លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាត មន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា បានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី២ ខែមីនា ថា គោលបំណងនៃការដឹកនាំមន្ត្រីសេនានុព័ន្ធយោធាបរទេសចំនួន ១៩នាក់ ក្នុងចំណោមប្រទេសទាំង ១៣ប្រចាំកម្ពុជា ទៅតំបន់មានជម្លោះកម្ពុជា-ថៃ នៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនា ដោយសារកម្ពុជា ចង់បង្ហាញពីការខូចខាតប្រាសាទព្រះវិហារដែលកងទ័ពថៃ បាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ចូលក្នុងបរិវេណប្រាសាទ។
លោកបន្តថា ដំណើរទស្សនកិច្ចរបស់មន្ត្រីសេនានុព័ន្ធយោធាបរទេសទាំង ១៣ប្រទេស ទៅពិនិត្យមើលតំបន់ប្រាសាទព្រះវិហារ កើតឡើងបន្ទាប់ពីប្រទេសថៃ កាលពីពេលថ្មីៗនេះបានដឹកនាំសេនានុព័ន្ធយោធាបរទេសប្រចាំប្រទេសថៃ ចុះពិនិត្យផ្នែកបាក់បែកខ្លះៗនៃផ្ទះក្រហមរបស់ថៃ មានទីតាំងទល់មុខប្រាសាទព្រះវិហាររួចមក។
លោក ឈុំ សុជាត បន្ថែមថា ៖ «ដំណើរទស្សនកិច្ចនេះ ថ្វីត្បិតតែជាសំណូមពររបស់អនុព័ន្ធយោធាបណ្ដាប្រទេសប្រចាំការនៅកម្ពុជា ប៉ុន្តែនៅពេលដែលដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយនឹងទីបញ្ជាការជួរមុខរបស់អគ្គបញ្ជាការដែលប្រចាំការនៅជួរមុខ លោកនឹងឧទ្ទេសនាមជូននូវកន្លែងណាដែលអាចទៅបាន និងកន្លែងណាដែលមិនអាចទៅបាន ហើយការពិតនឹងបានដឹងជាក់ស្ដែងនៅពេលទៅដល់»។
លោកបណ្ឌិត សុខ ទូច អ្នកជំនាញវិទ្យាសាស្ត្រនយោបាយប្រទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២ ខែមីនា ដោយចាត់ទស្សនកិច្ចរបស់មន្ត្រីសេនានុព័ន្ធយោធាបរទេសទៅពិនិត្យសមរភូមិជួរមុខនៅថ្ងៃទី៣ ខែមីនា ថា មិនមែនជាយន្តការដោះស្រាយជម្លោះរវាងកម្ពុជា-ថៃ នោះទេ ព្រោះតួនាទីបញ្ចប់ជម្លោះគឺស្ថិតក្នុងដៃអ្នកនយោបាយ ឬប្រមុខរដ្ឋប្រទេសទាំងពីរឯណោះទេ។
លោកសាស្ត្រាចារ្យបណ្ឌិត សុខ ទូច បានឲ្យដឹងបន្ថែមដូច្នេះ ៖ «អត់មានយន្តការណាមួយដែលបង្ហាញអំពីអនុព័ន្ធយោធាក្នុងការដោះស្រាយទេ គ្រាន់តែថា នេះជាជំហររបស់កម្ពុជា ស្ដែងឲ្យឃើញថា រាល់បញ្ហាទំនាស់មិនមែនជាអាថ៌កំបាំងទៀតទេ។ សូមឲ្យមន្ត្រីទាំង ១៩នាក់ បង្ហាញពីឆន្ទៈ និងផ្ដល់ជាគំនិតដើម្បីជាដំណោះស្រាយ»។
លោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបជាមួយលោក កូអ៊ីជីរ៉ូ ម៉ាស៊ូអ៊ូរ៉ា (Koichiro Matsuura) តំណាងអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាទីក្រុងភ្នំពេញ បានចាត់ទុកទង្វើរបស់កងទ័ពថៃ បាញ់កាំភ្លើងធំបំផ្លាញប្រាសាទព្រះវិហារថា ជាការរំលោភអនុសញ្ញាឆ្នាំ១៩៥៤ របស់អង្គការយូណេស្កូ ស្តីពីការការពារសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានឲ្យដឹងដូច្នេះ ៖ «បើយើងនិយាយគេហៅថា ឧក្រិដ្ឋកម្មសង្គ្រាម ឬជាឧក្រិដ្ឋកម្មប្រឆាំងនឹងសាសនា គឺការកម្ទេចវត្ត ឧក្រិដ្ឋកម្មប្រឆាំងវប្បធម៌ គឺការកម្ទេចប្រាសាទ។ អ៊ីចឹងនេះជាអំពើឧក្រិដ្ឋកម្មដ៏ពិតប្រាកដ ដែលថៃបានប្រព្រឹត្ត»។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ថៃ បានស្រង់សម្ដីរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលថៃ មកចុះផ្សាយតាមសារអេឡិចត្រូនិក នៅល្ងាចថ្ងៃទី២ ខែមីនា ដោយចាត់ទុកថា ទស្សនកិច្ចរបស់មន្ត្រីសេនានុព័ន្ធយោធាបរទេសប្រចាំកម្ពុជា ទៅតំបន់ប្រាសាទព្រះវិហារ អាចនាំឲ្យជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាន់តែធ្ងន់ធ្ងរ។
ប្រតិកម្មតប លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅល្ងាចថ្ងៃទី២ ខែមីនា ឲ្យដឹងដូច្នេះ ៖ «ការលើកឡើងនេះមានគំនិតមួយក្នុងការជ្រៀតជ្រែកនៃឯករាជភាពកម្ពុជា ក៏ដូចជាអធិបតេយ្យរបស់កម្ពុជា ក្នុងការងាររបស់ខ្លួន ក្នុងការងារអន្តរជាតិនេះ ដែលមានពហុភាគីចូលរួម ដើម្បីពិនិត្យមើលអ្វីដែលកើតឡើង ហើយការចោទប្រកាន់បន្ថែមទៀតហ្នឹងគឺថា ថៃមិនអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ ៤,៦គីឡូម៉ែត្រការ៉េ ដែលថៃចាត់ទុកថា ជាដីរបស់គេនោះទេ។ ក៏ប៉ុន្តែចំពោះជំហរកម្ពុជា កម្ពុជាមិនដែលមានទាន់តែសោះនៅក្នុងតំបន់ ៤,៦គីឡូម៉ែត្រការ៉េនេះ»។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាវិមានសន្តិភាព លោកបានស្នើជាផ្លូវការសុំឲ្យអង្គការយូណេស្កូ បញ្ជូនមន្ត្រីជំនាញមកវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ និងជួសជុលប្រាសាទព្រះវិហារឲ្យបានឆាប់ បន្ទាប់ពីប្រាសាទនេះបានរងការបាញ់ផ្លោងដោយកងទ័ពថៃជាង ៤០០គ្រាប់ កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ។
លោកឧត្ដមសេនីយ៍ ឈុំ សុជាត បានឲ្យដឹងថា មន្ត្រីសេនានុព័ន្ធយោធាបរទេសចំនួន ១៣ប្រទេស ដែលនឹងចេញដំណើរទៅធ្វើទស្សនកិច្ចនៅតំបន់ព្រំដែនប្រសាទព្រះវិហាររយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមីនានេះ រួមមានសហរដ្ឋអាមេរិក រុស្សី បារាំង ជប៉ុន ចិន កាណាដា សិង្ហបុរី មីយ៉ាន់ម៉ា លាវ វៀតណាម នូវែលហ្សេឡង់ ម៉ាឡេស៊ី និងអូស្ត្រាលី៕