លោក សម រង្ស៊ី ថា លោក ហ៊ុន សែន បរាជ័យក្នុងការបំបាត់សំឡេងប្រឆាំងក្នុងព្រឹទ្ធសភា
2024.02.27
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថា លោក ហ៊ុន សែន បរាជ័យក្នុងការបំបាត់សំឡេងប្រឆាំងនៅក្នុងព្រឹទ្ធសភា បន្ទាប់ពីគណបក្សឆន្ទៈខ្មែរ ដែលតំណាងឱ្យសម្ព័ន្ធភាពឆ្ពោះទៅអនាគតឈ្នះបាន ៣កៅអី នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ កុម្ភៈ។
មន្ត្រីបក្សឆន្ទៈខ្មែរថា បើកម្លាំងអ្នកប្រជាធិបតេយ្យរួបរួមគ្នា នោះបក្សប្រឆាំងប្រហែលទទួលបានកៅអីនៅព្រឹទ្ធសភាច្រើនជាងនេះទៅទៀត។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា របបផ្ដាច់ការទីក្រុងភ្នំពេញ និង ត្រកូល ហ៊ុន នឹកស្មានថា ពួកគេអាចកម្ចាត់កម្លាំងប្រជាធិបតេយ្យខ្មែរ មិនឱ្យមានសេសសល់អ្វីទេ និងជាពិសេសក្នុងការរៀបចំឱ្យលោក ហ៊ុន សែន ឡើងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា។
លោក សម រង្ស៊ី ចាត់ទុកការទទួលបានអាសនៈព្រឹទ្ធសភាចំនួន ៣ របស់គណបក្សឆន្ទៈ គឺជាជោគជ័យមួយសម្រាប់កម្លាំងប្រជាធិបតេយ្យខ្មែរ ក្នុងស្ថានភាពនយោបាយដ៏លំបាកបំផុតនៅពេលនេះ និងក្នុងបរិយាកាសគំរាមកំហែង និងទិញដូរសន្លឹកឆ្នោតដ៏អាប់អួរ។
លោក សម រង្ស៊ី បានកោតសរសើរដល់ទឹកចិត្តដ៏បរិសុទ្ធ នៃសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៧០ភាគរយ (៧០%) ដែលបានជាប់ឆ្នោតក្រោមស្លាកគណបក្សភ្លើងទៀន ហើយដែលនៅតែស្មោះត្រង់ ជានិច្ចកាលចំពោះប្រទេសជាតិ និងប្រជារាស្ត្រ ដោយបានរក្សាឧត្តមគតិដើមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។
អ្នកនយោបាយប្រឆាំងចាស់វស្សារូបនេះ ក៏បានកត់សម្គាល់អំពីការចុះចូលរបស់សកម្មជនប្រឆាំងមួយចំនួនជាមួយបក្សកាន់អំណាច ដោយលោកយល់ថា ពួកគេគ្មានជំរើស ហើយត្រូវបង្ខំចិត្តចុះចូលជាបណ្ដោះអាសន្នជាមួយពួកជនផ្ដាច់ការ ដែលបានប្រើប្រាស់ការគំរាមកំហែងផង និងការប្រើលុយកាក់ទិញទឹកចិត្តផង។
ទោះជាយ៉ាងណា លោកយល់ថា អ្នកដែលទៅ ចុះចូលជាមួយមនុស្សអាក្រក់នោះ គឺទៅតែខ្លួនទេ តែចិត្តនៅដដែល គឺនៅតែឱ្យ តម្លៃដល់ឧត្តមគតិដើមដ៏ប្រពៃរបស់ខ្លួន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីយប់ថ្ងៃទី២៥ កុម្ភៈ បានប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតព្រឹទ្ធសភាថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរបាន ៣អាសនៈ ក្នុងចំណោមអាសនៈប្រកួតប្រជែងសរុបចំនួន៥៨។
ឆ្លើយតបចំពោះការលើកឡើងរបស់លោក សម រង្ស៊ី នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ កុម្ភៈ ថា នោះជាវប្បធម៌របស់លោក សម រង្ស៊ី ដែលដាក់កំហុសលើអ្នកដទៃ គេចពីបរាជ័យ និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅធ្វើឱ្យមហាជនមានការយល់ច្រឡំតែប៉ុណ្ណោះ។
លោក សុខ ឥសាន៖ «យ៉ាងណាក៏ដោយ យើងឃើញថា លទ្ធផលបោះឆ្នោតបឋមត្រូវបានប្រកាសផ្សាយជាសាធារណៈរួចហើយ ដោយគ.ជ.ប។ អ៊ីចឹងនេះ ជាឆន្ទៈរបស់អង្គបោះឆ្នោតយើងត្រេកអរចំពោះការសម្រេចចិត្តរបស់អង្គបោះឆ្នោត អត់មានបញ្ហាអីទេ ទោះបីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់និយាយម៉េចក៏ដោយ ក៏អត់មានប្រសិទ្ធភាពអីទេ ពីព្រោះលទ្ធផលបានចេញ ឃើញទាំងអស់គ្នាហើយទូទាំងប្រទេស»។
បើទោះជាទទួលបាន ៣កៅអីនៅព្រឹទ្ធសភាក្តី អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា លើកឡើងថា ប្រសិនបើ អ្នកប្រជាធិបតេយ្យរួបរួមគ្នា និងគ្មានការអូសទាញពីបក្សគូប្រជែងផងនោះ បក្សប្រឆាំងអាចទទួលបានសំឡេងក្នុងព្រឹទ្ធសភាលើសពី ៣កៅអីទៅទៀត។
លោក គង់ មុនីកា រំពឹងថា ការរបស់គណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈព្រឹទ្ធសភាអាណត្តិទី ៥ យ៉ាងហោចណាស់ក៏ ៦ កៅអីដែរ ប៉ុន្តែលោកសោកស្ដាយ ដែលគណបក្សនេះ ទទួលបានតែ ៣កៅអី។
លោក គង់ មុនីកា៖ «អង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតនេះ គឺត្រូវតែមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតហើយ ហើយនឹងភាពស្មោះត្រង់ជាមួយគណបក្សនយោបាយ ដែលខ្លួនបានឈរឈ្មោះជាប់ឆ្នោតហ្នឹង។ ដូច្នេះ ហើយខ្ញុំគិតថា មិនដឹងអង្គបោះឆ្នោតមួយចំនួន មានការលំបាកយ៉ាងម៉េចនោះទេ ប៉ុន្តែចង់ឱ្យបន្តរក្សាជំហរស្មោះត្រង់ជាមួយគណបក្ស ជាពិសេសចំពោះប្រជាពលរដ្ឋដែលបានគាំទ្រខ្លួនឱ្យបានរឹងមាំ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បញ្ចេញទស្សនៈថា ចេញពីលទ្ធផលបោះឆ្នោតព្រឹទ្ធសភានេះ គួរតែជាមេរៀនចុងក្រោយសម្រាប់ដាស់ស្មារតី អ្នកនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យទាំងឡាយ ឱ្យមានភាពចាស់ទុំជាងមុន ហើយចេះផ្សះផ្សាចងសម្ព័ន្ធគ្នាឱ្យរឹងមាំ។
លោកថា អ្នកប្រជាធិបតេយ្យគួរបង្ហាញភាពទន់ភ្លន់ស្វែងរកការជជែកគ្នា ហើយស្ដាប់បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
លោក សេក សុជាតិ៖ «អ្នកប្រជាធិបតេយ្យទទួលបានលទ្ធផលលើកនេះ ចាត់ទុកជាមេរៀនចុងក្រោយចុះ។ ខ្ញុំសង្ឃឹមថា នឹងមិនមានមេរៀនណាអាក្រក់ជាងមេរៀនលើកហ្នឹងទេ ហើយអ្នកប្រជាធិបតេយ្យអាចងាកមកចងសម្ព័ន្ធរៀបចំយុទ្ធសាស្ត្ររួមគ្នាឡើងវិញ សម្រាប់ត្រៀមធ្វើការបោះឆ្នោតនៅក្នុងនីតិកាលក្រោយៗសម្រាប់ការបោះឆ្នោត ឃុំសង្កាត់ ២០២៧ និងឆ្នាំ២០២៨ ហើយម៉ោងនេះ គ្រាន់តែជាមេរៀនមួយ ដែលខ្ញុំគិតថា ល្មមសាកសមឱ្យអ្នកប្រជាធិបតេយ្យរៀនសូត្រហើយកុំមានៈ»។
ចំណែកទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុន ឈុន យល់ស្របនឹងការលើកឡើងរបស់អ្នកឃ្លាំមើលដោយលើកឡើងថា ទាល់តែមានការរួបរួមកម្លាំងប្រជាធិបតេយ្យ ទើបក្រុមប្រឆាំងអាចដណ្ដើមបានជ័យជម្នះ។
លោក រ៉ុង ឈុន៖ «គណបក្សកម្លាំងជាតិ បើកផ្លូវ បើកជំហរទទួលរងការស្វាគមន៍ការជជែកគ្នា ដើម្បីរកដំណោះស្រាយដំណើរទៅមុខតទៅទៀត»។
អ្នកឃ្លាំមើលលើកឡើងថា ក្រៅពីមានព័ត៌មានចោទប្រកាន់ពីការទិញទឹកចិត្តអង្គបោះឆ្នោត ក៏មានមូលហេតុ នៃការប្រជែងអង្គបោះឆ្នោតគ្នា រវាងគណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ ដែលធ្វើឱ្យគណបក្សឆន្ទៈខ្មែរ ឈ្នះបានតែ ៣កៅអីនៅក្នុងព្រឹទ្ធសភា។
ទោះជាបែបនេះក្តី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកដោយបង្ហាញនូវភាពជឿជាក់ថា កាលៈទេសៈនយោបាយ នឹងប្រែប្រួលនៅថ្ងៃណាមួយ ដែលនឹងបើកផ្លូវឱ្យអ្នកប្រជាធិបតេយ្យខ្មែរទាំងអស់ ដែលស្រឡាញ់សេរីភាព និងយុត្តិធម៌ អាចរួបរួមគ្នាជាធ្លុងមួយឡើងវិញ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដែលប្រជារាស្ត្រខ្មែរភាគច្រើន រង់ចាំយូរណាស់មកហើយនៅក្នុងជម្រៅចិត្តរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។