សារព័ត៌មានថៃ The Nation បានចុះផ្សាយនៅថ្ងៃទី ២២ ខែកញ្ញា ថា ក្រុមប៉ូលិសបង្ក្រាបបាតុកម្មប្រហែល១៤០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ខេត្តស្រះកែវ ដើម្បីត្រៀមបង្ក្រាបលើពលរដ្ឋខ្មែរ ដែលបានប្រមូលផ្ដុំគ្នាតវ៉ាអស់រយៈពេលជាង៤សប្ដាហ៍មកហើយ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដើម្បីប្រឆាំងការចូលឈ្លានពានរាយបន្លាលួសរបស់ក្រុមទាហានថៃ។
សារព័ត៌មានថៃដដែលនេះបានចុះផ្សាយបន្តថា កងទ័ពថៃក៏បានចេញការព្រមានដាក់ទោសធ្ងន់ធ្ងរប្រឆាំងពលរដ្ឋខ្មែរ ក្នុងនោះ រួមទាំងការដាក់ទោសក្នុងពន្ធនាគារអស់មួយជីវិតឬទោសប្រហារជីវិត ពីបទចោទពលរដ្ឋកម្ពុជាថាបានបំពានទឹកដីរបស់ថៃ។
ជុំវិញការត្រៀមប្រើកម្លាំង និងច្បាប់អាជ្ញាសឹកប្រឆាំងលើពលរដ្ឋខ្មែរនេះ ក្រសួងការបរទេស កម្ពុជាកាលពីថ្ងៃទី២០ ខែកញ្ញា បានចេញតវ៉ានិងជំទាស់ដាច់អហិង្ការ។ ក្រសួងការបរទេសបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ការប្រកាសប្រើច្បាប់របស់ថៃអនុវត្តមកលើពលរដ្ឋកម្ពុជា ជាការបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យដោះស្រាយវិវាទដោយសន្ដិវិធី និងមិនអនុញ្ញាតឱ្យប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋមួយផ្សេងទៀត ហើយក៏ជាការបំពានលើសិទ្ធិមនុស្សជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងសេរីភាពនៃការជួបជុំដោយសន្ដិវិធី ដែលជាបទដ្ឋានស្នូលនៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអត្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយ ដែលថៃជារដ្ឋភាគី។
ក្រសួងការបរទេសបានបន្តទៀតថា ប្រទេសថៃក៏កំពុងរំលោភធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលតម្រូវឱ្យរដ្ឋជាសមាជិក មិនត្រូវធ្វើសកម្មភាពបង្កហេតុ និងត្រូវដោះស្រាយវិវាទដោយសន្ដិវិធី។ លើសពីនេះ ថៃកំពុងបង្ហាញយ៉ាងច្បាស់ប្រើកម្លាំងដើម្បីទាមទារយកដែនអធិបតេយ្យលើតំបន់មិនទាន់បានកំណត់ខណ្ឌសីមា ដែលរំលោភអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ និងការជ្រៀតជ្រែកអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក។
ការព្រមានប្រើច្បាប់អាជ្ញាសឹកកងទ័ពថៃនេះ បានកើតឡើង បន្ទាប់ពីក្រុមប៉ូលិសបង្ក្រាបបាតុកម្មថៃ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់ជំពាមកូនឃ្លី និងគ្រាប់កាំភ្លើងជ័របាញ់បង្ក្រាបមកលើព្រះសង្ឃ និងពលរដ្ឋខ្មែរតវ៉ាការចូលរាយបន្លាលួសបន្ថែមនៅភូមិព្រៃចាន់កាលពីសប្ដាហ៍មុន ដែលបណ្ដាលឱ្យព្រះសង្ឃ ពលរដ្ឋ និងកងកម្លាំងខ្មែររងរបួសជិត៣០នាក់។
ជុំវិញបញ្ហានេះ អ្នកតាមដានបញ្ហាសង្គមនិងនយោបាយលោក ប៉ោ មករា បានមើលឃើញថា កងកម្លាំងរបស់ប្រទេសថៃ កំពុងតែធ្វើទុក្ខបុកម្នេញលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែន រួមមានការធ្វើឱ្យបាត់បង់ទីជម្រក ការខាតបង់ពេលវេលារកស៊ីចិញ្ចឹមជីវិត និងចុងក្រោយការបំភិតបំភ័យដោយចង់ប្រើច្បាប់អាជ្ញាសឹកក្នុងចេតនារបស់ខ្លួនដើម្បីលេបយកទឹកដីកម្ពុជា។ លោកបានបន្តថា រដ្ឋាភិបាលកម្ពុជាគួរតែមានវិធានការយ៉ាងណា ដើម្បីពឹងឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យឃើញជាក់ស្ដែងលើប្រទេសថៃ ដើម្បីបញ្ឈប់សកម្មភាពរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរតាមព្រំដែន។
ជាយន្តការមួយ ដែលរដ្ឋាភិបាលកម្ពុជាគួរតែធ្វើឱ្យមានប្រសិទ្ធភាព ជាយន្តការមួយដែលធ្វើឱ្យសកម្ម ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សរបស់ប្រជាជនកម្ពុជាតាមបណ្ដោយព្រំដែនឱ្យសហគមន៍អន្តរជាតិដឹង រួមមានសហគមន៍អឺរ៉ុប និងអាស៊ានទាំងមូលឱ្យដឹងថា ភាគីថៃជាអ្នករំលោភលើបទឈប់បាញ់ រំលោភទៅលើ រំលោភសិទ្ធិមនុស្សតាមបណ្ដោយព្រំដែនហ្នឹង។
— លោក ប៉ោ មករា
អភិបាលខេត្តស្រះកែវរបស់ថៃបានប្រកាសឱ្យពលរដ្ឋខ្មែរនៅតាមបណ្ដោយព្រំដែនដែលចោទពួកគាត់ថាស្ថិតក្នុងដីថៃត្រូវចាកចេញពីផ្ទះសម្បែងត្រឹមថ្ងៃទី១០ខែតុលាខាងមុខនេះស្របពេលលោកហ៊ុន ម៉ាណែតបានលើកឡើងថាបន្ទាប់ពីការបណ្ដេញពលរដ្ឋខ្មែរជាង២០គ្រួសារអាជ្ញាធរថៃគ្រោងនឹងបណ្ដេញពលរដ្ឋខ្មែររាប់រយគ្រួសារបន្ថែមទៀតចេញពីលំនៅឋានក្នុងភូមិព្រៃចាន់និងភូមិជោគជ័យ។លោកហ៊ុន ម៉ាណែតបានដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ពីប្រធានអង្គការសហប្រជាជាតិរួមទាំងប្រធានាធិបតីសហរដ្ឋអាមេរិកចិនបារាំងនិងប្រធានអាស៊ានឱ្យដាក់សម្ពាធលើប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។