ក្រុមយុវជនចង់ឃើញការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តទៅដោយមានតម្លាភាព
2024.02.14
ក្រុមយុវជនចង់ឃើញការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅអាណត្តិទី៥ ខាងមុខមានការប្រកួតប្រជែងគ្នាដោយស្មើមុខស្មើមាត់ គ្មានការបំភិតបំភ័យ ឬធ្វើទុក្ខបុកម្នេញមន្ត្រីនៅតាមថ្នាក់មូលដ្ឋាន។ ការលើកឡើងនេះ ក្រោយបក្សប្រឆាំងអះអាងថា អង្គបោះឆ្នោតរបស់ខ្លួនត្រូវបានបង្ខំឱ្យបោះឆ្នោតឱ្យគណបក្សកាន់អំណាច។
ក្រុមយុវជនជំរុញឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខ ត្រូវរៀបចំឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ស្របតាមឆន្ទៈពលរដ្ឋពិតប្រាកដ។
អនុប្រធានក្លឹបបណ្ដុះបណ្ដាលយុវជនក្នុងសហគមន៍នៅខេត្តបាត់ដំបង កញ្ញា ញាម មុនីរស្មី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែកុម្ភៈ ថា ការបោះឆ្នោតសមាជិកព្រឹទ្ធសភាខាងមុខនេះ ហាក់មានភាពមិនប្រក្រតីមួយចំនួន ពោលគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាអង្គបោះឆ្នោតប្រឈមនឹងការបំភិតបំភ័យ និងគំរាមកំហែង។ កញ្ញាសង្កេតឃើញថា មិនថាការបោះឆ្នោតអសកល និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ គឺតែងតែមានមន្ត្រីបក្សកាន់អំណាចចែកអំណោយទិញទឹកចិត្តពលរដ្ឋ ឬចាប់សកម្មជនបក្សប្រឆាំងដាក់ពន្ធនាគារទាំងដែលគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។
កញ្ញា ញាម មុនីរស្មី៖ «ជាការកែប្រែនោះ គឺខ្ញុំគិតថា មិនមានអីក្រៅពីគោរពច្បាប់ហ្នឹងទេ ពីព្រោះយើងដឹងហើយថា ប្រទេសយើងគឺជាប្រទេសប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ ហើយយើងចូលរួមការបោះឆ្នោតហ្នឹងខ្ញុំគិតថា យើងគួរតែគោរពសិទ្ធិគ្នាទៅវិញទៅមក យើងគួរតែប្រកួតប្រជែងគ្នាដោយភាពស្មោះត្រង់ បើទោះមានការជាប់ធ្លាក់ ឬមួយការលទ្ធផលចេញមកយ៉ាងណា យើងគួរតែគោរពសិទ្ធិគ្នា ពីព្រោះយើងសុទ្ធសឹងតែខ្មែរដូចគ្នាទេ»។
ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅអាណត្តិទី៥ នឹងប្រព្រឹត្តនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលមានគណបក្សចំនួន៤ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច។
និស្សិតសិក្សាផ្នែកច្បាប់ កញ្ញា ហេង គឹមសួរ ថ្លែងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពិតជារឿងសំខាន់ដែលពលរដ្ឋគួរតែយកចិត្តទុកដាក់ និងតាមដាន ។ កញ្ញាបន្តថា ប្រសិនបើការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយមិនយុត្តិធម៌ទេ នោះពលរដ្ឋនឹងបាត់បង់ទំនុកចិត្ត ហើយនឹងធ្វើឱ្យកម្ពុជានឹងធ្លាក់ក្នុងវិបត្តិនយោបាយកាន់តែធ្ងន់ធ្ងរ។
កញ្ញា ហេង គឹមសួរ៖ «វាមិនមែនជាការបោះឆ្នោតដោយសុក្រឹត និងយុត្តិធម៌ទេ ធម្មតាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យតែងមានការបញ្ចេញមតិ តែងតែមានការរិះគន់ដើម្បីស្ថាបនាអ៊ីចឹងបើយើងក្នុងនាមជាយុវជន ក្នុងនាមជាពលរដ្ឋយើងឃើញចំណុចកន្លែងណាដែលវាមិនទាន់ល្អប្រសើរហើយនិយាយទៅ យើងរិះគន់ទៅអត់បានអាហ្នឹង វាខ្ញុំគិតថា វាមិនមែនជាការបោះឆ្នោតមួយប្រកបដោយគុណភាពទេ»។
ការអំពាវនាវរបស់ក្រុមយុវជនដែលចង់ឃើញការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាប្រព្រឹត្តទៅដោយសុក្រឹត និងយុត្តិធម៌ គឺដោយសារតែពួកគាត់សង្កេតឃើញថា សមាជិកអង្គបោះឆ្នោតប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រឆាំងតែរងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ។ ជាក់ស្ដែងកាលពីថ្ងៃទី០៩ ខែកុម្ភៈ គណបក្សភ្លើងទៀនដែលមានគណបក្សឆន្ទៈខ្មែរឈរឈ្មោះបោះឆ្នោតជំនួសឱ្យបានចេញសេចក្ដីថ្លែងការណ៍បង្ហាញថា អាជ្ញាធរមូលដ្ឋាននៅរាជធានី ខេត្តមួយចំនួនបានជួបលួងលោមបញ្ចុះបញ្ចូលឱ្យអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនបោះឆ្នោតឱ្យគណបក្សដទៃ ជាថ្នូរនឹងទទួលបានថវិកាមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខនេះ។
ឆ្លើយតបបញ្ហានេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា ថ្លែងថា គ.ជ.ប បានរៀបចំការបោះឆ្នោតព្រឹទ្ធសភាខាងមុខនេះដោយម៉ត់ចត់ និងមានភាពត្រឹមត្រូវដោយអនុលោមតាមនីតិវិធីនៃការបោះឆ្នោត និងគ្មានភាពមិនប្រក្រតីនោះឡើយ។
លោក ហង្ស ពុទ្ធា៖ «ទីមួយបើមានភាពមិនប្រក្រតីកើតឡើងក្នុងវង្វេងកិច្ចសហការមន្ត្រីរៀបចំការបោះឆ្នោតរវាងអាជ្ញាធរដែនដី និងគណៈអចិន្ត្រយ៍បោះឆ្នោតនឹងធ្វើការសម្រួល និងដោះស្រាយគ្នា ហើយប្រសិនបើដោះស្រាយមិនបានអាចប្ដឹងមកគណៈកម្មាធិការរៀបចំការបោះឆ្នោតហើយ គ.ជ.បនឹងពិនិត្យស្រាវជ្រាវលើបញ្ហាដែលកើតមានឡើង»។
ទោះជាយ៉ាងណា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កន្លងទៅ រងការរិះគន់ពីមតិជាតិ និងអន្តរជាតិថា ជាការបោះឆ្នោតក្លែងក្លាយ និងគ្រាន់តែជាព្រឹត្តិការណ៍រៀបចំឡើងបង្គ្រប់កិច្ចដើម្បីឱ្យលោក ហ៊ុន សែន អាចបន្តក្ដោបក្ដាប់អំណាច និងផ្ទេរអំណាចនេះទៅឱ្យកូនច្បងរបស់លោកគឺលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ កត់សំគាល់ថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាគឺពុំមានអ្វីជាបញ្ហាត្រូវចោទឡើយ។ ក៏ប៉ុន្តែលោកថា ប្រសិនបើប្រជាធិបតេយ្យនៅតែមិនបង្រួបបង្រួមគ្នានោះទេ កម្ពុជាប្រឈមនឹងវិបត្តិនយោបាយ ហើយការបោះឆ្នោតក្រោយៗទៀតក៏នៅតែមិនសេរី និងយុត្តិធម៌។
លោក សេក សុជាតិ៖ «អ្វីដែលសំខាន់ហ្នឹងគឺអ្នកប្រជាធិបតេយ្យទេ ដែលធ្វើការត្រិះរិះពិចារណា បង្រួបបង្រួមគ្នាហើយធ្វើការបែងចែកមណ្ឌលគ្នា ដើម្បីកុំឱ្យបែកសំឡេងឆ្នោត ការជ្រើសតាំងសមាជិកព្រឹទ្ធសភា ប្រសិនបើមិនអាចធ្វើការបែងចែកឱ្យបានច្បាស់លាស់ទេ វាធ្វើឱ្យមានការប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅដល់សំឡេងអ្នកប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា ប្រសិនបើពួកគាត់ចង់ដោះស្រាយបញ្ហាធំៗទៅថ្ងៃក្រោយ»។
ការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភានៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះមានអង្គបោះឆ្នោតជិត ១ម៉ឺន ២ពាន់នាក់ (១១.៧៤៧) ក្នុងនោះតំណាងរាស្ត្រក្នុងតំណែងចំនួន១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងចំនួនជាង ១ម៉ឺន ១ពាន់ (១១.៦២២) នាក់។
ក្រុមយុវជនទទូចឱ្យគ.ជ.ប រៀបចំការបោះឆ្នោតដោយតម្លាភាព ហើយបើរកឃើញថា គណបក្សនយោបាយណាមួយដើរអូសទាញ និងយកលុយទិញទឹកចិត្តសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ជាអង្គបោះឆ្នោតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតខាងមុខនេះ គ.ជ.ប គួរតែអនុវត្តតាមនីតិវិធីច្បាប់។ ពួកគាត់លើកឡើងថា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការបោះឆ្នោតខាងមុខនេះ គួរតែមានការចូលរួមពីគ្រប់ភាគីគណបក្សនយោបាយដើម្បីប្រកួតប្រជែងគ្នាដោយស្មើភាពគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។