ការបោះឆ្នោតព្រឹទ្ធសភា និងការត្រលប់មកច្បាមអំណាចរបស់លោក ហ៊ុន សែន
2024.02.22
ការវិលត្រលប់របស់ឪនាយករដ្ឋមន្ត្រីក្រាញអំណាច លោក ហ៊ុន សែន មកគ្រប់គ្រងស្ថាប័នព្រឹទ្ធសភាក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នេះ នាំឱ្យមានក្តីព្រួយបារម្ភជារួមថា ត្រកូល «ហ៊ុន» កំពុងក្តោបក្តាប់អំណាចស្ថាប័នកំពូលៗរបស់ជាតិផ្ដាច់មុខដោយគ្មានការត្រួតពិនិត្យពីការរំលោភអំណាច។ មន្ត្រីបក្សកាន់អំណាចថ្លែងការពារថាជាការបែងចែកអំណាចដែលធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាអាណត្តិទី៥ ពេលនេះកំពុងក្លាយជាព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍។ នេះគឺដោយសារតែការបោះឆ្នោតនេះ ធ្វើឡើងដើម្បីធ្វើឱ្យស្របច្បាប់ និងបំពេញមហិច្ឆតាបន្តក្រាញអំណាចផ្ដាច់មុខគ្មានដែនកំណត់របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងមកធ្វើជាប្រធានព្រឹទ្ធសភាជំនួសឱ្យលោក សាយ ឈុំ ដូចដែលលោកធ្លាប់បានប្រកាសនៅមុនពេលផ្ទេរអំណាចឱ្យកូនធ្វើនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន៖ «នៅក្នុងខែកុម្ភៈ ហើយអាចថា កោះប្រជុំព្រឹទ្ធសភានៅខែមីនា ខ្ញុំព្រះករុណាខ្ញុំពេលនោះនឹងក្លាយទៅជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជំនួសសម្តេច សាយ ឈុំ ដែលនឹងត្រូវឈប់។ នេះគឺជាការស្រុះស្រួល ហើយក៏បានទូលព្រះមហាក្សត្ររួចអស់ហើយផងដែរ»។
ការវិវត្តន៍ថ្មីៗនេះ នឹងនាំឱ្យត្រកូល «ហ៊ុន» អាចគ្រប់គ្រងអំណាចកំពូលៗរបស់ជាតិដោយចំហ និងគ្មានការលាក់លៀមតទៅទៀតឡើយ។ ការណ៍នេះក៏ជាការរំលោភទាំងស្រុងទៅលើគោលការណ៍បែងចែកអំណាចកំពូលៗរបស់រដ្ឋ។ លោក ហ៊ុន ម៉ាណែត ជាកូនគ្រប់គ្រងអំណាចនីតិប្រតិបត្តិក្នុងនាមជានាយករដ្ឋមន្ត្រី ខណៈឪពុកនឹងគ្រប់គ្រងអំណាចនីតិប្បញ្ញត្តិក្នុងនាមជាប្រធានព្រឹទ្ធសភា ដែលតម្រូវឱ្យលោក ហ៊ុន សែន ក្លាយជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ចាំចុះហត្ថលេខាប្រថាប់ត្រាឱ្យកូនលើព្រះរាជក្រឹត្យ និងព្រះរាជក្រម។
ជុំវិញបញ្ហានេះ អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត មើលឃើញថា ស្ថាប័នកំពូលៗរបស់ជាតិកំពុងត្រូវបានអ្នកនយោបាយយកមកបម្រើឱ្យផលប្រយោជន៍បុគ្គល បក្ខពួក និងគ្រួសារ ដែលជាការដើរបញ្ច្រាសគោលការណ៍ប្រជាធិបតេយ្យ។
លោក វ៉ន ចាន់ឡូត៖ «ដូចយើងឃើញទាំងអស់គ្នា ទាំងប្រព័ន្ធនីតិរដ្ឋ ទាំងប្រព័ន្ធតុលាការ ទាំងស្ថាប័នឯទៀតៗ គឺត្រូវបានប្រើប្រាស់សម្រាប់ជាប្រយោជន៍របស់បុគ្គលមួយក្រុម ឬក៏បក្សមួយ។ ដូច្នេះហើយចំណុចនេះដែលវាធ្វើឱ្យកម្ពុជាបានដើរប្រាសចាកពីគន្លងប្រជាធិបតេយ្យ ហើយដែលយើងឃើញថា ទាំងការបោះឆ្នោតមានទាំងរដ្ឋសភា មានទាំងការបោះឆ្នោតផ្សេងៗឯទៀតៗ ហាក់ដូចជាមិនបានអនុលោមទៅតាមក្រឹត្យក្រម ឬក៏នីតិវិធីដែលប្រជាពលរដ្ឋអាចប្រើប្រាស់នូវឆន្ទៈរបស់ខ្លួនបានដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ...»។
ឆ្លើយតបនឹងការរិះគន់នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងការពារថា ការតែងតាំងឥស្សរជនណាម្នាក់ឱ្យទៅគ្រប់គ្រងស្ថាប័នកំពូលៗរបស់ជាតិគឺជាឆន្ទានុសិទ្ធិរបស់គណបក្សឈ្នះឆ្នោតដែលលោកអះអាងថា ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ។
លោក សុខ ឥសាន៖ «ការបែងចែកអំណាចគឺមានចែងច្បាស់លាស់នៅក្នុងរដ្ឋធម្មនុញ្ញហើយ។ ដូច្នេះ គឺថា ទោះបីឥស្សរជនណាមកធ្វើជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញក៏ដោយ ក៏យើងនៅតែអនុវត្តទៅតាមតួនាទីភារកិច្ចដែលបានបែងចែកនៅក្នុងរដ្ឋធម្មនុញ្ញច្បាស់លាស់ហើយ។ ដូច្នេះ គ្មានរឿងអីទៅចោទប្រកាន់ថា គណបក្សប្រជាជនហ្នឹងដាក់ឥស្សរជនរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាល ឬមួយក្នុងអង្គនីតិប្បញ្ញត្តិនោះទេ។ ដូច្នេះហើយនេះជាសិទ្ធិសម្រេចរបស់គណបក្សឈ្នះឆ្នោត»។
ទោះយ៉ាងណា ក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ កម្ពុជាត្រូវបានប្រែក្លាយទៅជាការគ្រប់គ្រងតាមបែបឯកបក្ស។ បន្តិចម្តងៗភាពឯកបក្សនេះ កំពុងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្រោមការគ្រប់គ្រងដោយត្រកូល «ហ៊ុន» ស្ទើរតែទាំងស្រុងតាមបែបផ្ដាច់ការ។
អ្នកវិភាគនយោបាយ លោក សេង សារី មើលឃើញថា កត្តាមួយដែលនាំឱ្យលោក ហ៊ុន សែន វិលមកច្បាមអំណាចបន្ថែមបែបនេះ គឺដោយសារតែលោក ហ៊ុន ម៉ាណែត ជាកូនប្រុសនៅទន់ខ្សោយក្នុងការគ្រប់គ្រងអំណាចជានាយករដ្ឋមន្ត្រីនៅឡើយ។
លោក សេង សារី៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មើលឃើញថា កូនប្រុសច្បងរបស់គាត់ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្នហ្នឹង មិនទាន់រឹងដៃរឹងជើងនៅឡើយទេ។ រយៈពេល៦ខែហើយដែលលោក ហ៊ុន ម៉ាណែត ស្ថិតក្នុងដំណែងជានាយករដ្ឋមន្ត្រី ប៉ុន្តែ មិនទាន់ឃើញមានអ្វីដែលជាដុំកំភួន ហើយអាចធ្វើឱ្យផ្ទៃក្នុងរបស់គណបក្សកាន់អំណាច រួមទាំងមន្ត្រីរាជការហ្នឹង មិនសប្បាយចិត្ត ដែលរបៀបរបបដឹកនាំរបស់ខ្លួនមិនទាន់បានដោះស្រាយបញ្ហាជាតិធំៗ មិនទាន់បានដោះស្រាយបញ្ហាសំខាន់ៗដែលកំពុងតែកើតឡើងនៅកម្ពុជា»។
ការគ្រប់គ្រងស្ថាប័នព្រឹទ្ធសភារបស់លោក ហ៊ុន សែន ក៏អនុញ្ញាតឱ្យត្រកូល «ហ៊ុន» ក្លាយជាអ្នកបង្កើតព្រះមហាក្សត្រ និងគ្រប់គ្រងស្ថាប័នព្រះមហាក្សត្រ។ ក្រៅពីមានតំណែងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឋានៈស្មើនាយករដ្ឋមន្ត្រីហើយនោះ តំណែងជាប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យត្រកូល «ហ៊ុន» មានសំឡេងឆ្នោតរហូតដល់ទៅពីរសំឡេងរួចជាស្រេចក្នុងចំណោម៩សំឡេង ក្នុងក្រុមប្រឹក្សារាជបល្ល័ង្ក ប្រសិនបើមានការជ្រើសរើសព្រះមហាក្សត្រថ្មីនាពេលអនាគត។
ក្រៅពីនេះ ការវិលមកច្បាមអំណាចព្រឹទ្ធសភារបស់លោក ហ៊ុន សែន បែបនេះ ក៏ឆ្លុះបញ្ចាំងពីការបាត់បង់អំណាចជាអចិន្ត្រៃយ៍របស់មេៗគ្រាក់ៗក្នុងគណបក្សប្រជាជនកម្ពុជាដទៃទៀត ដែលធ្លាប់ជាអតីតមិត្តរួមអាវុធរបស់លោក ហ៊ុន សែន។ ពួកគេទាំងនោះមានដូចជា លោក ហេង សំរិន លោក សាយ ឈុំ លោក ស ខេង លោក ទៀ បាញ់ និងអ្នកស្រី ម៉ែន សំអន។
លោក សុខ ឥសាន បកស្រាយថា ការមិនឈរឈ្មោះក្នុងស្ថាប័នព្រឹទ្ធសភារបស់ក្រុមមេៗគណបក្សប្រជាជនកម្ពុជាទាំងនេះ គឺជាការស្ម័គ្រចិត្តរបស់ពួកគាត់។
លោក សុខ ឥសាន៖ «អត់មានមូលហេតុអីទេ គាត់មានការភ្ញាក់រឭកដោយខ្លួនឯង ពីព្រោះគាត់យល់ថា គាត់បានចូលរួមសកម្មភាពនយោបាយរាប់សិបឆ្នាំមកហើយ។ អ៊ីចឹងទេ សាមីជនរបស់គាត់ហ្នឹងគឺគាត់ស្ម័គ្រចិត្តមិនឈរឈ្មោះ គឺលាលែង ហើយគាត់នៅមិនមែនអត់ ឬបាត់បង់តួនាទីឯណា គឺគាត់ចូលជាសមាជិកឧត្តមទីប្រឹក្សាព្រះមហាក្សត្រហើយ ទៅមានបញ្ហាអី? គាត់នៅតែជាអនុប្រធានគណបក្សដដែល»។
ទោះយ៉ាងណា ដើមទុននយោបាយដែលអតីតយុទ្ធមិត្តលោក ហ៊ុន សែន ទាំងនេះបានសន្សំទុកអស់ស្ទើរពេញមួយជីវិតរបស់ពួកគេ ទំនងជាត្រូវយកមកចាក់ចោលនាពេលនេះ ខណៈត្រកូល «ហ៊ុន» ដណ្តើមយកមកគ្រប់គ្រងស្ទើរតែទាំងស្រុង។ គ្មានឡើយឱកាសដែលពួកគេអាចវិលត្រលប់មករក្សាតុល្យភាពអំណាចក្នុងជួរបក្សវិញបាន ស្របពេលដែលលោក ហ៊ុន ម៉ាណែត ក៏ត្រូវគេរំពឹងថា កំពុងត្រៀមឡើងក្លាយជាប្រធានគណបក្សប្រជាជនកម្ពុជាជំនួសឪ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកលដែលមានអង្គបោះឆ្នោតជាសមាជិកតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង។ ការបោះឆ្នោតអាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ មានគណបក្សនយោបាយចំនួន៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ គណបក្សប្រជាជនកម្ពុជា រំពឹងថា ខ្លួនអាចនឹងទទួលបានអាសនៈយ៉ាងតិច ៥០ ខណៈគណបក្សប្រឆាំងរំពឹងអាចដណ្តើមបានអាសនៈចំនួន៨។
ស្ថាប័នព្រឹទ្ធសភាត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ១៩៩៩ ជាផ្នែកមួយនៃដំណោះស្រាយនយោបាយដើម្បីបែងចែកអំណាចឱ្យអតីតប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម ខណៈលោក ហេង សំរិន គ្រប់គ្រងស្ថាប័នរដ្ឋសភា។ ព្រឹទ្ធសភាមានអាសនៈសរុប ៦២ ក្នុងនោះ ២អាសនៈតែងតាំងដោយស្ថាប័នព្រះមហាក្សត្រ និង២អាសនៈទៀត តែងតាំងដោយស្ថាប័នរដ្ឋសភា។ អាសនៈ ៥៨ទៀត ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតអសកលរៀងរាល់ ៦ឆ្នាំម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។