មនុស្ស​ម្នាក់​ស្លាប់​ក្នុង​ជម្លោះ​ក្រុម​ក្មេង​ស្ទាវ​នៅ​ខែត្រ​បាត់ដំបង

មនុស្ស​ម្នាក់​បាន​ស្លាប់​និង​ម្នាក់​រង​របួស​ធ្លាយ​ពោះ​ដោយសារ​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ស្ទាវ​ពីរ​ក្រុម​នៅ​ទី​អារាម​មួយ​ក្នុង​កម្មវិធី​ចាក់​ធុងបាស​រាំ​លេង​កម្សាន្ត​នា​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ។

0:00 / 0:00

ការវាយ​ប្រហារ​គ្នា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩:៣០​នាទី យប់​ថ្ងៃ​ទី​២៨ ខែ​កញ្ញា នៅ​ក្នុង​បរិវេណ​វត្ត​សុត្ថារាម ហៅ​វត្ត​សេកសក ស្ថិត​ក្នុង​ភូមិ​សេកសក ឃុំ​ផ្លូវមាស ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។

លោក រស់ លឹមសឺន អធិការ​រង​ស្រុក​រតនៈមណ្ឌល​បាន​ថ្លែង​ថា មូលហេតុ​ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម​វាយ​ប្រហារ​គ្នា​កើត​មាន​ឡើង​ដោយសារ​ការរាំ​ប៉ះ​ទង្គិច​គ្នា​នៅ​ក្នុង​ការចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត។

លោក​បន្ត​ថា ការវាយប្រហារ​គ្នា​រវាង​ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម​បណ្តាល​ឲ្យ​ឈ្មោះ ណាត ណឺន អាយុ​២០​ឆ្នាំ​ស្លាប់ និង​ឈ្មោះ សូ សោភ័ណ អាយុ​២០​ឆ្នាំ ជា​ទាហាន​កងពល​តូច​លេខ​៥២ ត្រូវ​គេ​ចាក់​ធ្លាយ​ពោះ​នឹង​កាំបិត។

លោក រស់ លឹមសឺន បាន​មាន​ប្រសាសន៍​ថា ៖ «វ៉ៃ​ប្រតាយ​ប្រតប់​គ្នា... ក្រុម​គ្នា​វា​ពី​ក្រោយ​ចាក់​ចំ​កន្លែង​បោះដៃ​ផុត​ខាង​ឆ្វេង។ ម្នាក់​ទៀត​ឈ្មោះ សូ សោភ័ណ ភេទ​ប្រុស ជា​ទាហាន​នៅ​កងពល​តូច​ថ្មើរ​ជើង​លេខ ​២​ហ្នឹង ចាក់​ធ្លាយ​ពោះ​ពីរ​កាំបិត ។ របួស​ម្នាក់ ស្លាប់​ម្នាក់»

តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​បាន​ឲ្យ​ដឹង​ថា ក្រុម​ក្មេង​ស្ទាវ​ទាំង​ពីរ​ក្រុម មួយ​ក្រុមៗ​មាន​គ្នីគ្នា​ជាង​១០​នាក់​រស់នៅ​ក្នុង​ស្រុក​រតនៈមណ្ឌល​ដូច​គ្នា។

ជនល្មើស​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្ទាវ​៤​នាក់​ដែល​ត្រូវ​បាន​យោធា​កងពល​តូច​លេខ​៥២​ចាប់​បាន និង​បញ្ជូន​ឲ្យ​កម្លំាង​នគរបាល​ស្រុក​រតនៈមណ្ឌល បាន​ថ្លែង​ថា ៖ «មូលហេតុ​ហ្នឹង​ដំបូង​ឈ្មោះ ញ៉ាញ់ រាំ​ធុង​បាស​ជាមួយ​ពួក​ខ្ញុំ​ហ្នឹង រាំ​ជា​ច្រើន​បទ​មក​ហើយ ក៏​បាន​ម្ចាស់​ធុង​បាស​ហ្នឹង​ចាក់​រាំវង់»

ជនល្មើស​ទាំង​៤​នាក់​ដែល​នគរបាល​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ មាន​ឈ្មោះ ជឿន សុភា អាយុ​២៣​ឆ្នាំ ឈ្មោះ ចាន់ ម៉ាន់ អាយុ​២០​ឆ្នាំ ឈ្មោះ យ៉ែម រិទ្ធី អាយុ​២៣​ឆ្នាំ និង​ឈ្មោះ រួម ខន អាយុ​១៩​ឆ្នាំ រស់​នៅ​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង។ ចំណែក​គូកន​និង​ភាគី​ម្ខាង​ទៀត​សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់​ខ្លួន។

មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក ហេង សាយហុង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​និង​តុលាការ​ចាត់​វិធានការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ខ្លាំងក្លា​ចំពោះ​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ។

លោក ហេង សាយហុង បាន​មាន​ប្រសាសន៍​ថា ៖ «បើ​កាលណា​ចាប់​មក​រួច​ខ្លួន ចាប់​មក​រួច​ខ្លួន អា​ហ្នឹង​ថ្ងៃ​ក្រោយ​មក​វា​ចេះតែ​រីក​បន្តៗ​ទៀត មិន​ចេះ​ចប់ មិន​ចេះ​ឈប់​ទេ»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​ចាត់​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​បង្រ្កាប​ក្រុម​ក្មេង​ស្ទាវ​និង​ក្រុម​បង​តូច​បង​ធំ ប៉ុន្តែ​នៅ​ស្រុក​មួយចំនួន​ក្នុង​ខេត្ត​បាត់ដំបង​ការវាយប្រហារ​កាប់​ចាក់​គ្នា​រវាង​ក្រុម​ក្មេង​ស្ទាវ​និង​ក្រុម​បង​តូច​បង​ធំ​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់ ជាក់ស្តែង​នៅ​ស្រុក​ម៉ោងឫស្សី កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា មាន​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៧​នាក់​បាន​ផឹក​ស្រា​ស្រវឹង ជិះ​គោ​យន្ត​កន្ត្រៃ ប្រើ​ដាវ​សាម៉ូរ៉ៃ​តាម​កាប់​បុរស​ម្នាក់​ដែល​កំពុង​ជិះ​កង់​តាម​ផ្លូវ៕