តំណាងកម្មកររោងចក្រផលិតស្បែកជើង ហឿង ហ្វាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស លោក ពិសិដ្ឋ បានឲ្យដឹងនៅថ្ងៃទី០៣ កញ្ញា ថា កម្មករបានស្នើសុំឲ្យថៅកែរោងចក្រនេះគោរពច្បាប់ និងផ្លាស់ប្ដូរទម្លាប់មួយចំនួនក្នុងរោងចក្រដែលនាំឲ្យកម្មករជួបការលំបាកក្នុងពេលបំពេញការងារ។
លោកបន្តថា ថៅកែបានឲ្យកម្មករធ្វើការផ្លាស់ប្ដូរវេនគ្នាចំនួន ២៤ម៉ោងក្នុង១ថ្ងៃ និងមានការលំបាកជាច្រើនទៀត ទាក់ទងនឹងបរិយាកាសក្នុងរោងចក្រដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពកម្មករ។ លោកថា ថៅកែរោងចក្រនេះបានបញ្ឈប់កម្មករពីការងារចំនួន ២លើករួចមកហើយ សម្រាប់ពួកគាត់ គឺជាបុគ្គលិកជំនាន់ទី៣ ដែលក្រុមហ៊ុនជ្រើសរើសឲ្យធ្វើការ ហើយថៅកែរោងចក្របានគំរាមបញ្ឈប់ពួកគាត់ចំនួន ១៥នាក់ពីការងារប្រសិននៅតែតវ៉ា។
ករណីនេះលោកសំណូមពរឲ្យមន្ទីរពាក់ព័ន្ធចុះត្រួតពិនិត្យធ្វើយ៉ាងណាឲ្យថៅកែរោងចក្រនេះអនុវត្តទៅតាមច្បាប់ការងារ និងគោរពសិទ្ធិកម្មករ ៖ «ចង់ធ្វើការ ៨ម៉ោង តែពេលថ្ងៃ ហើយឲ្យមានពេលសម្រាក កន្លះម៉ោងទៅ ១ម៉ោង ពេលហូបបាយ។ គាត់យកទឹកក្បែរបង្គន់មកឲ្យកម្មករហូប ដោយសារទឹកហ្នឹងវាកករ ក្នុងបង្គន់កម្មករធ្វើការ។ យប់ឡើងកន្លែងប្រុសៗ អត់បើកភ្លើង ងងឹត ដូចជាយើងធ្វើការនៅកន្លែងម៉ាស៊ីនហ្នឹង ធម្មតាម៉ាស៊ីនហ្នឹងជាតិជ័រវាស្អុយ វាអត់មានម៉ាសអីឲ្យកម្មករពាក់សម្រាប់ការពារពាក់ដល់កម្មករ កម្មករឈឺក្បាល ចុកពោះ ដូចជារលាកម៉ាស៊ីនហ្នឹង គាត់ជាថៅកែអត់មានយកចិត្តទុកដាក់ចែកជាថ្នាំ ជាបង់បិទដំបៅអីផង រោងចក្រនេះចង់បានផលចំណេញ តែអត់ហ៊ានចំណាយ»។
ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីមន្ទីរការងារបានចុះទៅត្រួតពិនិត្យបន្ទាប់ពីពួកគាត់បានធ្វើការតវ៉ា ប៉ុន្តែពុំទាន់មានលទ្ធផលអ្វីនៅឡើយទេ។
ទាក់ទងបញ្ហានេះ មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តព្រះសីហនុ លោក ចាន់ ចំរើន បានថ្លែងថា ថៅកែរោងចក្រគួរតែកែលម្អរបៀបនៃការធ្វើការក្នុងរោងចក្រនេះ ព្រោះជាការរំលោភសិទ្ធិ និងប៉ះពាល់ដល់សុខុមាលភាពកម្មករ៕