មតិលើបណ្ដាញសង្គម៖ បិទអាស៊ីសេរី ដូចបើកដៃឱ្យរបបផ្ដាច់ការធ្វើព្យុះធ្វើភ្លៀងពេញពិភពលោក

អ្នកប្រើប្រាស់បណ្ដាញសង្គម និងសកម្មជនសង្គម ព្រមទាំងអ្នកអត្ថាធិប្បាយនយោបាយ សោកស្ដាយ បើសិនវិទ្យុអាស៊ីសេរីប្រឈមមុខនឹងផ្អាកការផ្សាយរបស់ខ្លួននាពេលខាងមុខ។ពួកគាត់មិនចង់ឲ្យវិទ្យុមួយនេះ ផ្អាកដំណើរការផ្សាយនោះទេ ព្រោះបើអត់អាស៊ីសេរី ប្រៀបដូចអត់មានអ្នករូតវាំងននសង្គម បាត់វិទ្យុអាស៊ីសេរី នឹងបាត់ព័ត៌មានពិត ហើយសង្គមកម្ពុជានឹងប្រែទៅជាពិភពដ៏ខ្មៅងងឹត។

Audiences comment on Facebook over RFA Khmer closing.
កូដករណាហ្គាវើលដ៍ និងយុវជនចលនាមាតាធម្មជាតិ បង្ហោះសារលើហ្វេសប៊ុក ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តជួយដល់ការផ្សាយរបស់វិទ្យុអាស៊ីសេរី។ (រូបភាពពីបណ្ដាញសង្គម)

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​សកម្មជន​សង្គម​ ចាត់​ទុក​វិទ្យុ​អាស៊ីសេរី​ជា​កញ្ចក់​ឆ្លុះ​សង្គម​ ផ្ដល់​នូវ​ព័ត៌មាន​ពិត​ អត់​លម្អៀង​ និង​ប្រៀប​ដូច​ជា​អាហារ​ប្រចាំថ្ងៃ​ដែល​មិន​អាច​ខ្វះ​បាន។

យើង​ខ្ញុំ​ពិត​ជា​សោកស្តាយ​រក​ទី​បំផុត​គ្មាន ប្រសិន​បើ​គ្មាន​អាស៊ីសេរី​ សំឡេង​យើង​ជា​ជន​រង​គ្រោះ​ក៏​មិន​មាន​ដែរ។

—  សារលើហ្វេសប៊ុករបស់ប្រធានសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ
មតិលើបណ្តាញសង្គម៖ «បិទខ្ទប់វិទ្យុអាស៊ីសេរី ដូចបើកដៃឱ្យរបបផ្ដាច់ការធ្វើព្យុះធ្វើភ្លៀងពេញពិភពលោក» អ្នកប្រើប្រាស់បណ្ដាញសង្គម និងសកម្មជនសង្គម ព្រមទាំងអ្នកអត្ថាធិប្បាយនយោបាយ សោកស្ដាយ បើសិនវិទ្យុអាស៊ីសេរីប្រឈមមុខនឹងផ្អាកការផ្សាយរបស់ខ្លួននាពេលខាងមុខ។

ចំណែកលោក ​អាឡិច ស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិ និង​លោក​ គឹម សុខ​ អ្នក​អត្ថាធិប្បាយ​នយោបាយ​ បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ​នៅ​យប់​ថ្ងៃ​អង្គារ ទី​១៨ ខែ​មីនា ដែរ​ថា ពួក​លោក​ក៏​សោក​ស្តាយ​ជា​ខ្លំាង​ណាស់​ដែរ​ បើ​វិទ្យុ​អាស៊ីសេរី មិន​អាច​បន្ត​សកម្មភាព​របស់​ខ្លួន​បាន។

ទោះបីយ៉ាងណាក៏ដោយ ពួក​គាត់​យល់​ថា អាស៊ីសេរី នៅ​តែ​ស្ថិត​ក្នុង​បេះដូង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ជាពិសេស​អ្នក​ស្រឡាញ់​ការ​គោរព​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ។

រាល់​ថ្ងៃ​កុំ​តែ​បាន​វិទ្យុ​RFA​ទេ​ ដែល​ជួយ​អោយ​ប្រជាជន​ដឹង​ពត័មាន​ជា​ច្រើន បើ​នៅ​ស្រុក​ខ្មែរ​វិញ​ មិន​មាន​អ្នកណា​ហ៊ាន​ផ្សាយ​អំពី​រឿង​គ្រប់​យ៉ាង​នោះ​ទេ​ ជា​ពិសេស​រឿង​ជាតិ​នឹង​ម៉ង។

—  សារម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីង ជីង

វា​ជា​ដំណឹង​ដ៏​សោក​សៅ​មួយ​សម្រាប់​ខ្ញុំ ក្នុង​នាម​ជា​អ្នក​គាំទ្រ​វិទ្យុ​អាស៊ីសេរី​ អស់​រយៈ​ពេល​ជិត​២០​ឆ្នាំ តាំង​ពី​មិន​ទាន់​មាន Smart ​Phone ហើយ​ស្ដាប់​តាម​វិទ្យុ។ ខ្ញុំ​ស្ពាយ​វិទ្យុ​ទៅ​ស្រែ​ដក​ស្ទូង។ អាស៊ីសេរី​តែង​តែ​កំដរ​ខ្ញុំ​ធ្វើ​កិច្ចការ​សាលា​រហូត​ដល់​យប់​ជ្រៅ​រៀងរាល់​ពេល​ខ្ញុំ​នៅ​វិទ្យាល័យ​ រហូត​ដល់​ឥឡូវ ​មាន​ស្មាត​ហ្វូន​ក៏​នៅ​តែ​ស្ដាប់​។ អាស៊ីសេរី​បាន​ផ្ដល់​ចំណេះ​ដឹង និង​ព័ត៌មាន​ពិត​ជា​ច្រើន​រាប់​មិន​អស់​ ប្រសិន​បើ​អាស៊ី​​សេរី លែង​បាន​ដំណើរការ​ទៀត ស្មើ​នឹង​យើង​បាន​បាត់​អ្នក​រូត​វាំងនន​សង្គម ហើយ​យើង​នឹង​បាត់​បង់​អ្នក​ដែល​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ពត៌មាន​ពិត​មិន​លម្អៀង​ដ៏​សំខាន់​មួយ​អញ្ចឹង​ដែរ។ អរគុណ​ចំពោះ​រយៈ​ពេល​កន្លង​មក​នេះ ​តែ​យ៉ាង​ណា​ក៏​សង្ឃឹម​ថា​នឹង​មាន​ការ​កែ​ប្រែ​ណា​មួយ​នៅ​ថ្ងៃ​អនាគត​ដែល​អាច​ឲ្យ​វិទ្យុ​នេះ​អាច​ដំណើរការ​ធម្មតា​វិញ​។

—  សារម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជេន ជេន (Jen Jen )

វិទ្យុ​ដែល​ខ្ញុំ​ធ្លាប់​ស្ដាប់​តាំង​តែ​ពី​ខ្ញុំ​នៅ​ក្មេង​ជា​មួយ​​លោក​តា​ខ្ញុំ​កាល​គាត់​នៅ​មាន​ព្រះជន្ម រហូត​ដល់​ជំនាន់​ខ្ញុំ​ ឥឡូវ​មក​បិទ​ ខ្ញុំ​ពិត​ជា​សោកស្ដាយ​ខ្លាំង​ណាស់​។ លោក​តា​ខ្ញុំ​តែង​តែ​ប្រើ​អោយ​ខ្ញុំ​ប្ដូរ​ថ្ម​វិទ្យុ​ដើម្បី​ស្ដាប់​វិទ្យុ​អាស៊ីសេរី​រហូត កាល​នោះ​មាន​តែ​វិទ្យុ​ទេ​ដែល​ផ្សាយ​ ឥឡូវ​មក​បិទ? ថ្ងៃ​ខ្លះ​អត់​មាន​លុយ​ទិញ​ថ្ម​ថ្មី​ត្រូវ​យក​ថ្ម​ចាស់​ទៅ​ហាល​ថ្ងែ ​ដើម្បី​បាន​ប្រើ​ម្ដង​ទៀត​ក៏​មាន​ដែរ។

—  សារម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ជីវិត ថ្មី

ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ដែល​តែង​តែ​គាំ​ទ្រ​ ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្ដាយ​ណាស់​នៅ​ពេល​បាន​ឃើញ​ព័ត៌មាន​បែប​នេះ ខ្ញុំ​មិន​ដឹង​ថា​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ គាត់​គិត​បែប​ណា​នោះ​ទេ​ នៅ​ពេល​ដែល​បិទ​ខ្ទប់​វិទ្យុ​ដែល​និយាយ​ព័ត៌មាន​ពិត​ ដូច​យើង​បើក​ដៃ​ឱ្យ​របប​ផ្ដាច់ការ​មួយ​ចំនួន​ ធ្វើ​ព្យុះ ​ធ្វើ​ភ្លៀង ​ពេញ​ពិភព​លោក។

—  សារម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុផល ត្រុន

ដោយ​ឡែក​ម្ចាស់​គណនីហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ ដែល​មាន​ឈ្មោះ​ថា ថាវរី អ៊ុង (Thavary Ung) គាត់​បាន​បញ្ចេញ​មតិ ចង់​ឲ្យ​វិទ្យុ​អាស៊ីសេរី​ ផ្នែក​ភាសា​ខ្មែរ​ផ្តល់​ឱកាស​ឲ្យ​ប្រិយមិត្ត​អាស៊ីសេរី​ទាំង​អស់ ចូល​រួម​ជួយ​គាំទ្រ​វិទ្យុ​មួយ​នេះ​ នៅ​តែ​អាច​ដំណើរការ​ទៅ​មុខ​ទៀត​ដូច​ធម្មតា​។

តើ​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ជួយ​អ្វី​បាន​ខ្លះ​ទេ? ​សូម​អាស៊ីសេរី​ប្រាប់​មក​ពួក​យើង​ផង​? ព្រោះ​យើង​ជា​អ្នក​ប្រជាធិបតេយ្យ​ ត្រូវការ​ព័ត៌មាន​ពិត ត្រូវ​ការ​វិទ្យុ​អាស៊ីសេរី ​ខ្លាំង​ណាស់​។

—  សារម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ថាវរី អ៊ុង (Thavary Ung)

វិទ្យុ​អាស៊ីសេរី បាន​ចាប់​ផ្ដើម​ការ​ផ្សាយ​ដំបូង​របស់​ខ្លួន​ជា​ភាសា​ចិនកុកងឺ (Mandarin) កាល​ពី​ឆ្នាំ​១៩៩៦​ ហើយ​បាន​ពង្រីក​ការ​ផ្សាយ​ជា​បន្តបន្ទាប់​ទៀត​រហូត​ដល់​ ៩​ភាសា ​រួម​មាន​៖ ភាសា​ចិន​កាតាំង (Cantonese) អ៊ុយហ្គ័រ (Uyghur) ទីបេ (Tibetan) កូរ៉េ (Korea) ខ្មែរ (Khmer) វៀតណាម (Vietnamese), ភូមា (Burmese), និងឡាវ (Lao)។

រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក បាន​បញ្ចប់​ការ​ផ្តល់​ជំនួយ​ថវិកា​ដល់​វិទ្យុ​អាស៊ីសេរី និង​បណ្ដាញ​វិទ្យុ​ដៃ​គូ​ដទៃ​ទៀត​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ​ទី​១៥​ ខែ​មីនា​។ ឆ្លើយ​តប​នឹង​ការ​សម្រេច​នេះ នាយិកា​វិទ្យុ​អាស៊ីសេរី អ្នកស្រី​ បេយ៍ ហ្វាង (Bay Fang) ថ្លែង​ថា​ ស្ថាប័ន​វិទ្យុ​អាស៊ីសេរី ​នឹង​តវ៉ា​ជំទាស់​នឹង​សេចក្តី​សម្រេច​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។