អ្នក​ភូមិ​នៅ​ពោធិ៍សាត់​តវ៉ា​ចំពោះ​ការ​បណ្ដេញ​ចេញ

ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ​ដែល​កំពុង​រស់​នៅ​តំបន់​ចម្ការ​ម៉ៃសាក់ ក្នុង​ភូមិ​ទួលក្រួស សង្កាត់​ចម្រើនផល ក្រុង​ពោធិ៍សាត់ បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​ការ​បណ្តេញ​ពួកគាត់​ចេញ​ពី​តំបន់​នោះ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។

0:00 / 0:00

ស្ត្រី​ឈ្មោះ កឿន យឿន អាយុ​៤៣​ឆ្នាំ ប្តី​គាត់​ជា​ទាហាន​ក្នុង​កងពល​អន្តរាគមន៍​លេខ​១៤ មាន​ប្រសាសន៍​ថា គាត់​បាន​មក​រស់​នៅ​តំបន់​នេះ​តាំង​ពី​ឆ្នាំ​១៩៨៥។ គាត់​បញ្ជាក់​ពី​មូលហេតុ​ដែល​គាត់​មក​រស់​នៅ​តំបន់​នេះ​ថា ដោយ​អង្គភាព​ដែល​ប្តី​គាត់​ធ្វើ​ការ​មាន​ទីតាំង​នៅ​ក្បែរ​តំបន់​នេះ ៖ «មក​នៅ​ទី​នេះ​តាម​ប្ដី​គាត់​ធ្វើ​ទាហាន គាត់​នៅ​បន្ទាយ​ហ្នឹង។ នៅ​ហ្នឹង​សុខ​ចេះ​តែ​នៅ​ទៅ»

ស្ត្រី​វ័យ​៦៧​ឆ្នាំ​ឈ្មោះ ហែម ជាតិ មាន​ប្រសាសន៍​ថា គាត់​មក​រស់​នៅ​តំបន់​នេះ​តាម​កូន​ប្រុស​គាត់​ជា​ទាហាន​ក្នុង​កងពល​អន្តរាគមន៍​លេខ​១៤​ដែរ តែ​ឥឡូវ​កូន​គាត់​បាន​ពលី​ជីវិត​ទៅ​ហើយ ដោយ​បន្សល់​ទុក​នូវ​ចៅ​កំព្រា​៤​នាក់​ក្នុង​បន្ទុក​ដែល​លោក​យាយ​ត្រូវ​រែក​ពុន។ គាត់​បន្ត​ថា ប្រសិន​បើ​ត្រូវ​បណ្តេញ​ចេញ​ដោយ​មិន​មាន​ការ​ផ្តល់​ដីធ្លី​ទេ​នោះ គាត់​និង​ចៅ​មិន​ដឹង​ជា​ត្រូវ​រស់​នៅ​ទីណា​ទេ។

អ្នកស្រី ហែម ជាតិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ពី​ដើម​កូន​ទៅ​ធ្វើ​ទាហាន​នៅ​កន្លែង​នោះ ដល់​ពេល​គេ​ផ្លាស់​ទៅ​លិច​ទៅ​កើត​ទៅ ក៏​ខ្ជិល​រើ​ទៅ​តាម​កូន​ក៏​នៅ​នឹង​ដី​ម៉ៃសាក់​ហ្នឹង​ទៅ គេ​គ្មាន​ដេញ​អី​ទេ ដល់​តែ​ឥឡូវ​ស្រុក​សន្តិភាព​ស្រួល​បួល​អ៊ីចឹង​ទៅ គេ​ទាមទារ​យក​ដី​រដ្ឋ​ហ្នឹង​វិញ»

មេ​ភូមិ​ទួល​ក្រួស​គឺ​លោក តុង សារឿន ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​ទាំង​១០​គ្រួសារ​នេះ​ពិត​ជា​បាន​មក​រស់​នៅ​ជា​យូរ​រណាស់​មក​ហើយ។

ចៅ​សង្កាត់​ចម្រើនផល គឺ​លោក ឈុន សៀង មាន​ប្រសាសន៍​ថា សាលា​សង្កាត់​បាន​បញ្ចូល​ឈ្មោះ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ​ចូល​ក្នុង​បញ្ជី​ពលរដ្ឋ​ក្រីក្រ​គ្មាន​ដីធ្លី​រួច​ហើយ រង់ចាំ​គោលការណ៍​ដោះស្រាយ​ពី​ថ្នាក់​លើ។

លោក ឈុន សៀង មាន​ប្រសាសន៍​ដូច្នេះ ៖ «ធ្វើ​ជំរឿន​អស់​ហើយ អ្នក​ដែល​អត់​ដី​មាន​ប៉ុន្មានៗ យើង​ធ្វើ​ផែនការ​បញ្ជូន​ទៅ​អស់​ហើយ។ ដូច​ខ្ញុំ​បាន​ទៅ​ធ្វើ​សិក្ខាសាលា​នៅ​កន្លែង​ភូមិបាល អ៊ីចឹង​យើង​ធ្វើ​អស់​ហើយ ការ​លំបាក​អត់​ដី​អី ដល់​គាត់​អត់​ដឹង​គាត់​ចេះ​តែ​ភ័យ​ខ្លាច»

អភិបាល​រង​ក្រុង​ពោធិ៍សាត់ គឺ​លោក ហាវ សារឿន មាន​ប្រសាសន៍​ថា សាលា​ក្រុង​បាន​រៀបចំ​រួចរាល់​អស់​ហើយ។ ប្រជាពលរដ្ឋ​ទាំង​នោះ​នឹង​ទទួល​បាន​ដី​សង្គមកិច្ច​នៅ​ពេល​ខាង​មុខ ៖ «ប្រជាពលរដ្ឋ​ដែល​នៅ​តាម​មាត់​ស្ទឹង​ក្ដី នៅ​តាម​ប្រឡាយ​ក្ដី គេ​សុទ្ធ​តែ​មាន​គោលការណ៍​ដើម្បី​ដាក់​បញ្ចូល​ក្នុង​ដី​សម្បទាន​សង្គម​កិច្ច ប៉ុន្តែ​គោលការណ៍​ដី​សម្បទាន​វា​អត់​មាន​កំណត់​ដី​ចែក»

តាម​ឯកសារ​ផែនការ​ប្រើប្រាស់​ដី​ក្នុង​សង្កាត់​ចម្រើនផល បាន​បង្ហាញ​ថា ក្នុង​សង្កាត់​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ ដែល​ភាគ​ច្រើន​ជា​គ្រួសារ​យោធា​បាន​មក​តាំង​ទី​លំនៅ​ដោយ​ខ្លួន​ឯង​លើ​ដី​ព្រៃ ដី​ចំណី​ផ្លូវ ដី​ចំណី​ស្ទឹង​ជាដើម​ដែល​តំបន់​ទាំង​នោះ​រដ្ឋ​ត្រូវ​រៀបចំ​ឡើង​វិញ៕