លោក ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងស្នងការរាជធានី-ខេត្ត ត្រូវធ្វើជាម្ចាស់ការ បោសសម្អាតទីតាំងឆបោកតាមអនឡាញឱ្យអស់ពីភូមិសាស្ដ្ររបស់ខ្លួន និងបានបញ្ជាឱ្យមេបញ្ជាការទ័ពជើងគោក ជើងទឹក រួមទាំងកងទ័ពពិសេស កងទ័ពនៅបញ្ជាការដ្ឋានកងអង្គរក្ស កងពលតូចលេខ៧០ និងកងរាជអាវុធលើផ្ទៃប្រទេស ត្រូវត្រៀមកម្លាំងចេញប្រតិបត្តិការគាំទ្រដល់វិធានការបោសសម្អាតនេះ។
នៅបទបញ្ជាស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬអនឡាញ(Online) ចុះថ្ងៃទី១៤ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សកម្មភាពឆបោកតាមអនឡាញ កំពុងគំរាមកំហែងនិងបង្កអសន្ដិសុខក្នុងតំបន់និងពិភពលោក ដែលតម្រូវឱ្យកម្ពុជាត្រូវរួមចំណែកប្រយុទ្ធប្រឆាំងនឹងករណីឆបោកនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ នៅក្នុងបទបញ្ជានេះបានបញ្ជាក់ថា ក្រសួងមហាផ្ទៃត្រូវតែបណ្ដេញជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពខុសច្បាប់ ហើយអភិបាលខេត្តនៅតាមព្រំដែន ត្រូវទប់ស្កាត់ជនបរទេសដែលលួចឆ្លងដែនខុសច្បាប់ទាំងតាមផ្លូវគោកនិងផ្លូវទឹក រួមទាំងការចុះត្រួតពិនិត្យតាមកាស៊ីណូ ដើម្បីទប់ស្កាត់ការចាប់ជំរិត ការធ្វើទារុណកម្ម និងបង្ខាំងមនុស្សដោយខុសច្បាប់ ការជួញដូរមនុស្ស និងផ្លូវភេទ ការជួញដូរអាវុធ និងគ្រឿងញៀនជាដើម។

បន្ទាប់ពីមានបទបញ្ជាពីលោក ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌បានព្យួរតួនាទីព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ គឺលោក គ្រី សីហា ពាក់ព័ន្ធការដោះលែងជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តពោធិ៍សាត់។ ស្រដៀងគ្នានេះ យ៉ាងហោចណាស់ជនសង្ស័យជិត២០០នាក់ដែលសុទ្ធសឹងជាជនបរទេសត្រូវបានចាប់ខ្លួន។ អាជ្ញាធររាជធានី ភ្នំពេញ បានបង្រ្កាបបទល្មើសឆបោកអនឡាញពីរកន្លែង ឃាត់ជនសង្ស័យជាង១០០នាក់ ក្នុងនោះដូចជា ជនជាតិចិន វៀតណាម តៃវ៉ាន់។ ចំណែកនៅខេត្តព្រះសីហនុ សមរត្ថកិច្ច បង្ក្រាបទីតាំងសង្ស័យឆបោកតាមអនឡាញចំនួន៦កន្លែង និងឃាត់បានជនជាតិវៀតណាម៦៣នាក់ និងខ្មែរម្នាក់ បួករួមទាំងឧបករសម្ភាសមួយចំនួនទៀត។
ចំណាត់ការរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅពេលនេះ បានធ្វើឡើងស្របពេលប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន រូមមានភូមា ឡាវ ថៃ និងកម្ពុជា គឺជា
មជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមឧក្រិដ្ឋជនឆ្លងដែនដ៏ធំមួយរបស់ពិភពលោក ពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការចាប់ចំរិត និងការឆបោកតាមអនឡាញ។

កាលពីចុងខែមិថុនាអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញផ្សាយរបាយការណ៍ស្ដីពីការរកឃើញទីតាំងឆបោកចំនួន៥៣កន្លែង និងទីតាំងសង្ស័យជាកន្លែងឆបោកចំនួន៤៥កន្លែងផ្សេងទៀតនៅកម្ពុជា។ អង្គការនេះបានបញ្ជាក់ថា ទីតាំងឆបោកទាំងនោះ ភាគច្រើនគ្រប់គ្រងដោយក្រុមជនសង្គមងងឹតចិន ដែលទីតាំងខ្លះ បានប្រើបន្ទប់ងងឹតធ្វើជាគុកសម្រាប់ដាក់ទោសនិងធ្វើទារុណកម្ម រួមទាំងប្រើខ្សែនិងដំបងឆក់លើបុគ្គលិក ដែលមានទាំងស្រ្ដីនិងកុមារ ដើម្បីបង្ខំឱ្យធ្វើរូបសកម្មភាពឆបោកតាមអនឡាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។