គ្រូ​កម្រិត​មធ្យម បើ​កប្រាក់​ខែ​កម្រិត​បឋម

នៅ​គ្រា​ដែល​ទំនិញ​កាន់​តែ​ឡើង​ថ្លៃ គួប​ផ្សំ​និង​ប្រាក់​បៀវត្ស​មាន​ចំនួន​តិច​ទៀត​នោះ បែរ​ជា​លោក​គ្រូ​អ្នក​គ្រូ​មួយ​ចំនួន មិន​បាន​បើក​ប្រាក់​ខែ​ទៅ​តាម​កម្រិត​ថ្នាក់​ដែល​ពួក​គាត់​បង្រៀន​ទៅ​វិញ។

គ្រូ​បង្រៀន​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​បារាយណ៍ ខែត្រ​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ជា​អតីត​គ្រូ​បង្រៀន​សាលា​បឋម​សិក្សា ត្រូវ​បាន​ក្រសួង​អប់រំ​ផ្លាស់​ឲ្យ​ទៅ​បង្រៀន​ថ្នាក់​អនុ​វិទ្យាល័យ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គេ​នៅ​តែ​បើក​ប្រាក់​ខែ​ឲ្យ​កម្រិត​បឋម​សិក្សា​ដដែល។

គ្រូ​បង្រៀន​អនុ​វិទ្យាល័យ​ក្នុង​ស្រុក​បារាយណ៍ លោក ផឿក ផល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ មិថុនា ថា គ្រូ​បង្រៀន​បឋម​នៅ​ស្រុក​បារាយណ៍​ចំនួន ១៦​រួប ដែល​ក្រសួង​បាន​ឲ្យ​ទៅ​រៀន​បន្ថែម​សម្រាប់​ប្ដូរ​ទៅ​បង្រៀន​សិស្ស​នៅ​ថ្នាក់​អនុ​វិទ្យាល័យ​វិញ។ ហើយ​ពួក​គាត់​បាន​បង្រៀន​នៅ​អនុ​វិទ្យាល័យ​តាំង​ពី​ឆ្នាំ​២០០៩ ដល់​បច្ចុប្បន្ន តែ​ការិយាល័យ​អប់រំ​ស្រុក​មិន​បាន​បើក​ប្រាក់​ខែ​កម្រិត​ថ្នាក់​អនុ​វិទ្យាល័យ​ទេ ៖ "ម្ហូប​ក៏​ថ្លៃ ទំនិញ​លើ​ទី​ផ្សារ​កាន់​តែ​ឡើង​ថ្លៃ ប្រាក់​ខែ​តិច​តូច​ហើយ​បើក​ឲ្យ​មិន​គ្រប់​គ្រាន់​ទៀត អ៊ីចឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវភាព​ប្រចាំ​ថ្ងៃ រក​ខ្ចី​គេ​ដើម្បី​យក​មក​ដោះ​ស្រាយ​ជីវភាព​លំបាក​មែន​ទែន"

គ្រូ​បង្រៀន​មួយ​រួប​ទៀត​បាន​រៀប​រាប់​ថា ប្រាក់​ខែ​បង្រៀន​នៅ​កម្រិត​បឋម​សិក្សា​បាន​ជាង ២០​ម៉ឺន​រៀល ក្នុង​មួយ​ខែ រី​ឯ​បង្រៀន​កម្រិត​អនុ​វិទ្យាល័យ​បាន​ជាង ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ដោះ​ស្រាយ​ជូន​ពួក​គាត់​អំពី​ករណី​នេះ ៖ "វា​ពាក់ព័ន្ធ​២០០៩ ដែល​រៀន​ខ្ញុំ​រៀន​បំប៉ន​ចប់​ហ្នឹង ក្រសួង​គេ​ចេញ​លិខិត​ប្រកាស​មក​ថា គេ​មិន​បើក​ប្រាក់​ខែ​ពេញ​មួយ​ឆ្នាំ​ហ្នឹង​ឲ្យ​ទេ តែ​គេ​រៀន​ជំនាន់​បំប៉ន​គ្រូ​វគ្គ​មុនៗ​គេ​បើក​ឲ្យ"

ប្រធាន​ការិយាល័យ​អប់រំ​ស្រុក​បារាយណ៍ លោក ហ៊ាន សុខ បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ក្រសួង​អប់រំ​មិន​ទាន់​ចេញ​លិខិត​ប្រកាស​នៅ​ឡើយ ថា​គ្រូ​បង្រៀន​ទាំង ១៦​នាក់​នេះ ក្រសួង​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​បង្រៀន​កម្រិត​ថ្នាក់​អនុ​វិទ្យាល័យ ឬ​ហៅ​ថា​កម្រិត​មូលដ្ឋាន​នោះ។ ហើយ​លោក​ក៏​រង់ចាំ​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ឲ្យ​លោក​បញ្ជូន​បញ្ជី​ឈ្មោះ​គ្រូ​ទាំង​នោះ​ទៅ​ខាង​មន្ទីរ ៖ "ការ​ងារ​ហ្នឹង​វា​ជា​ការ​ងារ​របស់​មន្ទីរ លុះ​ត្រា​មន្ទីរ​អប់រំ​ផ្ដល់​ផែនការ​គ្រប់​ការិយាល័យ​មក ទើប​យើង​ធ្វើ​ទៅ​បាន យើ​មិន​អាច​ធ្វើ​ទៅ​កើត​ទេ"

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ប្រធាន​មន្ទីរ​អប់រំ​ខែត្រ លោក កឹម វិសុទ្ធ បាន​ទេ​នៅ​ថ្ងៃ​អាទិត្យ ទី​២៦ មិថុនា ដើម្បី​សួរ​អំពី​បញ្ហា​នេះ។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខែត្រ​កំពង់ធំ លោក កែវ វិបុល បាន​មាន​ប្រសាសន៍​ថា ករណី​គ្រូ​បឋម​ផ្លាស់​ឲ្យ​ទៅ​បង្រៀន​ថ្នាក់​អនុ​វិទ្យាល័យ​វិញ ហើយ​មិន​ទាន់​ទទួល​បាន​ប្រាក់​ខែ​កម្រិត​អនុ​វិទ្យាល័យ​នោះ មិន​មែន​មាន​តែ​នៅ​ស្រុក​បារាយណ៍​នោះ​ទេ គឺ​មាន​នៅ​ក្នុង​ស្រុក​ផ្សេងៗ​ទៀត ក្នុង​ខែត្រ​កំពង់ធំ។ លោក កែវ វិបុល បាន​បញ្ជាក់​ថា លោក​កំពុង​តែ​ស្រង់​ស្ថិតិ​គ្រូ​ទាំង​នោះ ដើម្បី​បញ្ជូន​ទៅ​មន្ទីរ​អប់រំ​ខែត្រ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ។

របាយការណ៍​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខែត្រ​កំពង់ធំ បាន​សរសេរ​ថា សាលា​រៀន​ទាំង​អស់​នៅ​ក្នុង​ខែត្រ​កំពង់ធំ មាន​ចំនួន ៥២៨​សាលា ក្នុង​នោះ​សាលា​វិទ្យាល័យ និង​អនុ​វិទ្យាល័យ​មាន​ចំនួន​៩១ និង​សាលា​បឋម​សិក្សា​មាន​ចំនួន​៤៣៧៕