ក្រុមហ៊ុន សូគីម៉ិច ត្រូវ​បាន​ចោទ​ថា​យក​ដី​ពល​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន

ប្រជា​ពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មានជ័យ ក្រុង​ភ្នំពេញ បាន​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន សូគីម៉ិច (sokimex) របស់​លោក​ឧកញ៉ា សុខ គង់ កំពុង​តែ​ធ្វើ​សកម្មភាព បោះ​បង្គោល​ព័ទ្ធ​យក​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ចំនួន ១៣ គ្រួសារ ដើម្បី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ទំហំ​ដី​ធ្លី ដែល​កំពុង​តែ​ប្រឈម​មុខ និង​ការ​រឹប​យក​នោះ មាន​ចំនួន​ជាង ២០ ហិកតារ។ តំបន់​ដែល​មាន​ទំនាស់​នោះ គេ​ហៅ​ថា បឹង​ឈូក។ ប្រជា​ពលរដ្ឋ​ចំនួន ១៣ គ្រួសារ បាន​អះអាង​ថា ពួក​គាត់​មាន​ឯកសារ​កម្មសិទ្ធិ​ត្រឹមត្រូវ​ក្នុង​ការ​កាន់កាប់​លើ​ដី​នោះ។

ប្រជា​ពលរដ្ឋ​សង្កាត់​ព្រែក​ប្រា​មួយ​រូប​ឈ្មោះ យឹម សុផល អាយុ ៥៣ ឆ្នាំ បាន​ថ្លែង​ថា ដី​ធ្លី​របស់​លោក ដែល​កំពុង​តែ​ចិញ្ចឹម​ត្រី​តាំង​ពី​ឆ្នាំ ២០០៥ មក ត្រូវ​បាន​ក្រុមហ៊ុន សូគីម៉ិច បោះ​បង្គោល​ព័ទ្ធ​យក​ដោយ​គ្មាន​សំណង។

លោក យឹម សុផល ៖ «បើ​សិន​ជា​គេ​ហ៊ុមព័ទ្ធ ហើយ​ធ្វើ​ប្លង់​យក គឺ​បាត់បង់​ទាំង​ស្រុង​ហើយ។ គ្មាន​វិធី​អ្វី​ក្រៅ​អំពី​សុំ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​សម្ដេច​ជួយ​ពិនិត្យ​សំណុំ​រឿង​របស់​ប្រជា​ពលរដ្ឋ​ទាំង ១៣ គ្រួសារ​នេះ​ឡើង​វិញ ព្រោះ​កន្លង​មក​យើង​ខ្ញុំ​ទាំង​អស់​គ្នា បាន​គិត​គូរ​ធ្វើ​លិខិត​ស្នាម ជម្រាប​ជូន​សម្ដេច​ច្រើន​លើក​ច្រើន​សា​ហើយ តែ​ទៅ​មិន​ដល់»។

លោក​បាន​ឲ្យ​ដឹង​ថា ពាក្យ​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ដោះ​ស្រាយ​ទេ។ ការ​ងើប​តវ៉ា​កន្លង​មក ត្រូវ​បាន​អាជ្ញាធរ​ហាម​ឃាត់។

ប្រជា​ពលរដ្ឋ​ឈ្មោះ លឹម បាក់ជូរ អាយុ ៥៦ បាន​ថ្លែង​ថា ដី​របស់​លោក​ស្រី ដែល​មាន​ចំនួន ៣ ហិកតារ​កន្លះ កំពុង​តែ​ប្រឈម​មុខ​ការ​រឹប​យក។

លោក​ស្រី លឹម បាក់ជូរ ៖ «ត្រូវ​តែ​រក​យុត្តិធម៌​សង​ខ្ញុំ​មក។ យ៉ាង​ម៉េច​ក៏​មក​យក​ដី​ខ្ញុំ? ខ្ញុំកាន់​កាប់​ជិត ១០ ឆ្នាំ​មក​ហើយ។ ពេល​ខ្ញុំ​លើក​ទំនប់ ម៉េច​គេ​មិន​ឃាត់​ខ្ញុំ​ពេល​ហ្នឹង។ បើ​ពេល​ហ្នឹង គេ​មក​ឃាត់​ខ្ញុំ ខ្ញុំ​ក៏​អត់​ទិញ​គេ​ទេ ហើយ​អត់​ឲ្យ​លុយ​គេ​ទេ»។

ចៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​មានជ័យ ជាយ​ក្រុង​ភ្នំពេញ លោក ជួប ស៊ីថា បាន​មាន​ប្រសាសន៍​ថា នីតិវិធី​ដោះ​ស្រាយ​រឿង​នេះ ត្រូវ​បាន​មន្ត្រី​ថ្នាក់​លើ​បាន​ឯកភាព​គ្នា​រួច​ហើយ។ ដូច្នេះ​លោក​ជា​មន្ត្រី​ថ្នាក់​ក្រោម ត្រូវ​តែ​អនុវត្ត​តាម។ បើ​ទោះ​បី​ជា​កន្លង​មក លោក​បាន​គាំទ្រ​ថា ដី​ធ្លី​នោះ ជា​កម្មសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ក៏​ដោយ។

លោក ជួប ស៊ីថា ៖ «នីតិវិធី​ដោះ​ស្រាយ​ហ្នឹង ដោយ​ផ្អែក​លើ​ខាង​អធិការកិច្ច​ក្រសួង ក៏​ដូចជា ស.ជ.ណ និង​មាន​ការ​ចុះ​ហត្ថលេខា និង​ចំណារ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី លើ​ការ​អភិវឌ្ឍ»។

មេការ​គ្រប់គ្រង​កម្មករ​របស់​ក្រុមហ៊ុន សូគីម៉ិច ឈ្មោះ យ៉ា បាន​បំភ្លឺ​ថា ៖ «ដី​របស់​ប្រជាជន​ប៉ះពាល់​ហើយ។ បើ​និយាយ​ទៅ ដី​នៅ​កន្លែង​ណា​គាត់​អត់​ដឹង​ដែរ»។

ឯកសារ​ថត​ចម្លង​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បង្ហាញ​ថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សេង លឹមនៅ បាន​ជម្រាប​ប្រាប់​មក​អភិបាល​ក្រុង​ភ្នំពេញ លោក កែប ជុតិមា នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ក្នុង​លិខិត ស.ជ.ណ ថា ទុក​ជា​មោឃៈ​នូវ​រាល់​ឯកសារ​ទាំងទ្បាយ​ណា​ដែល​ចេញ​ក្រោយ​ឆ្នាំ​១៩៩២ ពាក់ព័ន្ធ​​នឹង​ការ​កាន់កាប់​កម្មសិទ្ធិ​ដី​ជាន់​លើ​តំបន់​អភិវឌ្ឍន៍ បឹងឈូក របស់​ក្រុមហ៊ុន សូគីម៉ិច៕