មន្ត្រីក្រសួងការពារជាតិ៖ ចិនត្រៀមខ្លួនចូលរួមជាអ្នកសង្កេតការណ៍បទឈប់បាញ់កម្ពុជា-ថៃ

មន្ត្រីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ចិនបានប្រកាសត្រៀមខ្លួនចូលរួមធ្វើជាអ្នកសង្កេតការណ៍បទឈប់បាញ់រវាងកម្ពុជា-ថៃ ដើម្បីជួយឱ្យស្ថានភាពព្រំដែនវិលទៅរកសភាពដូចដើមវិញ។ ការលើកឡើងនេះ ស្របពេលម៉ាឡេស៊ីចង់ឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិ ចូលរួមជាមួយអ្នកសង្កេតការណ៍អាស៊ាន។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​អ្នកស្រី ម៉ាលី សុជាតា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី២២ ខែសីហា​ថា ភាគី​ប្រទេស​ចិន​បាន​អះអាង​ថា នឹង​បន្ត​ឃ្លាំមើល​ផល​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន ហើយ​ត្រៀម​ដាក់​អ្នក​សង្កេតការណ៍​ឱ្យ​ចូលរួម​ឃ្លាំមើល​បទ​ឈប់​បាញ់។

អ្នកស្រី ម៉ាលី សុជាតា៖ «​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ចូលរួម​ជា​អ្នក​សង្កេតការណ៍ ជួយ​ដល់​ផ្នែក​បច្ចេកទេស ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​បទ​ឈប់​បាញ់​របស់​កម្ពុជា-ថៃ ឈាន​ដល់​ការ​រក​ដំណោះស្រាយ​វិល​ត្រឡប់​មក​វិញ​នូវ​ប្រក្រតីភាព​»។

ការ​លើកឡើង​នេះ ក្រោយ​ពី​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ក្នុង​ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាន​លើកឡើង​ពី​គំនិត​ផ្ដួចផ្ដើម​ស្នើ​ដាក់​អ្នក​សង្កេតការណ៍​អន្តរជាតិ ដែល​ជា​មន្ត្រី​អនុព័ន្ធ​យោធា​ពី​ស្ថាន ក្រៅ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ពង្រឹង​ការ​តាមដាន​បទ​ឈប់​បាញ់។

ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ស្ដីទី​ថៃ​បដិសេធ និង​ចាត់ទុក​ថា ការ​បន្ថែម​អ្នក​សង្កេតការណ៍​បទ​ឈប់​បាញ់​ក្រៅ​ពី​អនុព័ន្ធ​យោធា និង​មន្ត្រី​ស្ថានទូត​អាស៊ាន ជា​ការ​ជ្រៀតជ្រែត​ពី​ខាង​ក្រៅ ដោយ​អះអាង​ថា ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ជា​បញ្ហា​របស់​ប្រទេស​ចំនួន​ពីរ។

ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ពី​គំនិត​ផ្ដួចផ្ដើម​បន្ថែម​អ្នក​សង្កេតការណ៍​អន្តរជាតិនេះ ធ្វើ​ឡើង​ស្របពេល​កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែល​ជា​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ គ្រោង​ធ្វើ​ឡើង​ជា​លើក​ទី​២ នៅ​ខែ​កញ្ញា​ក្រោយ​នេះ បន្ទាប់​ពី​មាន​ការ​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា។

សូមរង់ចាំអានព័ត៌មានពិស្ដារ!