ស្ថានភាព​នៃ​ការ​រំលោភ​ផ្លូវ​ភេទ​លើ​ស្រ្ដី​និង​កុមារ​នៅ​កម្ពុជា

ការ​ចាប់​រំលោភ​សេព​សន្ថវៈ​លើ​ស្ត្រី​និង​កុមារី​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ បើ​ទោះ​ជា​កម្ពុជា​មាន​ច្បាប់​គ្រប់គ្រាន់​សម្រាប់​ដាក់​ទោសទណ្ឌ​ដល់​ជន​ល្មើស​ក៏ដោយ។

0:00 / 0:00

កម្ពុជា​មាន​ច្បាប់​ជា​ធរមាន​មួយ​ចំនួន​សម្រាប់​រារាំង​ទប់ស្កាត់​អំពើ​រំលោភ​បំពារ​បំពាន​លើ​ស្ត្រី​និង​កុមារី ដែល​រួម​មាន​ច្បាប់​ស្តី​អំពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស ការ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ ព្រម​ទាំង​ច្បាប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម។ ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា អំពើ​ចាប់​រំលោភ​សេព​សន្ថវៈ​ពុំ​បាន​ចុះ​ស្រុត​ឡើយ។

លោកស្រី លឹម មុន្នី ប្រធាន​ផ្នែក​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក ដែល​ធ្វើការ​តាម​ដាន​បញ្ហា​ស្ត្រី​និង​កុមារ​នៅ​កម្ពុជា បាន​មាន​ត្អូញ​ត្អែរ​ថា ប្រការ​ដែល​នាំ​ឲ្យ​ករណី​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ​លើ​កុមារី​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺ​ដោយសារ​និទណ្ឌភាព ឬ​ការ​មិន​ដាក់​ទោស​ដល់​ជន​ល្មើស។

លោក លឹម មុន្នី បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «អ្នក​ខ្លះ​មាន​ការ​ឃុំ​ខ្លួន​ហើយ ប៉ុន្តែ​ពេល​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើប​អង្កេត ត្រូវ​ចៅក្រម​នោះ​អះអាង​ថា ពុំ​មែន​ជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ ហើយ​គេ​ដោះលែង​ទៅ ឬ​មាន​ខ្លះ​ទៀត ត្រូវ​បាន​រួច​ខ្លួន​នៅ​ពេល​ឡើង​សវនាការ​ជាដើម។ មួយ​ទៀត គឺ​ភាព​ពុំ​យល់​ពី​ច្បាប់​របស់​ប្រជាជន​យើង គឺ​កូន​ក្មេង​ទទួល​ការ​ចាប់​រំលោភ​នេះ នារី​ខ្លួន​ឯង អាណាព្យាបាល ក្រុម​គ្រួសារ ច្រើន​បំបាត់​ភស្តុតាង​ខ្លួន​ឯង​ចោល។ បាន​ន័យ​ថា ការ​ធ្វើ​កោសល្យវិច័យ​មិន​សូវ​ឃើញ ដោយសារ​តែ​ចេះ​តែ​យក​កូន ឬ​ក៏​ខ្លួន​ឯង​ហ្នឹង​ទៅ​ងូត​ទឹក​ជម្រះ​ភស្តុតាង​ចោល»

របាយការណ៍​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ថា អំពើ​រំលោភ​សេព​សន្ថវៈ​បាន​កើត​ឡើង​រាប់​រយ​ករណី​ក្នុង​មួយ​ឆ្នាំៗ។ សម្រាប់​ឆ្នាំ​២០០៨​កន្លង​មក​នេះ ករណី​ចាប់​រំលោភ​ផ្លូវ​ភេទ​លើ​ស្ត្រី​និង​កុមារី​មាន​ចំនួន​៤១៩​ករណី។ របាយការណ៍​ដដែល​នោះ​បន្ត​ថា គ្រាន់​តែ​ក្នុង​អំឡុង​៥​ខែ ដើម​ឆ្នាំ​២០០៩ មាន​ករណី​រំលោភ​សេព​សន្ថវៈ​ចំនួន​២០១​ករណី ក្នុង​នោះ​មាន​១៣៤​ករណី​ជា​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៧​ឆ្នាំ ហើយ​ជន​រង​គ្រោះ​ជា​កុមារី​អាយុ​ក្រោម​១០​ឆ្នាំ​មាន​២៨​នាក់ និង​ចំនួន​១០៦​នាក់​ផ្សេង​ទៀត ជន​រងគ្រោះ​មាន​អាយុ​ចន្លោះ​ពី​១០​ឆ្នាំ​ដល់​១៧​ឆ្នាំ។

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា អង្គការ​របស់​លោកស្រី​ទទួល​ពាក្យ​បណ្តឹង​រាប់រយ​ករណី​ពី​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​របស់​គេ​ក្នុង​មួយ​ឆ្នាំៗ ក្នុង​នោះ​មាន​ករណី​ចាប់​រំលោភ​ជា​ច្រើន​បាន​ត្រូវ​សម្រប​សម្រួល​ជា​លុយ​កាក់។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ ៖ «ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ​ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ឃើញ​ថា បើ​មាន​ការ​រំលោភ​សេព​សន្ថវៈ​កុមារី​អ៊ីចឹង ច្រើន​តែ​ដោះស្រាយ​ជា​លុយ​កាក់។ បាន​ន័យ​ថា គ្រួសារ​ជន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ច្រើន​ជួប​គ្រួសារ​ជន​រង​គ្រោះ ហើយ​ដោះស្រាយ​បញ្ហា​ហ្នឹង​ដោយ​សង​ជំងឺ​ចិត្ត​ជា​លុយ​កាក់​បន្តិច​បន្តួច ជួនកាល​ត្រឹម​តែ​៥០​ដុល្លារ ឬ​១០០​ដុល្លារ ដើម្បី​កុំ​ឲ្យ​ប្តឹង។ ដូច្នេះ​យើង​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល យើង​ចង់​ឃើញ​ថា អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​ត្រូវ​ផ្ដន្ទាទោស ព្រោះ​បើ​គាត់​ពុំ​ជាប់​ទោស​ទេ ជន​នោះ​នឹង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​នោះ​ត​ទៅ​ទៀត»

ចំពោះ​ការ​ទទួល​សំណង​ពី​ជន​ល្មើស​នោះ លោក​មេធាវី សុក សំអឿន ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​គួរ​តែ​ប្តឹង​ដាក់​ទោស​ជន​ល្មើស​វិញ ដើម្បី​ឲ្យ​ពួកគេ​រាង​ចាល ឈប់​ប្រព្រឹត្ត​អំពើ​អនាចារ​ត​ទៅ​ទៀត។

លោក សុខ សំអឿន ឲ្យ​ដឹង​ដូច្នេះ ៖ «គ្រួសារ​ជន​រង​គ្រោះ ឪពុក​ម្ដាយ​ហ្នឹង ត្រូវ​យល់​ថា បើ​សិន​ជា​ខ្លួន​ឯង​ទទួល​សំណង​យក​លុយ​កាក់​បន្តិច​បន្តួច​ពី​ជន​ជាប់​ចោទ ហើយ​បែរ​ជា​សម្រប​សម្រួល​ផ្សះផ្សា​បែប​ហ្នឹង គឺ​ថា ធ្វើ​ឲ្យ​ជន​ល្មើស​បាន​ចិត្ត ហើយ​អាច​ប្រព្រឹត្ត​បទល្មើស​ទៅ​លើ​អ្នក​ដទៃ​ទៀត»

លោកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក មាន​ប្រសាសន៍​បន្ត​ថា នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មិន​ប្តឹង​ទៅ​តុលាការ ពីព្រោះ​ពួកគេ​មិន​មាន​ជំនឿ​លើ​តុលាការ ជីវភាព​រស់​នៅ​ក្រីក្រ​និង​ដោយសារ​ជន​រង​គ្រោះ​រវល់​មមាញឹក​នឹង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​បន្ត​ដូច្នេះ ៖ «យើង​ពន្យល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ លោក​ឆ្លើយ​មក​អ៊ីចឹង​ថា គាត់​ក្រីក្រ​ណាស់ ពុំ​មាន​ពេល​វេលា​ទេ ហើយ​បើ​ទៅ​តុលាការ​ក៏ដោយ យើង​ជា​អ្នក​ក្រីក្រ យើង​អត់​មាន​ភព្វសំណាង​នឹង​ឈ្នះ​ទេ។ ដូច្នេះ​យើង​ត្រូវ​លើក​ទឹក​ចិត្ត ត្រូវ​ពន្យល់​ថា រឿង​ក្រីក្រ​យើង​យល់​ហើយ ប៉ុន្តែ​យើង​អាច​រក​មេធាវី​មួយ​បាន​ជូន​គាត់​អត់​យក​កម្រៃ​ទេ។ រឿង​នេះ​ជា​បទ​ព្រហ្មទណ្ឌ បើ​បទ​ព្រហ្មទណ្ឌ ទោះ​ជា​អត់​មាន​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​ជន​រងគ្រោះ ឬ​ក៏​ពី​នរណា​ក៏ដោយ គឺ​ព្រះ​រាជ​អាជ្ញា​ត្រូវ​តែ​ស៊ើប​អង្កេត បញ្ជូន​ជន​ល្មើស​មក​ផ្ដន្ទា​ទោស»

ទាក់ទង​នឹង​ការ​ប្តឹងផ្តល់​ទៅ​តុលាការ​នេះ​ដែរ លោក​មេធាវី សុក សំអឿន ក៏​បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​ផង​ដែរ​នូវ​បញ្ហា​លំបាក​មួយ​ចំនួន​ទៅ​តាម​នីតិវិធី​ក្នុង​ការ​ផ្តន្ទា​ទោស​ជន​ល្មើស។

លោក សុក សំអឿន មាន​ប្រសាសន៍​ថា ៖ «ទី​មួយ គឺ​ខ្វះ​ភស្តុតាង ព្រោះ​ធម្មតា​រំលោភ​កម្រ​មាន​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​ណាស់ ព្រោះ​គេ​មិន​ដែល​រំលោភ​កណ្ដាល​វាល​ទេ ហើយ​ទី​២ យើង​ខ្វះ​ខាង​ផ្នែក​វិទ្យាសាស្ត្រ ខាង​វេជ្ជសាស្ត្រ ម្ល៉ោះ​ហើយ​លិខិត​កោសល្យវិច័យ​ក៏​យើង​ខ្វះ​ទៀត។ ដូច្នេះ​រឿង​រំលោភ​យើង​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ជន​រង​គ្រោះ​ទេ ហើយ​បើ​ជន​រង​គ្រោះ​ខ្វះ​សេចក្តី​ក្លាហាន​ ដើម្បី​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​លើ​ជន​ជាប់​ចោទ​ទេ ធ្វើ​ម៉េច​នឹង​ប៉ូលិស​អាច​មាន​ភស្តុតាង​អី​ក្រៅ​ពី​ជន​រង​គ្រោះ​កើត? ត្រង់​ហ្នឹង​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប៉ូលិស​មិន​បន្ត​ការ​ចោទ​ប្រកាន់​ទៀត​បាន»

ម្យ៉ាង​វិញ​ទៀត​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចំណាត់ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ចំពោះ​រឿង​រំលោភ​សេព​សន្ថវៈ​នីមួយៗ ត្រូវ​ប្រើ​ពេល​យ៉ាង​តិច​ក៏​ពី​១​ឆ្នាំ​ទៅ​២​ឆ្នាំ​ដែរ។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ដែល​ភាគ​ច្រើន​ជា​ជន​រង​គ្រោះ ត្រូវ​តែ​បង្ខំ​ចិត្ត​ទទួល​យក​ប្រាក់​សំណង​បន្តិច​បន្តួច​តែ​ម្យ៉ាង​ជា​ថ្នូរ​នឹង​ការ​បញ្ចប់​រឿង​រ៉ាវ​ប្តឹងផ្តល់។

សូម​ជម្រាប​ជូន​ថា របាយការណ៍​របស់​សមាគម​អាដហុក បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ចំណោម​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​ស្រ្តី​និង​កុមារី​ចំនួន​២០១​ករណី រយៈពេល​៥​ខែ ដើម​ឆ្នាំ​២០០៩​កន្លង​មក​នេះ គឺ​មាន​៣២% សមត្ថកិច្ច​បាន​ចាត់​វិធានការ​សមរម្យ ១៦% ត្រូវ​បាន​សម្រុះ​សម្រួល​គ្នា​ដោយ​ខុស​នីតិវិធី និង​មាន​ប្រមាណ​៥២% ផ្សេង​ទៀត ដែល​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ពុំ​ទាន់​ចាត់​វិធានការ​តាម​ច្បាប់​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ យោង​តាម​ច្បាប់​ជា​ធរមាន​នៅ​កម្ពុជា ជន​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សេព​សន្ថវៈ​លើ​កុមារី​នឹង​ត្រូវ​តុលាការ​ផ្តន្ទាទោស​ជាប់​គុក​ពី​១៥​ឆ្នាំ​ទៅ​២០​ឆ្នាំ៕