ហ៊ុន ម៉ាណែត បដិសេធធ្វើឃាតលើលោក លិម គិមយ៉ា ក្រោយនៅស្ងៀមស្ងាត់ជិតកន្លះខែ

ក្រោយឃាតកម្មលើលោក លិម គិមយ៉ា រយៈពេល១៣ថ្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញមុខថ្លែងការពាររដ្ឋាភិបាល និងឪពុករបស់លោក គឺលោក ហ៊ុន សែន ថា មិនមែនជាអ្នកនៅពីក្រោយនៃឃាតកម្មនេះទេ។ ប្រតិកម្មរបស់លោក ហ៊ុន ម៉ាណែត នេះធ្វើឡើងក្រោយពីរដ្ឋាភិបាល និងក្រុមគ្រួសារត្រកូល ហ៊ុន រងការរិះគន់ធ្ងន់ៗថា មិនយកចិត្តទុកដាក់ចំពោះការស្លាប់ពលរដ្ឋរបស់ខ្លួននៅលើទឹកដីថៃ និងមិនដុតដៃដុតជើងសហការជាមួយអាជ្ញាធរថៃស៊ើបអង្កេតវែកមុខអ្នកនៅពីក្រោយខ្នងដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារ។ លើសពីនេះ លោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ពីការតាមរកចាប់បញ្ជូនជនសង្ស័យពីរនាក់ទៀត ជាជនជាតិខ្មែរ គឺលោក លី រតនរស្មី ទីប្រឹក្សាលោក ហ៊ុន សែន និង លោក ពេជ្រ គឹមស្រ៊ិន ប្រគល់ទៅឱ្យអាជ្ញាធរថៃនោះទេ៕