សារសំខាន់​នៃ​អនុសញ្ញា​១៨៩ ក្នុង​កិច្ច​ការពារ​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ

អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ដែល​ភាគ​ច្រើន គឺ​ជា​ស្ត្រី ជា​រឿយៗ​តែង​រង​នូវ​ការ​រំលោភ​បំពាន និង​ការ​កេង​ប្រវ័ញ្ច ដោយ​ប្រការ​ផ្សេងៗ បើ​ទោះ​ជា​ពួក​គេ​ធ្វើ​ការ​ក្នុង​ស្រុក ឬ​នៅ​ក្នុង​ប្រទេស​ដទៃ​ក្ដី។
ដោយ សុ ជីវី
2012.11.16

ពួក​គេ​ត្រូវ​ចាត់​ទុក​ជា​ខ្ញុំ​បម្រើ ដែល​ប្រហាក់​ប្រហែល​ទៅ​នឹង​ទាសករ ដោយ​ត្រូវ​ធ្វើ​ការ​ធ្ងន់​ស្ទើរ​តែ​ពុំ​មាន​ពេល​សម្រាក ពុំ​បាន​ទទួល​អាហារ​គ្រប់​គ្រាន់ ប្រាក់​ឈ្នួល​ទាប ពុំ​មាន​ពេល​សម្រាក​លំហែ និង​ពុំ​បាន​ថែទាំ​សុខភាព។ បញ្ហា​នេះ​កំពុង​កើត​មាន​ចំពោះ​ស្ត្រី​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​កំពុង​ទាម​ទារ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​រយៈ​ការ​បង្កើត​អោយ​មាន​ក្រប​ខណ្ឌ​ច្បាប់​ការពារ​ពួក​គេ ទៅ​តាម​លំអាន​អនុសញ្ញា​អន្តរជាតិ​១៨៩ នៃ​អង្គការ ពលកម្ម​អន្តរជាតិ (ILO)។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី ក្នុង​តំបន់​អាស៊ាន ស្នើ​មេ​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​អោយ​យល់​ព្រម​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​លេខ​១៨៩ ស្ដីពី​ការងារ​សមរម្យ​សម្រាប់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ដោយ​ជឿ​ជាក់​ថា ក្រប​ខណ្ឌ​ច្បាប់​នេះ​នឹង​អាច​ជួយ​ការពារ​សិទ្ធិ​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​បាន​ពេញ​លេញ។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​អាស៊ាន នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​មក​ពី​អង្គការ​ស្ត្រី​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​អាស៊ាន។

នាយិកា​អង្គការ​សីលកា អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ដែល​ឆាប់​រហ័ស និង​ពុំ​បាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ធ្វើ​អោយ​មាន​ផល​ប៉ះពាល់​ច្រើន​ដល់​ពលរដ្ឋ ជា​ពិសេស​ស្ត្រី និង​បាន​រុញ​ច្រាន​ពួក​គេ​អោយ​ធ្វើ​ចំណាក​ស្រុក។ ក្នុង​នោះ ស្ត្រី​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី គឺ​ជា​អ្នក​ធ្វើ​ការងារ​ផ្ទះ។ ស្ត្រី​វ័យ​ក្មេង​ជា​ច្រើន ត្រូវ​រំលោភ​បំពាន​នៅ​ពេល​ពួក​គេ​កំពុង​បំពេញ​ការងារ​តាម​ផ្ទះ នៅ​ក្នុង​ស្រុក ឬ​នៅ​ក្រៅ​ប្រទេស។ អ្នកស្រី​បន្ត​ថា សកម្មភាព​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​កិច្ច​ការពារ​ពួក​គេ តែង​ជួប​ការ​លំបាក ដោយ​សារ​ពុំ​ទាន់​មាន​បទដ្ឋាន​ច្បាប់​ដែល​ការពារ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ។

អនុសញ្ញា​អន្តរជាតិ​លេខ​១៨៩ ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ក្នុង​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១១។ អនុសញ្ញា​នេះ​មាន ២៧​មាត្រា បាន​ចែង​ពី​គោល​សំខាន់ៗ​ដែល​មាន​ន័យ​លើក​កម្ពស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នៅ​តាម​កន្លែង​ការងារ​របស់​ពួក​គេ។ ក្នុង​នោះ​រួម​មាន អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ត្រូវ​ទទួល​ស្គាល់​ថា​ជា​កម្មករ​ដែល​មាន​ប្រាក់​ឈ្នួល​គោល ការងារ​មាន​ពេល​វេលា​ត្រឹមត្រូវ ពុំ​ត្រូវ​គេ​បង្ខិត​បង្ខំ​អោយ​ធ្វើការ គ្មាន​ពលកម្ម​កុមារ និង​មាន​សិទ្ធិ​បង្កើត​សហជីព ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពួក​គេ។

រហូត​មក​ដល់​ពេល​នេះ ទើប​មាន​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​ចំនួន​៣​ប៉ុណ្ណោះ ដែល​បាន​ផ្ដល់​សច្ចាប័ន​ទទួល​ស្គាល់​អនុសញ្ញា​អន្តរជាតិ​លេខ​១៨៩។ ចំពោះ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន គឺ​មាន​ប្រទេស​ហ្វីលីពីន ដែល​បាន​ផ្ដល់​សច្ចាប័ន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១២។

យុវតី​ម្នាក់​បម្រើ​ការងារ​តាម​ផ្ទះ​ក្នុង​រាជធានី​ភ្នំពេញ ឈ្មោះ វន់ សម្ផស្ស អោយ​ដឹង​ថា ប្រសិន​បើ​មាន​ច្បាប់​ដែល​អាច​ការពារ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នោះ ពួក​គេ​នឹង​អាច​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​រួច​ផុត​ពី​ការ​រំលោភ​បំពាន​ក្នុង​នាម​ជា​មនុស្ស​ជាតិ។ កញ្ញា វន់ សម្ផស្ស បន្ត​ថា អ្នក​ធ្វើ​ការ​តាម​ផ្ទះ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ជំនួយ​សង្គ្រោះ​នៅ​ពេល​ពួក​គេ​ចងក្រង​ជា​បណ្ដាញ ឬ​ជា​សហជីព។

អ្នក​សម្រប​សម្រួល​ប្រចាំ​អាស៊ី នៃ​បណ្ដាញ​សហជីព​អន្តរជាតិ​អ្នកស្រី កាត់ចា (Katja) មាន​ប្រសាសន៍​ថា សារសំខាន់​មួយ​ទៀត​នៃ​អនុសញ្ញា​លេខ​១៨៩ គឺ​ការ​ធានា​អោយ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ត្រូវ​ទទួល​បាន​ប្រាក់​ធានា​សុខភាព សុវត្ថិភាព​ការងារ និង​ប្រាក់​សោធន​និវត្តន៍ ដូច​កម្មករ​នៅ​ក្នុង​ប្រព័ន្ធ​ដទៃ​ទៀត។ ប៉ុន្តែ ដើម្បី​អោយ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​បាន​អត្ថប្រយោជន៍​នេះ ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ ត្រូវ​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា​១៨៩ ដែល​ជា​ច្បាប់​គោល​ក្នុង​ការ​បង្កើត​បទដ្ឋាន​ច្បាប់​ក្នុង​ស្រុក​បន្ត​ទៀត។

ក្នុង​បរិបទ​អាស៊ាន ប្រទេស​មួយ​ចំនួន​ដែល​ជា​ប្រទេស​បញ្ជូន​មាន​ដូច​ជា​ប្រទេស​កម្ពុជា ថៃ ឥណ្ឌូនេស៊ី និង​ហ្វីលីពីន ជា​ដើម កំពុង​ជួប​បញ្ហា​ជា​មួយ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​ទទួល​ពលករ​ចំណាក​ស្រុក ដោយ​រួម​ទាំង​អ្នក​ធ្វើ​ការ​តាម​ផ្ទះ​ផង។ នោះ​ក៏​ដោយ​សារ​តែ​ប្រទេស​ម៉ាឡេស៊ី នៅ​រារែក​ពុំ​ព្រម​ចុះ​កិច្ច​ព្រមព្រៀង​ការពារ​ពលករ​ចំណាក​ស្រុក​នៅ​ឡើយ។ ហេតុ​នេះ ការ​ទាម​ទារ​សច្ចាប័ន​លើ​អនុសញ្ញា​១៨៩ គឺ​ជា​តម្រូវ​ការ​រួម​ក្នុង​តំបន់។

តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា លោក យឹម សេរីវឌ្ឍនៈ មាន​ប្រសាសន៍​ថា សម្រាប់​ប្រទេស​កម្ពុជា លោក​ជឿ​ជាក់​ថា រដ្ឋាភិបាល​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អនុសញ្ញា​១៨៩ នេះ ត្បិត​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ធានា​អោយ​ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​នាម​ជា​មនុស្ស​ជាតិ។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន បាន​សម្រេច​ចងក្រង​សំណើ​របស់​ពួក​គេ​ក្នុង​ការ​ទាម​ទារ​ការ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​១៨៩ នេះ ដើម្បី​ដាក់​ជូន​មេ​ដឹកនាំ​អាស៊ាន និង​មេ​ដឹក​នាំ​ពិភពលោក​សំខាន់ៗ ដែល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។