អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ ខែកញ្ញាថា ប្រសិនបើកម្ពុជាបានឯកភាពជាមួយថៃ ដោះមីននៅតាមតំបន់ព្រំដែនដែលមិនទាន់មានការវាស់វែងនិងឯកភាពគ្នា ដូច្នេះការដោះមីនខាងមុខនេះ នឹងជួយឱ្យទាហានថៃកាន់តែងាយស្រួលចូលរាយបន្លាលួសរំលោភយកដីខ្មែរបន្ថែមទៀត ជាពិសេសនៅតំបន់ប្រាសាទតាក្របី ដែលទាហានកំពុងព្យាយាមចូលកាន់កាប់។
ពីព្រោះ តំបន់ខ្លះ ថៃអត់ហ៊ានចូលមក ដោយសារមានមីន ហើយសូម្បីប្រាសាទតាក្របីហ្នឹង មេទ័ពថៃក៏សារភាពដែរថា នៅពេលបាញ់គ្នាហ្នឹង គឺមិនអាចយកប្រាសាទតាក្របីបាន ដោយសារមានមីនច្រើនពេក ហើយមីនហ្នឹង គឺសល់ពីសម័យសង្គ្រាមនាទស្សវត្សទី៨០។
— លោក អ៊ុំ សំអាន
ការលើកឡើងពីមន្ត្រីគណបក្សប្រឆាំងនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតបរទេសមួយចំនួននៅកម្ពុជា រួមមានស្ថានទូតអង់គ្លេស និងស្ថានទូតបារាំងជាដើម បានបង្ហោះសារលើទំព័រហ្វេសប៊ុកស្វាគមន៍ការសម្រេចចិត្តរបស់ភាគីកម្ពុជានិងថៃ ដែលរួមគ្នាដោះមីននៅតាមព្រំដែន។
ការស្វាគមន៍របស់ស្ថានទូតបរទេសទាំងនោះ បានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោក ទៀ សីហា បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា នៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ភាគីកម្ពុជា-ថៃ បានឯកភាពចាប់ផ្ដើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីននៅតាមព្រំដែន ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម រួមទាំងការពារអាយុជីវិតពលរដ្ឋ។ ប៉ុន្តែសេចក្ដីប្រកាសព័ត៌មាននេះមិនបានបញ្ជាក់ថា ការដោះមីនសាកល្បងនោះ នឹងធ្វើឡើងនៅតំបន់មិនទាន់ឯកភាពគ្នាឬយ៉ាងណានោះទេ។
អនុប្រធានទី១អាជ្ញាធរមីនលោក លី ធុជ បានប្រាប់ប្រធានគណៈប្រតិភូសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជាលោក អ៊ីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) នៅក្នុងជំនួបនៅថ្ងៃទី១៦ ខែកញ្ញាថា ការបោសសម្អាតមីនមនុស្សធម៌នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តសកម្មភាពជាប្រចាំស្របតាមកម្មវិធីបានកំណត់ និងស្របតាមគោលដៅជាអាទិភាព ក្រោមគំនិតផ្តួចផ្តើមថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក លី ធុជ បានបន្តថា ការដោះសម្អាតមីន គឺត្រូវផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង លោក ទេព មនោរម្យ បានយល់ឃើញថា ប្រទេសថៃមិនបានដាក់មីននៅព្រំដែនរបស់ខ្លួននោះទេ ព្រោះថៃគ្មានសង្គ្រាម មានតែកម្ពុជាទេ ដាក់មីននៅព្រំដែនតាំងពីជំនាន់សង្គ្រាម។ លោករិះគន់ថា កម្ពុជាព្រមព្រៀងដោះមីនជានយោបាយទន់ជ្រាយធ្វើតាមការចង់បានរបស់យោធាថៃ។
បើយើងធ្វើទៅតាមដែលគេ (ថៃ) ចង់បាន គឺយើងទន់ខ្សោយមែនទែន ដើម្បីតែចង់បានការបើកច្រកព្រំដែន ដើម្បីចង់បានការសម្របសម្រួលគ្នាជាមួយថៃ យើងព្រមដោះមីនឱ្យគេ អាហ្នឹងគឺយើងចាញ់ប្រៀបគេខ្លាំងណាស់។
— លោក ទេព មនោរម្យ
ចាប់តាំងពីមានភាពតានតឹងជម្លោះព្រំដែន ទាហានថៃបានដើរជាន់មីនផ្ទុះយ៉ាងហោចណាស់ចំនួន៦លើក ហើយករណីដើរជាន់មីនផ្ទុះចុងក្រោយគឺនៅថ្ងៃទី២៧ ខែកញ្ញា ស្ថិតនៅតំបន់ប្រាសាទតាក្របី។ ក្រសួងការបរទេសកម្ពុជា និងអាជ្ញាធរមីនកម្ពុជាបានចេញលិខិតច្រានចោលការចោទប្រកាន់ពីភាគីថៃជាបន្តបន្ទាប់ ដែលថា កងទ័ពកម្ពុជាបានដាក់មីនថ្មី។ ក្រសួងការបរទេស និងអាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា មីននោះសល់ពីសម័យសង្គ្រាម និងស្ថិតក្នុងទឹកដីកម្ពុជា ហើយបានជំរុញឱ្យភាគីថៃបញ្ឈប់យកបញ្ហាមីនធ្វើជាលេស ដើម្បីប្រើកម្លាំងយោធាឈ្លានពានទឹកដីកម្ពុជា។
នៅថ្ងៃទី១៦ ខែកញ្ញា ទាហានថៃប្រហែល៣០នាក់ រួមទាំងកម្លាំងប៉ូលិសថៃប្រដាប់ដោយខែលបានចូលមកព្យាយាមរាយបន្លាលួសថែមនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានពលរដ្ឋខ្មែរលើកគ្នាតវ៉ារារាំងឱ្យដកថយទៅវិញ។ នៅថ្ងៃដដែលនេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាក៏បានចេញមកច្រានចោលការលើកឡើងពីកងទ័ពថៃ ដែលអះអាងថា លំនៅឋានពលរដ្ឋខ្មែរជាយូរមកហើយ នៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺស្ថិតនៅក្នុងទឹកដីថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។