តុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងលោក ចៅ វាសនា នៅថ្ងៃទី២៤មករា

តុលាការកំពូល នឹងប្រកាសសាលដីកាសំណុំរឿងអតីតប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែតលោក ចៅ វាសនា នៅថ្ងៃទី២៤ ខែមករា។ សាច់ញាតិនិងអ្នកនយោបាយជំទាស់លើកឡើងថា លោក ចៅ វាសនា ត្រូវបានតុលាការជាន់ទាប កាត់ទោសទាំងអយុត្តិធម៌ ដោយសារសំអាងតែលើអង្គហេតុមិនរឹងមាំ ដែលយកចេញពីប្រព័ន្ធតេឡេក្រាម (Telegram)។ លោកស្រី ចៅ រតនៈ កូនស្រីលោក ចៅ វាសនា បញ្ជាក់ថា ប្រព័ន្ធតេឡេក្រាមដែលដាក់ឈ្មោះលោក ចៅ វាសនា និងបានបង្ហោះសារពាក់ព័ន្ធនឹងយុទ្ធនាការឲ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត មិនមែនជារបស់លោក ចៅ វាសនា ឡើយ។ លោកស្រីបន្តថា ប្រព័ន្ធតេឡេក្រាមនោះ ត្រូវបានបង្កើតឡើងពីបុគ្គលឈ្មោះ សយ ឧត្តម ហើយបុគ្គលនេះបានដើរតួនាទីជាអ្នកប្ដឹងលោក ចៅ វាសនា៕