អាដហុក៖ អ្នក​កាសែត​១២​នាក់​ត្រូវ​បាន​សម្លាប់​តាំង​ពី​ឆ្នាំ​១៩៩៣-២០១២

របាយការណ៍​របស់​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​ឆ្នាំ​២០១២ នេះ ការ​គាប​សង្កត់​ខាង​ផ្នែក​សារព័ត៌មាន​កាន់​តែ​មាន​ស្ថានភាព​អាក្រក់​ទៅៗ ខណៈ​អ្នក​កាសែត​ជា​ច្រើន​ត្រូវ​បាន​សម្លាប់ ត្រូវ​បាន​ជាប់​ពន្ធនាគារ និង​រង​ការ​គំរាមកំហែង។
ដោយ តាំង សារ៉ាដា
2012-10-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។
លោក ហង្ស ចក្រា ចាងហ្វាង​កាសែត​ខ្មែរ​ម្ចាស់​ស្រុក នៅ​ពេល​ត្រូវ​នាំ​ខ្លួន​ចូល​ស្ដាប់​សវនាការ​សាលា​ឧទ្ធរណ៍​នា​ថ្ងៃ​ទី​១១ សីហា ២០០៩។
RFA/Sok Serey

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល បាន​ទាមទារ​ឲ្យ​អ្នក​យក​ព័ត៌មាន​ទាំង​អស់​ប្រកាន់​នូវ​វិជ្ជាជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដើម្បី​ជៀស​វាង​នូវ​បញ្ហា។

រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដែល​ជា​ច្បាប់​កំពូល​នៃ​ប្រទេស​កម្ពុជា បាន​ចែង​យ៉ាង​ច្បាស់​អំពី​ការ​លើក​ស្ទួយ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ ១៩​ឆ្នាំ​ក្រោយ​ការ​បង្កើត​ច្បាប់​កំពូល​នេះ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ វាយ​តម្លៃ​ថា កម្ពុជា​ជា​ប្រទេស​ដែល​នៅ​តែ​មាន​បញ្ហា​សេរីភាព​ក្នុង​ការ​សំដែង​មតិ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​ឆ្នាំ​២០១២ នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​កាសែត​ចំនួន ១២​នាក់ ត្រូវ​បាន​សម្លាប់ អ្នក​យក​ព័ត៌មាន​ចំនួន ១៧​នាក់ បាន​រង​នូវ​ការ​គំរាម​សម្លាប់ និង​រត់​គេច​ខ្លួន​ មនុស្ស​ចំនួន ១២​នាក់​បាន​ជាប់​ពន្ធនាគារ និង​អ្នក​កាសែត​ម្នាក់​ទៀត បាន​រង​របួស​ធ្ងន់។ លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កាសែត និង​ទស្សនាវដ្ដី​ក្នុង​ស្រុក​ចំនួន ៤២ ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ប្រកាស​បិទ​ទាំង​ស្រុង​ផង​ដែរ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ចាន់ សុវ៉េត ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​អ្នក​សារព័ត៌មាន​ដែល​តែង​រង​នូវ​ការ​សម្លាប់ និង​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ភាគ​ច្រើន​ជា​ក្រុម​អ្នក​យក​ព័ត៌មាន​ដែល​ហ៊ាន​សរសេរ រិះគន់​អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ក្នុង​ជូរ​សែស្រឡាយ​របស់​អ្នក​មាន​អំណាច ព្រម​ទាំង​ហ៊ាន​រិះគន់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​លក់​ធនធាន​ធម្មជាតិ​ដោយ​ខុស​ច្បាប់។

លោក ចាន់ សុវ៉េត៖ «ភាគ​ច្រើន​អ្នក​ដែល​ទទួល​រង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នោះ សុទ្ធ​តែ​បាន​ទទួល​ការ​គំរាម​កំហែង​ជា​ញឹកញាប់​កន្លង​មក​នេះ​ដែរ ហើយ​អ្នក​ទាំង​នោះ​មិន​ចុះ​ញ៉ម។ អ្នក​ខ្លះ​រង​ការ​គុំកួន​ជា​របៀប​នយោបាយ និង​អ្នក​ខ្លះ​រង​ការ​ប្ដឹង​ពី​រដ្ឋាភិបាល គឺ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ចាត់ការ​អ្នក​ទាំង​នោះ ដូច​ជា​លោក ដាំ សិទ្ធ និង​លោក ហង្ស ចក្រា ជាដើម»

យោង​តាម​កំណត់ហេតុ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក អ្នក​សារព័ត៌មាន​ខ្មែរ និង​បរទេស​ចំនួន ១២​នាក់ ដែល​ត្រូវ​គេ​សម្លាប់​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ហើយ​ជន​ដៃដល់​មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ រួម​មាន​លោក ធូ ចាមង្គល នួន ចាន់ ឯក មង្គល សៅ ចាន់តារា ចេត ដួងតារារិទ្ធិ ធន់ ប៊ុនលី ពេជ្រ ឯម  អ៊ូ សារឿន ជួ ជិតថារិទ្ធិ ឃឹម សម្បូរ លោក ហង្ស សិរីឧត្តម និង​អ្នក​ថត​រូប​បរទេស​ម្នាក់​ទៀត​លោក មៃឃល សេនន័រ (Michael Senior)។

ប្រធាន​ក្លឹប​អ្នក​កាសែត​បរទេស​ប្រចាំ​នៅ​កម្ពុជា លោក រ៉ូប៊ឺត ខា មៃឃល (Robert Car Michael) មាន​ប្រសាសន៍​ថា ស្ថានភាព​នៃ​ការ​សម្លាប់​អ្នក​កាសែត​នៅ​កម្ពុជា បាន​ប្ដូរ​ពី​ការ​សម្លាប់​មក​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចោទ​ប្រកាន់​អ្នក​យក​ព័ត៌មាន​ក្រោម​ផ្លាក​បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត។

លោក រ៉ូប៊ឺត ខា មៃឃល៖ «បើ​ប្រៀបធៀប​ស្ថានភាព​អ្នក​កាសែត​នៅ​កម្ពុជា កាល​ពី​ជាង​ដប់​ឆ្នាំ​មុន​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ គឺ​នៅ​តែ​ជួប​នឹង​ភាព​ប្រថុយប្រថាន​ដដែល។ ការ​គំរាម​កំហែង​ទៅ​លើ​អ្នក​កាសែត​បាន​ប្ដូរ​រូបភាព ការ​សម្លាប់​ទៅ​ជា​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ចំពោះ​សេចក្ដី​រាយការណ៍​របស់​ពួក​គេ​ដែល​ចុះ​ផ្សាយ​អំពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​ក្នុង​សង្គម​ខ្មែរ»

កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​សុខ​ចិត្ត​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ជាង​ការ​ប្រើ​អាវុធ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ហើយ​បាន​បដិសេធ​ថា រដ្ឋបាល​របស់​លោក​មិន​បាន​ដឹក​នាំ​បែប​ផ្ដាច់​ការ​នោះ​ឡើយ។

ជុំវិញ​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ឃ្លាំមើល​ដែល​ថា កម្ពុជា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាត់ការ​លើ​ក្រុម​អ្នក​សារព័ត៌មាន​នោះ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អោយ​ដឹង​ថា នេះ​ជា​សញ្ញា​ល្អ​ទៅ​វិញ​ទេ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​បើក​ចំហ​ផ្នែក​សេរីភាព ហើយ​ថា សេរីភាព​ខាង​សារព័ត៌មាន​ត្រូវ​ប្រតិបត្តិ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

គេ​សង្កេត​ឃើញ​ថា អ្នក​សារព័ត៌មាន​ភាគ​ច្រើន​ដែល​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ តែង​រង​ការ​គាប​សង្កត់ គំរាម​កំហែង ចាប់ចង និង​សម្លាប់។
ស្ថានភាព​អ្នក​កាសែត​ភាសា​ខ្មែរ​ខុស​គ្នា​ពី​អ្នក​កាសែត​បម្រើ​ការ​ឲ្យ​ស្ថាប័ន​កាសែត​បរទេស ដូចជា​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) ឬ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​មិន​សូវ​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ និពន្ធ​នាយក​កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក កៃ គឹមសុង មាន​ប្រសាសន៍​ថា ក្រុម​យក​ព័ត៌មាន​នៃ​ស្ថាប័ន​កាសែត​របស់​លោក​កន្លង​មក ធ្លាប់​ជួប​ប្រទះ​នូវ​ឧបសគ្គ​ខ្លះ​ដែល​បង្ក​ឡើង​ដោយ​សមត្ថកិច្ច​មូលដ្ឋាន​តិចតួច​ដែរ តែ​មិន​មែន​ជា​លក្ខណៈ​ធ្ងន់ធ្ងរ​នោះ​ទេ។

ជាមួយ​នឹង​របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​កត់​ត្រា​ទុក​នូវ​ចំនួន​អ្នក​កាសែត​ដែល​រង​ការ​សម្លាប់ និង​ការ​គំរាមកំហែង​ពី​រដ្ឋាភិបាល​ដែរ​នោះ អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) សហរដ្ឋ​អាមេរិក កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ នេះ បាន​វាយ​តម្លៃ​ការ​សំដែង​សេរីភាព​នៅ​កម្ពុជា​ថា ជា​ប្រទេស​ដែល​គ្មាន​សេរីភាព ជា​ពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ទាំង​នៅ​ក្នុង​រដ្ឋ​សភា និង​តាម​ទី​សាធារណៈ។

ចំណែក​និពន្ធ​នាយក​កាសែត​ខ្មែរ​ម្ចាស់​ស្រុក លោក ហង្ស ចក្រា ដែល​ធ្លាប់​ត្រូវ​តុលាការ​កាត់​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៩​លាន​រៀល​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត កាល​ពី​ឆ្នាំ​២០០៩ មាន​ប្រសាសន៍​ថា លោក​បាន​រង​នូវ​ការ​គំរាមកំហែង​ចំនួន ២២២​ករណី ក្នុង​ការងារ​ជា​អ្នក​កាសែត​រយៈពេល ២០​ឆ្នាំ​កន្លង​មក​នេះ។

រី​ឯ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ត្រូវ​តែ​គោរព​សេរីភាព​សារព័ត៌មាន និង​ទទួល​ខុស​ត្រូវ​ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។

អង្គការ​នេះ​ឲ្យ​ដឹង​ថា តួនាទី​របស់​សារព័ត៌មាន មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ តាម​ហេតុការណ៍​ដែល​កើត​ឡើង​ជូន​សាធារណជន។ ម្យ៉ាង​ទៀត តួនាទី​របស់​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ គឺ​ចូល​រួម​ចំណែក​ក្នុង​ការ​ជួយ​លើក​កម្ពស់​ប្រជាធិបតេយ្យ និង​កសាង​សង្គម​ស៊ីវិល​មួយ​ដែល​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​សំដែង​មតិ​យោបល់​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល