មន្ត្រីអ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា សាលាដំបូងខែត្រកណ្ដាល បានចោទប្រកាន់ចៅក្រមស៊ើបសួរតុលាការនេះមួយរូបពីបទស៊ីសំណូកប្រព្រឹត្តដោយចៅក្រមក្នុងចំណោម ចៅក្រមស៊ើបសួរចំនួនពីរូប។
តុលាការខែត្រកណ្ដាល បានធ្វើការចោទប្រកាន់ចៅក្រមស៊ើបសួរសាលាដំបូងខែត្រកណ្ដាល ឈ្មោះ ហួត ហ៊ាង និងអ្នកស្រីចៅក្រមមួយរូបទៀត ឈ្មោះ ចាន់ ផូ ដែលគេលើកលែងការចោទនោះ ធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនអ្នកទាំងពីរកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១២។
លោក កែវ រ៉េមី ជាអ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានប្រសាសន៍នៅថ្ងៃទី២៣ មករា ថា តុលាការខែត្រកណ្ដាល រកឃើញលោកចៅក្រម ហ៊ួត ហ៊ាង បានប្រព្រឹត្តអំពើពុករលួយស៊ីសំណូកប្រាក់ចំនួន ៥ពាន់ដុល្លារ អំពីរឿងជម្លោះដីធ្លី បន្ទាប់ពីធ្វើការសាកសួរ។ ដោយឡែកចំពោះអ្នកស្រីចៅក្រមឈ្មោះ ចាន់ ផូ តុលាការបានដោះលែងអ្នកស្រីវិញ កាលពីល្ងាចថ្ងៃទី២២ ខែមករា ដោយសារគេមិនរកឃើញកំហុសរបស់អ្នកស្រី។
លោក កែវ រ៉េមី៖ «ជនរងគ្រោះបានបញ្ជាក់ថា អ្នកស្រីហ្នឹងពុំបានពាក់ព័ន្ធនឹងរឿងលុយ ៥ពាន់ដុល្លារនោះទេ ហើយទីពីរ យើងបានសួរចៅក្រម ហួត ហ៊ាង ទទួលសំណូកហ្នឹង មានចំណែកអ្នកស្រីហ្នឹងអត់ថាអត់មានដែរ បើអ៊ីចឹងសេចក្ដីសន្និដ្ឋាន អ្នកស្រីគ្រាន់តែមានវត្តមាននៅពេលដែលយើងចុះបង្ក្រាបជាក់ស្ដែងនៅហ្នឹង ទម្លាយទ្វារចូល គាត់មានវត្តមាននៅក្នុងហ្នឹង អ៊ីចឹងបានយើងឃាត់គាត់ ដើម្បីសួរចំលើយផ្សំនឹងសាក្សីទាំងអស់ហ្នឹង»។
លោក កែវ រ៉េមី បានបញ្ជាក់ថា តុលាការបានចោទប្រកាន់ចៅក្រមសាលាដំបូងខែត្រកណ្ដាល ឈ្មោះ ហួត ហ៊ាង តាមក្រមព្រហ្មទណ្ឌមាត្រា ៥១៧។ មាត្រា ៥១៧ នៃក្រមព្រហ្មទណ្ឌ បានចែងថា ចៅក្រមណាម្នាក់ បើសិនគេរកឃើញពិរុទ្ធភាពគ្រប់គ្រាន់ពីបទទទួលសំណូកនោះ អាចត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានស្វាគមន៍ចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចាប់ខ្លួនមន្ត្រីតុលាការជាបន្តបន្ទាប់នេះ។
លោក អ៊ូ វីរៈ បញ្ជាក់ថា តុលាការនៅកម្ពុជា ជាប្រព័ន្ធតុលាការពុករលួយ៖ «ប្រព័ន្ធតុលាការយើងឥឡូវនៅមានអំពើពុករលួយច្រើន អ៊ីចឹងជាការផ្ញើសារមួយល្អដែរ ប៉ុន្តែបើគិតរយៈពេលយូរអង្វែងអត់មានប្រសិទ្ធភាពទេ ខុងត្រង់ ប្រសិទ្ធភាពរបស់តុលាការហ្នឹង គឺត្រូវឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមជាអ្នកចាត់វិធានការក្នុងការស៊ើបអង្កេតនៅពេលណា មានអំពើពុករលួយបែបហ្នឹង តាមពិតបើសិនឧត្ដមក្រុមប្រឹក្សាយើងធ្វើការមានប្រសិទ្ធភាព ស៊ើបអង្កេតរឿងហ្នឹង ហើយចាប់ចៅក្រមបែបហ្នឹង ខ្ញុំមានការស្វាគមន៍ខ្លាំង»។
លោក កែវ រ៉េមី បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ មានផែនការយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការបង្ក្រាបអំពើពុករលួយ ប៉ុន្តែលោកមិនអាចលាត ត្រដាងអំពីផែនការយុទ្ធសាស្ត្រនោះបានទេ។ លោកអំពាវនាវឲ្យសាធារណជនទាំងអស់យកពាក្យបណ្ដឹងទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ ប្រសិនមានភស្តុតាងច្បាស់លាស់អំពីមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ថា បានស៊ីសំណូក ឬប្រព្រឹត្តអំពើពុករលួយនោះ។
អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្ត្រីតុលាការ ដែលជាមន្ត្រីយុត្តិធម៌បានពាក់ព័ន្ធនឹងរឿងប្រព្រឹត្តអំពើពុករលួយនេះជាលើកទីពីរហើយ បន្ទាប់ពីគេបានចាប់ខ្លួនព្រះរាជអាជ្ញានៅខែត្រពោធិ៍សាត់ លោក តុប ចន្ទសិរីវុឌ្ឍ កាលពីខែវិច្ឆិកា ឆ្នាំ២០១០។
ការបង្ក្រាបមន្ត្រីតុលាការបានប្រព្រឹត្តអំពើពុករលួយនេះដែរ ធ្វើឡើងនៅបន្ទាប់ពីសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយដែលមាន ៥៧មាត្រា និង ៩ជំពូក ត្រូវបានសភាជាតិបានអនុម័តកាលពីខែមីនា ឆ្នាំ២០១០៕