គណបក្ស​នយោបាយ​១០​ចូលរួម​វេទិកា​ស្ដីពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

2008-07-08

គណបក្ស​ចំនួន​១០​ក្នុង​ចំណោម​១១​ចូលរួម​បោះ​ឆ្នោត​សភា​លើក​ទី​៤ ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ នៅ​គ្រា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចូលរួម​ក្នុង​វេទិកា​គណបក្ស​នយោបាយ ស្តីពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​និង​វិធានការ​អនុវត្ត​ច្បាប់​ដែល​រៀបចំ​ដោយ​អង្គការ​ខុមហ្វ្រែល នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា ។

RFA Photo

សកម្មជន​នៃ​អង្គការ​សង្គមស៊ីវិល​នាំគ្នា​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ចុង​ឆ្នាំ​២០០៦ ។

វាគ្មិន​មក​ពី​គណបក្ស​នយោបាយ​ទាំង​១០​បាន​សម្ដែង​ជំហរ​ថា​នឹង​ជំរុញ​ឲ្យ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឆាប់​មាន​ក្នុង​រដ្ឋាភិបាល​ថ្មី ហើយ​អនុវត្ត​ច្បាប់​នោះ​ឲ្យ​បាន​ចំ​ទិសដៅ ។

លោក មុត ចន្ថា តំណាង​គណបក្ស នរោត្តម រណឫទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «បង្កើត​ឲ្យ​មាន​ការចូលរួម​របស់​សង្គម​ស៊ីវិល​ក្នុង​ការតាមដាន វាយតម្លៃ និង​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ពុករលួយ និង​សកម្មភាព​អំពើ​ពុករលួយ»

លោក អ៊ុក ភូរិ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​ខ្មែរ នឹង​ដំឡើង​ប្រាក់ខែ​មន្រ្តី​រាជការ ។

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ថា ៖ «គឺ​ការកាត់​បន្ថយ​អំណាច​រដ្ឋ​ដើម្បី​ឲ្យ​អ្នក​កាន់​ការងារ​ស្រុកទេស​ហ្នឹង​មាន​ការទទួល​ខុស​ត្រូវ​លើ​ទង្វើ​របស់​គាត់»

លោក ក្រវ៉ាញ់ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​មាន​ប្រសាសន៍​ថា ៖ «បង្កើត​ប្រព័ន្ធ​គណនី​គ្រប់​ខេត្ត​ក្រុង​តាំងពី​លើ​ដល់​ថ្នាក់​ក្រោម»

លោក ប៉ែន វ៉ាណូ អគ្គលេខាធិការ​គណបក្ស​សង្គម​យុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា ៖ «សូម​ឲ្យ​អ្នក​រាជការ​ទាំងអស់​មាន​គណនី​ជា​ដាច់ខាត ។ លុយ​ចូល​ក្នុង​គណនី​ដើម្បី​ស្រួល លុយ​ចូល​មក​ពី​ណា ចេញ​ទៅ​ណា​ម៉ោង​ណា​ក៏​ដឹង​ដែរ»

លោក យឹម សុវណ្ណ គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «ទាមទារ​ឲ្យ​ជន​ពុករលួយ​ដែល​បាន​កិបកេង​ទ្រព្យ​សម្បត្តិ​ជាតិ​ក្នុង​តំណែង​របស់​ខ្លួន​កន្លង​មក​ហ្នឹង គឺ​ត្រូវតែ​យក​លុយ​នោះ​មក​ដាក់​ចូល​ឃ្លាំង​រដ្ឋ​វិញ»

លោក ភោគ ផុន គណបក្ស​ហង្សដារ៉ា​ចលនា​ប្រជាធិបតេយ្យ បាន​មាន​ប្រសាសន៍​ថា ៖ «នឹក​គិត និយាយ ធ្វើ ចិញ្ចឹម​ជីវិត​ដោយ​ត្រឹមត្រូវ ហើយ​និង​ព្យាយាម ហើយ​និង​សម្បជញ្ញៈ... ៨​នេះ​វា​ជា​តួអង្គ​របស់​មនុស្ស​គ្រប់​រាងកាយ កាល​ណា​អត់​៨​នេះ​គឺ​ធ្លាក់​ជ្រោះ»

លោក គាត សុគុណ តំណាង​គណបក្ស​សិទ្ធិ​មនុស្ស បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ត្រូវ​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ បង្កើត​ស្ថាប័ន​ឯករាជ្យ​មួយ​បោស​សម្អាត​អំពើ​ពុករលួយ​ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​សភា​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋសភា»

ជន​ពិការ​មកពី​ខេត្ត​កំពង់ស្ពឺ​អះអាង​ថា អំពើ​ពុករលួយ​ធ្វើ​ឲ្យ​គាត់​បាត់បង់​ប្រាក់​ឧបត្ថម្ភ​មូលដ្ឋាន​១០​ឆ្នាំ​មក​ហើយ ៖ «ប្រាក់​វិល​មូលដ្ឋាន​នោះ​គេ​ឲ្យ​ក្នុង​ម្នាក់​៦០​ម៉ឺន​រៀល តែ​បច្ចុប្បន្ន​ក្រសួង​គេ​បាន​កំណត់​ថា​ឲ្យ​ម្នាក់​ទទួល​បាន​តែ​១០​ម៉ឺន​ឬ​ក៏​៥​ម៉ឺន​រៀល ។ តែ​អា​បាត់​វា​ប្រហែល​ជា​៣០​-​៤០​ម៉ឺន​រៀល​ទៀត មិន​ដឹង​គេ​ស៊ី​ត្រឹម​ថ្នាក់​ខេត្ត ឬ​ក៏​ត្រឹម​ថ្នាក់​អី​គឺ​បាត់​អស់​តែម្ដង»

និសិ្សត​មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ឲ្យ​ដឹង​ថា ចង់​បាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​អនុវត្ត​ក្នុង​រដ្ឋាភិបាល​ថ្មី ដើម្បី​បញ្ចប់​ការទិញ​ដូរ​តំណែង​ការងារ​និង​ការសិក្សា ៖ «មាតា​បិតា​ចង់​ឲ្យ​កូន​ជាប់​ឡើង​ថ្នាក់ ឬ​ក៏​បាន​ការងារ​ធ្វើ មាតា​បិតា​ត្រូវ​ចំណាយ​លុយ​ដើម្បី​សូកប៉ាន់»

និស្សិត​ម្នាក់​ទៀត​និយាយ​ថា​គ្មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ទន់​ខ្សោយ ។

តាម​មន្រ្តី​ក្រៅ​រដ្ឋាភិបាល​រៀបចំ​វេទិកា​គណបក្ស​នយោបាយ​ស្តីពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចូលរួម​ជជែក​នៅ​ថ្ងៃ​នេះ ដោយ​ផ្ញើ​លិខិត​មក​ថា​ក្រៅពី​វេទិកា​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​គណបក្ស​នោះ​មិន​ចូលរួម​ទាំងអស់ ។

សូម​ជម្រាប​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា ប្រាក់​ចំណូល​ជាតិ​ត្រូវ​បាត់បង់​យ៉ាង​ហោច​ណាស់​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ដោយសារ​អំពើ​ពុករលួយ ៕

អត្ថបទ​ដែល​ទាក់ទង

គ.ជ.ប.​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ប្រឆាំង សម រង្ស៊ី

មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​ពិចារណា​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​នរោត្ដម​រណឫទ្ធិ

គ.ជ.ប. ស្នើ​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់​ខែ​របស់​ប្រធាន​គណបក្ស​សម​រង្ស៊ី

អតិផរណា​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ

កម្ពុជា​គ្រោង​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​និង​ខណ្ឌ​នៅ​ខែ​ឧសភា ២០០៩

គ.ជ.ប.៖ ពលរដ្ឋ​តែ​ជាង​៥០%​ប៉ុណ្ណោះ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០០៨

ខុមហ្វ្រែល​ចេញ​របាយការណ៍​វាយតម្លៃ​លើ​ការបោះឆ្នោត​ឆ្នាំ​២០០៨

គ.ជ.ប. នឹង​បំផ្លាញ​សន្លឹក​ឆ្នោត​ដែល​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៣​ចោល

អ្នក​សង្កេតការណ៍​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​កម្ពុជា​លុប​ចោល​ការប្រើ​ទម្រង់​១០១៨

តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​សភា​ទេ