ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១០។
បណ្តាញភ្នាក់ងារប៉ូលិសដែលបានបាត់បង់ជីវិតក្នុងការបង្រាបការជួញដូរគ្រឿងញៀននោះមានឈ្មោះ នៅ ឡេង មានអាយុ៣៥ឆ្នាំ ត្រូវគេកាប់មួយកាំបិតផ្គាក់ត្រូវថ្ងាសកប់ដល់លលាដ៏ក្បាលស្លាប់នៅទីកើតហេតុ។ ចំណែកជនពាក់ព័ន្ធត្រូវប៉ូលិសចាប់ខ្លួនមានឈ្មោះ ហម ទុង អាយុ២៧ឆ្នាំ រងរបួសដោយគ្រាប់កាំភ្លើងត្រង់ស្មាស្តាំមួយគ្រាប់។ ឈ្មោះ ហម ហ៊ាន អាយុ២៣ឆ្នាំ ត្រូវគេកាប់ដាច់កដៃឆ្វេង។ អ្នកទាំងពីរកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រោមការគ្រប់គ្រងរបស់ប៉ូលិសនិងឈ្មោះ ហម ហំ អាយុ២៥ឆ្នាំ ជាជនដៃដល់កំពុងឃុំខ្លូននៅស្នងការដ្ឋានប៉ូលិសខេត្តស្ទឹងត្រែង។
ស្នងការរងប៉ូលិសខេត្តស្ទឹងត្រែង លោក យ៉ន ឌីន មានប្រសាសន៍បញ្ជាក់ពីករណីនេះ ៖ «គូកនវាហ្នឹងមានរបួស២នាក់ហើយ ម្នាក់យើងឃាត់នៅនឹងកន្លែង។ កំពុងស៊ើបអង្កេត»។
ប៉ូលិសមួយរូបមានប្រាសាសន៍ដោយសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅចំណុចក្នុងព្រៃមួយចម្ងាយប្រមាណ៤ទៅ៥គីឡូម៉ែត្រពីភូមិអូរកែ ឃុំអូរស្វាយ ស្រុកឋាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសលាវ បន្ទាប់ពីប៉ូលិសបានរៀបចំផែនការដើម្បីចាប់ក្រុមអ្នកជួញដូរគ្រឿងញៀនតាមរយៈបណ្តាញប៉ូលិសដែលក្លែងធ្វើជាអ្នកទិញគ្រឿងញៀននោះ។
ប្រភពបន្តថា ប៉ូលិសបានរាយកម្លាំងលាក់ខ្លួននៅជិតភូមិឆ្ងាយពីទីកើតហេតុ ប៉ុន្តែបណ្ដាញប៉ូលិសនិងអ្នកជួញគ្រឿងញៀនមានគ្នាបីនាក់បានណាត់ជួបគ្នាដើម្បីប្តូរគ្រឿងញៀន ប៉ុន្តែនៅពេលអ្នកជួញដូរគ្រឿងញៀនបញ្ចេញគ្រឿងញៀនដើម្បីដោះដូរប្រាក់ បណ្តាញប៉ូលិសបានដកកាំភ្លើងភ្ជង់ ពេលនោះជនល្មើសពីរនាក់បានស្ទុះមកប្រតាយប្រតប់ជាមួយបណ្តាញប៉ូលិស ទើបបណ្តាញប៉ូលិសបាញ់ត្រូវស្មាអ្នកជួញដូរម្នាក់ ហើយភ្លាមនោះគ្នាគេម្នាក់ទៀតមានកាំបិតបានកាប់ត្រូវដៃបក្ខពួកគេម្នាក់ដែលកំពុងប្រតាយប្រតប់ជាមួយបណ្តាញប៉ូលិសដាច់ត្រឹមកដៃ ហើយក៏កាប់ត្រូវបណ្តាញប៉ូលិសស្លាប់ភ្លាមនៅទីកើតហេតុនោះ។
ប្រភពបន្តថា បន្ទាប់ពីហេតុការណ៍កាប់សម្លាប់គ្នានោះ អ្នកជួញដូរគ្រឿងញៀនម្នាក់ដែលមិនមានរបួស បាននាំគ្នាគេដែលមានរបួសមកភូមិ ហើយក៏ត្រូវកម្លាំងប៉ូលិសដែលលាក់ខ្លួននោះព័ទ្ធចាប់ពួកគេបានទាំងបីនាក់។
កាលពីសប្ដាហ៍មុននេះ ប៉ូលិសខេត្តស្ទឹងត្រែងបានចាប់ឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀនចំនួនពីរនាក់ជាមួយគ្រឿងញៀនជាង៦០០គ្រាប់នៅទីរួមខេត្តស្ទឹងត្រែង។
មន្ត្រីស៊ើបអង្កេតសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា នេះគឺជាករណីថ្មីមួយទៀតដែលប៉ូលិសបានរកឃើញការជួញដូរគ្រឿងញៀននៅក្នុងខេត្តមួយនេះ។ លោកបញ្ជាក់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តនៅតែកើតមាន។
លោក ហូ សំអុល មានប្រសាសន៍ដូច្នេះ ៖ «ករណីគ្រឿងញៀនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដូច្នេះជំនាញពាក់ព័ន្ធគួរតែរឹតបន្តឹងបន្ថែមទៀត»។
មន្ត្រីប៉ូលិសខាងលើឲ្យដឹងថា ជនពាក់ព័ន្ធជួញដូរគ្រឿងញៀនទាំងបីនាក់ជាបងប្អូនបង្កើត ប៉ូលិសបានរឹបអូសគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីនចំនួនបីកញ្ចប់តូចមានចំនូន៦០០គ្រាប់ ហើយរហូតមកទល់នឹងថ្ងៃនេះប៉ូលិសកំពុងសួរចម្លើយជនពាក់ព័ន្ធបន្តទៀត៕
