កម្ពុជាស្នើអាមេរិកជួយជំរុញឱ្យបទឈប់បាញ់កម្ពុជា-ថៃអនុវត្តប្រកបដោយប្រសិទ្ធភាព

កម្ពុជាបានស្នើទៅប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យបន្តជួយជំរុញការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធភាព អំឡុងពេលក្រុមសមាជិកសភាសហរដ្ឋអាមេរិកមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ប្រធាន​រដ្ឋសភា​អ្នកស្រី ឃួន សុដារី បាន​ស្នើ​ទៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) បន្ត​ជួយ​លើកកម្ពស់​ការ​អនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ជួយ​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្ដិវិធី។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​សមាជិក​សភា​ប្រចាំ​រដ្ឋតិចសាស់ (Texas) អ្នកស្រី បេត វ៉ាន់ ដាយ (Beth Van Duyne) នៅ​វិមាន​រដ្ឋសភា​ថ្ងៃ​ទី ២៨ ខែសីហា។

ទំព័រ​ហ្វេសប៊ុក​រដ្ឋសភា​បាន​ចុះ​ផ្សាយ​ថា បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ អ្នកស្រី បេត វ៉ាន ដាយ បាន​ដឹកនាំ​សមាជិក​សភា​មក​ពី​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ មក​បំពេញ​ទស្សនកិច្ច​កម្ពុជា ដើម្បី​លើកកម្ពស់​ចំណង​មិត្តភាព​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​លើ​គ្រប់​វិស័យ រាប់​ចាប់​តាំង​ពី​សេដ្ឋកិច្ច​ពាណិជ្ជកម្ម អប់រំ បច្ចេកវិទ្យា និងសុខ​សន្ដិភាព​ជាដើម។

នៅ​ក្នុង​ជំនួប​នោះ អ្នកស្រី ឃួន សុដារី បាន​អរគុណ​ប្រធានាធិបតី​សហរដ្ឋអាមេរិក រួម​ទាំង​ប្រធាន​ប្ដូរ​វេន​អាស៊ាន​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី អាន់វ៉ា អីប្រាហ៊ីម (Anwar Ibrahim) និង​ប្រទេស​ចិន ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​ទី ២៨ ខែកក្កដា ប៉ុន្តែ​អ្នកស្រី​ថា បទ​ឈប់​បាញ់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ផុយ​ស្រួយ​នៅ​ឡើយ និង​ចង់​ឱ្យ​សហរដ្ឋអាមេរិក​ចូលរួម​សង្កេតការណ៍។

ក្រៅ​ពី​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា​កម្ពុជា ក្រុម​សមាជិក​សភា​អាមេរិក ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​វិមាន​សន្ដិភាព។ កាល​ពី​ថ្ងៃ​ទី២៧ ខែសីហា លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ថា លោក​ទទួល​បាន​លិខិត​ឆ្លើយតប​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ដែល​អរគុណ​ចំពោះ​លិខិត​របស់​លោក​គាំទ្រ​លោក ដូណាល់ ត្រាំ ជា​បេក្ខភាព​ពានរង្វាន់​សន្ដិភាព​ពិភពលោក (Nobel Peace Prize)។

នៅ​ក្នុង​លិខិត​នោះ លោក ដូណាល់ ត្រាំ បាន​លើកឡើង​ថា លោក​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ ដែល​បាន​ជួយ​អាយុ​ជីវិត​មនុស្ស​រាប់​ពាន់ ហើយ​បច្ចុប្បន្ន​នេះ កម្ពុជា​និង​សហរដ្ឋអាមេរិក​អាច​ផ្ដោត​លើ​ភាព​រុងរឿង​នៃ​ប្រទេស​ទាំង​ពីរ។

ទោះយ៉ាងណា ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​លើកឡើង​ថា យោធា​ថៃ​បាន​បំពាន​លើ​លក្ខខណ្ឌ​បទ​ឈប់​បាញ់​ជាបន្តបន្ទាប់ ដូចជា​ការ​ពង្រាយ​កម្លាំង​ទ័ព​និង​រាយ​បន្លា​លួស​បំពាន​ចូល​ទឹក​ដី​កម្ពុជា ការ​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ផ្ទះ​សម្បែង​ដើម្បី​រាយ​បន្លា​លួស​និង​ដាក់​កង់ឡាន ការ​ឈូស​ឆាយ​ធ្វើ​ផ្លូវ ការ​ជីក​ធ្វើ​លេណដ្ឋាន និង​ការ​គំរាម​ប្រើ​កម្លាំង​វាយ​ដណ្ដើម​ប្រាសាទ​តាក្របី​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។