មន្ត្រី៖ យុវជនកម្ពុជាបន្តរងគ្រោះដោយសារបញ្ហាគ្រឿងញៀន
2015.12.21
បញ្ហាគ្រឿងញៀន បានក្លាយជារឿងដ៏ស្មុគស្មាញគ្រប់ទីកន្លែង និងកំពុងបង្កជាក្តីព្រួយបារម្ភដល់មជ្ឈដ្ឋាននានា តាមរយៈឥទ្ធិពលអវិជ្ជមានរបស់វា។ ក្នុងមួយឆ្នាំៗ យុវជនខ្មែររាប់ម៉ឺននាក់ បានធ្លាក់ខ្លួនជាអ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ដែលធ្វើឲ្យពួកគេបាត់បង់ឱកាសអភិវឌ្ឍខ្លួន និងក្លាយជាកោសិកាមិនល្អរបស់សង្គម។ មន្ត្រីជាន់ខ្ពស់នៃអង្គភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ចាត់ទុកស្ថានភាពគ្រឿងញៀននៅកម្ពុជា ពេលនេះ ថាជាស្ថានភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។
មន្ត្រីជាន់ខ្ពស់ និងជាអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក មាស វិរិទ្ធិ បញ្ជាក់ថា អ្នកប្រើបំពានគ្រឿងញៀននៅឆ្នាំ២០១៥ មានប្រមាណ ១ម៉ឺន ៦ពាន់នាក់។ តួលេខនេះមានការកើនឡើង បើប្រៀបធៀបទៅនឹងអ្នកប្រើបំពានគ្រឿងញៀននៅឆ្នាំ២០១៤ ដែលមានចំនួនប្រមាណ ១ម៉ឺន ១ពាន់នាក់នៅទូទាំងប្រទេស។ ក្នុងចំណោមអ្នកប្រើប្រាស់ទាំងនោះ ភាគច្រើនជាយុវជនមានអាយុចាប់ពី ១៨ឆ្នាំដល់ ៣៥ឆ្នាំ ដែលមានមុខរបរមិនពិតប្រាកដ និងខ្លះទៀតជាសិស្សនិស្សិត។
លោក មាស វិរិទ្ធិ ពន្យល់ថា កំណើនគ្រឿងញៀនបច្ចុប្បន្ននេះ គឺដោយសារកម្ពុជា រងឥទ្ធិពលពីការចរាចរគ្រឿងញៀនក្នុងតំបន់ និងអន្តរជាតិ ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងបញ្ជរប្រៃសណីយ៍។ គ្រឿងញៀនច្រើនប្រភេទ ដូចជា មេតំហ្វេតាមីនគ្រាប់ មេតំហ្វេតាមីនក្រាមម្សៅ និងហេរ៉ូអ៊ីន ជាដើម បន្តហូរចូលមកកម្ពុជា តាមច្រកព្រំដែនគោកនៃខេត្តភាគឦសានជាប់ព្រំប្រទល់ឡាវ ដែលជាប្រទេសមានទីតាំងភូមិសាស្ត្រស្ថិតក្នុងតំបន់ត្រីកោណមាស ជាកន្លែងផលិតគ្រឿងញៀនធំជាងគេនៅក្នុងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។
លោក មាស វិរិទ្ធិ បន្តទៀតថា យុវជនកម្ពុជា បន្តរងគ្រោះពីការរីករាលដាលនៃគ្រឿងញៀន ដោយសារមូលហេតុសំខាន់ពីរយ៉ាង គឺការអូសទាញរបស់ឈ្មួញ និងភាពសុទ្ធនៃគ្រឿងញៀន៖ «ពេលនេះគឺស្ថិតក្នុងបរិយាកាសសង្គម ស្ថិតនៅលើការអូសទាញរបស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ហើយនិងកម្រិតភាពសុទ្ធនៃគ្រឿងញៀន ដែលជះឥទ្ធិពល។ កាលពីប៉ុន្មានឆ្នាំមុន សារធាតុញៀនមានលក់ដូចគ្នា ប៉ុន្តែកម្រិតភាពសុទ្ធវាទាប ហើយឥឡូវនេះកម្រិតភាពសុទ្ធវាខ្ពស់។ បើនិយាយឲ្យចំទៅ អតិថិជនកំពុងតែប្រើប្រាស់របស់ដែលមានគុណភាពសុទ្ធល្អ ល្អក្នុងវិស័យអាក្រក់»។
គ្រឿងញៀន ត្រូវបានគេឲ្យនិយមន័យថា ជារុក្ខជាតិ ឬសារធាតុចម្រាញ់ចេញពីរុក្ខជាតិ ឬសារធាតុគីមី ដែលធ្វើឲ្យមានការផ្លាស់ប្ដូរមុខងារផ្សេងៗរបស់សារពាង្គកាយមនុស្ស ឬសត្វ ជាពិសេសធ្វើឲ្យមានការប្រែប្រួលប្រព័ន្ធសរសៃប្រសាទ និងខួរក្បាលនៅពេលប្រើ។ គ្រឿងញៀន ត្រូវបានបែងចែកជាពីរ គឺគ្រឿងញៀនធម្មជាតិ និងគ្រឿងញៀនសំយោគ។ គ្រឿងញៀនធម្មជាតិ រួមមាន អាភៀន កញ្ឆា រុក្ខជាតិកូកា និងថ្នាំជក់។ រីឯគ្រឿងញៀនសំយោគវិញ រួមមាន កូកាអ៊ីនបាស អំហ្វេតាមីន មេតំហ្វេតាមីន អ៊ិចស្តាស៊ី និងកាវហិត ជាដើម។
ប្រភេទគ្រឿងញៀនដែលមានការពេញនិយមខ្លាំងជាងគេនៅកម្ពុជា គឺមេតំហ្វេតាមីនក្រាមម្សៅ ឬ ម៉ាទឹកកក (ICE) មានរហូតដល់ទៅ ៧៩ភាគរយ។ ការចរាចរគ្រឿងញៀនសព្វថ្ងៃនេះ កើតមានសឹងគ្រប់ទីកន្លែង ទាំងទីប្រជុំជន និងតាមជនបទគ្រប់ច្រកល្ហក។
មន្ត្រីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធិ ចាត់ទុកនេះជាសញ្ញាធ្ងន់ធ្ងរមួយគួរឲ្យព្រួយបារម្ភ ដែលទាមទារការសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងសាធារណជន ដើម្បីទប់ស្កាត់ និងដោះស្រាយ៖ «យើងមានក្តីព្រួយបារម្ភច្រើន ដោយសារថ្នាក់ជាតិបានខិតខំប្រឹងប្រែងច្រើន ប៉ុន្តែថ្នាក់ក្រោមជាតិនៅមានភាពឆកល្វែងក្នុងការទទួលខុសត្រូវ។ ម្យ៉ាងទៀត តំបន់កើតមានបញ្ហាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ភាគច្រើនគឺស្ថិតក្នុងតំបន់ដែលមានស្ថានភាពមិនរៀបរយ ដែលពិបាកនឹងគ្រប់គ្រង។ អ៊ីចឹងហើយ វាជាបុព្វហេតុមួយធ្វើឲ្យសមត្ថកិច្ចមានការលំបាក ហើយហេតុផលលំបាកផ្សេងៗទៀតមានដូចជា ការឲ្យសញ្ញា ឬក៏រៀបចំជាក្រុមក្នុងការឃ្លាំមើលសមត្ថកិច្ច»។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនត្រង់មាត្រា៤៥ ចែងថា ជនណាដែលប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនតាមគ្រប់រូបភាព ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពី ១សែនរៀលដល់ ១លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ២លានរៀល។
ដោយឡែកការរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជនល្មើសនឹងត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងអាចត្រូវពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល។ បើសិនជាបទល្មើសមានលក្ខណៈធ្ងន់ធ្ងរ អ្នកប្រព្រឹត្តិ អាចនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំដល់ ២០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលដល់ ៤០លានរៀល អាស្រ័យទៅតាមស្ថានទម្ងន់ទោស។
បើទោះបីជាច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈចែងច្បាស់ពីទោសទណ្ឌយ៉ាងណាក្តី ក៏កន្លងមក គេកម្រឃើញមានការចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនធំៗ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ណាស់។
មន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងគ្រឿងញៀន ព្រមានថា ប្រការនេះនឹងធ្វើឲ្យកើតមានអសន្តិសុខសង្គមជាច្រើន ដូចជា អំពើចោរកម្ម លួច ឆក់ ប្លន់ នៅពេលដែលយុវជនខ្មែរកាន់តែច្រើនផុងខ្លួនចូលក្នុងអន្ទាក់គ្រឿងញៀន៕