កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​នៅ​ភ្នំពេញ

ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១២ បាន​បើក​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន លើក​ទី​១៦ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​ផ្ដោត​លើ​វិធានការ​ចាំបាច់​នានា ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច និង​ការ​កៀរគរ​វិនិយោគ​ទុក​នៅ​តំបន់​អាស៊ាន។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១២ បាន​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​នានា រិះរក​យុទ្ធសាស្ត្រ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក រីក​រាលដាល​មក​តំបន់​អាស៊ាន។ ការ​ទប់​ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ​នេះ អាច​បង្កើន​ការ​ទុក​ចិត្ត​របស់​អ្នក​វិនិយោគ។

កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១២ គឺ​ជា​ការ​បើក​កិច្ច​ពិភាក្សា​សំខាន់ ផ្ដោត​លើ​យុទ្ធសាស្ត្រ​ចំនួន ៥​ចំណុច មាន​ដូចជា ទី​១ ទស្សនវិស័យ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់ ទី​២ កិច្ច​ដំណើរ​ការ​តាម​ដាន​សេដ្ឋកិច្ច​អាស៊ាន ទី​៣ ផែនទី​បង្ហាញ​ផ្លូវ​សំរាប់​សមាហរណកម្ម រូបិយវត្ថុ និង​ហិរញ្ញវត្ថុ​អាស៊ាន ទី​៤ កិច្ច​សហប្រតិបត្តិការ ហិរញ្ញវត្ថុ​អាស៊ាន និង​ទី​៥ កិច្ច​សហប្រតិបត្តិការ ហិរញ្ញវត្ថុ​អាស៊ាន​បូក៣ មាន​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កិច្ច​សហ​ប្រតិបត្តិការ និង​យុទ្ធសាស្ត្រ​ទប់ស្កាត់​វិបត្តិ​ហិរញ្ញវត្ថុ គឺ​ជា​ការ​ចាំបាច់​ណាស់ ដើម្បី​សម្រេច​បាន​នូវ​ការ​បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥ ដែល​កម្ពុជា បាន​ឲ្យ​ឈ្មោះ​ថា សហគមន៍​តែមួយ និង​ជោគវាសនា​តែមួយ។

លោក ហ៊ុន សែន៖ «ខ្ញុំ​យល់​ឃើញ​ថា វិបត្តិ​ហិរញ្ញវត្ថុ​សាកល និង​ការ​ផ្លាស់ប្ដូរ​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពេល​បច្ចុប្បន្ន គឺ​ជា​ឱកាស​ដ៏​ល្អ​ប្រសើរ​សំរាប់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង សហ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ឲ្យ​កាន់​តែ​រឹងមាំ ដើម្បី​រក្សា​បរិយាកាស​ដែល​អនុគ្រោះ​ដល់​កំណើន​សេដ្ឋកិច្ច ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ និង​ពន្លឿន​សមាហរណកម្ម​ក្នុង​វិស័យ​នេះ​ឲ្យ​កាន់​តែ​ឆាប់​រហ័ស​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ»

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា លោក គាត ឈន់ និង​ជា​ឧប​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន​នឹង​ពិភាក្សា​ស្វែង​រក​យុទ្ធសាស្ត្រ ដើម្បី​ធានា​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន៖ «យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ក៏​នឹង​ពិភាក្សា​ផង​ដែរ អំពី​ការ​កៀរគរ​ធនធាន​បន្ថែម ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​សកម្មភាព​ផ្សេងៗ នៃ​សហ​ប្រតិបត្តិការ និង​សមាហរណកម្ម​ហិរញ្ញវត្ថុ​របស់​យើង ពិសេស​ដើម្បី​រួម​ចំណែក​ដល់​ការ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥»

តាម​ការ​កត់​សំគាល់​លើ​វិបត្តិ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិភពលោក​កន្លង​មក​បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​២០១០ គឺ​ចំនួន ៥,៨% ប្រៀប​ធៀប​ឆ្នាំ​២០១១ គឺ​ចំនួន ៣,៨% ហើយ​គេ​រំពឹង​ថា នៅ​ឆ្នាំ​២០១២​នេះ កំណើន​សេដ្ឋកិច្ច​ពិភពលោក គឺ​ធ្លាក់​ចុះ​ដល់ ៣,៣%។ ចំណែក​ឯ​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ាន នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​ចំនួន ៤,៣%។

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា លោក គាត ឈន់ និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាស៊ាន​លើក​ទី​១៦ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១២ និង​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រួម​គ្នា​មួយ លើ​បញ្ហា​ពន្ធគយ ដើម្បី​កែ​សម្រួល​ថ្មី​លើ​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម និង​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​របស់​ក្រុម​ភេរវកម្ម៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។