សមត្ថកិច្ចដកហូតបានកាំភ្លើងវែងខ្លី១៣ដើមពីក្រុមជនជាតិចិនដែលបាញ់បោះគ្នានៅខេត្តព្រះសីហនុ

ក្រុមសមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបានក្រុមជនសង្ស័យរបស់ជនជាតិចិនចំនួនពីរក្រុម ដែលបានបាញ់បោះគ្នាដោយសេរី និងបានដកហូតបានកាំភ្លើងចំនួន១៣ដើម ក្នុងនោះកាំភ្លើងខ្លី១១ដើម និងកាំភ្លើងវែង២ដើម។

ទំព័រ​ហ្វេសប៊ុក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បង្ហោះ​នៅ​ថ្ងៃ​ទី១២ ខែកញ្ញា​ថា សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​ក្រុម​ជន​សង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​បាញ់បោះ​គ្នា​ដោយ​សេរី​កាល​ពី​យប់​អធ្រាត្រ នៅ​ហាង​បាយ​ក្នុង​តំបន់​ឆ្នេរ​អូរឈើទាល បាន​ចំនួន​៤៧នាក់ ក្នុង​នោះ​ជនជាតិ​ចិន​៣៥​នាក់ នេប៉ាល់​៤នាក់ និង​ខ្មែរ​៨នាក់ ហើយ​បាន​ដកហូត​អាវុធ​វែង​ខ្លី​១៣ដើម រួមទាំង​គ្រាប់​កាំភ្លើង គ្រឿង​ញៀន និង​រថយន្ត​០៥គ្រឿង។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​បាញ់​គ្នា​រវាង​ក្រុម​ជនជន​ជាតិ​ចិន​ទាំង​ពីរ​ក្រុម​នេះ កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រុម​ជនជាតិ​ចិន​ជាច្រើន​នាក់​ដែល​ប្រើប្រាស់​រថយន្ត​ទំនើបៗ និង​មាន​អង្គរក្ស​ជា​ជនជាតិ​ខ្មែរ បាន​កាន់​អាវុធ​គ្រប់​ដៃ​ដេញ​បាញ់​ប្រហារ​គ្នា​ជាច្រើន​គ្រាប់ បន្ទាប់ពី​កើត​មាន​ជម្លោះ​ឈ្លោះ​ប្រកែក​គ្នា ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ថា មាន​អ្នក​ស្លាប់​ឬ​របួស​នោះ​ទេ។

ករណី​បាញ់​បោះ​សេរី​ដោយ​ជនជាតិ​ចិន​ជា​ថ្មី​នេះ កំពុង​ធ្វើ​ឱ្យ​ពលរដ្ឋ​រិះគន់​ពេញ​បណ្ដាញ​សង្គម អំពី​អសមត្ថភាព​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​លើ​ក្រុម​ជនជាតិចិន ដែល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នៅ​តែ​អាច​បង្ក​ឱ្យ​ភាព​វឹកវរ​ប៉ះពាល់​ដល់​សង្គម​តាម​ចិត្ត។ កាល​ពី​ខែ​កុម្ភៈ ក៏​មាន​ជនជាតិ​ចិន​ពីរ​ក្រុម ប្រើប្រាស់​កាំភ្លើង​វែងប្រភេទអាកា (AK) ចំនួន​២​ដើម និង​កាំភ្លើង​ខ្លី បាញ់​បោះ​គ្នា​អស់​ជាច្រើន​គ្រាប់ នៅ​ទល់​មុខ​នឹង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយសារ​តែ​កើត​មាន​ជម្លោះ​អំឡុង​ពេល​ផឹក​ស៊ី។

សូមរង់ចាំអានព័ត៌មានពិស្ដារ!