យុវជនជំនាញអេកូទេសចរណ៍ជំរុញឲ្យរដ្ឋាភិបាលអភិរក្សតំបន់អារ៉ែង
2015.02.28
សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដឹកនាំនិស្សិតជំនាញអេកូទេសចរណ៍មួយក្រុម ទៅសិក្សាស្រាវជ្រាវរយៈពេល ១០ថ្ងៃអំពីសក្ដានុពលនៃវិស័យអេកូទេសចរណ៍នៅតំបន់អារ៉ែង។ លទ្ធផលនៃការសិក្សានោះ គ្រោងបង្ហាញជាសាធារណៈនៅខែមីនា ខាងមុខ ដើម្បីជំរុញឲ្យអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជា អភិរក្ស និងជួយទប់ស្កាត់ចំពោះការកាប់បំផ្លាញព្រៃឈើនៅតំបន់អារ៉ែង ហើយអភិវឌ្ឍតំបន់នោះទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ។
នៅក្នុងនាទីយុវជន និងសង្គមសប្ដាហ៍នេះ អ្នកនាង ទេព សុរ៉ាវី នឹងមានសេចក្តីរាយការណ៍អំពីលទ្ធផលបឋមមួយចំនួនដែលក្រុមយុវជននោះចុះទៅសិក្សា៖
ក្រុមនិស្សិតជំនាញអេកូទេសចរណ៍អះអាងថា តំបន់អារ៉ែង ស័ក្តិសមនឹងធ្វើជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយសារតែតំបន់នោះសម្បូរទៅដោយធនធានធម្មជាតិ វត្ថុបុរាណ ទឹកជ្រោះច្រើនកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តទីនោះបាន។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ឲ្យដឹងថា ក្រុមនិស្សិតជំនាញអេកូទេសចរណ៍ដែលមានសមាជិក ៨នាក់ បានសិក្សាស្រាវជ្រាវអំពីសក្ដានុពលទេសចរណ៍នៅតំបន់អារ៉ែង។ លោកបន្តថា ត្បិតតែតំបន់អារ៉ែង ឋិតនៅដាច់ស្រយាលពីទីប្រជុំជន គ្មានសេវាទូរស័ព្ទ ផ្លូវពិបាកធ្វើដំណើរ ប៉ុន្តែតំបន់ព្រៃនៅទីនោះជាឋានសួគ៌ធម្មជាតិមួយដ៏ស្រស់ត្រកាល មានសត្វកម្រច្រើនប្រភេទរស់នៅ មានទឹកធ្លាក់ធំ និងមានតំបន់ធម្មជាតិចំនួន ៣០កន្លែងនៅទីនោះ៖ «យើងឃើញថា តំបន់អារ៉ែង សម្បូរទៅដោយធម្មជាតិស្អាតៗ ពិសេសមានទឹកធ្លាក់ ៣កន្លែង ពិសេសមានវត្ថុបុរាណដូចជាឆ្អឹងខ្មោចដែលមានខ្លះកម្ពស់ជាងមួយម៉ែត្រ»។
លោកបញ្ជាក់ថា ការសិក្សាពីសក្ដានុពលទាំងនោះ ក្រុមនិស្សិតជំនាញអេកូទេសចរណ៍ គ្រោងនឹងបោះពុម្ពជាសៀវភៅមគ្គទេសក៍សម្រាប់ភ្ញៀវទេសចរបានដឹងពីតំបន់កម្សាន្តបែបធម្មជាតិ។ មួយវិញទៀត នឹងចងក្រងជាឯកសារ និងជាវីដេអូខ្នាតខ្លីសម្រាប់ដាក់ទៅអង្គការសង្គមស៊ីវិល និងស្នើឲ្យរដ្ឋាភិបាលឲ្យចូលរួមអភិរក្ស និងអភិវឌ្ឍ ឲ្យក្លាយជាតំបន់អេកូទេសចរណ៍ការពារព្រៃឈើ និងការពារប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នោះ។
កន្លងមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈកាលពីថ្ងៃទី២៤ កុម្ភៈ ថា គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ដ៏ចម្រូងចម្រាសនោះនឹងមិនត្រូវធ្វើទេនៅក្នុងអាណត្តិនេះ ដោយត្រូវរង់ចាំការសិក្សាបន្ថែមជាមុនសិន៖ «សិក្សាមើលឲ្យច្បាស់មើល ខ្ញុំមានគោលគំនិតថា ទោះបីជាសិក្សាច្បាស់ ឬមិនច្បាស់ម៉េច ពីពេលនេះទៅដល់ឆ្នាំ២០១៨ អត់មានការអភិវឌ្ឍទេ។ ខ្ញុំចង់ឲ្យក្មេងជំនាន់ក្រោយកុំឲ្យវាពិបាកពេក»។
ទោះជាមានការអះអាងបែបនេះក្តី ក៏ក្រសួងរ៉ែ និងថាមពល ធ្លាប់ចេញលិខិតឆ្លើយបំភ្លឺមួយកាលពីចុងឆ្នាំ២០១៤ ថា គម្រោងអារ៉ែង ជាគម្រោងដែលត្រូវបានកំណត់អភិវឌ្ឍតាំងពីមុនឆ្នាំ១៩៧០។ រដ្ឋាភិបាលសព្វថ្ងៃនេះនៅតែបន្តរក្សាគម្រោងនោះក្នុងបញ្ជីផែនការអភិវឌ្ឍន៍វិស័យថាមពលជាតិដដែល។
ក្រុមយុវជនដែលឈឺឆ្អាលបរិស្ថាន នៅតែព្រួយបារម្ភពីអនាគតនៅតំបន់អារ៉ែង។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី បញ្ជាក់ថា កន្លងមកមានក្រុមហ៊ុនចំនួន២ បានចុះស្រាវជ្រាវរួចហើយនៅតំបន់អារ៉ែង។ ជាលទ្ធផល ផលចំណេញមានតិចជាងផលប៉ះពាល់។ លោកគិតថា ប្រសិនបើរដ្ឋាភិបាលពិតជាមានឆន្ទៈរក្សាទុកតំបន់អារ៉ែង ឲ្យក្មេងជំនាន់ក្រោយមែន គប្បីកុំឲ្យមានការសិក្សាណាមួយនៅតំបន់នោះ ព្រោះការសិក្សារបស់រដ្ឋាភិបាលបានបង្ហាញពីបំណងចង់អភិវឌ្ឍច្រើនជាងអភិរក្ស៖ «បើសិនយើងចង់អភិរក្ស ចាំបាច់ទៅសិក្សាពីគម្រោងធ្វើអី បើយើងបានលទ្ធផលអ៊ីចឹង មានន័យថាយើងធ្វើវាដដែលហ្នឹង»។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មានប្រសាសន៍កាលមុនពេលដែលដែលអាជ្ញាធរបណ្ដេញចេញពីកម្ពុជា ថា រដ្ឋាភិបាលហាក់លម្អៀងទៅរកគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដោយសារតែក្រុមហ៊ុនដែលសិក្សាពីផលប៉ះពាល់ក្នុងតំបន់អារ៉ែង ឋិតនៅក្រោមឥទ្ធិពលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍វារីអគ្គិសនី ស៊ីណូ ហាយដ្រូ (Sino Hydro) ដែលទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងគម្រោងវារីអគ្គិសនីនេះ។
តំបន់អារ៉ែង មានព្រៃក្រាស់ ហើយធំជាងគេនៅតំបន់អាស៊ីភាគអាគ្នេយ៍។ តំបន់ព្រៃស្តុកនេះមានទំហំ ៤សែន ៦ម៉ឺនហិកតារ លាតសន្ធឹងកាត់ឃុំចំនួន៣ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ តំបន់នេះជាជម្រករស់នៅសុខសាន្តរបស់ក្រុមជនជាតិភាគតិចជង ជាង ១.៣០០នាក់។ ពួកគេប្រកបរបរចិញ្ចឹមជីវិត ដោយការទាញយកអនុផលព្រៃឈើទៅតាមវប្បធម៌ប្រពៃណី និងទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះ។ នៅទីនោះ ពោរពេញទៅដោយផ្នូរកប់សពដូនតារបស់ពួកគេ ហើយផ្នូរទាំងនោះភាគច្រើនជាក្អមដែលគេដាក់នៅតាមជញ្ជាំងក្រហែងថ្ម។
ក្រុមអ្នកស្រាវជ្រាវរកឃើញថា ទំនប់វារីអគ្គិសនីនៅអារ៉ែង អាចផលិតអគ្គិសនីបានតែជាង ៦០មេហ្គាវ៉ាត់នៅរដូវប្រាំង ហើយជាង ១០០មេហ្គាវ៉ាត់ប៉ុណ្ណោះនៅរដូវវស្សា។
យ៉ាងណា យុវជនជំនាញអេកូទេសចរណ៍ដែលចុះទៅចងក្រងឯកសារ និងថតវីដេអូពីតំបន់ទេសចរណ៍សំខាន់ៗនៅអារ៉ែង សង្ឃឹមថា ឯកសារពួកគេនឹងផ្សព្វផ្សាយ ហើយបញ្ចាំងជាសាធារណៈពីសក្ដានុពលទេសចរណ៍នៅតំបន់អារ៉ែង ដើម្បីទាក់ទាញការគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅ ពិសេសរដ្ឋាភិបាល ឲ្យលុបគម្រោងសិក្សាសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង តែម្តង៕