សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​១០០​នាក់​នៅ​កំពង់ឆ្នាំង​ចុះចូល​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស

១​ថ្ងៃ​មុន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រមាណ​១០០​នាក់​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​គណបក្ស​នេះ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស នៅ​ឯ​ឃុំ​ជើងគ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។

អតីត​អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​និង​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ឃុំ​ជើងគ្រាវ លោក ញ៉េប ឡេង មាន​ប្រសាសន៍​ពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​ចាកចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ថា​មក​ពី​លោក​អស់​ជំនឿ​ចំពោះ​គណបក្ស​នេះ ។

លោក ញ៉េប ឡេង បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​យល់​ថា​ការធ្វើ​នៅ​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​លទ្ធផល​ទៅ​អនាគត​គឺ​ខ្ញុំ​មើល​ឃើញ​ថា មិន​បាន​សម្រេច​ទិសដៅ​ជូន​ប្រជាពលរដ្ឋ ។ យើង​ខ្ញុំ​មើល​ឃើញ​គោលនយោបាយ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​បង្កើត​ថ្មី​នេះ ខ្ញុំ​ពេញចិត្ត​បាន​ជា​ខ្ញុំ​សុំ​លា​ចេញ​ពី​នោះ​មក»

ប្រធាន​ក្រុម​ការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ឡេ សំអ៊ុល បដិសេធ​ដោយ​ចាត់ទុក​ថា​នេះ​ជា​ការបំផ្លើស​ដែល​គណបក្ស​សិទ្ធិ​មនុស្ស តែងតែ​ធ្វើ​នៅ​គ្រប់​ទិសទី​ក្នុង​ទូទាំង​ប្រទេស ។

លោក ឡេ សំអ៊ុល បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​មិន​ទាន់​ច្បាស់​ព្រោះ​ទើប​បាន​ឮ​សូរ​ដំណឹង ចាំ​ខ្ញុំ​ស៊ើប​ទៅ​គណបក្ស​ស្រុក វា​មិន​ទាន់​បាន​ច្បាស់ ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​មិន​ពិត​ទេ ព្រោះ​គាត់​ពូកែ​ខាង​វោហា​បន្តិច ជួនកាល​មនុស្ស​ចូលរួម​ត្រឹម​៤០០​-​៥០០​នាក់ គាត់​ថា​រាប់​ពាន់»

នៅ​ក្នុង​ពិធី​សំណេះ​សំណាល​មួយ​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រៀបចំ​ឡើង​នៅ​ទីធ្លា​វត្ត​សំបូរមាស ក្នុង​ឃុំ​ជើងគ្រាវ នៅ​ព្រឹក​ថ្ងៃ​២៥ មិថុនា ដែល​មាន​សមាជិក​គណបក្ស​ទាំង​ចាស់​ទាំង​ថ្មី​ប្រមាណ​៣០០​នាក់​ចូលរួម ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស គឺ​លោក កឹម សុខា មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​បាន​ដឹង​ហើយ​ថា ប្រជាពលរដ្ឋ​យើង​នៅ​ខេត្ត​កំពង់ឆ្នាំង​នេះ បាន​គាំទ្រ​គណបក្ស​សិទ្ធិ​មនុស្ស​ច្រើន​ណាស់ ។ ខ្ញុំ​បាន​ទៅ​ទី​ណា​ក៏​បង​ប្អូន​មក​ច្រើន​កុះករ​ដែរ ហើយ​បង​ប្អូន​រង់ចាំ​ដល់​ថ្ងៃ​ទី​២៧ ខែ​កក្កដា មួយ​ខែ​ទៀត​ខាង​មុខ​នេះ ដើម្បី​បោះ​ឆ្នោត​ជូន​គណបក្ស​សិទ្ធិ​មនុស្ស ។ ដូច្នេះ​ហើយ​មុន​នឹង​ដល់​ថ្ងៃ​នេះ ខ្ញុំ​ឆ្លៀត​ឱកាស​ដើម្បី​ថ្លែង​អំណរ​គុណ​ទុក​ជា​មុន​ចំពោះ​បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់»

ទោះបី​ជា​យ៉ាង​នេះ​ក្តី​មន្ត្រី​សម្រប​សម្រួល​និង​អង្កេត​អង្គការ​អាដហុក​ខេត្ត​កំពង់ឆ្នាំង លោក សំ ចាន់គា មាន​ប្រសាសន៍​នេះ​គ្រាន់តែ​ជា​រូបភាព​មួយ​ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​របស់​គណបក្ស​នីមួយៗ​ប៉ុណ្ណោះ ។

លោក សំ ចាន់គា បាន​បញ្ជាក់​ថា ៖ «វា​គ្មាន​អី​នឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ចំពោះ​ការចុះចូល​លក្ខណៈ​ជា​សំបក​ក្រៅ​បែប​នេះ ពីព្រោះ​ប្រជាពលរដ្ឋ​គាត់​ច្បាស់​ណាស់​ក្នុង​ការប្រមើល​មើល​ថា តើ​គាត់​ផ្ញើ​វាសនា​រយៈពេល​៥​ឆ្នាំ​នេះ​ទៅ​អ្នក​ណា ? អ៊ីចឹង​ការគៀងគរ​ដើម្បី​ឲ្យ​សមាជិក​នៃ​គណបក្ស​មួយ​ចូល​ទៅ​គណបក្ស​មួយ​នេះ គ្រាន់តែ​បង្ហាញ​ឲ្យ​គេ​ឃើញ​ទេ​ថា​ខ្លួន​ហ្នឹង​វា​អស្ចារ្យ ខ្លួន​ហ្នឹង​មាន​សមាជិក​ច្រើន ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃ​ទី​២៧​ឯណោះ​ដែល​ជា​អ្នក​បង្ហាញ​ថា​តើ​គណបក្ស​ណា​បរាជ័យ គណបក្ស​ណា​ជោគជ័យ​នោះ»

គួរ​បញ្ជាក់​ផង​ដែរ​ថា​នៅ​ខេត្ត​កំពង់ឆ្នាំង​មាន​អាសនៈ​ចំនួន​៤​និង​មាន​គណបក្ស​ចំនួន​១១​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ ៕