លោក ង៉ាន់ ចន្ថា នាយកកម្មវិធីជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមរបស់ក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី នៅថៃ្ងច័ន្ទ ទី២៤ ខែសីហា ថា ក្រសួងសុខាភិបាលកំពុងតែត្រៀមវិធានការនានាជាច្រើន ដើម្បីកាត់បន្ថយអត្រាស្លាប់និងឆ្លងជំងឺគ្រុនឈាមនេះ។
លោកបានបន្តថា ៖ «អាទិត្យ ទី៣២ មានករណីសរុប ៧.៧៨៤នាក់ (អ្នកជំងឺ) ហើយស្លាប់ ១៩នាក់។ យើងនៅស្ថានភាពមួយដែលយើងហៅថាសុវត្ថិភាព យើងមិនទាន់ធានា ១០០% ថាយើងនឹងមានសុវត្ថិភាពហ្នឹងរហូតទេ ក៏ប៉ុន្តែយើងនឹងព្យាយាម»។
ប្រភពដដែលបានបញ្ជាក់ថា ខេត្តនានាដែលមានកុមារកើតជំងឺគ្រុនឈាមច្រើនជាងគេ គឺមានដូចជាខេត្តបន្ទាយមានជ័យ មានស្លាប់ម្នាក់ ខេត្តកំពង់ចាម ស្លាប់៣នាក់ ខេត្តកំពង់ឆ្នាំង ស្លាប់ម្នាក់ ខេត្តកំពង់ស្ពឺ ស្លាប់២នាក់ ខេត្តកំពង់ធំ ស្លាប់២នាក់ រាជធានីភ្នំពេញសា្លប់ម្នាក់ ខេត្តព្រះវិហារស្លាប់ម្នាក់ ខេត្តព្រៃវែងស្លាប់ម្នាក់ ខេត្តស្វាយរៀង ស្លាប់ ២នាក់ និងខេត្តក្រចេះ ស្លាប់ ៥នាក់។
លោក ង៉ាន់ ចន្ថា បានបន្តទៀតថា យុទ្ធនាការអប់រំដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅក្នុងការបង្ការជំងឺគ្រុនឈាមនៅតាមបណ្តាខេត្តនានានៅតែបន្តនៅទ្បើយ រីឯថ្នាំអាប៊េតសម្លាប់ដង្កូវទឹក ចំនួន ៩០តោនបន្ថែម កំពុងត្រូវបានចែកចាយនៅតាមខេត្តនានានៅពេលនេះ ក្រោយពីថ្នាំអាប៊េតចំនួន១២០តោន ត្រូវបានចែករួចហើយកាលពីខែមុននេះ។
លោកស្រី វិត សារ៉ុម មកពីស្រុកទ្រាំង ខេត្តតាកែវ កំពុងតែព្យាបាលកូនស្រី អាយុ ៤ឆ្នាំ កើតជំងឺគ្រុនឈាមនៅក្នុងមន្ទីរពេទ្យកុមារជាតិ នៅក្នុងទីក្រុងភ្នំពេញ បានថែ្លងថា កូនរបស់លោកស្រីកំពុងតែឈឺធ្ងន់ជាង១សប្តាហ៍មកហើយ ៖ «សរុបថ្ងៃឈឺ ៦ថ្ងៃ ប៉ុន្តែខ្ញុំមកហ្នឹងបាន ៤ថ្ងៃ។ មកដំបូង ធ្ងន់ វាសន្លឹមៗហើយហត់ ក្ដៅ ហើយច្រកថ្នាំទៅបាត់ប្រហែលជា ២ម៉ោងអីក្ដៅវិញ»។
គ្រូពេទ្យម្នាក់នៅក្នុងចំណោមគ្រូពេទ្យជាង១០នាក់ប្រចាំការនៅក្នុងបន្ទប់មួយនៅឯមន្ទីរពេទ្យកុមារជាតិនេះ បានមានប្រសាសន៍ថា ចំនួននឹងសន្ទុះនៃជំងឺគ្រុនឈាមមានសភាពថេរនាពេលនេះ ៖ «មិនឡើងខ្លាំង ហើយក៏វាមិនថយខ្លាំងដែរ វានៅរាងស្មើ ហើយក៏វាមិនដល់ថ្នាក់គំហុកខ្លាំងរហូតដល់ហៀរហូរទទួលមិនបាន។ កាលណាវាធូរស្បើយញ៉ាំបានជាហើយ គឺយើងឲ្យចេញទៅផ្ទះហើយ ផុតថ្ងៃដែលយើងត្រូវតាមដានហើយ»។
សូមជម្រាបថា កាលពីឆ្នាំ២០០៨ កន្លងទៅ ជំងឺគ្រុមឈាមបានសម្លាប់ប្រជាពលរដ្ឋចំនួន ៤០នាក់ នឹងមានអ្នកកើតជំងឺនេះ ចំនួន ៤.៦៣៤នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០០៧កន្លងទៅ ជំងឺគ្រុនឈាម បានសំលាប់ប្រជាពលរដ្ឋ ចំនួន ៣៤២នាក់ នឹងមានប្រជាពលរដ្ឋកើតជំងឺនេះមានចំនួនខ្ពស់រហូតដល់ ៣២.៣៥០នាក់ ភាគច្រើនជាកុមារ៕
