ស្ថានភាព​លក់​ដូរ​ផ្លូវភេទ​របស់​ស្ត្រី​ពេស្យា​មាន​ផ្ទៃពោះ​នៅ​កម្ពុជា

មន្ត្រី​អង្គការ​អាហ្វេស៊ីប​បាន​ឲ្យ​ដឹង​ថា ដោយសារ​បញ្ហា​ទី​ទ័លក្រ​និង​ការ​ហូរ​ចូល​នៃ​វប្បធម៌​ពាលា​អាវាសែ​បច្ចុប្បន្ន​នេះ នៅ​ក្នុង​សង្គម​កម្ពុជា ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ខ្លះ​មាន​ផ្ទៃពោះ​ពី​៦​ខែ​ដល់​៨​ខែ​ហើយ​នៅ​តែ​បម្រើ​ផ្លូវភេទ​ដល់​អតិថិជន​ជា​បុរស​ទៀត ហើយ​ខ្លះ​ត្រូវ​បាន​គេ​បង្ខំ​និង​មាន​ខ្លះ​ទៀត​គឺ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង។

0:00 / 0:00

ក្នុង​នាទី​ស្ត្រី​ខ្មែរ​នា​សប្តាហ៍​នេះ អ្នកស្រី ម៉ៅ សុធានី មាន​សេចក្តី​រាយ​ការណ៍​ជូន​ជ្រាប​អំពី​ប្រវត្តិ​រឿងរ៉ាវ​របស់​ស្ត្រី​ពេស្យា​ម្នាក់​នៅ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​បម្រើ​ភ្ញៀវ​រហូត​ដល់​នាង​មាន​ផ្ទៃពោះ​គ្រប់​ខែ។

"គេ​ឲ្យ​ខ្ញុំ​រក​លុយ​ទាំង​មាន​កូន​ទៀត ឲ្យ​ខ្ញុំ​បម្រើ​ភ្ញៀវ​ទាល់​តែ​កើត​កូន ដូច​ថា ចប់​ភ្ញៀវ​ហើយ ខ្ញុំ​ឈឺ​ពោះ​កើត​កូន​គេ​យក​ទៅ​ពេទ្យ" ៖ នេះ​ជា​ការ​រៀបរាប់​របស់​យុវតី​មួយ​រូប​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ចាម ដែល​វិទ្យុ​អាស៊ី​សេរី​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ត្រូវ​គេ​បោក​បញ្ឆោត​យក​ទៅ​លក់​នៅ​បន​ពេស្យា​មួយ​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ តម្លៃ​មួយ​ម៉ឺន​បាត នៅ​ពេល​នាង​មាន​អាយុ​បាន​១៦​ឆ្នាំ​តែប៉ុណ្ណោះ។

នាង​មាន​បង​ប្អូន​បី​នាក់ ពុំ​បាន​រៀន​សូត្រ​អ្វី​ទេ ដោយសារ​តែ​ជីវភាព​រស់​នៅ​ទី​ទ័លក្រ។ នាង​បាន​និយាយ​រំឭក​ពី​ប្រវត្តិ​រឿងរ៉ាវ​ដោយ​សំឡេង​ខ្សឹកខ្សួល​ថា នាង​ត្រូវ​បាន​ម្ចាស់​បន​វាយ​ធ្វើ​បាប​និង​បង្ខំ​ឲ្យ​ប្រើ​ថ្នាំ​ញៀន​យ៉ាម៉ា ដើម្បី​អាច​បម្រើ​ភ្ញៀវ​បាន​ច្រើន​នាក់​ក្នុង​មួយ​យប់ៗ រក​ប្រាក់​សង​ថៅកែ។

នាង​បាន​រៀបរាប់​បន្ថែម​ដូច​នេះ​ថា ៖ «គេ​វាយ​ខ្ញុំ​នឹង​ខ្សែ​ក្រវាត់ បង្ខំ​ឲ្យ​ប្រើ​ថ្នាំ​ញៀន​ដើម្បី​រក​ប្រាក់​ឲ្យ​ម្ចាស់​បន។ ខ្ញុំ​ប្រកែក គេ​ថា​បើ​មិន​ប្រើ​ថ្នាំ​ញៀន​ទេ​គ្មាន​កម្លាំង​បម្រើ​ភ្ញៀវ​ទេ»

លោកស្រី សឹង កាម៉ារីយ៉ាន ប្រធាន​ការិយាល័យ​ច្បាប់​នៃ​អង្គការ​អាហ្វេស៊ីប បាន​មាន​ប្រសាសន៍​ថា សព្វថ្ងៃ​នេះ​ក្នុង​សង្គម​ខ្មែរ​យើង ស្ត្រី​រក​ស៊ី​ផ្លូវភេទ​មាន​គ្រប់​យ៉ាង​ទៅ​តាម​តម្រូវការ​ទីផ្សារ​របស់​អស់​លោក​បុរសៗ។

លោកស្រី សឹង កាម៉ារីយ៉ាន មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ស្រាវជ្រាវ​ទៅ​ឃើញ​ថា មាន​បុរស​ខ្លះ​គាត់​ចង់​រួម​ភេទ​ជាមួយ​ស្ត្រី​វ័យ​ក្មេង ហើយ​ខ្លះ​ទៀត​គាត់​ចង់​រួម​ភេទ​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ។ បុរស​វ័យ​ក្មេង​មួយ​ចំនួន​គាត់​ធ្លាប់​រួម​ភេទ​ជាមួយ​ក្មេង​ស្រី ហើយ​គាត់​ចង់​សាក​ល្បង​ជាមួយ​ស្ត្រី​វ័យ​ចាស់​ជាង​គាត់​ក៏​មាន»

សូម​ជម្រាប​ជូន​ថា គេ​នៅ​មិន​ទាន់​មាន​ស្ថិតិ​ច្បាស់លាស់​អំពី​អាត្រា​នៃ​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​ទេ។ ប្រភព​ខ្លះ​ប៉ាន់​ប្រមាណ​ថា មាន​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​ប្រមាណ​ពី​៥​ម៉ឺន​ទៅ​១០​ម៉ឺន​នាក់ ក្នុង​នោះ​មាន​៤០% ជា​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៦​ឆ្នាំ។

ចំណែក​លោក អ៊ួង ឆេង ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​អង្គការ​អាហ្វេស៊ីប និង​ជា​ប្រធាន​ការិយាល័យ​ផ្នែក​សុខភាព ដែល​ក្រុម​របស់​លោក​បាន​ចុះ​ប្រតិបត្តិ​ការ​ផ្ទាល់​សាកសួរ​និង​នាំ​មក​ស្នាក់​នៅ​មណ្ឌល បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ភ្នំពេញ​មាន​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ប្រមាណ​ពី​៦​ពាន់​ទៅ​៧​ពាន់​នាក់។

លោក អ៊ួង ឆេង បន្ត​ថា ក្នុង​ចំណោម​ស្ត្រី​រង​គ្រោះ​ចំនួន​១៨០​នាក់​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​មណ្ឌល​ទាំង​៣​របស់​អង្គការ​លោក មាន​ស្ត្រី​រក​ស៊ី​ផ្លូវភេទ​៤​នាក់​មាន​ផ្ទៃពោះ​ចន្លោះ​ពី​៥​ខែ​ទៅ​៨​ខែ ៖ «ស្រ្តី​ទាំង​នោះ​លក់​ខ្លួន​ដោយ​ចំហ ដូច​ជា​នៅ​ផ្ទះ​បន តាម​សួនច្បារ​សាធារណៈ និង​នៅ​កន្លែង​កំសាន្ត​នានា ដូចជា​ស្ត្រី​លក់​ស្រាបៀរ ខារ៉ាអូខេ។ ខ្ញុំ​ជួប​ម្នាក់​នៅ​វត្តភ្នំ មាន​ផ្ទៃពោះ​៨​ខែ នៅ​អង្គុយ​ទាក់​ភ្ញៀវ​ទៀត ហើយ​យើង​ក៏​បាន​នាំ​គេ​មក​នៅ​មណ្ឌល»

ស្តីពី​សំណួរ​ថា តើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ប្រកប​របរ​ពេស្យាចារ​លក់​ខ្លួន​នោះ នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​និង​ម្តាយ​ដែរ​ឬ​ទេ?

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធាន​គ្លីនិក​អង្គការ​រ៉ាក់ បាន​មាន​ប្រសាសន៍​ពន្យល់​ថា ៖ «អាស្រ័យ​ស្ថានភាព​សុខភាព​របស់​ស្ត្រី​ម្នាក់ៗ។ ប្រសិន​បើ​ស្ត្រី​មិន​មាន​បញ្ហា​សុខភាព​ទេ គេ​អាច​រួម​ភេទ​បាន»

លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា មាន​ប្រសាសន៍​អំពី​ផ្នត់​គំនិត​របស់​បុរស​អាស៊ី មិន​ថា​តែ​បុរស​ខ្មែរ បន្ថែម​យ៉ាង​នេះ ៖ «វា​មាន​ពាក្យ​ចចាម​អារ៉ាម ជា​ពិសេស​ពួក​ជនជាតិ​ចិន ជនជាតិ​កូរ៉េ រួម​ភេទ​ជាមួយ​ក្មេង​ស្រី​មាន​កម្លាំង»

ទាំង​មន្ត្រី​អង្គការ​អាហ្វេស៊ីប និង​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិម៉ា បាន​សង្កត់​ធ្ងន់​ថា ភាព​ទីទ័ល​ក្រ​ការ​ហូរ​ចូល​នៃ​វប្បធម៌​ពាលាអាវាសែ ភាព​មិន​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ​និង​អំពើ​ពុករលួយ​ទាំង​នោះ​ហើយ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​របរ​ពេស្យាចារ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​ស្រ្តី​រង​គ្រោះ​រូប​នេះ​មាន​អាយុ​២៣​ឆ្នាំ និង​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​មណ្ឌល​ហ្វឹកហ្វឺន​នៃ​អង្គការ​អាហ្វេស៊ីប ដើម្បី​រៀន​សូត្រ​អក្សរ​និង​រៀន​វិជ្ជាជីវៈ​កាត់ដេរ។ ចំណែក​ឯ​កូន​ប្រុស​របស់​នាង​វិញ មាន​អាយុ​បាន​៧​ឆ្នាំ​ហើយ កំពុង​រស់​នៅ​ជាមួយ​ជីដូន​នៅ​ឯ​ភូមិ​កំណើត​ក្នុង​ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម៕