មន្រ្តី​ក្រសួង​កសិកម្ម​ជាង​១០០​នាក់​តវ៉ា​ពី​ការលក់​ដី​នៅ​សង្កាត់​ស្ទឹងមានជ័យ

បុគ្គលិក​មន្រ្តី​រាជការ​ចំនួន​ជាង​១០០​នាក់​នៃ​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​និង​កែលម្អ​ដី​កសិកម្ម​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សម្ដែង​ប្រតិកម្ម​តវ៉ា​ប្រឆាំង​នឹង​ការលក់​ដី​ស្ថានីយ​ពិសោធន៍​បណ្តុះ​ដំណាំ​មួយ​កន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ ក្រុង​ភ្នំពេញ ក្នុង​តម្លៃ​ជា​ទឹក​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​យក​ប្រាក់​ចែកចាយ​គ្នា​ក្នុង​ចំណោម​មន្រ្តី​ជាន់ខ្ពស់​មួយចំនួន​នៃ​នាយកដ្ឋាន​នោះ។

0:00 / 0:00

ប្រភព​បាន​ឲ្យ​ដឹង​ថា ការលក់​ដី​ទីតំាង​ចាស់​នោះ​បាន​ធ្វើ​ទ្បើង​ដោយ​ស្ងាត់ៗ​មិន​ឲ្យ​បុគ្គលិក​នានា​ដឹង​ឮ​ទេ ប៉ុន្តែ​បុគ្គលិក​រាជការ​នៃ​នាយកដ្ឋាន​នោះ​បាន​ប្រមូល​ស្នាម​ផ្តិត​មេ​ដៃ​ចំនួន​ជាង​១០០​នាក់​ហើយ ដើម្បី​សម្ដែង​ការតវ៉ា​នៅ​ពេល​ដែល​មាន​ការធ្លាយ​រឿង​នេះ​ចេញ​មក​ក្រៅ។

បុគ្គលិក​មន្ត្រី​រាជការ​ម្នាក់​តំណាង​ឲ្យ​បុគ្គលិក​តវ៉ា​ជាង​១០០​នាក់​របស់​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​នង​កែលម្អ​ដី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បុគ្គលិក​រាជការ​តូចតាច​គ្មាន​បាន​ទទួល​ប្រាក់​ចំណែក​អ្វី​ទ្បើយ​ពី​ការលក់​ដោះដូរ​ដី​នោះ។

មន្ត្រី​រាជការ​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «មិន​ទាន់​មាន​អ្នក​ណា​ដឹង​ថា​ចែក​ប៉ុន្មាន​ទេ ព្រោះ​អី​គេ​លាក់លៀម​រឿង​ហ្នឹង​ទាំងអស់។ ពេល​ដែល​គេ​លាក់​ស្ងាត់ គេ​អត់​ឲ្យ​ដឹង​ថា​លក់​ឬ​ដោះដូរ​ក៏​គេ​អត់​ឲ្យ​ដឹង​ដែរ។ ប៉ុន្តែ​នៅ​ពេល​ដែល​ធ្លាយ​ដឹង​រឿង ពួក​យើង​បាន​នាំគ្នា​ធ្វើការ​តវ៉ា​ផ្ដិត​មេ​ដៃ​ឲ្យ​ប្រធាន​នាយកដ្ឋាន​ហ្នឹង​គាត់​បំភ្លឺ។ ដល់​ពេល​អ៊ីចឹង​ពី​ម្សិលមិញ​ហ្នឹង ដឹង​រឿង​អ៊ីចឹង​ប្រធាន​គាត់​នាំ​គ្នា​ប្រជុំ ហើយ​គាត់​យក​គម្រោង​ដែល​គាត់​ត្រូវ​ទិញ​ស្អី​ហ្នឹង​ហើយ​លក់​អី​ហ្នឹង មក​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​វិញ​ថា អត់​មាន​ឲ្យ​អី​ទេ។ តាម​ការទាមទារ​ហ្នឹង​គឺ​ម្នាក់​២​ពាន់ (ដុល្លារ)។ តម្លៃ​ដី​ហ្នឹង​គឺ​តាម​ការស្ទាបស្ទង់​វា​ប្រហែល​ជា ៧ ឬ ៨​លាន (ដុល្លារ) ២​ហិកតារ​ជាង ព្រោះអី​ដី​ស្ទឹងមានជ័យ​ហ្នឹង​ថ្លៃ​ណាស់»

ទាក់ទង​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ លោក ស្រ៊ុន សុខម អនុ​ប្រធាន​នៃ​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​និង​កែលម្អ​ដី​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ៖ «អ៊ីចឹង​បាន​ថា​គណៈកម្មការ​របស់​អន្តរ​ក្រសួង មាន​នាយកដ្ឋាន​ចូលរួម​ដែរ​ហ្នឹង ប្រហែល​ជា​គាត់​មាន​ឯកសារ​បំភ្លឺ។ វា​មាន​លម្អៀង​បង់​ចូល​រដ្ឋ​ក្នុង​ហ្នឹង»

លោក​បាន​បដិសេធ​ថា​លោក​មិន​បាន​ទទួល​ប្រាក់​កម្រៃ​អ្វី​ទេ​ពី​ការដោះដូរ​ដី​នោះ។

ផែ្អក​តាម​ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន ចុះ​ថៃ្ង​ទី​១៩ ខែ​មីនា ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ផ្ញើ​ជូន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកសារ​នោះ​បាន​និយាយ​ថា យល់ព្រម​ឲ្យ​ក្រុមហ៊ុន អេង កាំង Development Corporation and Construction Co., Ltd. ធ្វើការ​ដោះដូរ​អតីត​ការិយាល័យ​ការពារ​ដំណាំ ជា​ថ្នូរ​នឹង​ដី​ចំនួន​៦​ហិកតារ​របស់​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​វាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្នុង​រង្វង់​ទឹកប្រាក់​ជាង​១​លាន​៩​សែន​ដុល្លារ​អាមេរិក។

ឯកសារ​ថត​ចម្លង​ផ្សេង​មួយ​ទៀត ចុះ​ថៃ្ង​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០០៥​កន្លង​ទៅ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកសារ​នោះ​បាន​ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​នោះ ធ្លាប់​បាន​ជួល​ដី​ការិយាល័យ​ការពារ​ដំណាំ​នៅ​ស្ទឹងមានជ័យ របស់​នាយកដ្ឋាន​ក្សេត្រសាស្រ្ត​និង​កែលម្អ​ដី​នោះ ឲ្យ​ទៅ​ក្រុមហ៊ុន អេង កាំង នោះ សម្រាប់​រយៈពេល​៣០​ឆ្នាំ ក្នុង​ទឹក​ប្រាក់​៣០០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន អេង កាំង នោះ បាន​ទិញ​ដី​ជួល​នោះ​ផ្តាច់​តែម្តង ក្នុង​តម្លៃ​ទឹកប្រាក់​ជា​ច្រើន​លាន​ដុល្លារ​អាមេរិកនា​ពេល​បច្ចុប្បន្ន​នេះ៕