លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ បានស្នើសុំឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងអ្នកជំនាញសេដ្ឋកិច្ចនានា រិះរកយុទ្ធសាស្ត្រចាំបាច់នានា ដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក រីករាលដាលមកតំបន់អាស៊ាន។ ការទប់ស្កាត់វិបត្តិហិរញ្ញវត្ថុនេះ អាចបង្កើនការទុកចិត្តរបស់អ្នកវិនិយោគ។
កិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ គឺជាការបើកកិច្ចពិភាក្សាសំខាន់ ផ្ដោតលើយុទ្ធសាស្ត្រចំនួន ៥ចំណុច មានដូចជា ទី១ ទស្សនវិស័យ និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ទី២ កិច្ចដំណើរការតាមដានសេដ្ឋកិច្ចអាស៊ាន ទី៣ ផែនទីបង្ហាញផ្លូវសំរាប់សមាហរណកម្ម រូបិយវត្ថុ និងហិរញ្ញវត្ថុអាស៊ាន ទី៤ កិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុអាស៊ាន និងទី៥ កិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុអាស៊ានបូក៣ មានប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសជប៉ុន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ និងយុទ្ធសាស្ត្រទប់ស្កាត់វិបត្តិហិរញ្ញវត្ថុ គឺជាការចាំបាច់ណាស់ ដើម្បីសម្រេចបាននូវការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ២០១៥ ដែលកម្ពុជា បានឲ្យឈ្មោះថា សហគមន៍តែមួយ និងជោគវាសនាតែមួយ។
លោក ហ៊ុន សែន៖ «ខ្ញុំយល់ឃើញថា វិបត្តិហិរញ្ញវត្ថុសាកល និងការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចពិភពលោកនៅពេលបច្ចុប្បន្ន គឺជាឱកាសដ៏ល្អប្រសើរសំរាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន ជំរុញឲ្យមានកិច្ចព្រមព្រៀង សហប្រតិបត្តិការហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំ ដើម្បីរក្សាបរិយាកាសដែលអនុគ្រោះដល់កំណើនសេដ្ឋកិច្ច ធានាស្ថិរភាពហិរញ្ញវត្ថុ និងពន្លឿនសមាហរណកម្មក្នុងវិស័យនេះឲ្យកាន់តែឆាប់រហ័សនៅក្នុងឆ្នាំខាងមុខ»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកម្ពុជា លោក គាត ឈន់ និងជាឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាននឹងពិភាក្សាស្វែងរកយុទ្ធសាស្ត្រ ដើម្បីធានាកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ាន៖ «យើងខ្ញុំទាំងអស់គ្នាជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក៏នឹងពិភាក្សាផងដែរ អំពីការកៀរគរធនធានបន្ថែម ដើម្បីផ្ដល់ហិរញ្ញប្បទានដល់សកម្មភាពផ្សេងៗ នៃសហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុរបស់យើង ពិសេសដើម្បីរួមចំណែកដល់ការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥»។
តាមការកត់សំគាល់លើវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោកកន្លងមកបានឲ្យដឹងថា សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១០ គឺចំនួន ៥,៨% ប្រៀបធៀបឆ្នាំ២០១១ គឺចំនួន ៣,៨% ហើយគេរំពឹងថា នៅឆ្នាំ២០១២នេះ កំណើនសេដ្ឋកិច្ចពិភពលោក គឺធ្លាក់ចុះដល់ ៣,៣%។ ចំណែកឯកំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ាន នៅឆ្នាំ២០១១ កន្លងទៅនេះ គឺចំនួន ៤,៣%។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកម្ពុជា លោក គាត ឈន់ និងជាឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី១៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ និងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ លើបញ្ហាពន្ធគយ ដើម្បីកែសម្រួលថ្មីលើការផ្លាស់ប្ដូរពាណិជ្ជកម្ម និងការប្រឆាំងការលាងលុយកខ្វក់របស់ក្រុមភេរវកម្ម៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
