នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ានលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានបង្ហោះលើទំព័រហ្វេសប៊ុកថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុធីន ឆានវីរៈគូល (Anutin Charnvirakul) គឺបានពិភាក្សាគ្នាជុំវិញស្ថានភាពចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកបានគូសបញ្ជាក់ពីសារសំខាន់ដែលកម្ពុជា-ថៃ ត្រូវរក្សាសណ្ដាប់ធ្នាប់ និងមិនត្រូវបណ្ដោយឱ្យការខ្វែងគំនិតគ្នាណាមួយ បង្កើតឱ្យមានភាពតានតឹងមិនចាំបាច់នោះឡើយ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្តថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកក៏បានអំពាវនាវឱ្យយកបញ្ហាទាំងអស់ដាក់លើតុចរចាគ្នា តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) ហើយលោកបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីក្នុងនាមជាអ្នកសម្របសម្រួលសង្ឃឹមថា ស្មារតីនៃការយោគយល់គ្នា និងការពិភាក្សាគ្នា ជាមធ្យោបាយដ៏ល្អបំផុតដើម្បីធានាដល់សន្ដិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ការនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃនេះបានកើតឡើង ក្រោយប៉ុន្មានម៉ោងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ចប់ការនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការបង្ក្រាបដ៏ហិង្សារបស់ក្រុមទាហានប្រដាប់អាវុធ និងក្រុមប៉ូលិសបង្ក្រាបបាតុកម្មថៃ ដែលបានប្រើគ្រាប់បែកផ្សែង គ្រាប់ជំពាមកូនឃ្លី និងគ្រាប់កាំភ្លើងជ័រ បាញ់ប្រហារមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលលើកគ្នាតវ៉ារារាំងការរាយបន្លាលួស។ ការបង្ក្រាបនេះ បានបណ្ដាលឱ្យរងរបួសព្រះសង្ឃ ពលរដ្ឋស៊ីវិល និងកងកម្លាំងខ្មែរជិត៣០នាក់ និងជាការប៉ះទង្គិចដ៏ស្រួចស្រាវបំផុត ចាប់តាំងពីមានបទឈប់បាញ់គ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសប៊ុកដែរថា ការបង្ក្រាបដ៏ហិង្សារបស់កងកម្លាំងថៃមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ គឺជាស្ថានការណ៍វិវត្តដ៏គួរឱ្យព្រួយបារម្ភ ហើយនៅក្នុងការនិយាយទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏លោកបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួយអន្តរាគមន៍ជាបន្ទាន់ដើម្បីបន្ធូរបន្ថយភាពតានតឹង និងកុំឱ្យកងទ័ពថៃរាយបន្លាលួសលើទឹកដីកម្ពុជាបន្ថែមទៀត។
បើទោះបីជាមានការអន្តរាគមន៍ពីប្រធានអាស៊ានយ៉ាងណាក្ដី សារព័ត៌មានថៃ Khaosod បានចុះផ្សាយថា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក អនុធីន ឆានវីរៈគូល បានទទូលស្គាល់ការនិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប៉ុន្តែបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់អាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាលថៃនោះទេ។
ជាមួយគ្នានេះ នៅថ្ងៃទី១៩ ខែកញ្ញា កងទ័ពថៃនៅតែបន្តព្យាយាមចូលមករាយបន្លាលួសបន្ថែមទៀត នៅច្រកព្រំដែនបឹងត្រកួន ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវបានពលរដ្ឋរាប់រយនាក់ប្រមូលផ្ដុំគ្នារារាំង និងបណ្ដេញឱ្យដកថយទៅវិញ។ ការបន្តព្យាយាមចូលរាយបន្លាលួសនេះ ស្របពេលលោក ហ៊ុន ម៉ាណែត បានប្រាប់ទៅប្រធានអង្គការសហប្រជាជាតិ និងមេដឹកនាំអាមេរិក ចិន និងបារាំងថា កងទ័ពថៃត្រៀមវាយលុកឈ្លានពានទឹកដីកម្ពុជា១៧ទីតាំងផ្សេងទៀត ពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។