បាតុករ​ម្នាក់​ស្លាប់​និង​២៤​នាក់​រង​របួស​ដោយ​ការផ្ទុះ​គ្រាប់បែក​នៅ​ប្រទេស​ថៃ

យ៉ាង​ហោច​ណាស់​មាន​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ម្នាក់​បាន​ស្លាប់ និង​២៤​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ការផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ក្នុង​អគារ​រដ្ឋាភិបាល​ថៃ​ក្នុង​ក្រុង​បាងកក កាលពី​ព្រហាម​ថ្ងៃ​ព្រហស្បតិ៍។

ប្រភព​ប៉ូលិស​ថៃ​បាន​ឲ្យ​ដឹង​ថា គ្រាប់បែក​មួយ​គ្រាប់​ត្រូវ​បាន​គេ​បោះ​ចូល​ទៅ​ខាង​មុខ​វេទិកា​នៃ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​មក​ពី​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​បរិវេណ​អគារ​រដ្ឋាភិបាល​ថៃ កាលពី​វេលា​ម៉ោង​បី​កន្លះ​ទាប​ភ្លឺ​ព្រឹក​មិញ​នេះ។

វរសេនីយ៍​ឯក​ប៉ូលិស លោក Somchai Chueyklin បាន​ប្រាប់​កាសែត​ថា អ្នក​តវ៉ា​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​យក​ទៅ​ដល់​មន្ទីរពេទ្យ ហើយ​១១​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ប្រភព​មន្ត្រី​ប៉ូលិស​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រាប់បែក​នោះ​គឺ​ជា​គ្រាប់​ដែល​មាន​កម្លាំង​ខ្លាំង ហើយ​ប៉ូលិស​កំពុង​រង់ចាំ​ការត្រួត​ពិនិត្យ​ដោយ​ក្រុម​ប៉ូលិស​កោសល្យវិច័យ។ ប៉ូលិស​នៅ​ពុំ​ទាន់​អាច​រក​ឃើញ​អ្នក​វាយ​ប្រហារ​ដោយ​គ្រាប់បែក​នោះ​នៅ​ឡើយ​ទេ​រហូត​មក​ទល់​ពេល​នេះ។

មេ​ដឹកនាំ​សម្ព័ន្ធភាព​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក សុនធិ លីមថុងគុល ដែល​បាន​ដឹកនាំ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​កាន់​កាប់​អគារ​រដ្ឋាភិបាល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​បាន​ចោទ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ក្រោយ​ការវាយ​ប្រហារ​នោះ និង​បាន​ប្រកាស​ថា ក្រុម​សម្ព័ន្ធភាព​របស់​លោក​នឹង​ដឹកនាំ​មហា​បាតុកម្ម​មួយ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២៣ ខាង​មុខ​នេះ៕