អ្នក​ភូមិ​ជនជាតិ​ភាគ​តិច​ជាង ១០០​នាក់​នាំ​គ្នា​តវ៉ា​រឿង​ដីធ្លី​នៅ​រតនគិរី

2008-08-21

អ្នកភូមិ​តងក្រពូ ស្រុក​អូរជុំ ខេត្ត​រតនគិរី ប្រមាណ​ជាង ១០០​នាក់ មាន​ប្រុស​ស្រី​ក្មេង​ចាស់ នៅ​ព្រឹក​ថ្ងៃ​ទី​២០ សីហា ២០០៨ បាន​លើក​គ្នា​ជា​ថ្មី​ទៀត ទៅ​តវ៉ា​ទាមទារ​ដី​ប្រជា​សហគមន៍ ដែល​ត្រូវ​បាន​ឈ្មួញ​អ្នក​ទិញ​ដី​យក​គ្រឿង​ចក្រ​ទៅ​ឈូសឆាយ​យក​ធ្វើ​ជា​សម្បត្តិ​ឯកជន។

ពុំ​មាន​អំពើ​ហិង្សា​អ្វី​កើត​មាន​នៅ​ក្នុង​ហេតុការណ៍​នោះ​ទេ ក៏​ប៉ុន្តែ​គេ​សង្កេត​ឃើញ​ពុំ​មាន​វត្តមាន​ឈ្មួញ​អ្នកទិញ​ដី​និង​អាជ្ញាធរ​មូលដ្ឋាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ជាមួយ​អ្នក​ភូមិ​នោះ​ឡើយ។

តំណាង​អ្នក​ភូមិ ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ប្រជាជន​ភូមិ​តងក្រពូ​ទាំង​អស់ តវ៉ា​រឿង​ដី គឺ​ត្រូវការ​ដក​ហូត។ គាត់​ថា ទោះ​ជា​ឲ្យ​លុយ​គាត់ ៥​ម៉ឺន​ដុល្លារ ១០​ឆ្នាំ​ទៅ​មុខ​ទៀត ក៏​គាត់​អត់​ឲ្យ​ដែរ។ ប៉ះពាល់​ដំណាំ​របស់​គេ ប៉ះពាល់​ស្រូវ​មួយ​ចំនួន ប្រជា​ពលរដ្ឋ​ដល់​អ៊ីចឹង គេ​ថា គេ​ស្លាប់​រស់​ក៏​ដោយ គេ​ខំ​តវ៉ា»

តាម​ការពិនិត្យ​ឃើញ​ជាក់​ស្តែង គ្រឿងចក្រ​សម្រាប់​ឈូស​ឆាយ​ដី​មួយ​គ្រឿង កំពុង​ធ្វើការ​ឈូស​ឆាយ​នៅ​លើ​ដី​ព្រៃ​ចម្ការ​វិលជុំ​របស់​អ្នកភួមិ​និង​ផ្នែក​ខ្លះ​ជា​ចម្ការ​ស្វាយចន្ទី​និង​ចម្ការ​ដាំ​ស្រូវ ហើយ​មេការ​ទទួល​ខុស​ត្រូវ​នៅ​ទីនោះ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​និង​ហាម​មិន​ឲ្យ​មាន​ការថត​រូបភាព។ ហើយ​ក្នុង​ការជួប​សម្ភាសន៍​របស់​វិទ្យុ​អាស៊ីសេរី​ជាមួយ​អ្នកស្រី សេក ម៉ូនា ភរិយា​លោក សេង ពិសិដ្ឋ ឈ្មួញ​ទិញ​ដី ជាង ៣០​នាទី អ្នកស្រី​មិន​អនុញ្ញាត​ឲ្យ​ថត​សំឡេង​និង​មិន​អនុញ្ញាត​ឲ្យ​ផ្សាយ​ពី​ខ្លឹមសារ​សម្ភាសន៍​នោះ​ឡើយ។

មន្រ្តី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍ ៖ «ពីរ​លើក​ហើយ លើក​ទី​មួយ គាត់​សម្ដែង​ការមិន​ពេញ​ចិត្ត​នៅ​មុខ​សាលា​ខេត្ត ហើយ​នេះ​គាត់​ទៅ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ដោយ​អហិង្សា​ចំពោះ​ការ​កាប់​រាន​ឈូស​ឆាយ​នៅ​លើ​ដី​របស់​គាត់​ហ្នឹង។ អាជ្ញាធរ​ដែន​ដី​និង​ប្រព័ន្ធ​យុត្តិធម៌ ត្រូវ​រក​យុត្តិធម៌​ឲ្យ​គាត់ មិន​មែន​នៅ​តែ​កន្លែង​ភូមិ​តងក្រពូ​មួយ​ទេ គឺ​ទូទាំង​ខេត្ត»

តាម​ឯកសារ​ថតចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ពី​អ្នក​ភូមិ ឲ្យ​ដឹង​ថា អ្នក​ពាក់ព័ន្ធ​ក្នុង​ការផ្ទេរ​សិទ្ធិ​កាន់​កាប់​ដី​ជម្លោះ​ខាង​លើ គឺ​អភិបាល​ស្រុក​អូរជុំ លោក បៀន ធ្វើន និង​អភិបាល​រង លោក តាវែង ធើ អ្នក​ភូមិ​តងក្រពូ ឈ្មោះ ខែង ចន្ថា និង ចន្ថា សុខ បាន​ប្រគល់​ដី​សរុប​ជិត ២០​ហិកតា ឲ្យ​លោក សេង ពិសិដ្ឋ នៅ​ខែ​កក្កដា ឆ្នាំ​២០០៨។ ក៏​ប៉ុន្តែ​លោក​អភិបាល​ស្រុក​បាន​បដិសេធ។

លោក បៀន ធ្វើន មាន​ប្រសាសន៍​ថា ៖ «លោក​ណា​ក៏​ដោយ​ក្នុង​ភូមិ បើ​ធ្វើការ​ឯ​ចម្ការ ក្នុង​ភូមិ​ក្នុង​សហគមន៍​របស់​ខ្លួន អត់​អី​ទេ ខ្ញុំ​ថា ខ្ញុំ​នឹង​ស្ងាត់​ស្ងៀម។ ឆ្នាំ​នេះ ជន​ខិល​ខូច​មួយ​ចំនួន​តិច ធ្វើ​ចម្ការ​ក្នុង​ប្លង់​ហ្នឹង គាត់​លក់​ឲ្យ​អ្នក​ផ្សេង​វិញ​ទៅ»

កាលពី​ថ្ងៃ​ច័ន្ទ អ្នក​ភូមិ​តងក្រពូ ៥៣​នាក់ បាន​នាំ​គ្នា​មក​សុំ​កិច្ចអន្តរាគមន៍​ពី​អភិបាល​ខេត្ត​រតនគិរី ដើម្បី​បញ្ឈប់​ការឈូស​ឆាយ ហើយ​ទាមទារ​ដី​ទុក​ជា​ប្រយោជន៍​សហគមន៍​អភិរក្ស​ជា​តំបន់​ការពារ​ដើម្បី​ព្រៃឈើ​ដុះ​លូត​លាស់​វិញ។ ក៏​ប៉ុន្តែ​អភិបាល​ខេត្ត លោក មួង ប៉យ បដិសេធ​ដោយ​ចោទ​មន្ត្រី​អាដហុក​ថា នាំ​អ្នកភូមិ​មក​ច្រើន​ហាក់​មាន​បំណង​ធ្វើ​បាតុកម្ម​និង​មាន​ការបិទ​ទ្វារ​របង​សាលា​ខេត្ត ហើយ​ប៉ូលិស​បាន​ដេញ​បំបែក​អ្នក​ភូមិ។

យ៉ាង​នេះ​ក្តី ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត លោក ម៉ី សាខន បញ្ជាក់​ថា លោក​សូម​ឲ្យ​អ្នក​ភូមិ​គួរ​ផ្អាក​សកម្មភាព​តវ៉ា​ចៀសវាង​កើត​មាន​អំពើ​ហិង្សា ហើយ​លោក​នឹង​ពិនិត្យ​ករណី​នេះ៕

អត្ថបទ​ដែល​ទាក់ទង

ពលរដ្ឋ​នៅ​ភូមិ​ជ័យ​សេនា ស្រុក​ឈូក ខេត្ត​កំពត ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​លំនៅ

ពលរដ្ឋ​នៅ​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​ចោទ​ថា មន្ត្រី​សុរិយោដី​យក​ពន្ធ​ការ​ផ្ទេរ​កម្មសិទ្ធិ​ដី​ធ្លី

ខ្ទម​ចាំ​ចម្ការ​របស់​អ្នក​ភូមិ​ប៉ាតាង ខេត្ត​រតនគិរី ត្រូវ​ក្រុមហ៊ុន​ដុត​បំផ្លាញ

ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង

អ្នក​ភូមិ​នៅ​រតនគិរី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានប័ន​ជាតិ​និង​សិទ្ធិ​មនុស្ស

ទំនាស់​ដី​ធ្លី​នៅ​ស្រុក​បាធាយ ខែត្រ​កំពង់ចាម

មនុស្ស​៣​នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ចាប់​ខ្លួន​ក្នុង​ករណី​វិវាទ​ដី​ធ្លី

ក្រសួង​ព័ត៌មាន​សុំ​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ជុំវិញ​បញ្ហា​ទំនាស់​ដី​នៅ​ក្រុង​ព្រះសីហនុ

ពលរដ្ឋ​មួយ​ក្រុម​នៅ​ខែត្រ​កំពត​តវ៉ា​ប្រឆាំង​ការរឹបអូស​យក​ដី​ធ្លី

ព្រៃ​ចម្ការ​របស់​អ្នក​ភូមិ​នៅ​រតនគិរី​ត្រូវ​គេ​កាប់​ទន្ទ្រាន​យក​ដី