យុវជន​សង្គ្រោះ​ជាតិ​រិះគន់​លោក ហ៊ុន សែន ថា ជា​មេ​ដឹក​នាំ “ស្ដោះ​ហើយ​លេប” វិញ

ដោយ មួង ណារ៉េត
2020.09.25
ហ៊ុន សែន 030920 លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ផ្លូវ​ជាតិ​លេខ៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ជាតិ​លេខ១០ នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃ​ទី៩ ខែ​មីនា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់ រិះគន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា​ជា​មេ​ដឹក​នាំ​ដែល​មិន​គោរព​ពាក្យ​សច្ចៈ និង​គិត​តែ​ពី​ការ​បង្ក្រាប​សំឡេង​ប្រឆាំង​ ជាង​ពី​ប្រយោជន៍​​​ជាតិ។ ប្រតិកម្ម​នេះ គឺ​បន្ទាប់ពី​របប​ក្រុង​ភ្នំពេញ​ចាប់​ផ្ដើម​សើរើ​សំណុំ​រឿង​ចាស់​ដែល​របប​នេះ​បាន​ចោទ​ប្រកាន់​លើ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ និង​ត្រៀម​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​គាំទ្រ​គម្រោង​មាតុភូមិ​និវត្តន៍​លើក​ទីពីរ​​របស់​លោក សម រង្ស៊ី។

ក្រុម​យុវជន​សង្គ្រោះ​ជាតិ​ជឿជាក់​ថា ការ​សើរើ​រឿង​ក្តី​ចាស់ៗ និង​ការ​ត្រៀម​បង្ក្រាប​​អ្នក​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​លើក​ទី​ពីរ​របស់​លោក សម រង្ស៊ី បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ ជាពិសេស លោក ហ៊ុន សែន ផ្ទាល់ មិន​អត់​ឱន​ដល់​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​នោះ​ឡើយ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូង​ឃ្មុំ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស អ្នកស្រី យ៉ែម វណ្ណណែត ថ្កោល​ទោស​ លោក​ ហ៊ុន​ សែន ដែល​លេប​សម្ដី​របស់​ខ្លួន និង​ព្យាយាម​រិះរក​វិធី​កម្ចាត់​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។ អ្នកស្រី​ថ្លែង​ទៀត​ថា​​ របប​បច្ចុប្បន្ន​កំពុង​ជាន់​ឈ្លី​ប្រព័ន្ធ​យុត្តិធម៌ និង​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ផ្ដាច់​មុខ​របស់​ខ្លួន ដើម្បី​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ប្រឆាំង «បើ​គណបក្ស​កាន់​អំណាច​បន្ត​អា​ទង្វើ​បែប​ហ្នឹង​ទៀត ប្រជាពលរដ្ឋ​យើង​នឹង​មិន​អាច​រស់​បាន​សុខ​ទេ នឹង​វេទនា។ ប៉ុន្តែ ខ្ញុំ​ជឿ​ថា បើ​គាត់​នៅ​តែ​បន្ត​តែ​បន្តិច​ទៀត ប្រជាពលរដ្ឋ​នឹង​ងើប​ មិន​បាច់​ចាំ​ សម រង្ស៊ី ចូល​ប្រទេស​ក៏​បាន​ដែរ។ បើ​គាត់​នៅ​តែ​ប្រកាន់​អាកប្បកិរិយា ​ធ្វើ​ចរិត​ឫកពា ធ្វើ​បាប​ប្រជាពលរដ្ឋ​បែបនេះ​ទៀត ប្រជាពលរដ្ឋ​នឹង​ងើប»

កាល​ពី​ថ្ងៃ​ទី២២ កញ្ញា តុលាការ​ខេត្ត​ត្បូង​ឃ្មុំ​បាន​កាត់​ទោស​អ្នកស្រី យ៉ែម វណ្ណណែត ឱ្យ​ជាប់​ពន្ធនាគារ​៧ ឆ្នាំ​ពី​បទ​រួម​គំនិត​ក្បត់ និង​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ឡើងវិញ។ នេះ​ជា​សំណុំ​រឿង​ចាស់ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៩។ ក្នុង​សំណុំ​រឿង​នេះ ក្រៅ​ពី​អ្នក​ស្រី យ៉ែម វណ្ណណែត តុលាការ​ខេត្ត​ត្បូងឃ្មុំ​ បាន​កាត់​ទោស​សកម្មជន​សង្គ្រោះ​ជាតិ ៦នាក់​ទៀត ឱ្យ​​ជាប់​ពន្ធនាគារ​ខ្លះ ៥ឆ្នាំ និង​ខ្លះ​ទៀត ៧ឆ្នាំ។ ចំណែក តុលាការ​ខេត្ត​កំពត​វិញ បាន​កាត់​ទោស​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ ៥ឆ្នាំ និង​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ភ្លាមៗ ពី​បទ​រួម​គំនិត​ក្បត់ ដូចគ្នា​នេះ​ដែរ។

អ្នក​ស្រី យ៉ែម វណ្ណណែត ថ្លែង​ថា ​អ្នក​ស្រី និង​សកម្មជន​ដទៃ​ទៀត​មិន​បាន​ធ្វើ​រឿង​ក្បត់​ជាតិ​នោះ​ទេ ហើយ​ការ​សម្រេច​របស់​តុលាការ​នេះ ធ្វើ​ឡើង​តាម​តែ​ការ​ចង់​​បាន​របស់​ក្រុម​លោក ហ៊ុន សែន ប៉ុណ្ណោះ។

ចំណែក អតីត​ជំនួយ​ការ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យុវជន​ សេង ម៉េងប៊ុនរ៉ុង ថ្លែង​ថា ពួក​លោក​ដឹង​តាំងពី​ដំបូង​មក​ម្ល៉េះ​ថា លោក​ ហ៊ុន សែន ​នឹង​ក្បត់​ពាក្យ​សន្យា​របស់​ខ្លួន ទើប​ពួក​លោក​មិន​វិល​ចូល​ស្រុក​តាម​ការ​ប្រកូក​ប្រកាស​របស់​បុរស​ខ្លាំង​ខាង​អំពើ​ហិង្សា​រូប​នេះ។ លោក​វាយ​តម្លៃ​ថា លោក ហ៊ុន សែន ជា​មេ​ដឹក​នាំ​កំសាក ស្តោះ​ហើយ​លេប​វិញ និង​ពូកែ​ខាង​បំបែក​បំបាក់ ដើម្បី​តែ​ការ​រក្សា​អំណាច​របស់​ខ្លួន «លោក ហ៊ុន សែន មិន​មែន​គាត់​ខ្លាំង​ទេ ប៉ុន្តែ​គាត់​ខ្លាច​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ​មាន​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា ព្រោះ​កាល​ណា​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ធ្វើ​ឱ្យ​គាត់​បាត់​បង់​អំណាច។ អ៊ីចឹង គាត់​រិះរក​គ្រប់​វិធី​ក្នុង​ការ​កម្ចាត់​អ្នក​លទ្ធិ​ប្រជាធិបតេយ្យ ប៉ុន្តែ​អ្នក​​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​រិះរក​គ្រប់​វិធី​សម្រាប់​ឱ្យ​ខ្លួន​ឯង​បាន​ចូល​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​តស៊ូ​ឱ្យ​ឈ្នះ​ជន​ផ្ដាច់​ការ​ដូចគ្នា»

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ដង្ហោយ​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ទាំងឡាយ ដែល​កំពុង​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ឱ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ។ ការ​ប្រកាស​នេះ គឺ​បន្ទាប់​ពី​លោក​បាន​ទប់​ស្កាត់​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី បាន​ដោយ​ជោគជ័យ​ តាម​រយៈ​ការ​ហាម​ក្រុមហ៊ុន​អាកាសចរណ៍ និង​សុំ​ឱ្យ​ប្រទេស​ជិត​ខាង​បដិសេធ​វត្តមាន​មេបក្ស​ប្រឆាំង​ស្ដីទី​រូប​នេះ ឱ្យ​ចូល​ប្រទេស​ពួក​គេ។ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​យកទោស​ពៃរ៍​អ្វី​លើ​ពួកគេ​ឡើយ ដោយ​លោក​ចាត់ទុកថា សកម្មជន​ទាំងនោះ​ បាន​ចាញ់បោក​ក្រុម​លោក សម រង្ស៊ី «ក្នុង​នាម ខ្ញុំ​ព្រះ​ករ​ណា​ខ្ញុំ​ជា​ប្រធាន​នីតិប្រតិបត្តិ ខ្ញុំ​ព្រះករុណា​ខ្ញុំ​អំពាវនាវ​ឱ្យ​មនុស្ស​ទាំងអស់​ ដែល​កំពុង​រត់​គេច​ខ្លួន ត្រឡប់​មក​ភូមិ​កំណើត​វិញ។ កុំ​លាក់​ខ្លួន​នៅ​កន្លែង​នេះ លាក់​ខ្លួន​នៅ​កន្លែង​នោះ​ត​ទៅ​ទៀត ហើយ​អាជ្ញាធរ​មូលដ្ឋាន កង​កម្លាំង​ប្រដាប់​អាវុធ ជាពិសេស​ នគរបាល និង​អាវុធហត្ថ ក៏​ដូច​ជា​មន្ត្រី​នៅ​មូលដ្ឋាន​ទាំង​អស់ កុំ​ធ្វើ​អ្វី​ឱ្យ​សោះ។ ឱ្យ​គេ​មក​ផ្ទះ​យ៉ាង​ស្រួល ហើយ​រាប់អាន​គេ​ទៅ ធ្វើការ​ជាមួយ​គ្នា​ទៅ»

ទោះ​ជា​យ៉ាង​ណា របប​នេះ​បាន​ចាប់​ផ្ដើម​សើរើ​សំណុំ​រឿង​ចាស់ៗ វិញ រហូត​ឈាន​ដល់​ការ​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​សរុប ៨នាក់ ពី​បទ​រួម​គំនិត​ក្បត់។ ជាង​នេះ​ទៅ​ទៀត រយៈពេល​ជាង​មួយ​ខែ​មក​នេះ អាជ្ញាធរ​បាន​ចាប់​ខ្លួន​សកម្មជន​ យុវជន និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​សរុប ២០នាក់ ដោយ​ភាគ​ច្រើន​បំផុត​ពាក់ព័ន្ធ​នឹង​ករណី​​ញុះញង់។

អ្នក​នាំ​ពាក្យ​បក្ស​​កាន់​អំណាច លោក សុខ ឥសាន ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ពិត​ជា​បាន​ប្រកាស​ឱ្យ​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​វិល​ចូល​ស្រុក​វិញ​មែន ប៉ុន្តែ​លុះ​ត្រា​ណា​ពួក​គេ​បញ្ឈប់​សកម្មភាព​នយោបាយ​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ បើ​ពុំ​ដូច្នេះ​ទេ ត្រូវ​ប្រឈម​ការ​ចាប់​ខ្លួន​ជាថ្មី។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​បន្ថែម​ទៀត ប្រសិនបើ​ពួក​គេ​ហ៊ាន​ធ្វើ​សកម្មភាព​នយោបាយ ​គាំទ្រ​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី «​បើ​គាត់​នៅ​ជឿ​តាម​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទៀត អា​ហ្នឹង​គាត់​នឹង​ចូល​គុក​តទៅទៀត ទោះបី​គាត់​ទើប​នឹង​ចេញ​ក៏​ដោយ។ គេ​ដោះលែង​ គេ​ឱ្យ​មក​ចូល​ក្នុង​សង្គម​ជាតិ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​បោះបង់​សកម្មភាព​ឧទ្ទាម​ក្រៅ​ច្បាប់​ហ្នឹង​ចេញ កុំ​ឱ្យ​កម្រើក។ ឥឡូវ​ឮ​ថា ទណ្ឌិត​មេ​ឧទ្ទាម​​​ហ្នឹង​ចង់​​ប្រកាស​ថា ចូល​ស្រុក​ទៀតហើយ បើ​រំជើបរំជួល អា​ហ្នឹង​វា​មាន​ការ​ចាប់​ចង​ទៀតហើយ ចៀស​មិន​រួច​ទេ»

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត មើល​ឃើញ​ថា ការ​កាត់​ទោស​សកម្មជន​សង្គ្រោះ​ជាតិ​ក្នុង​សំណុំ​រឿង​ចាស់​ទាំងនោះ គឺ​ជា​រូបភាព​នៃ​ការ​គំរាម​កំហែង​លើ​សកម្មជន​ដទៃ​ទៀត កុំ​ឱ្យ​គាំទ្រ​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ លោក​ថា ករណី​ទាំង​​នេះ​ស្ដែង​ឱ្យ​ឃើញ​ថា តុលាការ​ហាក់​មិន​បាន​ធ្វើ​ការ​ដោយ​យុត្តិធម៌​​ និង​ស្រប​តាម​វិជ្ជាជីវៈ​នោះ​ទេ «ករណី​អ្នក​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ឱ្យ​មាន​ពិរុទ្ធភាព​ ហើយ​មួយ​ចំនួន​ក៏​ត្រូវ​បាន​ចាប់​ភ្លាមៗ​យក​ទៅ​ដាក់​ពន្ធនាគារ​ហ្នឹង កន្លែង​ហ្នឹង​ដែល​យើង​មើល​ឃើញ ជា​វិធី​សាស្ត្រ​មួយ​ដែល​គណបក្ស​ប្រជាជន​តែង​តែ​ធ្វើ​ដើម្បី​ជា​ការ​ដាក់​សម្ពាធ​ ឬក៏​ជា​ការ​គំរាម​កំហែង​ចំពោះ​អ្នក​ណា​ដែល​ខ្លួន​គិត​ថា មាន​និន្នាការ​ប្រឆាំង​ ឬក៏​ហ៊ាន​រិះគន់​ការ​ដឹកនាំ​របស់​ខ្លួន​ហ្នឹង​ណា»

អ្នក​តាម​ដាន​ស្ថានការណ៍​រូប​នេះ​សង្កត់​ធ្ងន់​ថា នយោបាយ​ចាប់​ចង​មិន​អាច​បង្កើត​សុខដុម​រមនា​នៅ​ក្នុង​សង្គម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​កាន់​តែ​ខ្លាំង​ចំពោះ​អ្នក​ដឹកនាំ។ លោក​បន្ថែម​ថា ក្រុម​អ្នក​ដឹកនាំ​គួរ​តែ​ងាក​មក​ផ្ដោត​លើ​ការ​លើកស្ទួយជីវភាព​ និង​គោរព​សិទ្ធិមនុស្ស​​វិញ ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ និង​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។