្ចេតនា ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដែលរស់នៅភូមិផងរបងជាមួយគ្នាហ្នឹងបានទេ។ ជាទូទៅការសម្របសម្រួលបញ្ចប់រឿងបែបនេះ មានការថយចុះ ហើយចំណាត់ការច្បាប់មានការកើនឡើង។ យើងទទួលស្គាល់ដែរថា អាចមានបញ្ហាមួយចំនួន»។
លោក ជិន ម៉ាលីន បន្តថា ក្រសួងនឹងបន្តមានវិធានការចំពោះបញ្ហាអសកម្មទាំងឡាយ នៅឆ្នាំខាងមុខ៖ «អ៊ីចឹងវិធានការផ្សព្វផ្សាយច្បាប់ គឺត្រូវតែអនុវត្តអោយបានខ្លាំងជាងមុន បានន័យថា ផ្សព្វផ្សាយអោយដឹងទាំងពលរដ្ឋ និងអាជ្ញាធរ រួមនឹងវិធានការនៃការអនុវត្តច្បាប់ បានន័យថា អ្នកប្រព្រឹត្តខុសត្រូវអនុវត្តតាមច្បាប់។ វិធានការទាំង២ នេះយើងបានអនុវត្តកន្លងមក ទើបយើងឃើញថា បញ្ហានេះមានការថយចុះ ក៏ប៉ុន្តែមិនមែនបាត់អស់ទាំងស្រុងនោះទេ គឺយើងនឹងបន្តវិធានការទាំងផ្សព្វផ្សាយ និងវិធានការច្បាប់បន្តទៀត»។
ស្របគ្នានេះ លោក ម៉ាលីន អំពាវនាវអោយពលរដ្ឋត្រូវហ៊ានចេញមុខដាក់ពាក្យបណ្ដឹងទៅតុលាការក្នុងសំណុំរឿងរំលោភសេពសន្ថវៈ ដ្បិតករណីនេះជារឿងព្រហ្មទណ្ឌ ជាពិសេសគឺការចរចាបញ្ចប់រឿងក្ដីបានកាត់បន្ថយ៖ «ទី១ គឺទៅអ្នកចេញរបាយការណ៍គឺសុំសិក្សាអោយបានគ្រប់ទិដ្ឋភាព ទាំងសង្គម ច្បាប់ និងទំនៀមទម្លាប់ ប្រពៃណី និងផ្នត់គំនិតរបស់ពលរដ្ឋ ទើបរបាយការណ៍បានគ្រប់ជ្រុងជ្រោយ។ ចំណែកទី២ គឺមានតែទៅសាធារណជន និងអាជ្ញាធរ គឺថាបទល្មើសព្រហ្មទណ្ឌទាក់ទងនឹងការរំលោភសេពសន្ថវៈនេះគឺមិនអាចបញ្ចប់ដោយការសម្របសម្រួល ព្រោះការចរចា ការផ្ដល់សំណងអាចបញ្ចប់តែផ្នែករដ្ឋប្បវេណី។ ចំពោះសាធារណជនសូមអោយមានសេចក្ដីក្លាហានចេញមកបង្ហាញមុខតតាំងចំពោះមុខច្បាប់ ទើបករណីហ្នឹងមានការថយចុះ»។
បើទោះជាយ៉ាងណា អង្គការលីកាដូ នៅចាត់ទុកការមិនអើពើដោះស្រាយបញ្ហានេះ ថាជាការរួមចំណែក និងលើកទឹកចិត្តឱ្យមានការរំលោភសេពសន្ថវៈជាបន្តទៀត ហើយថា វប្បធម៌និទណ្ឌភាពចំពោះជនប្រព្រឹត្តបទល្មើសបែបនេះ នឹងបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាពស្ត្រី និងកុមារ៕