១៩​នាក់​ស្លាប់​និង​៨​ពាន់​នាក់​ឈឺ​ដោយ​សារ​ជំងឺ​គ្រុន​ឈាម

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា ជំងឺ​គ្រុន​ឈាម​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ចំនួន​១៩​នាក់​ហើយ និង​មាន​អ្នក​កើត​ជំងឺ​នេះ​បាន​កើន​ទ្បើង​រហូត​ដល់​ជិត ៨.០០០​នាក់ នៅ​ទូទាំង​ប្រទេស គឺ​ភាគ​ច្រើន​ជា​កុមារ នៅ​គ្រា​ដែល​រដូវ​ជំងឺ​គ្រុន​ឈាម​នោះ នឹង​ឈាន​ដល់​ទី​បញ្ចប់​នៅ​ក្នុង​ខែ​តុលា​ខាង​មុខ​នេះ។

0:00 / 0:00

លោក ង៉ាន់ ចន្ថា នាយក​កម្មវិធី​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​របស់​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថៃ្ង​ច័ន្ទ ទី​២៤ ខែ​សីហា ថា ក្រសួង​សុខាភិបាល​កំពុង​តែ​ត្រៀម​វិធានការ​នានា​ជា​ច្រើន ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​និង​ឆ្លង​ជំងឺ​គ្រុន​ឈាម​នេះ។

លោក​បាន​បន្ត​ថា ៖ «អាទិត្យ ទី​៣២ មាន​ករណី​សរុប ៧.៧៨៤​នាក់ (អ្នក​ជំងឺ) ហើយ​ស្លាប់ ១៩​នាក់។ យើង​នៅ​ស្ថានភាព​មួយ​ដែល​យើង​ហៅ​ថា​សុវត្ថិភាព យើង​មិន​ទាន់​ធានា ១០០% ថា​យើង​នឹង​មាន​សុវត្ថិភាព​ហ្នឹង​រហូត​ទេ ក៏​ប៉ុន្តែ​យើង​នឹង​ព្យាយាម»

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ខេត្ត​នានា​ដែល​មាន​កុមារ​កើត​ជំងឺ​គ្រុន​ឈាម​ច្រើន​ជាង​គេ គឺ​មាន​ដូច​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ មាន​ស្លាប់​ម្នាក់ ខេត្ត​កំពង់ចាម ស្លាប់​៣​នាក់ ខេត្ត​កំពង់​ឆ្នាំង ស្លាប់​ម្នាក់ ខេត្ត​កំពង់​ស្ពឺ ស្លាប់​២​នាក់ ខេត្ត​កំពង់ធំ ស្លាប់​២​នាក់ រាជ​ធានី​ភ្នំពេញ​សា្លប់​ម្នាក់ ខេត្ត​ព្រះ​វិហារ​ស្លាប់​ម្នាក់ ខេត្ត​ព្រៃវែង​ស្លាប់​ម្នាក់ ខេត្ត​ស្វាយរៀង ស្លាប់ ២​នាក់ និង​ខេត្ត​ក្រចេះ ស្លាប់ ៥​នាក់។

លោក ង៉ាន់ ចន្ថា បាន​បន្ត​ទៀត​ថា យុទ្ធនាការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​គ្រុន​ឈាម​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​តែ​បន្ត​នៅ​ទ្បើយ រីឯ​ថ្នាំ​អាប៊េត​សម្លាប់​ដង្កូវ​ទឹក ចំនួន ៩០​តោន​បន្ថែម កំពុង​ត្រូវ​បាន​ចែកចាយ​នៅ​តាម​ខេត្ត​នានា​នៅ​ពេល​នេះ ក្រោយ​ពី​ថ្នាំ​អាប៊េត​ចំនួន​១២០​តោន ត្រូវ​បាន​ចែក​រួច​ហើយ​កាល​ពី​ខែ​មុន​នេះ។

លោកស្រី វិត សារ៉ុម មក​ពី​ស្រុក​ទ្រាំង ខេត្ត​តាកែវ កំពុង​តែ​ព្យាបាល​កូន​ស្រី អាយុ ៤​ឆ្នាំ កើត​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បាន​ថែ្លង​ថា កូន​របស់​លោកស្រី​កំពុង​តែ​ឈឺ​ធ្ងន់​ជាង​១​សប្តាហ៍​មក​ហើយ ៖ «សរុប​ថ្ងៃ​ឈឺ ៦​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​មក​ហ្នឹង​បាន ៤​ថ្ងៃ។ មក​ដំបូង ធ្ងន់ វា​សន្លឹមៗ​ហើយ​ហត់ ក្ដៅ ហើយ​ច្រក​ថ្នាំ​ទៅ​បាត់​ប្រហែល​ជា ២​ម៉ោង​អី​ក្ដៅ​វិញ»

គ្រូ​ពេទ្យ​ម្នាក់​នៅ​ក្នុង​ចំណោម​គ្រូ​ពេទ្យ​ជាង​១០​នាក់​ប្រចាំ​ការ​នៅ​ក្នុង​បន្ទប់​មួយ​នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​នេះ បាន​មាន​ប្រសាសន៍​ថា ចំនួន​នឹង​សន្ទុះ​នៃ​ជំងឺ​គ្រុនឈាម​មាន​សភាព​ថេរ​នា​ពេល​នេះ ៖ «មិន​ឡើង​ខ្លាំង ហើយ​ក៏​វា​មិន​ថយ​ខ្លាំង​ដែរ វា​នៅ​រាង​ស្មើ ហើយ​ក៏​វា​មិន​ដល់​ថ្នាក់​គំហុក​ខ្លាំង​រហូត​ដល់​ហៀរ​ហូរ​ទទួល​មិន​បាន។ កាល​ណា​វា​ធូរ​ស្បើយ​ញ៉ាំ​បាន​ជា​ហើយ គឺ​យើង​ឲ្យ​ចេញ​ទៅ​ផ្ទះ​ហើយ ផុត​ថ្ងៃដែល​យើង​ត្រូវ​តាម​ដាន​ហើយ»

សូម​ជម្រាប​ថា កាល​ពី​ឆ្នាំ​២០០៨ កន្លង​ទៅ ជំងឺ​គ្រុម​ឈាម​បាន​សម្លាប់​ប្រជា​ពលរដ្ឋ​ចំនួន ៤០​នាក់ នឹង​មាន​អ្នក​កើត​ជំងឺ​នេះ ចំនួន ៤.៦៣៤​នាក់ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​កន្លង​ទៅ ជំងឺ​គ្រុន​ឈាម បាន​សំលាប់​ប្រជា​ពលរដ្ឋ ចំនួន ៣៤២​នាក់ នឹង​មាន​ប្រជា​ពលរដ្ឋ​កើត​ជំងឺ​នេះ​មាន​ចំនួន​ខ្ពស់​រហូត​ដល់ ៣២.៣៥០​នាក់ ភាគ​ច្រើន​ជា​កុមារ៕