ព័ត៌មាន​សង្ខេប​ប្រចាំ​សប្ដាហ៍ ថ្ងៃ ១០ ដល់ ១៦ ឧសភា ២០១០

ព័ត៌មាន​សង្ខេប​សំខាន់ៗ​ប្រចាំ​សប្ដាហ៍​នេះ មាន​ជា​អាទិ អង្គការ Global Witness បារម្ភ​អំពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា និង​ព័ត៌មាន​សំខាន់ៗ​ដទៃ​ទៀត។

Global Witness បារម្ភ​អំពី​អាជីវកម្ម​បូម​ខ្សាច់​នៅ​កម្ពុជា

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភព​លោក​ឈ្មោះ Global Witness ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា បាន​ឲ្យ​ដឹង​ថា ឧស្សាហកម្ម​បូម​ខ្សាច់​នាំ​ទៅ​លក់​នៅ​ឯ​ប្រទេស​សិង្ហបុរី ដោយ​ក្រុមហ៊ុន​ពីរ ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំផ្លិច​បំផ្លាញ​បរិស្ថាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​បន្ត​ថា ក្រុមហ៊ុន​ទាំង​ពីរ​នោះ គឺ​ក្រុមហ៊ុន ម៉ុង ឫទ្ធី ហ្គ្រូប និង​ក្រុមហ៊ុន លី យ៉ុងផាត់ ដែល​ម្ចាស់​ក្រុមហ៊ុន គឺ​ឧកញ៉ា ម៉ុង ឫទ្ធី និង​ឧកញ៉ា លី យ៉ុងផាត់ ជា​ពាណិជ្ជករ​ល្បី​ឈ្មោះ មាន​អំណាច និង​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ព្រម​ទាំង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាជន​ទៀត​ផង បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​មិន​មាន​តម្លាភាព។

លោក ច្ចច បូដិន (George Boden) នៃ​អង្គការ Global Witness ដែល​ជា​អ្នក​សរសេរ​របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ថា មិន​មាន​ការ​សិក្សា​ណា​មួយ​អំពី​ផល​ប៉ះពាល់​បរិស្ថាន ពី​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំង​នោះ​ទេ បើ​ទោះ​ជា​ច្បាប់​កម្ពុជា​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ដោយ​ក្រុម​អ្នក​ជំនាញ​ក៏​ដោយ​ចុះ។

លោក​ថា ផ្អែក​តាម​ការ​សិក្សា​ពី​ប្រទេស​ផ្សេងៗ ការ​បូម​ខ្សាច់​ទ្រង់​ទ្រាយ​ធំ ដូច​នៅ​កម្ពុជា​នេះ នឹង​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ ក្នុង​នោះ​ដូច​ជា​ការ​ខូច​ខាត​ដល់​បរិស្ថាន​តាម​ឆ្នេរ​សមុទ្រ, គំរាម​ដល់​ការ​បាត់​បង់​សាប​សូន្យ​នូវ​ពពួក​ពូជ​សត្វ​កម្រ និង​បាត់​បង់​ជង្រុក​ត្រី ព្រម​ទាំង​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ស្រុក ដែល​អាស្រ័យ​ផល​ពី​សមុទ្រ​ផង​ដែរ។ ក៏ប៉ុន្តែ​គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ម្ចាស់​ក្រុមហ៊ុន​ទាំង​ពីរ​នោះ​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ។

សិង្ហបុរី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អង្គការ Global Witness

កាល​ពី​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​សិង្ហបុរី​បាន​បញ្ជាក់​ថា ការ​នាំ​ខ្សាច់​ចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​លក់​ទៅ​ឲ្យ​ប្រទេស​សិង្ហបុរី គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ឯកជន​សុទ្ធសាធ រវាង​អ្នក​ទិញ និង​អ្នក​លក់​ខ្សាច់​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​នៃ​ប្រទេស​សិង្ហបុរី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ខ្សាច់​នោះ​ឡើយ។

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ Global Witness បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​សិង្ហបុរី​ធ្លាប់​តែ​មាន​មោទនភាព​ក្នុង​ការ​រក្សា​បរិស្ថាន និង​តម្លាភាព។ អង្គការ Global Witness បាន​ព្រមាន​រដ្ឋាភិបាល​សិង្ហបុរី​ថា ប្រសិន​បើ​សិង្ហបុរី​ចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​បំផ្លាញ​បរិស្ថាន និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា សិង្ហបុរី​ត្រូវ​បញ្ឈប់​ការ​នាំ​ចូល​ខ្សាច់​ពី​ប្រទេស​កម្ពុជា រហូត​ដល់​មាន​ការ​ត្រួត​ពិនិត្យ​ការ​ធ្វើ​ជំនួញ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

កម្ពុជា​គ្រោង​ធ្វើ​ម្ចាស់​ផ្ទះ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ដើម​ឆ្នាំ​២០១១

មន្ត្រី​បម្រើ​ការ​ងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន បាន​អះអាង​ថា ប្រទេស​កម្ពុជា គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៣០ នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១១​ខាង​មុខ។

លោក ហ៊ូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍ នៃ​វេទិកា​រដ្ឋាភិបាល និង​វិស័យ​ឯកជន មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ថា បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ វេទិកា​ទេសចរណ៍​អាស៊ាន នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ រយៈពេល ៦​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១។

ទោះ​យ៉ាង​នេះ​ក្ដី លោក ហ៊ូ វណ្ឌី មិន​បញ្ជាក់​ប្រាប់​ពី​របៀបវារៈ​ដែល​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​នេះ​ទេ គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា ការ​ប្រែ​ប្រួល​អាកាស​ធាតុ​គឺ​ជា​របៀបវារៈ​១ ក្នុង​ចំណោម​របៀបវារៈ​ផ្សេង​ទៀត ដែល​ត្រូវ​យក​មក​ជជែក​ក្នុង​កិច្ច​ប្រជុំ។

កម្ពុជា​-​ម៉ាឡេស៊ី​រឹត​ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន

មេ​ដឹកនាំ​​កម្ពុជា​និង​ម៉ាឡេស៊ី នៅ​ថ្ងៃ​​១០ ឧសភា​នេះ បាន​ឯកភាព​គ្នា​ទ្វេ​ភាគី ដើម្បី​រឹត​ចំណង​ទាក់ទង​ខាង​ពាណិជ្ជកម្ម និង​វិនិយោគ​ទុន ក្នុង​វិស័យ​ធនាគារ ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ទូរគមនាគមន៍ ហើយ​កម្ពុជា​ចង់​ឲ្យ​អ្នក​វិនិយោគ​ទុន​ម៉ាឡេស៊ី​មក​បណ្ដាក់​ទុន​ក្នុង​វិស័យ​នាំ​ចេញ​នូវ​ផលិត​ផល​កសិកម្ម និង​កសិ​ឧស្សាហកម្ម។

ការ​ឯកភាព​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ដាតូ ស៊្រីម៉ុត ណាជីប ប៊ិនទុន ហាជី អាប់ឌុល រ៉ាហ្សាក់ (Dato Sri Mohd Najib Bin Tun Abdul Razak) នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កិច្ច​ជំនួប​គ្នា​នេះ​បាន​ធ្វើ​ឡើង នៅ​ក្នុង​អំឡុង​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​កំពុង​តែ​ បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល ៣​ថៃ្ង ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ស្ដីពី​ជំនួញ​រវាង​ប្រទេស​កម្ពុជា និង​ម៉ាឡេស៊ី នៅ​ឯ​កាស៊ីណូ Naga World នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​មាន​ក្រុម​អ្នក​ជំនួញ​កម្ពុជា និង​ម៉ាឡេស៊ី​ចូលរួម​ចំនួន​ជាង ២០០​នាក់​ផង​ដែរ​នោះ ថា កម្ពុជា​លើក​ទឹក​ចិត្ត​ឲ្យ​ពាណិជ្ជករ​ម៉ាឡេស៊ី​ចូល​មក​ធ្វើ​វិនិយោគ​ទុន​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ធនាគារ និង​វិស័យ​ធានា​រ៉ាប់រង ទូរគមនាគមន៍។

នៅ​ក្នុង​ដំណើ​ទស្សនកិច្ច​នោះ​ដែរ ប្រធាន​គណ​ប្រតិភូ​ពាណិជ្ជករ​ម៉ាឡេស៊ី លោក រ៉ាមលី គុស្សារី ថ្លែង​ថា ប្រទេស​ម៉ាឡេស៊ី​នឹង​បោះ​ទន់​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទឹក​ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាល​នឹង​បង្កើត​ទី​ធ្លា​សម្រាប់​អ្នក​ធ្វើ​បាតុកម្ម​ឬ​សម្ដែង​មតិ

អាជ្ញាធរ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋាភិបាល​នឹង​បង្កើត​ទីធ្លា​មួយ​សម្រាប់​អ្នក​ធ្វើ​បាតុកម្ម ឬ​អ្នក​ចង់​សម្ដែង​មតិ​នៅ​ទូទាំង​ខេត្ត​ក្រុង និង​ព្រម​ទាំង​កំណត់​ចំនួន​អ្នក​តវ៉ា​មិន​ឲ្យ​លើស​ពី ២០០​នាក់​ឡើយ។

ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល​ប្រតិកម្ម​ថា រដ្ឋាភិបាល​ខ្មែរ​កំណត់​ទីតាំង​ធ្វើ​បាតុកម្ម​ដូច្នេះ គឺ​ខុស​ពី​ស្មារតី​នៃ​រដ្ឋ​ធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា​ជា​ម្ចាស់​ហត្ថលេខី។

អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដម​សេនីយ៍ ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ទីធ្លា​ក្នុង​ការ​បញ្ចេញ​មតិ​នេះ​អនុញ្ញាត​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​លើស​ពី ២០០​នាក់​ធ្វើ​បាតុកម្ម ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច។

លោក​បាន​មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ទីធ្លា​បញ្ចេញ​មតិ​នោះ​នឹង​កំណត់​នៅ​ទី​ណា​ជាក់លាក់ ដោយ​លោក​កំពុង​តែ​រង់ចាំ​ដំណឹង​ពី​សាលា​ក្រុង​ភ្នំពេញ។ ប៉ុន្តែ​លោក កែប ជុតិមា ចៅហ្វាយ​ក្រុង​ភ្នំពេញ​មិន​អាច​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​បាន​ទេ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ ឧសភា​នេះ។

គម្រោង​បង្កើត​ទី​ធ្លី​សម្រាប់​ធ្វើ​បាតុកម្ម​នេះ ក្រុម​អ្នក​រិះគន់​និយាយ​ថា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​រឹត​ត្បិត​ទៅ​ៗ ដូច​បណ្ដា​ប្រទេស​កុម្មុយនីស្ត​មួយ​ចំនួន​ដែរ៕