១ថ្ងៃមុនយុទ្ធនាការឃោសនាបោះឆ្នោតឈានចូលមកដល់សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចប្រមាណ១០០នាក់បានសម្រេចចិត្តចាកចេញពីគណបក្សនេះទៅចូលរួមជាមួយគណបក្សសិទ្ធិមនុស្ស នៅឯឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងបច្ចុប្បន្នជាប្រធានគណបក្សសិទ្ធិមនុស្សឃុំជើងគ្រាវ លោក ញ៉េប ឡេង មានប្រសាសន៍ពីមូលហេតុដែលលោកសម្រេចចិត្តចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច ថាមកពីលោកអស់ជំនឿចំពោះគណបក្សនេះ ។
លោក ញ៉េប ឡេង បានឲ្យដឹងថា ៖ «ខ្ញុំយល់ថាការធ្វើនៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច គឺលទ្ធផលទៅអនាគតគឺខ្ញុំមើលឃើញថា មិនបានសម្រេចទិសដៅជូនប្រជាពលរដ្ឋ ។ យើងខ្ញុំមើលឃើញគោលនយោបាយរបស់គណបក្សសិទ្ធិមនុស្សបង្កើតថ្មីនេះ ខ្ញុំពេញចិត្តបានជាខ្ញុំសុំលាចេញពីនោះមក» ។
ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តកំពង់ឆ្នាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច លោក ឡេ សំអ៊ុល បដិសេធដោយចាត់ទុកថានេះជាការបំផ្លើសដែលគណបក្សសិទ្ធិមនុស្ស តែងតែធ្វើនៅគ្រប់ទិសទីក្នុងទូទាំងប្រទេស ។
លោក ឡេ សំអ៊ុល បានមានប្រសាសន៍ថា ៖ «ខ្ញុំមិនទាន់ច្បាស់ព្រោះទើបបានឮសូរដំណឹង ចាំខ្ញុំស៊ើបទៅគណបក្សស្រុក វាមិនទាន់បានច្បាស់ ។ ប៉ុន្តែខ្ញុំជឿថាមិនពិតទេ ព្រោះគាត់ពូកែខាងវោហាបន្តិច ជួនកាលមនុស្សចូលរួមត្រឹម៤០០-៥០០នាក់ គាត់ថារាប់ពាន់» ។
នៅក្នុងពិធីសំណេះសំណាលមួយដែលគណបក្សសិទ្ធិមនុស្សបានរៀបចំឡើងនៅទីធ្លាវត្តសំបូរមាស ក្នុងឃុំជើងគ្រាវ នៅព្រឹកថ្ងៃ២៥ មិថុនា ដែលមានសមាជិកគណបក្សទាំងចាស់ទាំងថ្មីប្រមាណ៣០០នាក់ចូលរួម ប្រធានគណបក្សសិទ្ធិមនុស្ស គឺលោក កឹម សុខា មានប្រសាសន៍ថា ៖ «ខ្ញុំបានដឹងហើយថា ប្រជាពលរដ្ឋយើងនៅខេត្តកំពង់ឆ្នាំងនេះ បានគាំទ្រគណបក្សសិទ្ធិមនុស្សច្រើនណាស់ ។ ខ្ញុំបានទៅទីណាក៏បងប្អូនមកច្រើនកុះករដែរ ហើយបងប្អូនរង់ចាំដល់ថ្ងៃទី២៧ ខែកក្កដា មួយខែទៀតខាងមុខនេះ ដើម្បីបោះឆ្នោតជូនគណបក្សសិទ្ធិមនុស្ស ។ ដូច្នេះហើយមុននឹងដល់ថ្ងៃនេះ ខ្ញុំឆ្លៀតឱកាសដើម្បីថ្លែងអំណរគុណទុកជាមុនចំពោះបងប្អូនជនរួមជាតិទាំងអស់» ។
ទោះបីជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលនិងអង្កេតអង្គការអាដហុកខេត្តកំពង់ឆ្នាំង លោក សំ ចាន់គា មានប្រសាសន៍នេះគ្រាន់តែជារូបភាពមួយដើម្បីបង្ហាញពីឥទ្ធិពលរបស់គណបក្សនីមួយៗប៉ុណ្ណោះ ។
លោក សំ ចាន់គា បានបញ្ជាក់ថា ៖ «វាគ្មានអីនឹងគួរឲ្យភ្ញាក់ផ្អើលទេ ចំពោះការចុះចូលលក្ខណៈជាសំបកក្រៅបែបនេះ ពីព្រោះប្រជាពលរដ្ឋគាត់ច្បាស់ណាស់ក្នុងការប្រមើលមើលថា តើគាត់ផ្ញើវាសនារយៈពេល៥ឆ្នាំនេះទៅអ្នកណា ? អ៊ីចឹងការគៀងគរដើម្បីឲ្យសមាជិកនៃគណបក្សមួយចូលទៅគណបក្សមួយនេះ គ្រាន់តែបង្ហាញឲ្យគេឃើញទេថាខ្លួនហ្នឹងវាអស្ចារ្យ ខ្លួនហ្នឹងមានសមាជិកច្រើន ក៏ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតថ្ងៃទី២៧ឯណោះដែលជាអ្នកបង្ហាញថាតើគណបក្សណាបរាជ័យ គណបក្សណាជោគជ័យនោះ» ។
គួរបញ្ជាក់ផងដែរថានៅខេត្តកំពង់ឆ្នាំងមានអាសនៈចំនួន៤និងមានគណបក្សចំនួន១១ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
គណៈកម្មការជំនាញទាំង៩របស់រដ្ឋសភាថ្មីនឹងត្រូវកាន់កាប់ដោយបក្សប្រជាជន
សម រង្ស៊ី ចោទថា រដ្ឋាភិបាលហ៊ុន សែន មិនគោរពច្បាប់, ជាម យៀប បដិសេធ
ព្រះរាជតម្រិះរបស់អតីតព្រះមហាក្សត្រជុំវិញបញ្ហារាជវង្សានុវង្សនិងនយោបាយ
សម្តេចក្រុមព្រះអាចនឹងឈប់ធ្វើនយោបាយ ?
ប្រតិកម្មរបស់មន្ត្រីបក្សប្រជាជនតបនឹងការរិះគន់របស់សមរង្ស៊ីចំពោះការចរចាជាមួយថៃ
សម រង្ស៊ី៖ រដ្ឋាភិបាល ហ៊ុន សែន គិតតែអំណាចបុគ្គលផ្ទាល់ខ្លួនជាធំ
ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាត្រូវការការកែទម្រង់ឲ្យស៊ីជម្រៅ
បក្សប្រឆាំងនឹងមិនស្នើសុំព្រះមហាក្សត្រឲ្យពន្យារពេលកិច្ចប្រជុំស្បថទទួលតំណែងសភាថ្មី
ប្រធានសហជីពសេរីកម្មករកម្ពុជាទទួលលិខិតអនាមិកព្រមាន
កាសែតអង់គ្លេសចុះផ្សាយអំពីការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន