លោក ជា មករា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ប្រចាំទីក្រុងភ្នំពេញ បានរាយការណ៍សរុបព័ត៌មានសំខាន់ៗនៅកម្ពុជា ពីថ្ងៃ ២១ ដល់ ២៧ កក្កដា ឆ្នាំ២០០៨ ។
ពលរដ្ឋខ្មែរនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤
ប្រជាពលរដ្ឋកម្ពុជានាំគ្នាទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដានេះ ដើម្បីជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៤ ។ មានគណបក្សនយោបាយចំនួន១១ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតលើកនេះ ។
បើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចំនួនអាសនៈសភាក្នុងអាណត្តិទី៤នេះ មានចំនួន១២៣អាសនៈ ។
បើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតក្នុងឆ្នាំ២០០៨នេះ មានចំនួនជាង៨លាន១សែននាក់ ។
កម្ពុជានិងថៃយល់ព្រមជួបគ្នាម្ដងទៀតដើម្បីដោះស្រាយជម្លោះ
រដ្ឋាភិបាលកម្ពុជានិងថៃកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កក្កដា បានយល់ព្រមឲ្យរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបគ្នាម្តងទៀត ដើម្បីដោះស្រាយបញ្ហាជម្លោះតានតឹងផ្នែកយោធានៅតំបន់ប្រាសាទព្រះវិហារខ្មែរ ។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ជុំវិញបញ្ហានេះបន្ទាប់ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានពិភាក្សាជាមួយគ្នាតាមទូរស័ព្ទ កាលពីរសៀលថ្ងៃព្រហស្បតិ៍នោះ ។
ជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា នៅឯខេត្តសៀមរាប ។
កម្ពុជានឹងបន្តជំរុញពាក្យបណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប.
ប្រទេសកម្ពុជាកាលពីថៃ្ងសុក្រ ទី២៥ កក្កដា បានបញ្ជាក់ជំហរដោយម៉ឹងម៉ាត់ថានឹងបន្តជំរុញពាក្យបណ្ដឹងរបស់ខ្លួនសុំឲ្យក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) ធ្វើការកោះប្រជុំដោះស្រាយចំពោះការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីប្រទេសកម្ពុជា បើសិនណាកិច្ចប្រជុំទេ្វភាគីរវាងរដ្ឋមន្រ្តីការបរទេសកម្ពុជានិងថៃនៅក្នុងខេត្តសៀមរាប នៅថៃ្ងច័ន្ទដើមសប្តាហ៍ខាងមុខនេះ ទទួលបរាជ័យក្នុងការទាមទារឲ្យប្រទេសថៃដកកងទ័ពឈ្លានពានចេញពីទឹកដីប្រទេសខ្មែរ ។
ការបញ្ជាក់ជំហរខាងលើនេះបានធ្វើទ្បើងក្នុងកិច្ចប្រជុំបិទទ្វារជិតរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាជាមួយនិងឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកអចិន្រៃ្តយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសកម្ពុជា ។
ទាហានថៃប៉ុនប៉ងចូលមកពង្រាយកម្លាំងនៅលើទឹកដីខ្មែរក្នុងខែត្រឧត្ដរមានជ័យ
ទាក់ទងនឹងបញ្ហាជម្លោះកម្ពុជាថៃនោះដែរ នាយទាហានខ្មែរប្រចាំនៅច្រកជាំស្រង៉ាំក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ បានឲ្យដឹងថាគេបានរារាំងទាហានថៃនៅក្នុងកងអនុសេនាធំ ២៣០៧ (ម្ភៃបី សូន្យប្រាំពីរ) ដែលប៉ុនប៉ងចូលមកពង្រាយកម្លាំងក្នុងដែនដីខ្មែរ ។
អនុប្រធានក្រុមការងារព្រំដែនខ្មែរថៃ លោកវរសេនីយ៍ទោ តូច រ៉ា ដែលកំពុងប្រចាំការនៅច្រកជាំស្រង៉ាំភាគឧត្តរនៃប្រទេសកម្ពុជា បានមានប្រសាសន៍ថារឿងហេតុនោះបានកើតឡើងនៅវេលាម៉ោង៥កន្លះព្រឹកថ្ងៃទី២៥ ខែកក្កដា ។
លោកបានមានប្រសាសន៍ថានៅពេលនោះមានក្រុមទាហានថៃ១០នាក់ដែលជាមេកើយក្នុងកងអនុសេនាធំ ២៣០៧ របស់ថៃ បានមកសុំដាក់ទាហានថៃនៅឡូកឡំក្បែរជាមួយនឹងទាហានខ្មែរ ។ នាយទាហានខ្មែរបានថ្លែងជំទាស់ថាមិនអាចធ្វើទៅបាននោះទេ ។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិអំពាវនាវឲ្យប្ដូរផ្ដាច់ការពារប្រាសាទព្រះវិហារ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធខ្មែរទាំងអស់ប្ដូរផ្ដាច់ថែរក្សាការពារប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោកឲ្យបានគង់វង្ស បើទោះបីជានៅមានវត្តមានកងទ័ពថៃជាច្រើនលើទឹកដីខ្មែរនៅឡើយក៏ដោយ ក៏ប៉ុន្តែធ្វើយ៉ាងណាឲ្យការការពារស្ថិតក្នុងការមិនផ្ទុះអាវុធណាមួយកើតឡើងនោះទេ ។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា លោក ទៀ បាញ់ បានមានប្រសាសន៍ក្នុងឱកាសដំណើរទស្សនកិច្ចត្រួតពិនិត្យលើកទឹកចិត្តកងទ័ពនៅឯប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ថាបើទោះបីជាការចរចារវាងមន្ត្រីរដ្ឋាភិបាលនៃប្រទេសទាំងពីរពុំបានទទួលលទ្ធផលឲ្យកងទ័ពថៃដកចេញពីទឹកដីខ្មែរក្នុងតំបន់ប្រាសាទព្រះវិហារក៏ដោយ ក៏លោកសុំឲ្យកងយោធពលខេមរភូមិន្ទបន្តការអត់ធ្មត់មិនផ្ទុះអាវុធ ក៏ប៉ុន្តែត្រូវតែការពារបេតិកភណ្ឌដ៏មានតម្លៃនិងទឹកដីឲ្យបានគង់វង្សដដែល ។
កម្មករខ្មែរ៥នាក់ត្រូវទាហានថៃដោះលែងមកវិញក្រោយពេលចាប់ខ្លួនមួយរយៈ
កម្មករខ្មែរ៥នាក់រស់នៅភូមិជោគជ័យនិងភូមិសិលាខ្មែរ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានទាហានឈុតខ្មៅថៃចាប់ខ្លួនកាលពីថ្ងៃទី២៣ ត្រូវបានដោះលែងវិញហើយកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដាកន្លងទៅនេះ ។
លោក ឈូក អាង មេបញ្ជាការវរការពារព្រំដែនលេខ៩១១ក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថាការដោះលែងកម្មករខ្មែរទាំង៥នាក់ គឺបន្ទាប់ពីមានការអន្តរាគមន៍ពីភាគីកម្ពុជា ។ លោកបានបន្តថាកម្មករខ្មែរទំាង៥នាក់ដែលបានរួចខ្លួនមកវិញនោះមាន៣នាក់រស់នៅក្នុងភូមិសិលាខ្មែរ និង២នាក់រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោក ស្រី ដាវី សមាជិកក្រុមប្រឹក្សាឃុំអូរបីជាន់បានឲ្យដឹងថា ខ្មែរទាំង៥នាក់នោះបានទៅធ្វើការស៊ីឈ្នួលធ្វើស្មៅ អំពៅ និងស៊ីឈ្នួលបាញ់ថ្នាំឲ្យថៅកែថៃជារៀងរាល់ថ្ងៃ ហើយថានៅវេលាម៉ោង២រសៀល នាថ្ងៃទី២៣ កក្កដា ស្រាប់តែត្រូវបានតម្រួតថៃចាប់ខ្លួនខណៈពេលពួកគេកំពុងធ្វើដំណើរជាមួយថៅកែថៃទៅលំនៅឋានវិញ ។
ខ្មែរនៅក្រៅប្រទេសរៃអង្គាសប្រាក់ជួយឧបត្ថម្ភដល់អ្នកនៅតំបន់ប្រាសាទព្រះវិហារ
ខ្មែរឯនាយសមុទ្រមួយចំនួនបាននិងកំពុងរៀបចំការរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅតំបន់ប្រាសាទព្រះវិហារចំពោះមុខការឈ្លានពានរបស់យោធាថៃ ។
នៅឯរដ្ឋវើជីនៀ (Virginia) លោក ឱក សឿម អតីតតំណាងរាស្ត្រនាឆ្នាំ១៩៦៦ និងជាអតីតវរសេនីយ៍ត្រីកងទ័ពជាតិខ្មែរសម័យខ្មែរសាធារណរដ្ឋរួមជាមួយក្រុមពោធិ៍ព្រឹក្សបានរៃអង្គាសប្រាក់យកទៅជួយដល់កងទ័ពខ្មែរដែលកំពុងប្រឈមមុខនឹងទាហានឈុតខ្មៅរបស់ថៃនាខណៈនេះ ។
លោក ឱក សឿម និងក្រុមអ្នកសារព័ត៌មានពោធិ៍ព្រឹក្ស ក៏មានគម្រោងជួយគ្រួសារលោក ឃឹម សម្បូរណ៍ ជាអ្នកកាសែតនៃកាសែតមនសិការខ្មែរ ដែលត្រូវឃាតករមិនស្គាល់មុខបាញ់សម្លាប់ និងគ្រួសាររបស់មន្ត្រីជលផលនៅខេត្តកំពតដែលត្រូវទាហានជើងទឹកវៀតណាមបាញ់សម្លាប់នោះ ។
នៅឯក្រុងហ្រ្វេស្នូ រដ្ឋកាលីហ្វូនៀ (California) លោក នូ សុភក្ត្រា ប្រធានប្រតិបត្តិនៃគណៈកម្មការខ្មែរបង្រួបបង្រួម ក៏មានគម្រោងធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីមួយដើម្បីជួយឧបត្ថម្ភដល់សមណសង្ឃនិងពលរដ្ឋនៅឯវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារផងដែរ ។
គំនូសព្រាងឃាតករបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរត្រូវបានគូររួចរាល់
មន្ត្រីនគរបាលខ្មែរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ កក្កដាកន្លងទៅនេះ ថា គេបានគូរគំនូសព្រាងឃាតករបាញ់សម្លាប់អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សម្បូរណ៍ និងកូនប្រុសរួចរាល់ហើយ ។
ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា គណៈកម្មការមួយត្រូវបានបង្កើតឡើងដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្មមកលើ លោក ឃឹម សម្បូរណ៍ និងកូនប្រុស ឈ្មោះ ខាត់ សារិនភាតា នោះ ។
លោក ទូច ណារ៉ុថ បានឲ្យដឹងថាអាជ្ញាធរប៉ូលិសកំពុងតែប្រមូលភស្តុតាងនៅកន្លែងកើតហេតុនិងពីសាក្សី ក៏ដូចជាពីក្រុមគ្រួសារជនរងគ្រោះបន្ថែមទៀតឲ្យបានច្បាស់លាស់ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យឲ្យបានច្បាស់ ។ លោក ទូច ណារ៉ុថ មិនបានកំណត់ថាតើគំនូសព្រាងឃាតករនឹងត្រូវចេញផ្សាយជាសាធារណៈនៅថ្ងៃណានោះទេ ។
អ្នកកាសែតមនសិការខ្មែរ លោក ឃឹម សម្បូរណ៍ អាយុ៤៧ឆ្នាំ និងកូនប្រុសឈ្មោះ ខាត់ សារិនភាតា អាយុ២១ ឆ្នាំ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូវីវ៉ាពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ បាញ់សម្លាប់នៅជិតស្តាតអូឡាំពិក កាលពីថ្ងៃទី១១ ខែកក្កដា ខណៈដែលជនរងគ្រោះទាំងពីរជិះម៉ូតូចេញពីហាត់ប្រាណនៅឯស្តាតអូឡាំពិក ៕
