កុមារីម្នាក់ចង់ក្លាយជាអ្នកជំនួញលើវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
2016.06.14
ថ្វីត្បិតតែស្ថិតនៅក្នុងប្រទេសតែមួយក៏ពិតមែន ប៉ុន្តែជោគវាសនានៃសិស្សានុសិស្សខ្មែរមិនមានសភាពដូចគ្នានោះទេ។ អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ឬជីវភាពធូរធារ មានលទ្ធភាពបញ្ជូនកូនចៅទៅសាលាឯកជនល្បីៗ ដែលមានស្តង់ដារអន្តរជាតិ។ ផ្ទុយទៅវិញ អ្នកមានជីវភាពមធ្យម ឬក្រីក្រ បានត្រឹមតែបញ្ជូនកូនចៅឱ្យទៅរៀនសាលារដ្ឋ ដែលភាគច្រើនមានតែការអប់រំបែបទ្រឹស្ដី។ ប្រឈមនឹងបញ្ហាបែបនេះ កូនសិស្សម្នាក់ៗត្រូវប្រឹងប្រែងដោយខ្លួនឯងដើម្បីអនាគតរបស់គេ។
ខាងក្រោមនេះជាសេចក្ដីរាយការណ៍អំពីក្មេងស្រីម្នាក់ដែលចង់ក្លាយទៅជាអ្នកជំនួញលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្ទាប់ពីនាងទទួលបានការអប់រំនៅសាលាអន្តរជាតិមួយនៅជាយក្រុងភ្នំពេញ៖
មានសម្បុរស្រអែម ធ្មេញច្រពើស ថ្ពាល់ខួច កុមារី សៅ ដាលីន គឺជាសិស្សពូកែម្នាក់នៅសាលាអន្តរជាតិឡាយហ្គ័រ (Liger) ដែលមានទីតាំងនៅសង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ ជាយរាជធានីភ្នំពេញ។
ដាលីន មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ជាកន្លែងដែលពលរដ្ឋភាគច្រើនបញ្ជូនកូនចៅរបស់ខ្លួនដែលមានវ័យក្មេងឱ្យមកធ្វើការជាកម្មកររោងចក្រនៅរាជធានីភ្នំពេញ។
ដោយសារជីវភាពក្រីក្រ ដាលីន ត្រូវបានម្ដាយបញ្ជូនឱ្យទៅនៅអង្គការ និងសិក្សានៅសាលារដ្ឋដូចក្មេងដទៃដែរ ប៉ុន្តែការសិក្សាមិនបានជាប់លាប់នោះទេ ពីព្រោះក្រុមគ្រួសាររបស់នាងបានផ្លាស់ប្ដូរទីលំនៅជាញឹកញាប់។
បើទោះជាបែបនេះក្ដី ជីវិតរបស់ដាលីន ត្រូវបានផ្លាស់ប្ដូរទាំងស្រុង ក្រោយពេលដែលនាងប្រឡងជាប់អាហារូបករណ៍ និងទទួលបានការទំនុកបម្រុងគ្រប់បែបយ៉ាងទាំងការសិក្សា និងការរស់នៅពីសំណាក់សាលាអន្តរជាតិ ឡាយហ្គ័រ។
ក្រោមម្លប់ឈើត្រឈឹងត្រឈៃនៃបរិវេណសាលា ដាលីន និយាយដោយទឹកមុខស្រស់ស្រាយថា នាងបានប្រែក្លាយជាក្មេងម្នាក់ដែលឧស្សាហ៍ព្យាយាម និងចូលចិត្តរៀនសូត្រចាប់តាំងពីពេលដែលនាងចូលរៀននៅសាលា ឡាយហ្គ័រ៖ «និយាយទៅជីវិតរបស់ខ្ញុំផ្លាស់ប្តូរខ្លាំងមែនទែន។ កាលពី ៣ឆ្នាំមុន ខ្ញុំអត់ដែលគិតថា ខ្ញុំនឹងបានកុំព្យូទ័រប្រើ ខ្ញុំអត់ដឹងថា ខ្ញុំនឹងចេះអង់គ្លេសចឹងអត់។ មួយទៀត គឺប្តូរគំនិតរបស់ខ្ញុំ។ ខ្ញុំតែងតែងើបឈរឡើងដើម្បីព្យាយាមធ្វើអ្វីផ្សេងទៀត។ កាលពីមុនខ្ញុំអត់សូវនិយាយជាមួយអ្នកដទៃច្រើនទេ ប៉ុន្តែនៅទីនេះទំនាក់ទំនងកាន់តែកើនឡើងទៅ»។
មានវ័យត្រឹមតែ ១៣ឆ្នាំ កុមារី សៅ ដាលីន មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ មានសមត្ថភាពនិយាយដ៏ប៉ិនប្រសប់ប្រៀបបាននឹងមនុស្សពេញវ័យ ព្រមទាំងចេះប្រើប្រាស់កុំព្យូទ័រសម្រាប់ការសិក្សា និងការប្រាស្រ័យទាក់ទងយ៉ាងស្ទាត់ជំនាញ៖ «សំឡេងច្រៀង»។
កុមារីរូបនេះថែមទាំងបានចេញទៅក្រៅប្រទេសជាច្រើនដង ដើម្បីចូលរួមការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រ ហើយនិងបានជាប់ពានរង្វាន់មិនតិចទេ ទាំងពានរង្វាន់ប្រកួតប្រជែងក្នុងស្រុក និងក្រៅស្រុក៖ «ខ្ញុំបានទៅសិង្ហបុរី ២ដងហើយ ទៅប្រកួតប្រជែងរ៉ូបូត។ លើកទីមួយខ្ញុំឈ្នះពានលើកទឹកចិត្តក្នុងក្រុម ចំណែកលើកទីពីរ ខ្ញុំទទួលបានពានផលិតគម្រោង។ នៅកម្ពុជា យើងមានការប្រកួតប្រជែងមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ហើយពួកយើងឈ្នះបានពានរង្វាន់លេខ ៣»។
សមិទ្ធផលទាំងអស់នេះ មិនមែនបានមកដោយងាយស្រួលនោះទេ ប៉ុន្តែត្រូវយកកម្លាំងកាយចិត្ត និងស្មារតី ព្រមទាំងភាពឈ្លាសវៃនៃគំនិតសិក្សា និងការគ្រប់គ្រងពេលវេលា៖ «ខ្ញុំ ជាសិស្សដែលគេងនៅសាលា អ៊ីចឹងពេលព្រឹកឡើងក្រោកពីគេង ធ្វើការងារធម្មតា។ បន្ទាប់មកនៅម៉ោង ៨ព្រឹក ពួកយើងចាប់ផ្តើមចូលរៀន។ មេរៀនទីមួយរបស់ខ្ញុំ គឺរៀនទាក់ទងនឹងភាសាខ្មែរចំនួន ១ម៉ោង។ បន្ទាប់មកខ្ញុំរៀនគណិតជាភាសាអង់គ្លេសតាមសៀវភៅសិង្ហបុរី ហើយចុងក្រោយ គឺរៀនទាក់ទងនឹងវិទ្យាសាស្ត្រ។ គ្រូគាត់យកមេរៀនគោលមកបង្រៀនសិន បន្ទាប់មកទើបគាត់ឱ្យពួកខ្ញុំធ្វើជាសកម្មភាពពេលក្រោយ»។
ប្រធានសម្របសម្រួលផ្នែកអប់រំនៃសាលាអន្តរជាតិ ឡាយហ្គ័រ លោក ជេហ្វ ហូលតេ (Jeff Holte) មានប្រសាសន៍ថា លោកមានសុទិដ្ឋិនិយមចំពោះយុវជនកម្ពុជា ថាពូកគេនឹងអាចផ្លាស់ប្ដូរអនាគតរបស់ប្រទេសតាមរយៈការសិក្សារៀនសូត្រ។ ជាឧទាហរណ៍ដូចជា សិស្សានុសិស្សវ័យក្មេងនៅសាលាឡាយហ្គ័រ ដូច្នោះដែរ ដែលមានសមត្ថភាពពិតប្រាកដអាចប្រកួតប្រជែងជាមួយសិស្សបរទេសបាន៖ «សិស្សានុសិស្ស កម្ពុជា ជាច្រើននៅទូទាំងប្រទេស ប្រហែលជាមិនសូវមានឱកាសច្រើនដូចសិស្សយើងនៅសាលាឡាយហ្គ័រនេះទេ ប៉ុន្តែពួកគេពិតជាឆ្លាត និងពេញចិត្តចំពោះការសិក្សា។ ខ្ញុំគិតថា ការសិក្សាមានសភាពផុសផុលដែលគួរឱ្យកត់សម្គាល់ក្នុងចំណោមមនុស្ស វ័យក្មេង ហើយពួកគេពិតជាចង់រៀនណាស់ ហើយនៅពេលដែលធនធាន និងឱកាសមានកាន់តែច្រើន កម្ពុជានឹងក្លាយជាកន្លែងដ៏ទាក់ទាញសម្រាប់ការសិក្សា»។
លោក ជេហ្វ ហូលតេ សង្កេតឃើញថា សិស្សានុសិស្សវ័យក្មេងទាំង ៥០នាក់ របស់សាលាឡាយហ្គ័រ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់របស់កម្ពុជា ទៅថ្ងៃមុខ តាមរយៈការបំពាក់បំប៉នជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ការធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់នានាក្នុងប្រទេស និងការពង្រឹងជំនាញទន់គ្រប់ប្រភេទ ដូចជាការដោះស្រាយទំនាស់ និងការប្រាស្រ័យទាក់ទងគ្នាជាដើម។
វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងអស់នេះសុទ្ធសឹងតែជាជំនាញដែលក្រសួងអប់រំយុវជន និងកីឡា យកចិត្តទុកដាក់ និងដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់រដ្ឋ ព្រមទាំងមានការផ្សព្វផ្សាយជាញឹកញាប់តាមបណ្ដាញសារព័ត៌មាន និងព្រឹត្តិបត្រនានា។
ចំពោះជំនាញទន់វិញ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ក៏ធ្លាប់ជំរុញ និងគាំទ្រឱ្យក្រសួងអប់រំ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យបំពាក់បំប៉នជូនសិស្ស-និស្សិតទូទៅ ដើម្បីបើកឱកាសឱ្យពួកគេក្លាយជាអ្នកដែលមានសមត្ថភាពអាចជ្រោងប្រទេសជាតិបានទៅថ្ងៃមុខ៖ «លើក ទឹកចិត្តចំពោះក្រុមស្រាវជ្រាវអប់រំ ដែលជាធនាគារខួរក្បាលនៃការកែទម្រង់ការអប់រំ អភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញទន់សម្រាប់យុវជន និងការកែទម្រង់ការអប់រំកាយ និងកីឡា ហើយសូមបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យអប់រំរបស់យើងឱ្យឈានឆ្ពោះទៅមុខទៀត»។
ទោះបីជាមានការគិតគូរបែបនេះក្តី អ្នកស្រាវជ្រាវ និងការសិក្សានានា បង្ហាញថា ការអនុវត្តជាក់ស្ដែងរបស់ក្រសួងអប់រំ និងភាគីពាក់ព័ន្ធនៅមិនទាន់បានពេញលេញនៅឡើយ។ ការសិក្សានៅសាលារដ្ឋភាគច្រើនមានតែទ្រឹស្ដី តែខ្វះការអនុវត្ត។ បន្ទប់ពិសោធន៍ ក៏មិនមានឧបករណ៍គ្រប់គ្រាន់ ហើយសិស្សភាគច្រើននៅតែត្រូវទៅរៀនគួរក្រៅម៉ោងបន្ថែមទៀត ដើម្បីអាចប្រឡងជាប់ ឬទទួលបានការយល់ដឹងបន្ថែមចំពោះមេរៀនដែលខ្លួនបានរៀននៅសាលា។ ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត (E-learning) ក៏មិនទាន់ត្រូវបានអនុវត្តឱ្យបានទូលំទូលាយនៅឡើយ។
ដំណោះស្រាយផ្ដល់ដោយអ្នកជំនាញចំពោះបញ្ហាទាំងអស់នេះ គឺការធ្វើបដិវត្តកម្មវិធីសិក្សាតាំងពីថ្នាក់បឋមរហូតដល់មហាវិទ្យាល័យ ដែលជាកំណែទម្រង់មួយជាក់លាក់ដែលមិនមែនគ្រាន់តែជាការរឹតបន្តឹងការប្រឡងដូចអ្វីដែលក្រសួងអប់រំ ធ្លាប់បានធ្វើនោះទេ។
ស្រដៀងគ្នានេះ កុមារី សៅ ដាលីន ដែលទទួលបានការអប់រំស្តង់ដារអន្តរជាតិ យល់ឃើញថា ការយកចិត្តទុកដាក់ និងជំរុញពីសង្គម សាលារៀន និងមជ្ឈដ្ឋាននៅជុំវិញខ្លួនអាចនឹងជួយកែប្រែជោគវាសនារបស់សិស្សានុសិស្សគ្រប់ៗរូបបាន។ នាងបន្ថែមថា ទោះបីជាការអប់រំនៅសាលារដ្ឋមិនគ្រប់គ្រាន់ក៏ដោយ បើសិនជាសិស្សានុសិស្សខំប្រឹងប្រែង ពួកគេនឹងអាចក្លាយសិស្សដ៏ខ្លាំងពូកែម្នាក់បាន៖ «បើសិន ជាគាត់មានពេល គាត់ហ៊ាន គាត់នឹងអាចមានសមត្ថភាពដូចពួកខ្ញុំអ៊ីចឹង អាចច្រើនជាងពួកខ្ញុំទៀត ព្រោះនិយាយទៅកម្ពុជា សំបូរសុទ្ធតែអ្នកពូកែ ប៉ុន្តែគ្រាន់តែពិបាកដោយសារតែខ្វះធនធានដើម្បីប្រើប្រាស់។ និយាយទៅ យើងពិបាកជាងគេហ្នឹង គឺងត្រង់ហ្នឹងតែម្តង»៕