ក្មេងប្រុសម្នាក់ឈ្មោះ សុខ បូរ៉ី អាយុ១៤ឆ្នាំ រស់នៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានអាការៈក្តៅខ្លួននិងក្តៅក្រហាយក្នុងភ្នែកខ្លាំងនោះ ត្រូវបានក្រុមគ្រូពេទ្យប្រយុទ្ធនឹងជំងឺផ្តាសាយប្រភេទថ្មី A(H1N1) បញ្ជាក់ថា គេមានកើតជំងឺ A(H1N1)នេះមែន។
លោកវេជ្ជបណ្ឌិត អ៊ី គង់ មានប្រសាសន៍ថា ក្មេងប្រុសនេះបានមកជួបពេទ្យកាលពីថ្ងៃទី១ កុម្ភៈ ហើយខាងមណ្ឌលសុខភាពបានយកសម្បោរពីច្រមុះរបស់គេបញ្ជូនទៅវិទ្យាស្ថានជាតិធ្វើការពិនិត្យ។ រហូតដល់ថ្ងៃសុក្រ ទី៥ កុម្ភៈ ខាងវិទ្យាស្ថានជាតិឆ្លើយប្រាប់មកលោកតាមទូរស័ព្ទវិញថា ក្មេងប្រុសនេះកើតជំងឺផ្តាសាយប្រភេទ A(H1N1)។
លោកវេជ្ជបណ្ឌិត អ៊ី គង់ មានប្រសាសន៍ដូច្នេះ ៖ «ទាក់ទងនឹងក្មេងឈ្មោះ សុខ បូរ៉ី គាត់មានជំងឺផ្ដាសាយប្រភេទថ្មី A(H1N1)»។
លោកស្រី ឯម ចាន់ពៅ ប្រធានភូមិចំបក់ មានប្រសាសន៍ថា គ្រូពេទ្យបានផ្តល់ដំណឹងអំពីវត្តមានអ្នកជំងឺនោះ ហើយខាងសាលាសង្កាត់បានប្រាប់លោកស្រីឲ្យទិញម៉ាស់ចំនួនមួយដុំយកទៅប្រគល់ឲ្យអ្នកជំងឺ សុខ បូរ៉ី កាលពីថ្ងៃសៅរ៍កន្លងមកនេះ ដើម្បីពាក់ការពារកុំឲ្យឆ្លងដល់គេឯង។
លោកស្រី ឯម ចាន់ពៅ បានឲ្យដឹងថា ៖ «បើសិនជាវាប៉ះពាល់ ក្នុងថ្នាក់រៀនវាមានច្រើនដែរ កូនក្មេងរៀនថ្នាក់ទី៦ ហើយអ្នកនៅជុំវិញហ្នឹង ប៉ុន្តែចាំខ្ញុំឲ្យម៉ាស់ឲ្យវាការពារខ្លួនឯង»។
អ្នកស្រី ហង្ស ង៉ុត ជាជីដូនដែលនៅមើលថែអ្នកជំងឺ សុខ បូរ៉ី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីដែរថា ចៅរបស់គាត់ត្រូវបានគ្រូពេទ្យបញ្ជាក់ប្រាប់ច្បាស់ថា កើតមានជំងឺប្រភេទ A(H1N1) ប្រាកដមែន ហើយបានផ្តល់ថ្នាំឲ្យលេបក្នុង១ថ្ងៃចំនួន៣ដង។
អ្នកស្រី ហង្ស ង៉ុត បានឲ្យដឹងដូច្នេះថា ៖ «ឲ្យនៅផ្ទះ ប៉ុន្តែថា ដល់ស្អែកហ្នឹងឲ្យទៅបើកថ្នាំលេបថែមទៀត បើកាលណាលេបមិនបាត់ក្ដៅទេឲ្យទូរស័ព្ទទៅគេ»។
អ្នកជិតខាងផ្ទះអ្នកជំងឺ សុខ បូរី ម្នាក់ឈ្មោះ ទូច ហឿន អាយុ៣០ឆ្នាំនិយាយថា លោកមានកង្វល់ខ្លាំងណាស់ ព្រោះតែអ្នកជំងឺមិនត្រូវបានគេនាំទៅថែរក្សានៅមណ្ឌលសុខភាពមួយកន្លែងទេ ហើយបណ្តោយឲ្យដើរហើរនិយាយស្តីជាមួយអ្នកដទៃជាច្រើនទៀតបែបនេះវាអាចនាំឲ្យឆ្លងដល់អ្នកដទៃបាន។
លោក ទូច ហឿន សម្ដែងពីក្ដីព្រួយបារម្ភថា ៖ «ខ្ញុំភ័យខ្លាចដែរ ព្រោះយើងឃើញនៅប្រទេសគេអី គេសុទ្ធតែឃុំ អត់ឲ្យអ្នកជំងឺដើរអ៊ីចឹងទេ តែនេះដើរពេញហ្នឹង»។
មន្រ្តីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក លោក ឆាយ ធី ដែលបានទៅជួបអ្នកជំងឺមានប្រសាសន៍ថា លោកព្រួយបារម្ភអំពីសុវតិ្ថភាពរបស់អ្នកជំងឺនិងសុវត្ថិភាពអ្នកជិតខាង។ លោកបានទទូចសូមឲ្យគ្រូពេទ្យជួយព្យាបាលឲ្យបានដិតដល់។
ក្មេងប្រុស សុខ បូរ៉ី កំព្រាឪពុក រៀននៅថ្នាក់ទី៦ខ សាលាបឋមសិក្សាហ៊ុន សែន សែនមនោរម្យ។
លោកវេជ្ជបណ្ឌិត អ៊ី គង់ មានប្រសាសន៍ថា នៅថ្ងៃច័ន្ទ(៨ កុម្ភៈ)នេះ ក្រុមគ្រូពេទ្យនឹងចុះទៅពិនិត្យដល់ថ្នាក់រៀនរបស់ សុខ បូរ៉ី ដើម្បីពិនិត្យមើលចំពោះសិស្សដទៃទៀតក្រែងអាចកើតមានជំងឺប្រភេទ A(H1N1) នេះដែរ។ ដោយឡែកចំពោះករណីរបស់ សុខ បូរ៉ី លោកបានអះអាងថា ជំងឺរបស់គេបានធូរបន្តិចហើយ។
ជំងឺ A(H1N1) នៅកម្ពុជាបានកើតមានចំនួនជាង៥០០ករណីហើយ ហើយបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៦នាក់កាលពីពេលកន្លងមក។ ដោយឡែកចំពោះខេត្តមណ្ឌលគិរី វិញ ករណី សុខ បូរ៉ី ជាករណីទី២ហើយ បន្ទាប់ពីករណីទី១កើតឡើងកាលពីចុងឆ្នាំ២០០៩ ទៅលើក្មេងស្រីអាយុ១៩ឆ្នាំម្នាក់៕
